អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សន្និសីទ​Cop27 ដល់ថ្ងៃ​បិទបញ្ចប់ ប៉ុន្តែ ការចរចា​នៅតែជាប់គាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅប្រទេស​អេហ្ស៊ីប សន្និសីទអន្តរជាតិ​ស្តីពីអាកាសធាតុ Cop27​បាន​ឈាន​ចូល​ដល់​ថ្ងៃ​បិទបញ្ចប់ នៅថ្ងៃ​សុក្រ​នេះ។ ប្រឈមនឹង​គ្រោះមហន្តរាយធម្មជាតិ​ដែលបង្កឡើង​ដោយកត្តាប្រែប្រួលអាកាសធាតុ ពិភពលោក​ត្រូវការចាំបាច់ កិច្ចព្រមព្រៀង​ដ៏មហិច្ឆតា ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​កំដៅលើ​ផែនដី កើនឡើង​ច្រើនជាង ១,៥អង្សា។ ប៉ុន្តែ នៅតែប៉ុន្មានម៉ោងទៀតដែល​សន្និសីទ​ត្រូវ​បិទបញ្ចប់ ការខ្វែងគំនិតគ្នានៅតែមាន។ ការចរចា​ដើម្បីឈានទៅចេញ​សេចក្តីថ្លែងការណ៍​រួម នៅតែជាប់គាំង។ តើអ្វីជា​គន្លឹះខ្ទាស់​ធ្វើ​ឲ្យការចរចា​នៅ​Cop27ជាប់គាំង?

សន្និសីទ​ ​COP២៧ បន្តជជែក​យ៉ាង​តឹង​មាត់​អំពី​​ កម្មវត្ថុនិងហិរញ្ញវត្ថុអាកាសធាតុ AFP - AHMAD GHARABLI
សន្និសីទ​ ​COP២៧ បន្តជជែក​យ៉ាង​តឹង​មាត់​អំពី​​ កម្មវត្ថុនិងហិរញ្ញវត្ថុអាកាសធាតុ AFP - AHMAD GHARABLI REUTERS - EMILIE MADI
ផ្សាយពាណិជ្ជកម្ម

ចាប់ផ្តើម​បើក​តាំង​ពីថ្ងៃ​ទី ៦វិច្ឆិកា សន្និសីទ​អាកាសធាតុ Cop27 រយៈពេល​២សប្តាហ៍ បាន​ឈាន​ដល់​ថ្ងៃ​បិទបញ្ចប់ នៅថ្ងៃ​សុក្រនេះ។ ប៉ុន្តែ នៅថ្ងៃ​ចុងបញ្ចប់​នៃ​សន្និសីទCop27 រដ្ឋមន្រ្តីការបរទេស​អេហ្ស៊ីប និង​ជា​ប្រធានសន្និសីទ​លោក​ Sameh Choukri.បាន​ប្រកាស​ថា សន្និសីទ​នឹងត្រូវពន្យាពេល​មួយថ្ងៃបន្ថែម រហូត​ដល់​ថ្ងៃសៅរ៍។ លោកបានអំពាវនាវ​ឲ្យគ្រប់ភាគី​បង្កើនសន្ទុះចរចា ព្រោះថា នៅមាន​បញ្ហា​ជាច្រើនដែលគេ​នៅបន្ត​​ខ្វែងគំនិតគ្នា ដូចជា​ការបង្កើតមូលនិធិ​សម្រាប់​ការខូចខាត និងការបាត់បង់​ដោយសារ​គ្រោះការប្រែប្រួលអាកាសធាតុ ការសន្យា​កាត់បន្ថយ​ការបញ្ចេញឧស្ម័នកាបូនិក។ល។និង។ល។

ដូច​សន្និសីទ​អាកាសធាតុ​មុនៗ Cop27 នៅអេហ្ស៊ីប ផ្តោតសំខាន់​ទៅលើ​ការចរចា​ក្នុងសំណុំរឿងពីរ។ រឿងទី១ គឺ​ការជំរុញ​ឲ្យ​ប្រទេស​ទាំងអស់​នៅក្នុងពិភពលោក ប្រឹងប្រែង​បន្ថែមទៀត ដើម្បីកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ព្រោះថា ការប្រឹងប្រែង​សព្វថ្ងៃនេះ មិនគ្រប់គ្រាន់​ធ្វើ​ឲ្យ គេ​អាច​សម្រេចតាម​គោលដៅ ការសន្យា ១,៥អង្សា ដែលមាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ស្តីពីអាកាសធាតុ ឆ្នាំ ២០១៥។ សព្វថ្ងៃនេះ ការបញ្ចេញ​ឧស្ម័នកាបូនិក ដែល​ជាឧស្ម័នផ្ទះកញ្ចក់ នៅតែមានច្រើន នឹងអាចកើនឡើង​ខ្ពស់​មិនធ្លាប់មាន នៅឆ្នាំ ២០២២នេះ។

អ្នកជំនាញ​វាយតម្លៃថា ការបញ្ចេញឧស្ម័នកាបូនិក ដោយសារ​សកម្មភាព​របស់មនុស្ស​សព្វថ្ងៃ អាច​ធ្វើ​ឲ្យ​ផែនដី​ឡើង​កំដៅ ប្រមាណ ២,៨អង្សា នៅ​ចុងសតវត្សរ៍។ សម្រាប់ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ នេះគឺ​ជាសញ្ញា​ទាញគ្រោះអាសន្ន គ្រោះមហន្តរាយ​ជីវិត មនុស្ស ព្រោះថា សព្វថ្ងៃ ផែនដី​ឡើង​កំដៅ​ប្រមាណ ១,២អង្សាប៉ុណ្ណោះ ប៉ុន្តែ មនុស្សលោក​កំពុង​ជួប​រងគ្រោះខ្លាំង​រួចទៅហើយ ដោយសារ​គ្រោះធម្មជាតិ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត អាកាសធាតុក្តៅខ្លាំង មិនធ្លាប់ខ្យល់ព្យុះកាន់តែញឹកញយ និង​មាន​កម្លាំងខ្លាំង។

សំណុំរឿងទី២ ​ដែល​គេ​កំពុង​ចរចា តថ្លៃ​គ្នា​ខ្លាំង គឺ​រឿង​បង្កើត មូលនិធិ​សម្រាប់​ជួយថ្លៃខូចខាត និងការបាត់បង់ ដោយសារ​គ្រោះមហន្តរាយធម្មជាតិ។ នៅ ២​សប្តាហ៍​នេះ ការចរចា​ភាគច្រើន​នៅក្នុង​Cop27 ផ្តោតនិយាយ​ច្រើន​តែ​ពីរឿង​បង្កើត​មូលនិធិពិសេស សម្រាប់​ជួយ​ប្រទេស​ក្រីក្រ ប្រទេស​កំពុង​អភិវឌ្ឍ ដែល​បញ្ចេញ​ផ្សែង​ពុល​តិច ប៉ុន្តែ រងគ្រោះ​ខ្លាំង​ធ្ងន់ធ្ងរ​ដោយសារ​គ្រោះធម្មជាតិ ដែលជា​លទ្ធផល​នៃ​ការប្រែប្រួល​អាកាសធាតុ។ ប៉ុន្តែ រហូតមកដល់​ថ្ងៃចុងក្រោយនៃសន្និសីទ ការចរចា​ក្នុង​សំណុំរឿងនេះ​នៅតែ​ជាប់គាំង​ដដែល។

មូលនិធិជំនួយ៖ ប្រទេស​អ្នកមាន និងប្រទេស​ក្រីក្រ ទាញ​ខ្សែទាញព្រ័ត្រគ្នា​ទៅវិញ ទៅមក

ការចរចាត្រូវជាប់គាំង ព្រោះ​ភាគី​ចរចា​នៅតែនិយាយ​មិន​ត្រូវគ្នា ពីរឿង​បង្កើត​កញ្ចប់ថវិកា​សម្រាប់​ជួយ​ប្រទេស​ក្រីក្រ ដែលរងគ្រោះ​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ ដែល​ជាលទ្ធផល​នៃ​កត្តាប្រែប្រួលអាកាសធាតុ។

ប្រទេសក្រីក្រ ប្រទេស​កំពុងអភិវឌ្ឍ ​នៅ​ភាគខាងត្បូង បានទាមទារ​ឲ្យ​ក្រុមប្រទេស​អ្នកមាន ប្រទេស​មហាឧស្សាហកម្ម  ដែល​បញ្ចេញ​ផ្សែងពុល ឧស្ម័នកាបូនិក​ច្រើន ជាអ្នកទទួលខុសត្រូវ ផ្តល់​ថវិកា​សម្រាប់​ជួយប្រទេស​ក្រីក្រ ប៉ុន្តែ ក្រុមប្រទេស​អ្នកមាន ដូចជា​អាមេរិក និង​សហភាពអឺរ៉ុប​ជាដើម អរិភាព មិន​ចង់​ទទួលរ៉ាប់រ៉ង​តែម្នាក់​នោះទេ។

នៅពេល​ក្រុមប្រទេស​ក្រីក្រ នៅ​ភាគខាងត្បូង​ផែនដី ទាមទារ​ឲ្យមាន​កិច្ចព្រមព្រៀង​ជា​គោលការណ៍ នៅក្នុង​សន្និសីទ​Cop27 ក្រុមប្រទេស​អ្នកមាន​បាន​ទាមទារ​ពេលវេលា​បន្ថែម ដើម្បី​ពិភាក្សា ពោល​គឺ​មិនចង់​ឲ្យ​គេ​សម្រេច​អ្វីភ្លាមៗ នៅពេល​នេះ​ទេ។

ការខ្វែងគំនិត​រវាង​ប្រទេស​អ្នកមាន និង​ប្រទេស​ក្រីក្រ បានធ្វើឲ្យ​មានការបែងចែក​គ្នា ជា២ក្រុមប្រទេស​ដែល​បាន​រៀបចំ សេចក្តីព្រាង​ពីរ​ផ្សេងគ្នា ទាក់ទង​នឹង​រឿង​បង្កើត​មូលនិធិ សម្រាប់ការខូចខាត និង​ការខាតបង់ ដោយសារ​គ្រោះមហន្តរាយធម្មជាតិ។

ក្រុមប្រទេស​ក្រីក្រ ប្រទេសកំពុង​អភិវឌ្ឍ ជាង ១៣០ប្រទេស ដែលមាន​ប៉ាគីស្ថាន​ជាអ្នកតំណាង និង​មានចិន​ជា​សមាជិក (G77+ចិន) បាន​សរសេរ​សេចក្តីព្រាង​ដែល​ចែងថា ក្រុមប្រទេស​អ្នកមាន ជាង ២០ ជាអ្នកទទួលបន្ទុក​ផ្តល់ថវិកាដល់​មូលនិធិសម្រាប់ការខូចខាត និង​ការខាតបង់ ដោយសារ​កត្តាប្រែប្រួលអាកាសធាតុ។

ប៉ុន្តែ ក្រុមចរចា​តំណាង​ប្រទេស​អ្នកមាន បាន​បង្កើតអត្ថបទ​មួយដែល​ថា មូលនិធិ សម្រាប់ការខូចខាត និង​ការខាតបង់ ដោយសារ​គ្រោះមហន្តរាយធម្មជាតិ នឹង​ត្រូវ​ទទួលថវិកា​ពីគ្រប់​ប្រទេស​ផ្តល់ជំនួយ ដែលមាន​មធ្យោបាយ​ហិរញ្ញវត្ថុ។ សម្រាប់​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប ដែលបាន​ចូលរួម​ចរចាផ្ទាល់ ការកំណត់ពាក្យ​ម្ចាស់ជំនួយ​នេះ​សំខាន់ណាស់ ព្រោះថា មានប្រទេស​កំពុង​អភិវឌ្ឍ​ជាច្រើន​ដែល​មាន​សមត្ថភាពហិរញ្ញវត្ថុ ដូចជា​ចិន​ជាដើម។ ថ្វីត្បិតថា ចិនស្ថិតក្នុងចំណោមប្រទេស​កំពុងអភិវឌ្ឍ ប្រទេសក្រីក្រ ដែល​គួរត្រូវ​ទទួល​បាន​ជំនួយ​ពីមូលនិធិ សម្រាប់ការខូចខាត និង​ការខាតបង់ ដោយសារ​គ្រោះមហន្តរាយធម្មជាតិ ប៉ុន្តែ សម្រាប់ភាគី​អឺរ៉ុប ចិនជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី២ មាន​លុយក៏ច្រើន ហើយក៏ជាអ្នកបញ្ចេញ​ឧស្ម័នកាបូនិក​ច្រើនជាងគេ​ដែរ​នៅក្នុងពិភពលោក។

ចំណុចសំខាន់មួយទៀត ដែល​ភាគី​អឺរ៉ុប តំណាង​ឲ្យក្រុមប្រទេស​អ្នកមាន​ចង់បញ្ជាក់ គឺ អ្នកដែលសក្តិសម​នឹង​ទទួលបានជំនួយពី​មូលនិធិ សម្រាប់ការខូចខាត និង​ការបាត់បង់ ដោយសារ​គ្រោះមហន្តរាយធម្មជាតិ គឺ​ប្រទេស​ដែលក្រីក្រខ្លាំង ប៉ុន្តែ មិនមែន​ប្រទេស​ដែលមានមធ្យោបាយ និង​ជា​មហាអំណាច​សេដ្ឋកិច្ច ដែលមាន​ចិនជាឧទាហរណ៍​នោះទេ។

ដោយសារ​ជំហរតឹងរ៉ឹង​របស់អឺរ៉ុប ហើយដោយសារ​អាមេរិក​ក៏​មិន​សូវចេញមុខ រវីរវល់​និយាយ​ច្រើន​ពីរឿង​ផ្តល់ជំនួយ​ នៅក្នុងសន្និសីទ​Cop 27លើកនេះ ប្រទេស​ក្រីក្រមួយចំនួន​បាន​គំរាមថា គេនឹង​មិន​ព្រម​ចុះ​ហត្ថលេខា​លើ​សេចក្តីសម្រេចណាមួយ របស់​Cop 27នៅអេហ្ស៊ីបលើកនេះ បើសិនគេ​មិនឃើញ ការសន្យា​ជា​លាយលក្ខអក្សរ ដើម្បី​បង្កើត​មូលនិធិ​សម្រាប់ការខូចខាត និង​ការបាត់បង់ ដោយសារ​គ្រោះមហន្តរាយធម្មជាតិ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ គេត្រូវ​ឈប់​ចង្អុរ ទម្លាក់កំហុស​ដាក់គ្នា

បញ្ហា​ថវិកា​ជា​ចំណុចខ្ទាស់ខ្លាំង ប៉ុន្តែ គេ​សង្ឃឹមថា ក្រុមប្រទេស​ក្នុងពិភពលោក​នឹងយល់ព្រម​បន្ទន់​ជំហរ និយាយ​ចុះសម្រុងគ្នានៅទីបំផុត។

នៅពេល​ត្រលប់​ពី​កោះបាលី ថ្ងៃព្រហស្បតិ៍  លោក​អង់តូនីញ៉ូ ហ្គូរទែរស៍​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បានអំពាវនាវ​ឲ្យ​គេ​និយាយ​ចុះសម្រុងគ្នា ព្យាយាម លុបបំបាត់​គម្លាត ការមិនទុកចិត្ត​រវាង​ក្រុមប្រទេស​ក្រីក្រ និង​ក្រុមប្រទេស​អ្នកមាន។ ដើម្បីធ្វើដូច្នេះ ប្រទេស​អ្នកមាន​ត្រូវ​គោរព​តាមការសន្យា​របស់ខ្លួន​កន្លងមក។ លោក​អង់តូនីញ៉ូ ហ្គូរទែរស៍​ចង់​សំដៅ​ដល់​កញ្ចប់ថវិកា ១០០ពាន់លាន​ដុល្លារក្នុងមួយឆ្នាំ​ដែល​ក្រុមប្រទេស​អ្នកមាន​បាន​សន្យា កាលពី​ឆ្នាំ ២០១៥ សម្រាប់​ជួយប្រទេស​ក្រីក្រ ដើម្បីសម្របខ្លួន​នឹង​ការប្រែប្រួលអាកាសធាតុ។ បញ្ហា​នៅត្រង់ថា រហូតមកដល់​ពេលនេះ ប្រទេស​អ្នកមាន​មិន​បាន​ផ្តល់ថវិកា គ្រប់ចំនួន​តាម​ការសន្យារបស់ខ្លួនទេ។

សម្រាប់​ប្រធាន​អង្គការ​សហប្រជាជាតិ ថវិកា​សំខាន់មែនហើយ ប៉ុន្តែ កិច្ចព្រមព្រៀង ស្តីពីការប្រឹងប្រែងបន្ថែម​ដើម្បី​កាត់បន្ថយ​ឧស្ម័ន​កាបូនិក​រឹតតែសំខាន់ ពីព្រោះថា បើសិន គេ​នៅតែ​ព្រងើយកន្តើយ មិនព្រម​ប្រឹងប្រែង ចាត់វិធានការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ទេ នោះ គឺ​ពិភពលោក​ទាំងមូល គ្រប់ប្រទេស​ដែលត្រូវ​រងគ្រោះមហន្តរាយ មិនថា ប្រទេស​អ្នកមាន ឬ​អ្នកក្រទេ។ ចុងក្រោយ លោក​ បានទទូចសុំ​កុំ​ឲ្យ​គេ​និយាយ​ចង្អុរដាក់គ្នា​ ព្រោះថា គេ​គ្មាន​ពេលតទៅ​ទៀត​នោះទេ។ ​ប្រមុខដឹកនាំ​អង្គការ​សហប្រជាជាតិយល់ថា គ្រប់គ្នា មានកាតព្វកិច្ច ដោះស្រាយ​បញ្ហា​ចំពោះមុខ និងរកឲ្យឃើញ​កិច្ចព្រមព្រៀង ដើម្បីស្រោចស្រង់​មនុស្សជាតិ នៅចំពោះមុខ​គ្រោះមហន្តរាយធម្មជាតិ ដែលកាន់តែ​សាហាវ គ្រោះថ្នាក់ បំផ្លាញ​ជីវិតមនុស្ស​លើ​ផែនដី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ