អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

UNWTO៖ចំនួនភ្ញៀវទេសចរអន្តរជាតិងើបឡើងវិញក្នុងឆ្នាំ ២០២២ តែនៅតិចជាងកម្រិតមុនផ្ទុះកូវីដ១៩

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ ទី១៧ មករា អង្គការ​ទេសចរណ៍​ពិភពលោក​ហៅ​កាត់​ជា​ភាសា​អង់គ្លេស (UNWTO) បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​វិស័យ​ទេសចរណ៍​ក្នុង​លោក​កាល​ពី​ឆ្នាំ ២០២២។ តាម UNWTO ក្រោយ​ពី​បាន​ធ្លាក់​ចុះ​ខ្លាំង និង​មាន​ភាព​រអាក់រអួល​ចំនួន ២ឆ្នាំ​មក វិស័យ​ទេសចរណ៍ពិភពលោក​បាន​ផ្តើម​ងើប​ឡើង​វិញ​ក្នុង​ឆ្នាំ ២០២២ ដោយ​មាន​ចំនួន​ភ្ញៀវទេសចរអន្តរជាតិ​ជាង ៩០០លាននាក់។ តែ​ចំនួន​នេះ​នៅ​តិច​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ពេល​មុន​ផ្ទុះ​វិបត្តិ​កូវីដ១៩។ យ៉ាង​ណា​ក៏​ដោយ UNWTO រំពឹង​មាន​កំណើន​ចំនួន​ភ្ញៀវទេសចរអន្តរជាតិ​បន្ថែម​ទៀត​ក្នុង​ឆ្នាំ ២០២៣ នេះ។

UNWTO ថា ចំនួនភ្ញៀវទេសចរអន្តរជាតិងើបឡើងវិញក្នុងឆ្នាំ ២០២២ តែនៅតិចជាងកម្រិតមុនផ្ទុះកូវីដ១៩។
UNWTO ថា ចំនួនភ្ញៀវទេសចរអន្តរជាតិងើបឡើងវិញក្នុងឆ្នាំ ២០២២ តែនៅតិចជាងកម្រិតមុនផ្ទុះកូវីដ១៩។ AP - Kin Cheung
ផ្សាយពាណិជ្ជកម្ម

គួរ​រម្លឹក​ថា​ក្នុង​ឆ្នាំ ២០១៩ ចំនួន​ភ្ញៀវទេសចរអន្តរជាតិ​មាន​ដល់​ទៅ ១ ៤៦០លាននាក់ ហើយ​នៅ​ពេល​ដែល​ពិភពលោក​ផ្តើម​ផុង​ជើង​ចូល​ក្នុង​វិបត្តិ​កូវីដ១៩ នា​ចុង​ឆ្នាំ ២០១៩ ដើម​ឆ្នាំ ២០២០ ចំនួន​ភ្ញៀវទេសចរអន្តរជាតិ​បាន​ដាំ​ក្បាល​ចុះ​យ៉ាង​គំហុក​ដល់​ទៅ​ជិត ៨០% ក្នុង​រយៈពេល ២ឆ្នាំ​ជាប់​គ្នា គឺ​ឆ្នាំ ២០២០ និង ឆ្នាំ ២០២១។ បើ​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ចេញ​ផ្សាយ​ក្នុង​ឆ្នាំ ២០២១ ការ​ធ្លាក់​ចុះ​វិស័យ​ទេសចរណ៍​អន្តរជាតិ​ដោយសារ​វិបត្តិ​កូវីដ១៩ រយៈពេល ២ឆ្នាំ​ជាប់​គ្នា គឺ​ឆ្នាំ ២០២០ និង ២០២១ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​សកល​ខាតបង់​ប្រាក់​ជាង ៤ទ្រីលានដុល្លារ។ តែ​ឆ្នាំ ២០២២ ដែល​ទើប​បិទបញ្ចប់​ថ្មីៗ​នេះ វិស័យ​ទេសចរណ៍​ពិភពលោក​បាន​ផ្តើម​ងើប​ឡើង​វិញ​ដោយ​មាន​ចំនួន​ភ្ញៀវទេសចរ​ជាង ៩០០លាននាក់។

ចំនួន​នេះ​មាន​ការ​កើន​ឡើង​ជាង​ពាក់​កណ្តាល​បើ​ធៀប​នឹង​ឆ្នាំ ២០២១ ដែល​មាន​ជិត ៤៥០លាននាក់។ តែ​ចំនួន​ជាង ៩០០លាននាក់​ក្នុង​ឆ្នាំ ២០២២ នៅ​ដាច់​ឆ្ងាយ​ពី​ចំនួន​នៅ​មុន​ផ្ទុះ​វិបត្តិ​កូវីដ១៩ ដែល​មាន​ដល់​ទៅ ១ ៤៦០លាននាក់។ តាម​របាយការណ៍​របស់​អង្គការ​ទេសចរណ៍​ពិភពលោក UNWTO មាន​តំបន់​សឹង​ទាំង​អស់ ពិសេស​នៅ​អាស៊ី ប៉ាស៊ីហ្វិក មជ្ឈិមបូព៌ា និង​នៅ​អឺរ៉ុប​ដែល​បាន​ស្គាល់​កំណើន​ភ្ញៀវទេសចរអន្តរជាតិ​ក្នុង​ឆ្នាំ ២០២២។ តែ UNWTO បាន​មើល​ឃើញ​ថា មជ្ឈិមបូព៌ា និង​អឺរ៉ុប​ជា​តំបន់​ដែល​បាន​ស្គាល់​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ​ច្រើន​ជាង​គេ ពោល​ជិត​ស្មើ​នឹង​កម្រិត​នៅ​មុន​ផ្ទុះ​វិបត្តិ​កូវីដ១៩។ ក្នុង​ចំនួន​ភ្ញៀវទេសចរអន្តរជាតិ​ទាំង​ជាង ៩០០លាននាក់​ក្នុង​ឆ្នាំ ២០២២ មជ្ឈិមបូព៌ា និង​អឺរ៉ុប​បាន​ស្រូប​យក​ដល់​ទៅ ៥៨៥លាននាក់។

UNWTO រំពឹង​ភ្ញៀវទេសចរ​មក​ពី​ចិន

កូវីដ​នៅ​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ពី​យើង​នៅ​ឡើយ​ទេ ព្រោះ​ជំងឺ​សកល​មួយ​នេះ​កំពុង​បន្ត​ឆ្លង និង​កំពុង​បន្ត​សម្លាប់​មនុស្ស​ជា​រៀងរាល់​ថ្ងៃ។ តែ​គេ​ហ៊ាន​ទទួល​ស្គាល់​ថា កូវីដ​លែង​ជា​ជំងឺ​លាក់​មុខ​ដូច​កាល​ពី ២ឆ្នាំ​មុន ហើយ​កូវីដ​បាន​ក្លាយ​ជា​ជំងឺ​មួយ​ធម្មតា​ដែល​ពិភពលោក​ត្រូវ​រស់នៅ​ជាមួយ។ លើស​ពី​នេះ ពិភពលោក​មាន​ថ្នាំ និង​មាន​វ៉ាក់សាំង​បង្ការ។ ទាំង​នេះ​ជា​កត្តា​ដែល​ជំរុញ​ឲ្យ​មនុស្ស​ផ្តើម​ធ្វើ​ដំណើរ​កំសាន្ត​ជា​ថ្មី​នៅ​បរទេស ទោះ​ជិត ឬ​ឆ្ងាយ។ ក៏​ប៉ុន្តែ កត្តា​ដែល​អង្គការ​ទេសចរណ៍​ពិភពលោក UNWTO រំពឹង​មាន​កំណើន​ចំនួន​ភ្ញៀវទេសចរអន្តរជាតិ​បន្ថែម​ក្នុង​ឆ្នាំ ២០២៣ គឺ​ភ្ញៀវទេសចរ​មក​ពី​ចិន ព្រោះ​ក្នុង​ថ្ងៃទី៨ មករា រដ្ឋាភិបាល​ចិន​បាន​បើក​ប្រទេស​ទាំង​ស្រុង​ឡើង​វិញ ក្រោយ​ពី​បាន​បិទខ្ទប់​រយៈពេល ៣ឆ្នាំ។

គួរ​រម្លឹក​ថា​ក្នុង​ឆ្នាំ ២០១៩ ពោល​មុន​ផ្ទុះ​កូវីដ១៩ មាន​ពលរដ្ឋ​ចិន​ចំនួន ១៥៤លាននាក់​បាន​ចេញ​ដើរ​កំសាន្ត​នៅ​បរទេស។ លើស​ពី​នេះ ភ្ញៀវទេសចរ​ជនជាតិ​ចិន​ជា​អ្នក​ដែល​បាន​ចាយវាយ​ច្រើន​ជាង​គេ​គិត​សរុប​ជា​ទឹកប្រាក់​មាន ២៥៥ ០០០លានដុល្លារ​ក្នុង​ឆ្នាំ ២០១៩។ ទឹកប្រាក់​សរុប​ដែល​ភ្ញៀវទេសចរ​ជនជាតិ​ចិន​បាន​ចាយ​នៅ​បរទេស​នេះ​ស្មើ​នឹង ១៧% នៃ​ការ​ចាយ​សរុប​របស់​ភ្ញៀវទេសចរអន្តរជាតិ​ក្នុង​លោក​ក្នុង​ឆ្នាំ ២០១៩។ គឺ​ការ​ចេញ​ដើរកំសាន្ត​នៅ​បរទេស​ជា​ថ្មី​របស់​ពលរដ្ឋ​ចិន​ដែល UNWTO រំពឹង​មាន​កំណើន​ភ្ញៀវទេសចរអន្តរជាតិ​បន្ថែម​ទៀត​ក្នុង​ឆ្នាំ ២០២៣។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី UNWTO បាន​ព្យាករណ៍​ថា កម្រិត​ភ្ញៀវទេសចរអន្តរជាតិ​ក្នុង​ឆ្នាំ ២០២៣ នៅ​មិន​ទាន់​អាច​មាន​កម្រិត​ដូច​មុន​ពេល​ផ្ទុះ​វិបត្តិ​កូវីដ១៩ នៅ​ឡើយ​ទេ ពោល​អាច​មាន​ត្រឹម​ចន្លោះ​ពី ៨០% ទៅ ៩៥% នៃ​ចំនួន​ដែល​មាន​នៅ​មុន​ផ្ទុះ​វិបត្តិ​កូវីដ១៩ ប៉ុណ្ណោះ។

សង្រ្គាម​អ៊ុយក្រែន​ជា​ផលវិបាក​ថ្មី​ដល់​វិស័យ​ទេសចរណ៍​ពិភពលោក?

ខណៈ​ដែល​វិបត្តិ​កូវីដ​នៅ​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ផង ពិភពលោក​បាន​ផុង​ជើង​ចូល​ទៅ​ក្នុង​វិបត្តិ​ថ្មី​មួយ​ទៀត គឺ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ដែល​បាន និង​កំពុង​បន្ត​អូសបន្លាយ​តាំង​ពី​ចុង​ខែ​កុម្ភៈ ឆ្នាំ ២០២២។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា​ពេល​នេះ ពិភពលោក​កំពុង​រង​នូវ​ផលវិបាក​ចេញ​ពី​វិបត្តិ​វិបត្តិ​សង្រ្គាម​អ៊ុយក្រែន និង​វិបត្តិ​កូវីដ១៩។ វិបត្តិ​ទាំង​ពីរ​នេះ​បាន​ជះ​ផលវិបាក​ដល់​សេដ្ឋកិច្ច​សកល​ដូច​គ្នា។ ពិត​ណាស់ អង្គការ​ទេសចរណ៍​ពិភពលោក UNWTO បាន​រំពឹង​ខ្លាំង​លើ​ការ​ត្រឡប់​វិញ​នូវ​ភ្ញៀវទេសចរ​ចិន​សម្រាប់​វិស័យ​ទេសចរណ៍​ពិភពលោក។ តែ​ការ​វិល​ត្រឡប់​វិញ​របស់​ភ្ញៀវទេសចរ​អន្តរជាតិ និយាយ​ជា​រួម និង​ភ្ញៀវទេសចរចិន និយាយ​ដោយ​ឡែក​ពេល​នេះ គឺ​អាស្រ័យ​លើ​កត្តា​ច្រើន ពិសេស​កត្តា​សេដ្ឋកិច្ច។

កត្តា​សេដ្ឋកិច្ច​ដែល​គេ​ចង់​និយាយ​នេះ គឺ​លទ្ធភាព​ក្នុង​ការ​ចំណាយ​របស់​មនុស្ស​ម្នាក់ៗ។ ចូរ​កុំ​ភ្លេច​ថា​សព្វថ្ងៃ​នេះ ជាមួយ​នឹង​កំណើន​អតិផរណា​ដែល​បង្ក​ចេញ​ពី​សង្រ្គាម​អ៊ុយក្រែន ទំនិញ​គ្រប់​សព្វ​បាន​ឡើង​ថ្លៃ​ខ្លាំង។ ដូច្នេះ ការ​ចាយវាយ​សម្រាប់​ដំណើរកំសាន្ត ឬ​ទៅ​លើ​អ្វី​ផ្សេងៗ​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​ការ​ថ្លឹងថ្លែង និង​ប្រយ័ត្នប្រយែង​ជាង​មុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ