អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ុយក្រែន​រំលឹក​​ខួប​៩០ឆ្នាំ​នៃ​គ្រោះ​ទុរ្ភិក្ស​បង្កដោយ​សូវៀត ក្នុង​បរិបទ​សង្គ្រាម​ជាមួយ​រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្គ្រាមរុស្ស៊ី​ចូល​ឈ្លានពាន​​អ៊ុយក្រែន​​ មាន​រយៈពេល​ជាង​៩​ខែ​ហើយ។ រដូវ​រងារ​សីតុណ្ហភាព​ចាប់​ធ្លាក់​ត្រជាក់​ខ្លាំង​ហើយ ប្រជាពលរដ្ឋ​អ៊ុយក្រែនជា​ច្រើន​លាន​នាក់​កំពុង​រស់ដោយ​​គ្មាន​អគ្គីសនី​ប្រើប្រាស់ទៀត ព្រោះ​​រចនា​សម្ព័ន្ធ​ថាមពល​ត្រូវ​រង​ការ​បំផ្លាញ​ពី​សំណាក់​គ្រាប់​ផ្លោង​រុស្ស៊ី។ ស្ថានភាព​​នេះ បាន​ជំរុញ​ឱ្យ​​អ៊ុយក្រែន​កាន់​តែក្តុកក្តួលក្រៃក្នុង​ថ្ងៃ​​រំលឹក​ខួប​សោកនាដកម្ម​រងគ្រោះ​ទុរ្ភិក្ស​បង្ក​ឡើង​ដោយ​របប​ផ្តាច់ការ​ស្តាលីន នៃអតីត​សហភាព​សូវៀត។​ បើ​តាម​ប្រវត្តិវិទូ គ្រោះមហា​ទុរ្ភិក្ស​ដ៏​ធ្ងន់ធ្ងរក្នុង​ប្រវត្តិសាស្ត្រ​ពី​ឆ្នាំ​ ១៩៣២-១៩៣៣ បាន​ផ្តាច់​ជីវិតប្រជាជន​អ៊ុយក្រែន​ ១៥%​​។ ជា​ប្រវត្តិ​ដ៏​ជូរ​ចត់​ ដែល​អ៊ុយក្រែន​ចាត់​ទុក​ និង​ចង់​ឱ្យ​សហគមន៍អន្តរជាតិ​ទទួល​ស្គាល់ជា​អំពើ​ប្រល័យ​ពូជសាសន៍​​ ប៉ុន្តែមូស្គូ​អះអាង​ថា រុស្ស៊ី​ក៏​​ជា​ជន​​រងគ្រោះ​ដែរ។

រូបចម្លាក់​ឧទ្ទិស​ដល់​គ្រោះ​ទុរ្ភិក្ស​ Holodomor ឆ្នាំ​ ១៩៣២-៣៣ នៅទីក្រុង​កៀវ
រូបចម្លាក់​ឧទ្ទិស​ដល់​គ្រោះ​ទុរ្ភិក្ស​ Holodomor ឆ្នាំ​ ១៩៣២-៣៣ នៅទីក្រុង​កៀវ © REUTERS - VALENTYN OGIRENKO
ផ្សាយពាណិជ្ជកម្ម

គ្រោះ​មហាទុរ្ភិក្ស​​នៅអ៊ុយក្រែន ក្នុង​អំឡុង​ឆ្នាំ​១៩៣២-៣៣ ជា​ប្រវត្តិសោកនាដកម្ម​ដ៏ឃោរឃៅ​​នៃ​របប​ផ្តាច់ការ​ស្តាលីន ឬ​របប​សហភាព​សូវៀត ដោយ​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ប្រមាណ​ពី​៣ទៅ​៦​លាន​នាក់​ នៅតាម​​រដ្ឋ​ជា​អតីត​សហភាព​​សង្គមនិយម​សូវៀត រាប់​តាំងពី​កាហ្សាក់ស្ថាន​ ដល់​អ៊ុយក្រែន ព្រមទាំង​រុស្ស៊ី​ផង។ នៅអ៊ុយក្រែន គេ​ហៅ​​គ្រោះ​មហា​ទុរ្ភិក្ស១៩៣២-៣៣ ថា “អូឡូដូម័រ Holodomor” ដែល​មាន​ន័យ​ចំ​​ថា ការ​សម្លាប់​រង្គាល ដោយ​បង្អត់អាហារ។ ជា​រៀង​រាល់​ឆ្នាំ អ៊ុយក្រែន​តែង​តែ​ធ្វើ​ពិធី​រំលឹក​ខួប​ឧទ្ទិសដល់​វិញ្ញាណក្ខន្ត​ជន​រងគ្រោះ ជា​រៀង​រាល់​ថ្ងៃ​សៅរ៍​ចុង​ខែ​វិច្ឆិកា។ ឆ្នាំ​នេះ​ គ្មាន​ទេ​ការ​ជួបជុំ​ប្រមូល​ផ្តុំ​គ្នា ព្រោះ​ខ្លាច​មាន​ការ​ទម្លាក់​គ្រាប់ពី​សំណាក់​យោធា​រុស្ស៊ី គឺ​មាន​តែ​ការ​អុជ​ទៀន តាម​ផ្ទះ​រៀងខ្លួនៗ ហើយ​ស្មឹងស្មាត​មួយ​នាទី នៅវេលា​ម៉ោង ៤រសៀល​នេះ។

បង្អត់​អាហារ​កុំឱ្យ​បះបោរ

ចំពោះ​ប្រវត្តិ​ដំណើរ​ដើមទង​វិញ នៅ​ចុង​ឆ្នាំ ១៩២០ មេដឹកនាំ​ផ្តាច់ការ​ស្តាលីន បានលុបបំបាត់​សម្បត្តិឯកជន ហើយអឹមអូស​​​ប្រមូល​ដាក់​ជាសមូហភាព​ទាំង​អស់ រាប់​ទាំង​ដីស្រែ ទិន្នផល​កសិកម្ម ...។ ការ​ប្តូរផ្លាស់​សង្គម នយោបាយ សេដ្ឋកិច្ច បាន​ធ្វើ​ឱ្យ​ប្រជាជន​កាហ្សាក់ស្ថាន ១លាន​កន្លះ​ស្លាប់ (មួយភាគបួន​នៃ​ប្រទេស) មួយលាន​កន្លះ​នៅ​តំបន់​Volga ឬ​កូសកាស​ភាគខាងជើង​ប្រទេស​រុស្ស៊ី។ ការបះបោរ​ និង​ការ​ប៉ុនប៉ង​ពង្វាង​មិនយក​ផល​ទៅដាក់​ជា​​សមូហភាព​ បាន​លេច​ឡើង​គ្រប់​ទិសទី។ បើ​តាម​ប្រវត្តិ​វិទូ​បារាំង​ម្នាក់ នៅចុងឆ្នាំ​១៩៣២ មេដឹកនាំស្តាលីន សំឡឹង​ឃើញ​អ៊ុយក្រែន​មាន​ជំហរ​ប្រឆាំង​នឹងនយោបាយ​សូវៀត​ខ្លាំងជាងគេ ដោយមិន​ព្រម​បញ្ជូន​ទិន្នផល​កសិកម្ម​មក​ដាក់​រួមតាមផែនការ​ ក៏​ចាប់​ផ្តើម​រឹត​បន្តឹង​ ​គៀប​ ដាក់​អ៊ុយក្រែន​ឱ្យ​នៅឯកា និង​ធ្វើ​ឱ្យ​មាន​ការ​អត់​ឃ្លាន​កាន់​តែ​ខ្លាំង ដោយចេតនា​​នយោបាយ។ សូម្បី​តែ​អង្ករមួយគ្រាប់​ក្នុង​ផ្ទះ​ប្រជាជន​​ក៏​មិន​ឱ្យ​មាន​ដែរ។ ទង្វើ​​នេះ​ បាន​ធ្វើ​ប្រជាពលរដ្ឋអ៊ុយក្រែន​ស្លាប់​យ៉ាង​ត្រដ​និង​វេទនា​បំផុត អស់​ចំនួន ៣,៦លាន​នាក់​​ពី​ខែ​មករា​ដល់​ខែកក្កដា​១៩៣៣។

ការ​បក​ស្រាយ​ប្រវត្តិសាស្ត្រ

អ៊ីចឹង​ហើយ​បាន​ជា​​​អ៊ុយក្រែន​ ចាត់ទុក​គ្រោះទុរ្ភិក្ស​ក្នុង​អំឡុងពេល​នោះ គឺ​ជា​អំពើ​ប្រល័យ​ពូជសាសន៍។ ​ថ្វីបើ​ទង្វើ​របស់​​ស្តាលីន ជា​​ចេតនា​បែប​ឧក្រិដ្ឋដោយ​ប្រកែក​មិន​បាន​មែន តែ​​សម័យ​នោះ គ្មាន​ទេរដ្ឋឬ​ប្រទេស​​រុស្ស៊ី។ យើង​អាច​និយាយ​បាន​ថា​រុស្ស៊ី​សម័យ​ថ្មី រុស្ស៊ី​ដឹកនាំ​ដោយ​លោក​ពូទីន​បច្ចុប្បន្ន​បន្ត​ប្រកាន់​ទ្រឹស្តី​និង​សកម្មភាព​បែប​ផ្តាច់ការ​ដូច​ស្តាលីន ប៉ុន្តែ​រុស្ស៊ី​មិនមែន​សូវៀត​ ហើយ​លោក​ពូទីន តែង​​ពន្យល់​ជា​រហូតមក​ថា​ រុស្ស៊ី​ក៏​ជា​ជន​រងគ្រោះ​នៃរបប​សហភាព​សូវៀត​ដែរ។ ហើយ​រុស្ស៊ី​តែង​តែ​ច្រាន​ចោល​ជា​និច្ច​នូវ​ពាក្យ “​ប្រល័យ​ពូជសាសន៍” នៅពេល​និយាយ​អំពី​គ្រោះ​មហាទុរ្ភិក្ស​ឆ្នាំ​១៩៣២-៣៣​នោះ ដោយ​លើក​ហេតុផល​ថា ជនរងគ្រោះ​ក្នុង​របប​សហភាព​សូវៀត មិនមែន​មាន​តែ​អ៊ុយក្រែន​ទេ តែ​ក៏​មាន​ដែរ​ពលរដ្ឋ​កាហ្សាក់ស្ថាន ពលរដ្ឋ​រុស្ស៊ី អាល្លឺម៉ង់ វ៉ុលហ្កា និង​ពលរដ្ឋ​ដទៃ​ទៀត​នៅភាគ​ខាង​ត្បូង​សហភាព​សូវៀត។ គ្រាន់​តែ អ៊ុយក្រែន​ រងគ្រោះ​ធ្ងន់ជាង​គេ ព្រោះ​ស្តាលីន​ខ្លាច​អ៊ុយក្រែន​ធ្វើ​បដិវត្ត​ ទើប​ប្រើ​វិធី​បង្អត់​អាហារ​ហើយ បំបិទ​សេរីភាព​មិន​ឱ្យ​ដើរ​ហើរ​ទៀត។

អាល្លឺម៉ង់​ត្រៀម​ទទួល​ស្គាល់​អំពើប្រល័យ​ពូជសាសន៍​ដោយ​ទុរ្ភិក្ស អូឡូដូម័រ​​ នៅអ៊ុយក្រែន​

អ៊ុយក្រែន​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​ ឱ្យ​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​គ្រោះ​ទុរ្ភិក្ស​អូឡូដូម័រ ជា​អំពើ​ប្រល័យ​ពូជសាសន៍​ តាំងពី​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ជា​ផ្លូវការ​មាន​ប្រទេស​មួយ​ចំនួន​ហើយ ដូច​ជា​កាណាដា អាមេរិក និង​អាហ្សង់ទីន ព្រមទាំង​សហភាព​អឺរ៉ុបបាន​ទទួល​ស្គាល់​គ្រោះ​ទុរ្ភិក្ស​អូឡូដូម័រ ជា​អំពើ​ឧក្រិដ្ឋកម្មហើយ ហើយរដ្ឋាភិបាល​​​អាល្លឺម៉ង់​កំពុង​រៀប​ចំ​ គម្រោង​សេចក្តី​សម្រេច​ចិត្ត​ ចាត់​ទុក​ គ្រោះ​ទុរ្ភិក្ស​សម័យ​នោះ ថា​ជា​អំពី​ប្រល័យ​ពូជសាសន៍ដែរ។ រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​​ដាក់គម្រោង​សេចក្តី​សម្រេច​ចិត្ត​​ជូន​ទៅ​សភា​កាលពី​ម្សិលមិញ ដែល​នឹង​ធ្វើការ​ពិចារណា​​នៅ​ថ្ងៃ​ពុធ​ខាង​មុខ។

ឧក្រិដ្ឋកម្ម​នេះ​ជា​ចំណែក​មួយ​នៃប្រវត្តិសាស្ត្រ​រួម​របស់​អឺរ៉ុប។ អ៊ុយក្រែន​ទាំងមូល​បាន​រងគ្រោះ​ទុរ្ភិក្សនិង​ការ​បង្ក្រាប មិនត្រឹម​តែ​នៅ​តំបន់​កសិកម្មទេ។ នេះ​បើ​តាម​ខ្លឹមសារ​នៃ​គម្រោង​សេចក្តី​សម្រេច​ចិត្ត​អាល្លឺម៉ង់ ដែល​បន្ថែម​ថា គ្រោះទុរ្ភិក្ស​នៅ​អ៊ុយក្រែន​ឆ្នាំ​១៩៣២-៣៣ ជា​ឧក្រិដ្ឋកម្ម​បែប​អមនុស្សនៃ ប្រព័ន្ធ​ដឹកនាំ​បែប​ផ្តាច់ការដែលបាន​លុប​បំបាត់​ជីវិត​មនុស្ស​​រាប់​លាន​នាក់​នៅអឺរ៉ុប។ រដ្ឋាភិបាល​អាល្លឺម៉ង់​យល់​ថា ក្នុង​ទស្សនៈ​វិស័យ​បច្ចុប្បន្ន (​សង្គ្រាម​ឈ្លានពាន​រុស្ស៊ី​លើ​អ៊ុយក្រែន) វា​ជា​កត្តា​សត្យានុម័ត​ដែលត្រូវ​ចាត់​ទុក តាម​ផ្លូវ​នយោបាយ​និង​ប្រវត្តិសាស្ត្រ​ ​​ថា​គ្រោះHolodomor ជា​អំពី​ប្រល័យ​ពូជសាសន៍​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ