អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រតិបត្តិការប្រឆាំងអំពើពុករលួយនៅផ្ទៃក្នុងសភាអឺរ៉ុបបានឈានដល់ការចាប់មនុស្សច្រើននាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​បែលហ្សិក កម្លាំង​ប៉ូលិស​បាន​ប្រតិបត្តិការ​ប្រឆាំង​អំពើពុករលួយ​ទ្រង់ទ្រាយ​ធំ​នៅ​ផ្ទៃក្នុង​សភា​អឺរ៉ុប​កាល​ពី​ថ្ងៃ​សុក្រ ទី៩ ធ្នូ។ ប្រតិបត្តិ​នេះ​បាន​ឈាន​ដល់​ការ​ចាប់​ខ្លួន​មនុស្ស​ជា​ច្រើន​នាក់ ក្នុង​នោះ​មាន​អនុប្រធានសភា​អឺរ៉ុប​លោកស្រី​អេវ៉ា កាយលី​ជា​ជនជាតិ​ក្រិក។ អនុប្រធាន​សភា​អឺរ៉ុប​រូប​នេះ​បាន​ជាប់ចោទ​ពី​បទ​ទទួល​លុយ​ពី​ប្រទេស​អារ៉ាប់​មួយ​ជា​ថ្នូរ​នឹង​ការ​ការពារ​ប្រទេស​អារ៉ាប់​មួយ​នេះ​នៅ​សភា​អឺរ៉ុប។ នៅ​ថ្ងៃ​សៅរ៍ ទី១០ ធ្នូ ប្រធាន​សភា​អឺរ៉ុប​បាន​សម្រេច​ព្យួរ​បណ្តោះអាសន្ន​នូវ​គ្រប់​អំណាច និង​កាតព្វកិច្ច​របស់​លោកស្រី​អេវ៉ា កាយលី។

អនុប្រធានសភា​អឺរ៉ុប​លោកស្រី​អេវ៉ា កាយលី​ជា​ជនជាតិ​ក្រិក។
អនុប្រធានសភា​អឺរ៉ុប​លោកស្រី​អេវ៉ា កាយលី​ជា​ជនជាតិ​ក្រិក។ © 法新社图片
ផ្សាយពាណិជ្ជកម្ម

រឿងអាស្រូវ​ពុក​រលួយ​នៅ​ផ្ទៃក្នុង​សភា​អឺរ៉ុប​ជា​រឿង​ស្មុគស្មាញ និង​កំពុង​បន្ត​ជំពាក់​វាក់វិន​នឹង​មនុស្ស​ជា​ច្រើន​នាក់​ដូច​សម្ល​កំពិស។ តាម​ពិត ការ​ស៊ើបអង្កេត​រឿង​អំពើ​ពុករលួយ​នៅ​ផ្ទៃក្នុង​សភា​អឺរ៉ុប​បាន​ចាប់​ផ្តើម​ក្នុង​ខែ​កក្កដា ហើយ​អ្នក​ដែល​បាន​ដឹក​នាំ​ការ​ស៊ើបអង្កេត​នេះ គឺ​ចៅក្រម​បែលហ្សិក​លោក​មីសែល ឃ្លែរស៍​ដែល​ជា​អ្នកជំនាញ​ផ្នែកហិរញ្ញវត្ថុ អំពើពុករលួយ និង​ការ​លាងលុយ​កខ្វក់។ មហាអយ្យការ​បែលហ្សិក​បាន​ផ្សព្វផ្សាយ​សេចក្តីប្រកាសព័ត៌មាន​មួយ​ក្នុង​ថ្ងៃ​សុក្រ ទី៩ ធ្នូ​ដោយ​បញ្ជាក់​ថា ការ​ស៊ើបអង្កេត​បាន​ផ្តោត​សំខាន់​លើ​អង្គហេតុ​ដែល​សង្ស័យ​មាន​បណ្តាញ​ឧក្រិដ្ឋកម្ម អំពើ​ពុករលួយ និង​ការ​លាងលុយកខ្វក់។

ចៅក្រម​មីសែល ឃ្លែរស៍​សង្ស័យ​ថា មាន​ប្រទេស​អារ៉ាប់​មួយ​នៅ​ឈូងសមុទ្រពែក្ស​បាន​ឲ្យ​លុយ ឬ​ឲ្យ​ជា​កាដូ​ទៅ​ភាគី​ទី៣ ដើម្បី​ឲ្យ​ភាគីទី៣ ប្រើ​ឥទ្ធិពល​ទៅ​លើ​សេចក្តី​សម្រេច​នយោបាយ និង​សេដ្ឋកិច្ច​របស់​សភា​អឺរ៉ុប​ក្នុង​ផលប្រយោជន៍​របស់​ខ្លួន។ ភាគីទី៣ ដែល​គេ​ចង់​និយាយ គឺ​ថ្នាក់ដឹកនាំ​ក្នុង​សភា​អឺរ៉ុប សមាជិកសភា​អឺរ៉ុប ឬ​មួយ​ក៏​មន្រ្តី​អឺរ៉ុប។ ចំណែក​ប្រទេស​អារ៉ាប់​មួយ​នៅ​ឈូងសមុទ្រពែក្ស​ដែល​គេ​ចង់​សំដៅ គឺ​ប្រទេស​កាតា។ ក្រោយ​ពី​បាន​ស៊ើបអង្កេត​រយៈពេល ៤ខែ កម្លាំងប៉ូលិស​បែលហ្សិក​បាន​បើក​ប្រតិបត្តិការ​ចូលឆែកឆេរ​ទ្រង់ទ្រាយ​ធំ​កាល​ពី​​ថ្ងៃ​សុក្រ ទី៩ ធ្នូ​នៅ​តាម​ផ្ទះ​ជនសង្ស័យ​ច្រើន​នាក់​ក្នុង​ទីក្រុង​ព្រុចសែល។

តាម​មហាអយ្យការ​បែលហ្សិក ប្រតិបត្តិការ​ចូល​ឆែកឆេរ​បាន​រឹបអូស​ម៉ាស៊ីនកុំព្យូទ័រ ទូរស័ព្ទដៃ លុយ​ប្រមាណ ៦០០ ០០០អឺរ៉ូ ពិសេសរបអូសបាន​លុយ​មួយ​ថង់ក្នុង​ផ្ទះ​របស់​លោកស្រីអេវ៉ា កាយលី។។ ទន្ទឹម​គ្នា​នេះ មាន​មនុស្ស​យ៉ាងតិចចំនួន ៥នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ដើម្បី​សួរ​នាំ ក្នុង​នោះ​មាន​អនុប្រធានសភា​អឺរ៉ុប​លោកស្រី​អេវ៉ា កាយលី​ជា​ជនជាតិ​ក្រិក​មាន​អាយុ ៤៤ឆ្នាំ អតីត​សមាជិក​សភា​អឺរ៉ុប​ជនជាតិ​អ៊ីតាលី អ្នកជំនួយការ​សភា និង​អគ្គលេខាធិការ​សហព័ន្ធ​សហជីព​អន្តរជាតិ។ អ្វី​ជា​ការ​កត់សម្គាល់ អ្នកចាប់ខ្លួន​ភាគច្រើន​ជា​សមាជិក​ក្នុង​ក្រុម​សម្ព័ន្ធ​ចម្រើន​សង្គមនិយម និង​ប្រជាធិបតេយ្យ​ហៅ​កាត់ S&D នៅ​សភា​អឺរ៉ុប។

កាតា​ទិញ​ទឹកចិត្ត​សមាជិក​សភា​អឺរ៉ុប​ដើម្បី​រួច​ពី​ទណ្ឌកម្ម?

ការ​ស៊ើបអង្កេត​បាន​បង្ហាញ​លើ​ការ​សង្ស័យ​ថា មាន​សមាជិក​សភា​អឺរ៉ុប​មួយ​ក្តាប់​តូច​បាន​ព្យាយាម​បោះឆ្នោត​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​សភា​អឺរ៉ុប​ដើម្បី​ដាក់​ទណ្ឌកម្ម​ប្រឆាំង​កាតា​នៅ​ក្នុង​សំណុំរឿង​រំលោភ​សិទ្ធិមនុស្ស ឬ​នៅ​ក្នុង​សំណុំរឿង​ចម្រូងចម្រាស​ផ្សេង​ទៀត។ ជា​ថ្នូរ​ត្រឡប់​វិញ​ដើម្បី​ជា​ការ​ដឹង​គុណ កាតា​បាន​ផ្តល់​ជា​លុយកាក់ ឬ​ជា​កាដូ​ទៅ​ឲ្យ​សមាជិក​សភា​អឺរ៉ុប​ដែល​បាន​ការពារ​ខ្លួន។ បើ​រូបភាព​នេះ​មិនមែន​ជា​រូបភាព​ពុករលួយ តើ​វា​ជា​រូបភាព​ស្អី​ទៅ នេះ​ជា​ការ​ចោទ​សួរ​របស់​សមាជិក​សភា​អឺរ៉ុប​មួយ​ចំនួន។

គួរ​បញ្ជាក់​ថា កាតា​ដែល​កំពុង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក​បាន​ជាប់​ចោទ​ពី​បទ​រំលោភសិទ្ធិមនុស្ស និង​មាន​លក្ខខណ្ឌ​ការងារ​មិន​ល្អ​ចំពោះ​ពលករ​បរទេស​ដោយ​បាន​បណ្តាល​ឲ្យ​ស្លាប់​​ពលករ​បរទេស​ច្រើន​រយ​នាក់​នៅ​ក្នុង​ការ​សាងសង់​ពហុកីឡាដ្ឋាន​សម្រាប់​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក។ ជា​ទូទៅ រដ្ឋអំណាច​បាន​ចាត់​ទុក​ការ​ស្លាប់​របស់​ពលករ​បរទេស​ថា​ជា​ការ​ស្លាប់​ដោយ​ជំងឺ ពោល​មិនមែន​ដោយ​ការ​ធ្វើ​ការងារ​ដោយ​បង្ខំ​។

ដូច្នេះ​ដើម្បី​គេ​ផុត​ពី​ទណ្ឌកម្ម​របស់​អឺរ៉ុប និង​ដើម្បី​បិទបាំង​រូបភាព​អាក្រក់​របស់​ខ្លួន កាតា​ដែល​ជា​ប្រទេស​ជង្រុក​ឧស្ម័ន​បាន​ប្រើ​ទឹកលុយ​យ៉ាង​ច្រើន​សម្បើម​ដើម្បី​ទិញ​ទឹកចិត្ត​សមាជិក​សភា​អឺរ៉ុប​មួយ​ចំនួន​ឲ្យ​ការពារ​ខ្លួន។

អឺរ៉ុប​ត្រូវ​បោសសំអាត​មន្រ្តី​ពុករលួយ​ដើម្បី​លើក​ស្ទួយ និង​ការពារ​តម្លៃ​របស់​ខ្លួន?

ក្រុម​សម្ព័ន្ធ​ចម្រើន​សង្គមនិយម និង​ប្រជាធិបតេយ្យ​ហៅ​កាត់ S&D នៅ​ក្នុង​សភា​អឺរ៉ុប​បាន​បញ្ចេញ​ប្រតិកម្ម​ក្នុង​ថ្ងៃ​សុក្រ ទី៩ ធ្នូ​ថា មាន​ការ​ភ្ញាក់ផ្អើល និង​ស្រឡាំងកាំង ហើយ​បញ្ជាក់​ពី​ការ​មិន​អត់ឱន​ឲ្យ​ជា​ដាច់​ខាត​ចំពោះ​រឿង​ពុករលួយ។ ទន្ទឹម​គ្នា​នេះ ក្រុម S&D ក៏​បាន​បញ្ជាក់​ពី​ការ​ចូលរួម​ពេញលេញ​នៅ​ក្នុង​ការ​ស៊ើបអង្កេត​ដើម្បី​ស្វែង​រក​ការ​ពិត។ តែ S&D បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជា​សាធារណៈ​លើ​នីតិវិធី​ផ្លូវ​ច្បាប់​ដែល​កំពុង​ដំណើរការ។ ការ​បដិសេធ​ដូច​គ្នា​នេះ​ក៏​មាន​ពី​សភា​អឺរ៉ុប​ដែល​បាន​សម្រេច​ត្រឹម​ព្យួរ​បណ្តោះអាសន្ន​នូវ​សិទ្ធិអំណាច និង​កាតព្វកិច្ច​របស់​លោកស្រី​អេវ៉ា កាយលី​ក្នុង​នាម​ជា​អនុប្រធាន​សភា​អឺរ៉ុប។

ពី​ខាង​ប្រទេស​កាតា រដ្ឋាភិបាល​បាន​ច្រាន​ចោល​លើ​ព័ត៌មាន​ដែល​មាន​ការ​សង្ស័យ​លើ​ខ្លួន។ យ៉ាង​ណា​ក៏​ដោយ ការ​ស៊ើបអង្កេត​នៅ​ក្នុង​រឿងរ៉ាវ​មួយ​នេះ​ទើប​ចាប់​ផ្តើម។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី អឺរ៉ុប​មិន​អាច​មើល​រំលង ឬ​ធ្វើ​ព្រងើយកន្តើយ​លើ​រឿងរ៉ាវ​មួយ​នេះ​បាន​ឡើយ។ បើ​ពុំ​នោះ​សោត​ទេ ស្ថាប័ន​អឺរ៉ុប និង​តម្លៃ​ដែល​អឺរ៉ុប​បាន​ការពារ​នឹង​ចោទ​ជា​បញ្ហា។ អង្គការ Transparency International បាន​មើល​ឃើញ​ថា រឿងរ៉ាវ​មួយ​នេះ​ហាក់​មិនមែន​ជា​រឿង​ថ្មី និង​ថា តាំង​ពី​ច្រើន​ទសវត្សរ៍​ដែល​សភា​អឺរ៉ុប​បាន​ទុល​ចោល​ឲ្យ​មាន​ការ​អភិវឌ្ឃន៍​នូវ​វប្បធម៌​និទណ្ឌភាព។ អ្វី​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​ចង់​និយាយ គឺ​អឺរ៉ុប​ត្រូវ​ផ្តន្ទាទោស​ជន​ពុករលួយ​ដែល​ស៊ីរូង​នៅ​ក្នុង​ស្ថាប័ន​សភា​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ