អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការសិក្សា៖រលកកម្តៅដែលក្តៅកាន់តែខ្លាំងបានជះផលវិបាកខ្លាំងជាងគេដល់ក្រុមប្រទេសក្រីក្រជាងគេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​សិក្សា​ថ្មី​មួយ​ស្តីពី​អាកាសធាតុ​ចុះ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី Science Advances បាន​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​សុក្រ ទី២៨ តុលា​ថា រលកកម្តៅ​ដែល​ក្តៅ​កាន់​តែ​ខ្លាំង​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​បាន​ធ្វើ​ឲ្យ​ខាតបង់​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ទឹកប្រាក់​រាប់សិបពាន់លាន​ដុល្លារ។ តាម​ការ​សិក្សា​ដដែល គឺ​ក្រុម​ប្រទេស​ក្រីក្រ​ជាង​គេ​ដែល​បាន​ទទួល​រង​ផលវិបាក​សេដ្ឋកិច្ច​ខ្លាំង​ជាង​គេ​ពី​រលកកម្តៅ​ក្តៅ​ខ្លាំង។ ការ​សិក្សា​ថ្មី​ស្តីពី​អាកាសធាតុ​នេះ​បាន​ធ្លាក់​មក ខណៈ​ដែល​សន្និសីទអន្តរជាតិ​ស្តីពី​អាកាសធាតុ​ហៅ​កាត់ COP27 ត្រៀម​បើក​ធ្វើ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​ពី​ថ្ងៃទី៧ ដល់​ថ្ងៃទី១៨ វិច្ឆិកា​ខាង​មុខ។

ការសិក្សា៖រលកកម្តៅដែលក្តៅកាន់តែខ្លាំងបានជះ ផលវិបាកខ្លាំងជាងគេដល់ក្រុមប្រទេសក្រីក្រជាងគេ។
ការសិក្សា៖រលកកម្តៅដែលក្តៅកាន់តែខ្លាំងបានជះ ផលវិបាកខ្លាំងជាងគេដល់ក្រុមប្រទេសក្រីក្រជាងគេ។ AP - Jeff Roberson
ផ្សាយពាណិជ្ជកម្ម

ការ​សិក្សា​ថ្មី​ស្តីពី​អាកាសធាតុ​ដែល​ចុះ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី Science Advances បាន​រៀបចំ​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​ជនជាតិ​អាមេរិក​ចំនួន ២នាក់។ យោង​តាម​ការ​សិក្សា រលកកម្តៅ​ក្តៅ​ខ្លាំង​នៅ​ចន្លោះ​ឆ្នាំ ១៩៩២ និង​ឆ្នាំ ២០១៣ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ខាត​បង់​ក្នុង​តម្លៃ​ប្រមាណ ១៦ ០០០ ០០០លានដុល្លារ។ នេះ​ជា​ការ​ខាត​បង់​ដ៏​ចម្រើន​សម្បើម​ក្នុង​រយៈពេល​តែ ១១ឆ្នាំ។ តែ​អ្វី​ដែល​ការ​សិក្សា​ចង់​ទាញ​សញ្ញាអាសន្ន​នៅ​ក្នុង​តួលេខ​នេះ គឺ​ក្រុម​ប្រទេស​ក្រីក្រ​ខ្លាំង​ជាង​គេ​ដែល​បាន​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ។ ខណៈ​ដែល​ការ​ខាត​បង់​នៅ​ក្នុង​ក្រុម​ប្រទេស​អ្នក​មាន​ជាង​គេ​សម្រាប់​មនុស្ស​ម្នាក់​មាន​ត្រឹម ១,៥% នៃ​ផលិផល​សរុប​ក្នុង​ស្រុក​ក្នុង​មួយ​ឆ្នាំ ការ​ខាត​បង់​នៅ​ក្នុង​ក្រុម​ប្រទេស​ក្រីក្រ​ខ្លាំង​ជាង​គេ​មាន​ដល់​ទៅ ៦,៧%។

ឃើញ​ថា គម្លាត​នៃ​ការ​ខាត​បង់​រវាង​ក្រុម​ប្រទេស​អ្នក​មាន​ជាង​គេ និង​ក្រុម​ប្រទេស​ក្រីក្រ​ខ្លាំង​ជាង​គេ​សម្រាប់​មនុស្ស​ម្នាក់​មាន​ដល់​ទៅ ៥% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​ក្នុង​មួយ​ឆ្នាំ។ បន្ទាប់​មក ការសិក្សា​បាន​លើក​ឡើង​ពី​ការ​ខាត​បង់ និង​ការ​រង​ផល​ប៉ះពាល់​ដោយ​រលកកម្តៅ​ក្តៅខ្លាំង​មិន​ស្មើ​គ្នា​រវាង​ប្រទេស និង​តំបន់។ តែ​ការ​សិក្សា​បាន​បញ្ជាក់​ច្បាស់ៗ​ថា ក្រុម​ប្រទេស​ដែល​បាន​ខាត​បង់ និង​បាន​រង​ផល​ប៉ះពាល់​ដោយ​រលកកម្តៅ​ក្តៅខ្លាំង គឺ​ក្រុម​ប្រទេស​ដែល​ទទួល​ខុស​ត្រូវ​តិចតួច​ពី​ការ​ប្រែប្រួល​អាកាសធាតុ។ អ្វី​ដែល​ការ​សិក្សា​ចង់​និយាយ​នៅ​ត្រង់​ចំណុច ក្រុម​ប្រទេស​អ្នក​មាន​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ពី​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​ឡើង​កម្តៅ​ផែនដី​បែរ​ជា​កំពុង​ទទួល​ផល​ប៉ះពាល់​តិច​ជាង​គេ​ទៅ​វិញ។

រលកកម្តៅ​ជះ​ផលវិបាក​លើ​គ្រប់​វិស័យ

មាន​វិស័យ​ជា​ច្រើន​ដែល​រង​ផល​ប៉ះពាល់​បង្ក​ឡើង​ដោយ​រលកកម្តៅ​ក្តៅ​ខ្លាំង ក្នុង​នោះ​កសិកម្ម​ជា​វិស័យ​ដែល​ការ​សិក្សា​បាន​ផ្តោត​ខ្លាំង​ជាង​គេ។ រលក​កម្តៅ​ក្តៅ​ខ្លាំង​ហួតហែង​នាំ​ឲ្យ​រំខាន​ដល់​ការ​ដាំ​ដុះ ហើយ​នៅ​ពេល​ដែល​មាន​ការ​ដាំដុះ​មិន​ល្អ ការ​ប្រមូលផល​ក៏​មិន​ទទួល​បាន​ដូច​ការ​គ្រោង​ទុក​ដែរ។ ក្រៅ​ពី​រលកកម្តៅ​ក្តៅ​ហួតហែង គ្រោះធម្មជាតិ​មិន​ប្រក្រតី​ច្រើន​ទៀត​ដែល​បង្ក​ឡើយ​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ ដូច​យ៉ាង​ទឹកជំនន់ ភាព​រាំងស្ងួត ឬ​ភ្លើងឆេះព្រៃ​ញឹកញាប់​ក៏​ជា​ដើមចម​សំខាន់​នៃ​ការ​ជះ​ផលវិបាក​នៅ​ក្នុង​វិស័យ​កសិកម្ម​ដែរ។ បន្ទាប់​មក ការ​សិក្សា​បាន​លើក​ឡើង​ពី​បញ្ហា​សុខភាព​ដែល​អាច​ធ្វើ​ឱ្យ​ប្រព័ន្ធ​សុខាភិបាល​ជួប​ភាព​តានតឹង និង​ការ​ស្លាប់​មនុស្ស​ច្រើន​ខ្លាំង​រហូត​ដល់​មាន​ការ​បាត់បង់​កម្លាំង​ពលកម្ម។

អ្វី​ដែល​ការ​សិក្សា​ចង់​និយាយ​ត្រង់​ចំណុច​នេះ គឺ​ការ​ធ្លាក់​ខ្លួន​ឈឺ និង​ការ​ស្លាប់​ដោយ​រលកកម្តៅ​ក្តៅ​ខ្លាំង ពិសេស​អ្នក​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​សាងសង់​ដែល​មាន​វត្តមាន និង​ប្រឈម​សឹង​ជា​ប្រចាំ​នឹង​បរិយាកាស​ខាង​ក្រៅ។ បន្ទាប់​មក​ទៀត រលកកម្តៅ​ក្តៅ​ខ្លាំង​ក៏​បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន ពិសេស​ផ្លូវថ្នល់ និង​ផ្លូវដែក។ សរុប​មក ផល​ប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​បាន​ធ្វើ​ឲ្យ​ខាតបង់​ធំធេង និង​ការ​ចំណាយ​យ៉ាង​ច្រើន​សម្បើម​ដើម្បី​ស្រោចស្រង់​ឡើង​វិញ។

គេ​ត្រូវ​បន្ត​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ

ដើម្បី​បញ្ជៀស​កុំ​ឲ្យ​មាន​រលកកម្តៅ​ក្តៅ​ខ្លាំង​ដែល​ពិភពលោក​កំពុង​បន្ត​ជួប និង​ឧស្សហ៍​កើត​មាន​ពេល​នេះ ការ​សិក្សា​បាន​លើក​ឡើង​នូវ​អនុសាសន៍​មួយ​ចំនួន​ដោយ​ចាប់​ផ្តើម​ពី​ការ​សម្រប​ខ្លួន​ទៅ​នឹង​អាកាសធាតុ​ថ្មី​របស់​ពិភពលោក។ អ្វី​ដែល​ការ​សិក្សា​ចង់​និយាយ​គឺ​ថា គ្រប់​ប្រទេស​ទាំង​អស់​ត្រូវ​រក​វិធីសាស្រ្ត​ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ដែល​ជា​រឿង​មិន​អាច​ចៀស​ផុត និង​អាច​កើត​មាន​ញឹកញាប់ ដូច​ជា​គ្រោះ​រាំងស្ងួត ទឹកជំនន់ ភ្លើងឆេះព្រៃ ឬ​មួយ​ក៏​ខ្យល់ព្យុះ​ជា​ដើម។ តែ​ក្នុង​ពេល​ជាមួយ​គ្នា ការ​សិក្សា​មិន​ភ្លេច​អំពាវនាវ​ឲ្យ​ពិភពលោក​បន្ត​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​ជា​ដើមចម​នៃ​ការ​ឡើង​កម្តៅ​ផែនដី។

នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រយុទ្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នេះ ពិភពលោក​ហាក់​មិន​សូវ​មាន​ពេល​ច្រើន និង​ក៏​មិន​សូវ​មាន​ដំណោះស្រាយ​ច្រើន​ប៉ុន្មាន​ដែរ។ ដំណោះស្រាយ​នៅ​ចំពោះ​មុខ​ពេល​នេះ គឺ​ត្រូវ​កាត់​បន្ថយ​ការ​ចាក់​ចោល​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅ​ក្នុង​បរិយាកាស ហើយ​ក្រុម​ប្រទេស​អ្នក​មាន ឬ​ហៅ​ក្រុម​ប្រទេស​ឧស្សាហកម្ម​ត្រូវ​តែ​ធ្វើ​មុន​ទេ។ នៅ​ក្នុង​របាយការណ៍​ចុង​ក្រោយ​ចេញ​ផ្សាយ​ថ្មីៗ​នេះ ក្រុម​អ្នកជំនាញ​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ​ហៅកាត់ Giec បាន​ទាញ​សញ្ញា​ថា បើ​ពិភពលោក​មិន​រួសរាន់​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ឲ្យ​បាន​លឿន ច្រើន និង​ភ្លាម​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០២៥ ទេ កម្មវត្ថុ​នៃ​ការ​ទប់​ផែនដី​មិន​ឲ្យ​ឡើង​កម្តៅ​លើស​ពី ១,៥អង្សារ​ធៀប​នឹង​សម័យ​មុន​ឧស្សាហកម្ម​នឹង​មិន​អាច​សម្រេច​បាន​ឡើយ។

គួរ​រម្លឹក​ថា ១,៥អង្សារ​ជា​តួលេខ និង​ជា​កម្មវត្ថុ​ដែល​បាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ​អនុម័ត​ក្នុង​ឆ្នាំ ២០១៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ