អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បោះឆ្នោតពាក់កណ្តាលអាណត្តិអាមេរិក៖រលករបស់បក្សសាធារណរដ្ឋហាក់មិនសូវបោកបក់ខ្លាំងដូចការរំពឹងទុក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក លទ្ធផល​នៃ​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នា​ថ្ងៃ​អង្គារ ទី៨ វិច្ឆិកា​បាន​បង្ហាញ​ជា​បឋម​ថា ក្តីសង្ឃឹម​របស់​គណបក្ស​សាធារណរដ្ឋ​ក្នុង​ការ​ដណ្តើម​អសនៈ​នៅ​ក្នុង​សភា និង​នៅ​ក្នុង​ព្រឹទ្ធសភា​ពី​ដៃ​គណបក្ស​ប្រជាធិបតេយ្យ​មាន​តិចតួច​ជាង​ការ​រំពឹង​ទុក។ ខណៈ​នេះ ការ​រាប់សន្លឹកឆ្នោត​កំពុង​បន្ត​ធ្វើ​ដែល​លទ្ធផល​ផ្លូវការ​អាច​មាន​ប្រកៀក​គ្នា​រវាង​គណបក្ស​សាធារណរដ្ឋ​ដែល​អតីត​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ​កំពុង​ចេញ​មុខ​ខ្លាំង និង​គណបក្ស​ប្រជាធិបតេយ្យ​របស់​ប្រធានាធិបតី​កំពុង​កាន់​អំណាច​លោក​ចូ បៃដិន។

Le Capitole américain, où siège le Congrès (la Chambre des représentants et le Sénat) à Washington.
Le Capitole américain, où siège le Congrès (la Chambre des représentants et le Sénat) à Washington. AP - J. Scott Applewhite
ផ្សាយពាណិជ្ជកម្ម

គេ​អាច​និយាយ​បាន​ទេ​ថា លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​អាមេរិក​ពេល​នេះ​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើលគ្មាន​អ្នក​ណា​បាន​រង់ចាំ និង​នឹក​ស្មាន​ដល់​សោះ​ឡើយពិសេស​គឺ​គណបក្ស​សាធារណរដ្ឋ។ ក្តីសង្ឃឹម​ពី​ដំបូង​ទី​របស់​គណបក្ស​សាធារណរដ្ឋ គឺ​ដណ្តើម​សភា និង​បើ​អាច ដណ្តើម​ព្រឹទ្ធសភា​ពី​កណ្តាប់​ដៃ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​កំពុង​មាន​សំឡេង​ភាគច្រើនដាច់​ខាត។ គួរ​បញ្ជាក់​ថា​នៅ​អាមេរិក ពណ៌ក្រហម​តំណាង​ឲ្យ​គណបក្ស​សាធារណរដ្ឋ ហើយ​ពណ៌ខៀវ​តំណាង​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ។

អ្វី​ដែល​គេ​គិត​ពី​ដំបូង ក្រុម​អ្នកប្រជាធិបតេយ្យ​បាត់បង់​សភា មាន​ន័យ​ថា សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា​នឹង​ធ្លាក់​ទៅ​ក្នុង​ដៃ​គណបក្ស​សាធារណរដ្ឋ​វិញ។ តែ​បើ​តាម​លទ្ធផល​បថម គណបក្ស​ពណ៌ក្រហម​អាច​ទទួល​បាន​ចំនួន​អសនៈ​លើស​គណបក្ស​ពណ៌ខៀវ​នៅ​សភា​មែន តែ​មិន​លើសលប់​ដូច​ការ​រំពឹង​ទុក​នោះ​ឡើយ។ ក៏​ប៉ុន្តែ និង​អ្វី​ដែល​កំពុង​បន្ត​មិន​ច្បាស់លាស់ គឺ​នៅ​ព្រឹទ្ធសភា​ដោយ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​នឹង​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​គណបក្ស​សាធារណរដ្ឋ ឬ​ក៏​នឹង​បន្ត​ស្ថិត​ក្នុង​ដៃ​គណបក្ស​ប្រជាធិបតេយ្យ​ដដែល។

ភាព​ស្រពិចស្រពិល​ដោយសារ​គេ​កំពុង​រង់ចាំ​លទ្ធផល​នៅ​ក្នុង​រដ្ឋសំខាន់ៗ ដូច​យ៉ាង Georgia ឬ​រដ្ឋ Nevada។ ដោយឡែក អសនៈ​នៅ​ក្នុង​រដ្ឋ Pennsylvania ដែល​រហូត​មក​ដល់​ពេល​នេះ​ស្ថិត​ក្នុង​ដៃ​គណបក្ស​សាធារណរដ្ឋ​បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​គណបក្ស​ប្រជាធិបតេយ្យ​វិញ។ ក្រៅ​ពី​អសនៈ​នៅ​ក្នុង​សភា និង​នៅ​ព្រឹទ្ធសភា ចំណាប់​អារម្មណ៍​ក៏​មាន​លើ​អសនៈ​ជា​អភិបាល​រដ្ឋ។ នៅ​ក្នុង​រដ្ឋ​ខ្លះ អភិបាល​រដ្ឋ​ផុតអាណត្តិ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ឬ​គណបក្ស​សាធារណរដ្ឋ​បាន​ជាប់​ឆ្នោត​ជា​ថ្មី និង​រដ្ឋ​ខ្លះ​ទៀត​បាន​ប្តូរ​អ្នក​ប្រជាធិបតេយ្យ​ទៅ​អ្នក​សាធារណរដ្ឋ ឬ​ពី​អ្នក​សាធារណរដ្ឋ​ទៅ​អ្នក​ប្រជាធិបតេយ្យ។

រលក​ពណ៌ក្រហម​តិចតួច​អាច​ធ្វើ​លោក​បៃដិន​ក្រពុល​មុខ?

នៅ​ទីបំផុត ប្រធានាធិបតី​កំពុង​កាន់​អំណាច​លោក​បៃដិន​បាន​រួច​ផុត​ពី​ព្យុះ​រលក​បោកបក់​ខ្លាំង​ពណ៌ក្រហម។ តែ​អ្វី​ដែល​គណបក្ស​សាធារណរដ្ឋ ឬ​គណបក្ស​ពណ៌ក្រហម​បាន​ទទួល​ពេល​នេះ​អាច​គ្រប់គ្រាន់​ដើម្បី​រារាំង​លោក​បៃដិន​មិន​ឲ្យ​ដឹកនាំ​ដោយ​រលូន​ដូច​មុន។ អ្វី​ដែល​លោក​បៃដិន​អាច​រង់ចាំ​នា​ពេល​ខាង​មុខ​ជាមួយ​នឹង​សភា​ស្ថិត​ក្នុង​ដៃ​គណបក្ស​សាធារណរដ្ឋ គឺ​ភាព​ជាប់គាំង​មិន​ចេះ​ចប់ មិន​ចេះ​ហើយ​នៅ​ក្នុង​គម្រោង​ជា​ច្រើន​ដែល​លោក​ចង់​ធ្វើ។ ក្រុម​អ្នក​សាធារណរដ្ឋ​ច្បាស់​ជា​មិន​ទុក​ឲ្យ​លោក​បៃដិន​ចង់​ធ្វើ​អ្វី​ស្រេច​នឹង​ចិត្ត​បាន​ឡើយ។

សំណុំរឿង​ក្តៅៗ​ដែល​គេ​សម្លឹង​ឃើញ គឺ​ទាក់ទង​នឹង​ថវិកា​ដែល​អាច​បង្ក​ឲ្យ​មាន​ភាព​ជាប់គាំង​ដែល​គេ​ហៅ shutdown ទៅ​លើ​រដ្ឋបាល​សហព័ន្ធ។ ក្រៅ​ពី​នេះ ចំណោត​មួយ​ទៀត​ដែល​គ្រប់​គ្នា​កំពុង​សំឡឹង​ឃើញ​ពី​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ពេល​នេះ គឺ​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្មី​នៅ​ឆ្នាំ ២០២៤ ខាង​មុខ។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​លោក​បៃដិន​ដែល​នឹង​មាន​អាយុ ៨០ឆ្នាំ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នឹង​ឈរ​ឈ្មោះ​អាណត្តិ​ថ្មី​ឬ​អត់​ទេ។ តែ​លោក​បៃដិន​ធ្លាប់​បាន​ប្រាប់​ពី​បំណង​ចង់​ឈរ​ឈ្មោះ​ជា​ថ្មី។

ចំណែក​អតីត​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ​ក៏​គេ​នៅ​​មិន​ទាន់​ដឹង​ថា តើ​លោក​នឹង​សម្រេច​ចិត្ត​ត្រឡប់​ទៅ​ឈរ​ឈ្មោះ​ជា​ថ្មី ឬ​យ៉ាង​ណា។ តែ​លោក​ត្រាំ​បាន​បង្ហើប​ប្រាប់​ថា លោក​នឹង​ប្រកាស​មហា​ដំណឹង​មួយ​នៅ​ថ្ងៃទី១៥ វិច្ឆិកា​ខាង​មុខ។ មួយ​វិញ​ទៀត និង​អ្វី​ដែល​គេ​អាច​ទាញ​បាន​ពី​លទ្ធផល​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ពេល​នេះ គឺ​អាមេរិក​កំពុង​បន្ត​ពុះ​ចែក​ដែល​មាន​តាំង​ពី​ក្រោយ​បរាជ័យ​របស់​លោក​ដូណាល់ ត្រាំ​នា​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ ២០២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ