អានតួអត្ថបទ
G20-អាកាសធាតុ

G20 ប្រកាស​បន្ត​​គោរព​​កម្មវត្ថុ​អាកាសធាតុ​ ទប់​សីតុណ្ហភាពផែនដី​​កំុឲ្យ​​ឡើង​លើស​​១,៥៌°c

ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G20 ដែលកំពុងតែជួបប្រជុំគ្នានៅ​កោះបាលី បានចេញសេចក្តីថ្លែងការណ៍​រួមមួយ ដោយបាន​​សន្យារួមគ្នា ថានឹងប្រឹងប្រែងបន្តគោរពឲ្យ​បាន ​នូវកម្មវត្ថុ​កាត់បន្ថយ​ការកើនឡើងកំដៅផែនដី មិន​ឲ្យ​លើសពី១,៥°c។ ជាការប្រឹងប្រែងដើម្បីស្រោចស្រង់ភពផែនដី ពីគ្រោះមហន្តរាយ​នានា បង្កឡើងដោយ​វិបត្តិអាកាសធាតុ។ សេចក្តីថ្លែងការណ៍រួម​របស់ G20 នេះ គឺជាការផ្តល់សញ្ញាវិជ្ជមាន និង​ក្តីសង្ឃឹមមួយ ទៅលើការចរចាគ្នានៅឯសន្និសីទអន្តរជាតិស្តីពីអាកាសធាតុ COP27 ដែលកំពុងជិតដល់ថ្ងៃបិទទ្វារ​ហើយ នៅឯប្រទេសអេហ្ស៊ីប។​

មេដឹកនាំប្រទេសសេដ្ឋកិច្ចនាំមុខ G20 កាន់ចបកាប់ថតជុំគ្នា នៅកសិដ្ឋានដាំកូនដើមកោងកាង Taman Hutan Raya Ngurah Rai Mangrove Forest។ Denpasar កោះបាលី ឥណ្ឌូណេស៊ី ថ្ងៃទី១៦ វិច្ឆិកា ២០២២
មេដឹកនាំប្រទេសសេដ្ឋកិច្ចនាំមុខ G20 កាន់ចបកាប់ថតជុំគ្នា នៅកសិដ្ឋានដាំកូនដើមកោងកាង Taman Hutan Raya Ngurah Rai Mangrove Forest។ Denpasar កោះបាលី ឥណ្ឌូណេស៊ី ថ្ងៃទី១៦ វិច្ឆិកា ២០២២ AP - Alex Brandon
ផ្សាយពាណិជ្ជកម្ម

ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខG20 បានប្រកាសទទួលស្គាល់ថា ការវាយតម្លៃរបស់ក្រុម​អ្នកជំនាញ​អាកាធាតុ​ នៃ​អង្គការសហប្រជាជាតិ GIEC ដែលថាក្នុងករណី​​សីតុណ្ហភាព​ផែនដី ​កើនឡើង​១,៥°c  គឺមានផល​ប៉ះពាល់តិចជាងឆ្ងាយ បើប្រៀបទៅ​កំណើនសីតុណ្ហភាព ២°c នោះ គឺវាជាការត្រឹមត្រូវណាស់។ ក្នុងន័យនេះ ក្រុមប្រទេសG20 សូមសន្យា បន្តប្រឹងប្រែង ធ្វើឲ្យ​អស់ពីសមត្ថភាព ដើម្បី​កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដើម្បីធ្វើយ៉ាងណា កុំឲ្យ​ផែនដីឡើងកំដៅលើសពី ១,៥°c ។

សេចក្តីថ្លែងការណ៍រួមរបស់​ក្រុមប្រទេសG20នេះ ត្រូវបានគេអបអរជាខ្លាំង ខណៈដែល​សន្និសីទអន្តរជាតិស្តីពីអាកាសធាតុCOP27 កំពុងតែឈានចូលជិតដល់ថ្ងៃចុងក្រោយ។ លោក Ani Dasgupta ប្រធាន​មជ្ឈមណ្ឌល World Resources Instiute បានលើកឡើងថា វានឹងផ្តល់​ខ្យល់សង្ឃឹមទៅឲ្យ​ការចរចាគ្នា នៅ​COP27។ វាជាដំណឹងល្អណាស់ ដែល​ក្រុមប្រទេសអ្នកមានទទួលស្គាល់ថា ត្រូវតែប្រឹងប្រែង និងជាពិសេសនោះ​គឺត្រូវជួយ​ផ្តល់ថវិកា​ចាំបាច់ ដើម្បីជួយ​ប្រទេសក្រីក្រ ប្រទេសដែល​ប្រឈមខ្លាំង​នឹង​វិបត្តិអាកាសធាតុ។

ដូចគ្នាដែរ លោកស្រី Fionna Smyth តំណាងអង្គការ Christian Aid បានលើកឡើងថា ដោយ​យោងទៅលើទម្ងន់​សេដ្ឋកិច្ច និង​ទំហំបញ្ចេញឧស្ម័នកាបូនិក របស់ក្រុម​ប្រទេសសេដ្ឋកិច្ចនាំមុខទាំងនេះ វាគឺជាដំណឹងល្អណាស់ ដែល​ប្រទេសទាំងនេះសន្យាបន្តប្រឹងប្រែង។​ វាគឺជាកម្លាំងចលករនាំមុខ ដើម្បីដោះស្រាយ​វិបត្តិអាកាសធាតុសកលលោក។

ដោយឡែក លោក Sébastien Treyer នាយកវិទ្យាស្ថានដើម្បីការអភិវឌ្ឍន៍​ប្រកបដោយចីរភាព និង​ទំនាក់ទំនងអន្តរជាតិ បាន​លើកឡើងថា ការប្រកាសរបស់​ក្រុមប្រទេស​សេដ្ឋកិច្ចនាំមុខទាំង២០នេះ ​វាគឺជាដំណឹង​ល្អ​មែនហើយ។ ក៏ប៉ុន្តែអ្វីដែល​លោកចង់ឃើញ គឺចង់ឲ្យ​ក្រុមប្រទេសអ្នកមានទាំងនេះ រួមគ្នាធ្វើកំណែទម្រង់ចាំបាច់​ ឲ្យ​បានឆាប់បំផុត ទៅលើ​ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ដើម្បីធ្វើយ៉ាងណាផ្តល់លទ្ធភាព​ ឲ្យក្រុមប្រទេសក្រីក្រងាយរងគ្រោះ បានទទួលថវិកាដើម្បីយកទៅវិនិយោគ ទប់ទល់ជាមួយ​វិបតិ្តអាកាសធាតុ។ វាគឺជាកំណែទម្រង់ជាក់ស្តែង ដែលនឹងស្តារទំនុកចិត្ត រវាងក្រុមប្រទេសអ្នកមានស្ថិតនៅភាគខាងជើង និងក្រុមប្រទេសក្រីក្រងាយ​រងគ្រោះ ស្ថិតនៅភាគខាងត្បូង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ