អានតួអត្ថបទ
អឺរ៉ុប-អាកាសធាតុ

អឺរ៉ុប​ជួប​រលក​អាកាសធាតុ​ក្តៅ​ កាន់​តែ​យូរ គួរ​ឱ្យ​ព្រួយ​បារម្ភ

នៅ​​១០​ថ្ងៃ​មុន​បើក​សន្និសីទ​អាកាសធាតុ​អន្តរជាតិ COP២៧  អង្គការ​សហប្រជាជាតិ​បាន​ ​​​ទាញ​សញ្ញា​អាសន្ន​ថ្មី​មួយ​បន្ថែម​ទៀត​ថា នយោបាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​​ដែល​រដ្ឋ​ជា​សមាជិក​បានអនុវត្ត​រហូត​មក​ទល់​ពេល​នេះ ​នឹងធ្វើ​ឱ្យ​សីតុណ្ហភាព​ភព​ផែន​ដី​ឡើង ២,៦​អង្សា។ ពោ​ល​គឺ​ខ្ពស់​ឆ្ងាយ​ជាង​កម្មវត្ថុ​​ក្រោម​​២​អង្សា ចែង​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុក្រុង​ប៉ារីស​ឆ្នាំ​២០១៥ឆ្ងាយណាស់។ ការ​ឡើង​កម្តៅ​​អាកាសធាតុ​បាន​បង្ក​ឱ្យ​មាន​ផលវិបាក ព្រម​ទាំង​ការ​ប្រែ​ប្រួល​អាកាសធាតុ​យ៉ាង​ខ្លាំង។ ជាក់ស្តែង​​​ឆ្នាំ​២០២២​នេះ តំបន់​អឌ្ឍគោល​ខាង​ជើង ជាពិសេស​អឺរ៉ុប​ កំពុងស្គាល់​រលក​កម្តៅ​​សីតុណ្ហភាព​ យ៉ាង​យូរ​ និង​​ខ្ពស់​ខ្លាំង​បំផុត​ មិន​ធ្លាប់​មាន​។ ជិត​ដាច់​ខែ​តុលា​ហើយ សីតុណ្ហភាព​នៅ​ចង្អុល​លេខ​ម្តុំ​ ៣០​អង្សា​ទៀត​។

តុលា២០២២ ជា​ខែក្តៅ​ខ្លាំងជាង​គេ​​បំផុត​នៅ​អឺរ៉ុប​ តាំងពី​១០០ឆ្នាំមក​
តុលា២០២២ ជា​ខែក្តៅ​ខ្លាំងជាង​គេ​​បំផុត​នៅ​អឺរ៉ុប​ តាំងពី​១០០ឆ្នាំមក​ Damien MEYER / AFP
ផ្សាយពាណិជ្ជកម្ម

ខែ​តុលា​មិន​ទាន់​ផុតទេ ប៉ុន្តែ​គេ​​​អាច​ប្រកាស​បាន​ថា តុលា​២០២២​ ​ជា​ខែ​ដ៏​ក្តៅ​ជាង​គេ​តាំងពីឆ្នាំ​១៩៦១​ ឆ្នាំ​ដែល​ពិភពលោក​ចេះ​កត់​ត្រា​សីតុណ្ហភាព​មក និងសម្រាប់​រយៈ​ពេល​​​១០០ឆ្នាំ​មក​បើ​មើល​តាម​គំរូ​ប្រវត្តិសាស្ត្រ។ នេះ​បើ​តាម​អ្នក​នាំពាក្យ​ទីភ្នាក់ងា​រ​ឧតុនិយម​អេស្ប៉ាញ ដោយ​ថ្ងូចថ្ងួរ​បន្ថែម​ទៀតថា សីតុណ្ហភាព​ ​ឡើង​ដល់​៣០អង្សា​ មួយថ្ងៃពីរ​​ក្នុង​មួយ​ខែជា​​ការ​ធម្មតាសម្រាប់​អេស្ប៉ាញ តែ​ក្តៅ​ជាប់​គ្នាជា​ច្រើន​ថ្ងៃ​ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ ពិត​ជា​​ចម្លែក​ខ្លាំងណាស់។ ​

រដូវ​ប្រាំង​ក្តៅ​ហួតហែង​ខ្លាំង​ រលក​សីតុណ្ហភាព​ឡើង​ជាង​៤០​អង្សា​ជា​ច្រើន​ថ្ងៃ​ និង​ជា​ច្រើន​លើក​ហើយ ​នៅព្រឹក​ថ្ងៃ​ទី ២៨​តុលា នៅតំបន់​ភាគ​ខាង​ជើង​បំផុត​របស់​​អេស្ប៉ាញ ដែល​ល្បី​ខាង​ត្រជាក់​ជាង​គេ សីតុណ្ហភាព​ចង្អុល​លេខ​៣០​អង្សា តាំង​ពី​ព្រឹក​ព្រហាម​ទៀត។ បើ​តាម​របាយការណ៍​របស់​អង្គការ​ Think-tank Climate Central  ក្រុង​អេស្ប៉ាញ​ចំនួន៤ (ម៉ាឌ្រីត វ៉ាឡង់ សារ៉ាហ្កូស្ស និង​បាសឺឡោន) ជាប់​ក្នុង​ចំណាត់​ថា្នក់​ជាក្រុង​អឺរ៉ុប​១០​ដំបូងគេ​​ដែល​រក​ផលប៉ះពាល់​ពី​ការ​ឡើង​កម្តៅ​អាកាសធាតុ​ជាង​គេ ក្នុង​រយៈ​១២​ខែ​មក​នេះ។

នៅ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំងសីតុណ្ហភាព​ក៏​បាន​ឡើង​ដល់​៣០​អង្សា​ដែរ។ ២០​អង្សា​នៅ​ក្រុង​ឡុងដ៍​អង់គ្លេស ២៤​អង្សា​នៅ​ព្រុចសែល​ប្រទេស​ប៊ែលហ្សិក​... តាំងពី​ថ្ងៃ​ទី ១៥​តុលា​មក អឺរ៉ុប​មាន​កម្តៅ​សីតុណ្ហភាព​លើស​២០អង្សា​ដូច​នៅ​ចុង​រដូវ​ក្តៅ​ខែ​សីហា​ ពោល​គឺ​ក្តៅ​ជាង​ធម្មតា​​ដល់​ទៅ​១០​អង្សា។ ​សីតុណ្ហភាព​ក្តៅ​ល្មមបែប​នេះ​ គួរ​ជា​ទី​មនោរម្យ​សម្រាប់​​ប្រជាពលរដ្ឋ និង​សម្រាប់​អឺរ៉ុប​ដែល​កំពុង​ជួប​វិបត្តិ​ថាមពល ប៉ុន្តែដល់​រដូវ​ត្រជាក់​ហើយ​​សីតុណ្ហភាពនៅ​តែ​ក្តៅ​​ គឺ​​ជា​ការ​ប្រែប្រួល​ខុស​ប្រក្រតី​ ដែល​​គួរ​ឱ្យ​ព្រួយ​បារម្ភ ​និង​ដែល​បង្ក​ផលវិបាក​ដោយ​ជាក់​ស្តែង​មិន​ខាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ