អានតួអត្ថបទ
សហភាពអឺរ៉ុប

អំពើ​ពុករលួយ​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​ខាតបង់ ១២០​​ពាន់​លាន​អឺរ៉ូ

កាលពីថ្ងៃ​ចន្ទ​ទី ៣ កុម្ភៈ គណៈកម្មការ​អឺរ៉ុប​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយដែល​បាន​បង្ហាញ​ពីការរីករាលដាល នៃ​អំពើ​ពុករលួយ នៅ​ក្នុង​សហភាព​អឺរ៉ុប។ តាម​របាយការណ៍ អំពើ​ពុករលួយ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​សហភាព​អឺរ៉ុប​ខាតបង់​ប្រមាណ ១២០​ពាន់​លាន​អឺរ៉ូ ក្នុង​មួយឆ្នាំៗ។

របាយការណ៍​របស់​គណៈកម្មការ​អឺរ៉ុប៖ អំពើ​ពុករលួយ​នៅ​អឺរ៉ុប​រីករាលដាល​កាន់តែ​ខ្លាំង​នៅសហភាព​អឺរ៉ុប
របាយការណ៍​របស់​គណៈកម្មការ​អឺរ៉ុប៖ អំពើ​ពុករលួយ​នៅ​អឺរ៉ុប​រីករាលដាល​កាន់តែ​ខ្លាំង​នៅសហភាព​អឺរ៉ុប ©REUTERS
ផ្សាយពាណិជ្ជកម្ម

 

ជាលើកទីមួយ គណៈកម្មការ​អឺរ៉ុប​បាន​ធ្វើការ​សិក្សា​លើ​អំពើ​ពុករលួយ​នៅ​អឺរ៉ុប។ ការសាកសួរ នៅក្នុង​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ទាំង ២៨​បាន​បង្ហាញថា អំពើ​ពុករលួយ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​នៅ​សហភាព អឺរ៉ុប​ខាតបង់​ថវិកា​សន្ធឹកសន្ធាប់ ប៉ុន្តែ វា​ថែម​ទាំង​បាន​ធ្វើ​ឲ្យ​ប្រជាជន​បាត់បង់​ជំនឿ​ទុកចិត្ត ទៅលើ​ស្ថាប័ន​ប្រជាធិបតេយ្យ និង​ទៅលើ​នីតិរដ្ឋ។ លើសពីនោះ អំពើ​ពុករលួយ​បាន​​បំផ្លាញ​ផលចំណេញ​ពន្ធគយ ដែល​រដ្ឋាភិបាល​នីមួយៗ​ត្រូវ​ទទួល​បាន និង​ត្រូវការ​ជាចាំបាច់នោះ។

យោងតាម​លោកស្រី Cécilia Malmström អធិការ​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​ផ្ទៃក្នុង រដ្ឋ​សមាជិក​របស់​សហភាព​អឺរ៉ុប​បាន​ខំធ្វើការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ ប៉ុន្តែ នៅតែ​មិន​ទាន់​គ្រប់គ្រាន់។

នៅក្នុង​របាយការណ៍ ៧៦ភាគរយ​នៃ​អ្នកដែល​ត្រូវ​គេ​ស្រង់​មតិ​បាន​វាយតម្លៃថា អំពើ​ពុករលួយ​បាន​កើនឡើង និង​រីករាលដាល​ជាងមុន។ មនុស្ស​៨ភាគរយ​និយាយ​ប្រាប់​ថា ពួកគេ​រងគ្រោះ ដោយ​អំពើ​ពុករលួយ ឬ​ជា​សាក្សី​បាន​ឃើញ​ការប្រព្រឹត្ត​អំពើពុករលួយ ក្នុង​រយៈ​មួយ​ឆ្នាំ​ចុងក្រោយនេះ។

របាយការណ៍​របស់​គណៈកម្មាការ​អឺរ៉ុប​មិន​បាន​បែងចែក​ចំណាត់ថ្នាក់​ប្រទេស​ណា​មួយ ដែល​សំបូរ​អំពើ​ពុករលួយ​ជាងគេ ឬ​តិចជាងគេ​នោះទេ។ ប៉ុន្តែ អ្នកស្រាវជ្រាវ​គ្រាន់​តែ​កត់សំគាល់​ពីចន្លោះ​ខ្វះខាត ដែល​កើត​មាន នៅ​ក្នុង​យន្តការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ នៅ​ថ្នាក់​អឺរ៉ុប។ គេ​សោកស្តាយ​ផងដែរ​ពីការខ្វះ ការត្រួតពិនិត្យ​ម៉ត់ចត់​នៅក្នុង​រដ្ឋបាល​សាធារណៈ ​អប្រសិទ្ធិភាព ក្នុង​ការដាក់​ពាក្យ​ប្តឹង ឬបង្រ្កាប​អ្នកដែល​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ។ អំពើ​ពុករលួយ កើត​មាន​នៅក្នុង​រូបភាព តាំងពីសំណូក សូកប៉ាន់ ការបន្លំ​លុយ​រដ្ឋ និង​ចំណាយ​មិន​ច្បាស់លាស់​នៃ​ថវិកា​រដ្ឋ ដើម្បី​គោលដៅ​របស់​គណបក្ស​នយោបាយ។ អំពើពុករលួយ ក្នុង​កិច្ចការ​ជំនួញ​ពាណិជ្ជកម្ម​បរទេស ក៏​ជា​មូលហេតុ​សំខាន់​មួយដែរ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប។ នៅ​ក្រូអាត រ៉ូម៉ានី ក្រិក ប៊ុលហ្គារី ជាដើម មនុស្ស​ពី​៦ ទៅ ២៩ភាគរយ​និយាយ​ថា ពួកគេ​ត្រូវ​បង្ខំ​ឲ្យ​បង់ថ្លៃសំណូក ដើម្បី​បាន​ទទួល​សេវា​សុខភាព។ មនុស្ស​៤​នាក់ ក្នុង​ចំណោម​១០​នាក់ ដែល​ត្រូវ​បាន​គេ​សម្ភាសន៍​បាន​និយាយ​ថា អំពើ​ពុករលួយ​ជា​ឧបសគ្គ​រារាំង​ការធ្វើ​ជំនួញ នៅ​អឺរ៉ុប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ