អានតួអត្ថបទ
សន្និសីទអាកាសធាតុ

សន្និសីទអាកាសធាតុ៖ អឺរ៉ុបថានឹងប្រឹងប្រែងបន្ថែមទៀត ប៉ុន្តែ ប្រទេសខាងត្បូងថា នៅតែមិនគ្រប់គ្រាន់

នៅសន្និសីទអន្តរជាតិស្តីពីអាកាសធាតុ នៅប្រទេស​អេហ្ស៊ីប Cop27 សហភាពអឺរ៉ុប​បាន​បង្ហាញ​មហិច្ឆតា​ចង់​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក ឲ្យបាន​ច្រើនបន្ថែមទៀត ពោល គឺ​ឲ្យបាន​៥៧%ពីពេលនេះ​ដល់​ឆ្នាំ​២០៣០ ប៉ុន្តែ មិនមែន​៥៥%​ដូចការអនុវត្ត​សព្វថ្ងៃ។ ប៉ុន្តែ ការសន្យាបន្ថែម​របស់​សហភាពអឺរ៉ុប​មិនបានទទួលស្វាគម​ពីក្រុមប្រទេស​ក្រីក្រ។ ប្រទេស​នៅភាគខាងត្បូងផែនដី ដែលបញ្ចេញ​ឧស្ម័នកាបូនិកតិចតួច ប៉ុន្តែ រងគ្រោះច្រើនខ្លាំងដោយសារកត្តាប្រែប្រួល​អាកាសធាតុ បានរិះគន់​សាជាថ្មីក្រុមប្រទេស​អ្នកមាន ដែលទទួលខុសត្រូវ​បញ្ចេញឧស្ម័នកាបូនិកខ្លាំង ថាពុតត្បុត គិតតែ​ប្រយោជន៍ផ្ទាល់ខ្លួន។

នៅក្នុង​សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ Cop 27 នៅអេហ្ស៊ីប ក្រុមប្រទេស​អ្នកមាន​រងការរិះគន់ថា គ្មានចេតនាពិតប្រាកដ​ដើម្បី​កាត់បន្ថយ​ការបញ្ចេញឧស្ម័នកាបូនិក ព្រោះតែ​ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច​ផ្ទាល់ខ្លួន
នៅក្នុង​សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ Cop 27 នៅអេហ្ស៊ីប ក្រុមប្រទេស​អ្នកមាន​រងការរិះគន់ថា គ្មានចេតនាពិតប្រាកដ​ដើម្បី​កាត់បន្ថយ​ការបញ្ចេញឧស្ម័នកាបូនិក ព្រោះតែ​ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច​ផ្ទាល់ខ្លួន © FMM-RFI
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសន្និសីទ​អាកាសធាតុ​នៅប្រទេស​អេហ្ស៊ីប អនុប្រធានគណៈកម្មការអឺរ៉ុប​ព្យាយាម​បង្ហាញថា សហភាព​អឺរ៉ុប​មិន​បាន​ព្រងើយកន្តើយ​ក្នុង​រឿង​កាត់បន្ថយ​ឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់​ដែល​ជាដើមហេតុ​នៃ​ការឡើង​កំដៅផែនដី។ សម្រាប់​អ្នកទទួលខុសត្រូវ​អឺរ៉ុប សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន​ដែលកំពុង​បង្កឲ្យមានវិបត្តិថាមពល​នៅទឹកដីអឺរ៉ុប​មិនបាន​ធ្វើ​ឲ្យ​អឺរ៉ុប​ភ្លេច​ការប្រឹងប្រែងរបស់ខ្លួន​ដើម្បី​បុព្វហេតុ​អាកាសធាតុ។

“សូមកុំស្តាប់ពាក្យឃោសនាដែលថា សង្រ្គាមអ៊ុយក្រែន​បាន​បំផ្លាញ​ការប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួលអាកាសធាតុ។ សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន​មិនបាន​ធ្វើ​ឲ្យ​យើង​ងាកត្រលប់​ទៅប្រើ​ឧស្ម័ន​ច្រើនជាងមុននោះទេ។” នេះជា​ប្រសាសន៍​របស់​អនុប្រធានគណៈកម្មការអឺរ៉ុប។

ដើម្បី​បង្ហាញការប្រឹងប្រែងរបស់​ភាគីអឺរ៉ុប អ្នកទទួលខុសត្រូវ​អឺរ៉ុប​លើកឡើងថា តាមរយៈច្បាប់ដែល​សហភាពអឺរ៉ុប​បានបោះឆ្នោត​អនុម័ត​នៅប៉ុន្មានថ្ងៃចុងក្រោយនេះ អឺរ៉ុប​ត្រៀមខ្លួន​ដើម្បីកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក​ឲ្យបានច្រើនបន្ថែមទៀត រហូតដល់៥៧% ពីពេលនេះដល់​ឆ្នាំ ២០៣០។

២% នេះជាការប្រឹងប្រែងបន្ថែម​របស់​សហភាពអឺរ៉ុប ​ព្រោះថាអឺរ៉ុប​សព្វថ្ងៃ​កំពុងព្យាយាម​កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកឲ្យបាន​៥៥%។

សម្រាប់​សកម្មជន​អាកាសធាតុ ការប្រកាស​ប្រឹងប្រែងបន្ថែម​របស់​សហភាពអឺរ៉ុបតិចតួចស្តួចស្តើង មិនគ្រប់គ្រាន់ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​អាកាសធាតុ​។ ម្យ៉ាង​ការសន្យា​របស់​សហភាពអឺរ៉ុប គឺមានតែ​នៅលើ​ក្រដាស និង​មិនស្តែង​ពីការពិតជាក់ស្តែងនោះឡើយ។ ការពិត​ដែលថា បណ្តាប្រទេស​អឺរ៉ុបជាច្រើន​កំពុង​ងាកទៅប្រើ​ថាមពលធ្យូងថ្ម ​ដើម្បីជំនួស​ឧស្ម័នរុស្ស៊ី ទាំងដឹងថាធ្យូងថ្ម​បញ្ចេញ​ឧស្ម័ន​ពុល​ច្រើនជាងគេ​ទៅក្នុងបរិយាកាស។ ក្រៅពីអឺរ៉ុប មានប្រទេស​សំខាន់មួយចំនួនទៀត ដូចជា ចិន និងអារ៉ាប៊ី សាអូឌីត​ជាដើម ដែល​​មិនចង់សើរើ​គោលនយោបាយ​ កាត់​បន្ថយ​ឧស្ម័នកាបូនិក។

នៅ​សន្និសីទអាកាសធាតុ Cop 27 សហភាពអឺរ៉ុប និង​ក្រុមប្រទេស​អ្នកមាន​រងការរិះគន់​ផងដែរថា ពុតត្បុត ធ្វើមិនដឹងមិនលឺ នៅពេល​គេ​និយាយ​ពីកញ្ចប់​ថវិកាជំនួយ​សម្រាប់​ប្រទេស​ក្រីក្រ ដែលបញ្ចេញឧស្ម័នកាបូនិកតិច ប៉ុន្តែ រងការខូចខាត​ធ្ងន់ធ្ងរ ដោយសារ​កត្តាប្រែប្រួលអាកាសធាតុ។ ក្រុមប្រទេស​កំពុងអភិវឌ្ឍ ប្រទេស​ក្រីក្រ​ខកចិត្ត​ផងដែរដែលឃើញក្រុមប្រទេស​មហាឧស្សាហកម្មនៅតែ​អរិភាព មិនចង់ឲ្យគេបង្កើត​យន្តការច្បាស់លាស់សម្រាប់ការខាតបង់ និងការខូចខាត ដោយសារ​​ការប្រែប្រួលអាកាសធាតុ។ នៅក្នុង​អត្ថបទព្រាង​ដែល​គេត្រូវសម្រេច​នៅថ្ងៃ​ចុងក្រោយ​នៃ​សន្និសីទ គេ​បានប្រើពាក្យ​ត្រឹម តម្រូវការកញ្ចប់ថវិកា ដែលជា​ការទាមទារ​ចង់​បាន​តាំងពីដំបូងទី​របស់​អាមេរិក និង​សហភាពអឺរ៉ុប។

តើ​គេត្រូវការ​សន្និសីទ​អាកាសធាតុ​ប៉ុន្មានដងទៀត និង​ត្រូវ​ខាតបង់ជីវិត​មនុស្ស​អស់ប៉ុ​ន្មាន ទើបគេ​​អាច​ធ្វើ​សកម្មភាពជាក់ស្តែងដើម្បីប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួលអាកាសធាតុ? អ្នកចូលរួម​ក្នុង​សន្និសីទអាកាសធាតុ​នៅអេហ្ស៊ីបកំពុងរង់ចាំចំណាត់ការជាក់ច្បាស់​របស់​ក្រុមប្រទេស​មហាឧស្សាហកម្ម​ហ្សេ ២០ដែលកំពុងបន្តប្រជុំគ្នានៅថ្ងៃ​ពុធនេះ ​នៅ​កោះបាលី ប្រទេស​ឥណ្ឌូណេស៊ី៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ