អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

ប្រជាជន​​អ៊ុយក្រែន​​ជាង​​១០លាននាក់ គ្មានភ្លើង​​អគ្គិសនី​​ប្រើប្រាស់ ខណៈ​​ព្រឹល​​ទឹក​កក​ចាប់​​ផ្តើម​​ធ្លាក់

ប្រជាជនអ៊ុយក្រែន កំពុងរស់នៅ​ក្នុងស្ថានភាព​លំបាកលំបិន ដោយសារតែគ្មានអគ្គិសនី​ប្រើប្រាស់​។ ការវាយប្រហារបាញ់ប្លោងគ្រាប់របស់រុស្ស៊ី បាន​បន្តកម្ទេចបណ្តាញផលិត​ និង​ផ្គត់ផ្គង់ចរន្តអគ្គិសនី​អ៊ុយក្រែន ធ្វើឲ្យ​ប្រជាជន​ជាង​១០​លាននាក់ រស់នៅក្នុងភាពងងឹងសូន្យសុង និងគ្មានម៉ាស៊ីន​កំដៅ​។ សីតុណ្ហភាព​បានចាប់ផ្តើម​ចុះត្រជាក់ ជាមួយ​នឹ​ងព្រឹលទឹកកក បានចាប់ផ្តើមធ្លាក់ ដែល​ធ្វើ​ឲ្យ​ប្រជាជនអ៊ុយក្រែន ព្រួយ​បារម្ភកាន់តែខ្លាំង។ នៅរវាងប៉ុន្មានសប្តាហ៍​ខាងមុខនេះ សីតុណ្ហភាពអាចនឹងចុះត្រជាក់ ដល់ -១០°c ។

ប្រជាជនអ៊ុយក្រែន សរសេរពាក្យ  ''Ukraine'' អមដោយរូបបេះដូង នៅ​លើ​កញ្ចក់រថយន្ត ដែលគ្រប់ដណ្តប់ដោយ​ព្រឹលទឹកកក។ ទីក្រុងកៀវ ថ្ងៃទី ១៧ វិច្ឆិកា ២០២២
ប្រជាជនអ៊ុយក្រែន សរសេរពាក្យ ''Ukraine'' អមដោយរូបបេះដូង នៅ​លើ​កញ្ចក់រថយន្ត ដែលគ្រប់ដណ្តប់ដោយ​ព្រឹលទឹកកក។ ទីក្រុងកៀវ ថ្ងៃទី ១៧ វិច្ឆិកា ២០២២ AP - Andrew Kravchenko
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សារវីដេអូប្រចាំថ្ងៃ កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី​១៧វិច្ឆិកា លោកវ្លូឌីមៀរ ហ្សេឡេនស្គី បានថ្លែងថា ក្នុងអំឡុងពេលនេះ ប្រជាជនអ៊ុយក្រែន​ជាង​១០នាក់ នៅទូទាំងប្រទេស ដែលគ្មានចរន្តអគ្គិសនីប្រើប្រាស់។ លោក​ហ្សេឡេនស្គី បានថ្កោលទោសរុស្ស៊ី ដែលលោកហៅថា ​ជាចោរភេរវកម្ម បាន​វាយ​ប្រហារមកលើ​ហេដ្ឋារចនាសម្ព័ន្ធស៊ីវីលរបស់អ៊ុយក្រែន ដែលមានដូចជារោងចក្រផលិតចរន្តអគ្គិសនី បណ្តាញខ្សែភ្លើង​ និង​បណ្តាញផ្គត់ផ្គង់ទឹកស្អាតជាដើម។ លោកបាន​ចាត់ទុកថា រុស្ស៊ី​កំពុងតែធ្វើសង្គ្រាម​សម្លាប់ប្រជាជនអ៊ុយក្រែន តាមរយៈការ​ផ្តាច់ចរន្តអគ្គិសនី ឲ្យ​ប្រជាជនអ៊ុយក្រែនស្លាប់ដោយសីតុណ្ហភាពត្រជាក់ ដោយសារតែ​​គ្មានម៉ាស៊ីន​កំដៅ​ប្រើប្រាស់។

ដោយ​ឡែក លោកឌីមីត្រ ប៉េឆកូវ អ្នកនាំពាក្យ​វិមានក្រេមឡាំង បានឆ្លើយតបមកវិញថា ប្រជាជនអ៊ុយក្រែនលំបាកវេទនា គឺដោយសារតែរដ្ឋាភិបាល​អ៊ុយក្រែនខ្លួនឯង នៅតែរឹងរូស មិនព្រមចរចាជាមួយរុស្ស៊ី។

គួររំលឹក​ថា គិតចាប់ពីខែតុលាមក កងទ័ពរុស្ស៊ីបាន​សំរុកវាយ​ប្រហារ បាញ់​ប្លោងគ្រាប់មីស៊ីល ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវីល​ចាំបាច់ជាច្រើន​របស់អ៊ុយក្រែន ដែលភាគច្រើនគឺជារោងចក្រ​ផលិតចរន្តអគ្គិសនី បណ្តាញ​ខ្សែភ្លើង និង​បណ្តាញផ្គត់ផ្គង់ទឹកស្អាតជាដើម។ ការវាយ​ប្រហារ ដែលមានទំរង់ជាការសងសិក ខណៈដែលកងទ័ពរុស្ស៊ីបានដកថយចេញពីតំបន់ឃែរសុន និង​បរាជ័យនៅតាមតំបន់ផ្សេងៗទៀត។ កាលពីថ្ងៃព្រហស្បតិ៍ កងទ័ពអ៊ុយក្រែន បានស្ទាក់កំទេចបាន​មីស៊ីល២គ្រាប់របស់រុស្ស៊ី ព្រមទាំងយានដ្រូនអត្តឃាតដែលរុស្ស៊ីទិញពីអ៊ីរ៉ង់ជាច្រើនគ្រឿងទៀត។

សូមបញ្ជាក់ថា​​ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធថាមពល ត្រូវខូចខាតខ្ទេចខ្ទី ទីក្រុងធំៗជាច្រើនរបស់អ៊ុយក្រែន​ និងជាពិសេសរដ្ឋធានីកៀវ ត្រូវរស់នៅ​ក្នុងភាពងងឹងសូន្យសុង គ្មានម៉ាស៊ីន​កំដៅប្រើប្រាស់ទប់ទល់នឹងសីតុណ្ហភាពត្រជាក់។ លោកOlekseiï Kouleba អភិបាលរដ្ឋធានីកៀវ បាន​លើលឡើងនៅថ្ងៃព្រហស្បតិ៍ថា ប្រជាជនអ៊ុយក្រែនកំពុងតស៊ូប្រឹងរស់ ក្នុងលក្ខខណ្ឌយ៉ាងលំបាក ខណៈព្រឹលទឹកកកចាប់ផ្តើមធ្លាក់ហើយ។ នៅសប្តាហ៍ខាងមុខនេះ សីតុណ្ហភាពនឹងធ្លាក់ចុះដល់-១០°c។

ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីរដ្ឋអ៊ុយក្រែន Ukrenergo បានប្រកាសថាបណ្តាញ​អគ្គិសនីត្រូវកាត់ផ្តាច់ច្រើនថ្ងៃទៀត ដោយសារតែស្ថានការណ៍ខូចខាតធ្ងន់ធ្ងរខ្លាំង។ ដូចគ្នាដែរ តំណាង​ក្រុមហ៊ុនអគ្គិសនីឯកជនអ៊ុយក្រែន​ DTEK ​បានលើកឡើងថា ទំហំ​នៃការខូចខាតខ្ទេចខ្ទីនៃប្រព័ន្ធថាមពលអគ្គិសនីអ៊ុយក្រែន គឺធ្ងន់ធ្ងរសម្បើមណាស់។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ