អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិកនិងសម្ព័ន្ធមិត្ត​ប្រជុំគ្នា​ជាលើកទី​៣ ដើម្បីជជែក​ពី​ការបន្ថែម​ជំនួយសព្វាវុធ​ដល់អ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋមន្រ្តីការពារ​ជាតិ​របស់​ប្រទេស​ចំនួន​៥០ ដែលមាន​អាមេរិក និង​ប្រទេស​សម្ព័ន្ធមិត្ត​ក្នុងអង្គការ​អូតង់​ត្រូវ​ជួបប្រជុំគ្នា នៅថ្ងៃសុក្រនេះ នៅ​មូលដ្ឋានទ័ព​អាមេរិក Ramstein ក្នុងប្រទេស​អាល្លឺម៉ង់ ដើម្បី​ជជែក​ពី​ការបន្ថែមអាវុធ​ទៅជួយ​កងទ័ព​អ៊ុយក្រែន។ នៅថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​អ៊ុយក្រែន លោក​វ្លូឌីមៀរ ហ្សេឡេនស្គី​និយាយ​ថា អ៊ុយក្រែន​កំពុងរង់ចាំស្តាប់​ការសម្រេចចិត្ត​ដ៏សំខាន់ នៅ​ក្នុង​កិច្ចប្រជុំ​របស់​សម្ព័ន្ធមិត្ត​នៅ​ប្រទេស​អាល្លឺម៉ង់។ ជំហររារែក​របស់អាល្លឺម៉ង់ ក្នុងការ​បញ្ជូន​រថក្រោះ Leopard 2 ទៅ​ឲ្យអ៊ុយក្រែន​នឹងអាច​ក្លាយជា​សំណុំរឿងនាំមុខគេ នៅក្នុង​កិច្ចប្រជុំនៅថ្ងៃ​សុក្រនេះ។ អាល្លឺម៉ង់​ផ្តល់ជំនួយ​យោធា​ច្រើនមកហើយ សម្រាប់​ជួយ​អ៊ុយក្រែន ប៉ុន្តែ ហេតុអ្វីបានជានៅ​អល់អែក មិនផ្តល់​រថក្រោះ Leopard 2តាម​ការចង់បាន​របស់អ៊ុយក្រែន?

ប្រធានាធិបតី​អ៊ុយក្រែន​ថ្លែងតាមវីដេអូ​ទៅកាន់អង្គប្រជុំ​របស់ប្រទេស​៥០​ដែលត្រូវ​ជជែកគ្នា​នៅ​មូលដ្ឋានទ័ពអាមេរិក Ramstein នៅអាល្លឺម៉ង់ ពីរឿងបន្ថែមជំនួយ​សព្វាវុធ​ដល់​កងទ័ពអ៊ុយក្រែន។ ជំនួបប្រជុំ​នៅថ្ងៃទី ២០​មករា ២០២៣
ប្រធានាធិបតី​អ៊ុយក្រែន​ថ្លែងតាមវីដេអូ​ទៅកាន់អង្គប្រជុំ​របស់ប្រទេស​៥០​ដែលត្រូវ​ជជែកគ្នា​នៅ​មូលដ្ឋានទ័ពអាមេរិក Ramstein នៅអាល្លឺម៉ង់ ពីរឿងបន្ថែមជំនួយ​សព្វាវុធ​ដល់​កងទ័ពអ៊ុយក្រែន។ ជំនួបប្រជុំ​នៅថ្ងៃទី ២០​មករា ២០២៣ REUTERS - WOLFGANG RATTAY
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ចំនួន​៥០​ជួបប្រជុំគ្នាថ្ងៃសុក្រនេះ នៅមូលដ្ឋានទ័ពអាមេរិក នៅប្រទេស​អាល្លឺម៉ង់​ដើម្បី​និយាយ​ពីការបន្ថែមជំនួយ​យោធា ដល់​ប្រទេស​អ៊ុយក្រែន។ តាំង​ពី​មុន​បើកកិច្ចប្រជុំ​ម្ល៉េះ ការសន្យា​ផ្តល់​សព្វាវុធ​ដល់​កងទ័ព​អ៊ុយក្រែនបានធ្លាក់ជា​បន្តបន្ទាប់ កាលពីថ្ងៃ​ព្រហស្បតិ៍។

ដើម្បីជា​ការលើកទឹកចិត្ត ជំរុញ​ឲ្យ​មានការផ្តល់ជំនួយសព្វាវុធ​បន្ថែម​ដល់អ៊ុយក្រែន ប្រទេស​ជាង ១០ នាំមុខ​ដោយ​អាមេរិក​បាន​ប្រកាស​កញ្ចប់​ជំនួយ​យោធា និង​សព្វាវុធ​សំខាន់ៗ ដើម្បី​ជួយឲ្យ​​កងទ័ព​អ៊ុយក្រែន ប្រយុទ្ធ​វាយដណ្តើម​យក​ទឹកដី​របស់ខ្លួន​ពីកងទ័ព​រុស្ស៊ីមកវិញ។

អាមេរិក​បាន​ប្រកាសផ្តល់ជំនួយយោធា តម្លៃ២,៥ពាន់លាន​ដុល្លារ បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​ជំនួយយោធា​សរុប​របស់អាមេរិក​សម្រាប់​អ៊ុយក្រែន កើន​ដល់​២៦,៧ពាន់លានដុល្លារ គិតចាប់តាំងផ្ទុះកើតឡើង​សង្រ្គាមរុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន។

នៅក្នុងការថ្លែង​បើកកិច្ចប្រជុំ​នៅ​មូលដ្ឋានទ័ព នៅប្រទេស​អាល្លឺម៉ង់ ប្រមុខការពារជាតិ​អាមេរិក លោក​ Llyode Austin បានអំពាវនាវ​ឲ្យ​ប្រទេស​លោកខាងលិច​ផ្តល់ជំនួយបន្ថែម​ដល់​អ៊ុយក្រែន នៅក្នុង​ពេលវេលា​ដ៏សំខាន់ ដែលរុស្ស៊ី កំពុង​ជិតអស់​សព្វាវុធ និងបាត់បង់ ខូចខាត​អស់​ច្រើន​នៅក្នុង​សង្រ្គាម។

តាម​ការលម្អិត​របស់​មន្ទីរបញ្ចកោន កញ្ចប់​ជំនួយ​យោធា​បន្ថែម​សម្រាប់​អ៊ុយក្រែន មាន​រាប់បញ្ចូល រថពាសដែក​របស់អាមេរិក Bradley ៥៩គ្រឿង ​រថពាសដែក​ដឹកទាហាន​Stryker ចំនួន ៩០គ្រឿង រថពាសដែកប្រឆាំងមីន ៥៣គ្រឿង និង​រថយន្ត​ដឹកទាហាន Humvee ចំនួន ៣៥០គ្រឿង។

បន្ទាប់ពី​អាមេរិក នៅ​មាន​ប្រទេស​ស៊ុយអែត ដែល​បាន​ប្រកាស​ផ្តល់​រថពាសដែក​សម្រាប់​បាញ់ប្លោង Archer ហ្វាំងឡង់ ដែលជាប់របង​ជាមួយ​រុស្ស៊ី​បាន​ប្រកាស​នៅថ្ងៃ​បើក​កិច្ចប្រជុំនេះតែម្តង ដោយ​បាន​សម្រេច​ផ្តល់​ថវិកា​៤០០លាន​អឺរ៉ូ ដែលជា​ជំនួយយោធា​លើកទី​១២ ប៉ុន្តែ ដែល​ធំបំផុតរបស់​ប្រទេស​ហ្វាំងឡង់​សម្រាប់អ៊ុយក្រែន។

នៅមុន​ជំនួបធំ នៅ​ប្រទេស​អាល្លឺម៉ង់  ប្រទេស​សមាជិក​របស់​អូតង់​ចំនួន​១១​បាន​ជួបប្រជុំ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ នៅ​មូលដ្ឋានទ័ព​របស់អូតង់ ក្នុង​ប្រទេស​អេស្តូនី ដែលនៅក្នុង​ប្រទេស​ចំនួន​៩​បាន​សន្យា​ផ្តល់ជំនួយ​បន្ថែម​ដល់​អ៊ុយក្រែន។

អង់គ្លេស​សន្យា​ផ្តល់​មីស៊ីល​Brimstone ចំនួន ៦០០ដើម​បន្ថែមទៀត​ឲ្យអ៊ុយក្រែន។ ​ដាណឺម៉ាក បាន​ប្រកាស​ផ្តល់​កាំភ្លើងធំ Caesar ដែលផលិត​ដោយ​ប្រទេស​បារាំង ចំនួន ១៩គ្រឿង​ទៅ​ឲ្យ​កងទ័ពអ៊ុយក្រែន។ អេស្តូនី សន្យា​បញ្ជូនកាំភ្លើងធំ​Howitzers គ្រាប់កាំភ្លើង និង​គ្រាប់បែកប្រឆាំង​រថក្រោះ។ ឡេតូនី​ផ្តល់​ប្រព័ន្ធការពារដែនអាកាស ឧទ្ធម្ភាគចក្រ និង​ដ្រូន ចំណែក ប៉ូឡូញ សន្យាផ្តល់​កាំភ្លើង និង​គ្រាប់​ប្រឆាំង​យន្តហោះ។

ប្រទេស​ចំនួន​៥០​ជួបប្រជុំ​ដើម្បី​និយាយ​ពីការបន្ថែមជំនួយសព្វាវុធ ទៅ​​ឲ្យ​អ៊ុយក្រែន នៅក្នុង​ខណៈពេល​ដែល​ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់​អាមេរិក​បាន​ព្រមាន​ពីការប្រមូលកម្លាំងកងទ័ព និងការត្រៀម​វាយប្រហារ​របស់​រុស្ស៊ី នៅ​តំបន់​ដុនបាស់ ភាគខាងកើតអ៊ុយក្រែន នៅ​រដូវ​ផ្ការីកខាងមុខ។

អ៊ុយក្រែន​នៅតែ​ចង់បាន​រថក្រោះ​Leopard 2​របស់​អាល្លឺម៉ង់

នៅក្នុង​វីដេអូសន្និសីទ ទៅកាន់ កិច្ចប្រជុំ របស់​ប្រទេស​សម្ព័ន្ធមិត្ត នៅ​ថ្ងៃសុក្រនេះ ប្រធានាធិបតី អ៊ុយក្រែន លោក​ហ្សេឡេនស្គី​បាន​ថ្លែងអំណរគុណ​ប្រទេសសម្ព័ន្ធមិត្ត ជាពិសេស​អាមេរិក​ដែលបាន​បន្ថែម​ជំនួយ​យោធា ជួយ​កងទ័ពអ៊ុយក្រែន។ ប៉ុន្តែ ​ប្រធានាធិបតីអ៊ុយក្រែន​បាន​អំពាវនាវ​ឲ្យ​ប្រទេស​សម្ព័ន្ធមិត្ត​បង្កើនល្បឿន ក្នុងការផ្តល់​ជំនួយ​សព្វាវុធ​ធុនធ្ងន់ ជាពិសេស រថក្រោះ និង​មីស៊ីល​ចម្ងាយឆ្ងាយ ដែលអ៊ុយក្រែន​ត្រូវការចាំបាច់​ខ្លាំង សម្រាប់​ប្រយុទ្ធយកឈ្នះ​រុស្ស៊ី។

ដោយសារតែ​រថក្រោះ និងយន្តហោះចម្បាំង មួយភាគធំ​ត្រូវ​បំផ្លាញខ្ទេចខ្ទីរ ដោយសារ​ការវាយប្រហារ​មីស៊ីល​របស់​រុស្ស៊ី​ចាប់តាំងពី​ដើមសង្រ្គាម​នៅ​ខែ​កុម្ភៈ ឆ្នាំមុន អ៊ុយក្រែន​ត្រូវការ ចង់បាន​សព្វាវុធ​ធុនធ្ងន់ពីប្រទេស​លោកខាងលិច ដូចជា រថក្រោះ មីស៊ីល និង​ប្រព័ន្ធ​ការពារដែនអាកាស​មក​ជំនួស​សព្វាវុធ​ដែល​ខ្លួន​បាន​បាត់បង់។

នៅប៉ុន្មានថ្ងៃ​មុននេះ ប្រធានាធិបតីអ៊ុយក្រែន បាន​បង្ហាញ​បញ្ជី សព្វាវុធដែល​កងទ័ព​អ៊ុយក្រែន ត្រូវការ​សម្រាប់​យកទៅប្រយុទ្ធនៅ​តំបន់​ដុនបាស់ ភាគខាងកើត​របស់អ៊ុយក្រែន ដែលនៅក្នុងនោះ មាន​រថក្រោះ ផលិតឡើង​នៅ​សម័យ​សហភាពសូវៀត T-72 ដែលកងទ័ពអ៊ុយក្រែន​ចេះប្រើស្ទាត់ជំនាញ។  តាម​ប្រធានសេនាធិការ​កងទ័ព Valéri Zaloujny អ៊ុយក្រែន គេ​ត្រូវការ​រថក្រោះ ប្រមាណ​៣០០គ្រឿង។ កន្លងមក ប្រទេស​អឺរ៉ុប​ខាងកើត ដូចជា​ប៉ូឡូញជាដើម ដែលធ្លាប់​មាន​រថក្រោះ​ផលិត​ឡើង​នៅ​សម័យ​សហភាពសូវៀត បាន​ប្រគល់រថក្រោះ ប្រភេទនេះ សរុប ៣០០គ្រឿង​ទៅ​ឲ្យ​អ៊ុយក្រែន ប៉ុន្តែ វា​នៅតែ​មិនគ្រប់គ្រាន់។

អង់គ្លេស ផ្ទាល់​បាន​សន្យា​ផ្តល់​រថក្រោះChallenger 2​១៤គ្រឿង ប៉ុន្តែ ចំនួន​នេះ​នៅតែ​តិចតួច បើប្រៀបធៀប​នឹង​តម្រូវការ​ចង់បាន​របស់​អ៊ុយក្រែន។ ម្យ៉ាង អ៊ុយក្រែន​ចង់បានខ្លាំង នៅពេលនេះ គឺ​រថក្រោះ ផលិតឡើង នៅ​ប្រទេស​លោកខាងលិច ជាពិសេស រថក្រោះ Leopard 2​ប្រទេស​អាល្លឺម៉ង់។

នៅក្នុង​វីដេអូសន្និសីទ​ទៅកាន់រដ្ឋមន្រ្តីការពារ​ជាតិ​របស់​ប្រទេស​សម្ព័ន្ធមិត្ត ប្រធានាធិបតី​អ៊ុយក្រែន បាន​និយាយថា អ៊ុយក្រែន​ កំពុងរង់ចាំ​ការសម្រេចចិត្ត​ដ៏សំខាន់​មួយ នៅក្នុងកិច្ចប្រជុំ​នៅថ្ងៃនេះ។ ដោយមិន​និយាយ​ចំឈ្មោះ​អាល្លឺម៉ង់ មេដឹកនាំ​អ៊ុយក្រែន​ពន្លយថា គេត្រូវ​រង់ចាំ​ការសម្រេចចិត្ត​របស់​ប្រទេស​មួយប៉ុណ្ណោះ។

ហ្វាំងឡង់ លីទុយអានី និងប៉ូឡូញ​បាន​ប្រកាស​ត្រៀម​ខ្លួន​ផ្តល់​រថក្រោះ ប្រភេទ​Leopard 2​ទៅ​ឲ្យ​អ៊ុយក្រែន ប៉ុន្តែ គេ​ត្រូវរង់ចាំ ភ្លើងខៀវ​ពី​ប្រទេស​អាល្លឺម៉ង់ ដែលជា​ម្ចាស់កម្មសិទ្ធិបញ្ញា​រថក្រោះ Leopard2។

នៅមុន​កិច្ចប្រជុំ ចាប់ផ្តើម រដ្ឋមន្រ្តីការពារ​ជាតិ​របស់​ប្រទេស​លីទុយអានី​និយាយ​ថា នឹង​មាន​ប្រទេស​ជាច្រើនដែលអាច​ប្រកាស​ផ្តល់​រថក្រោះ Leopard 2​ទៅឲ្យអ៊ុយក្រែន។ ប៉ុន្តែ នៅទីបំផុត គេ​ត្រូវ​រង់ចាំ​ការសម្រេច​របស់​អាល្លឺម៉ង់។

មេបញ្ជាកកងទ័ពអាមេរិក ប្រចាំ​អូតង់​បាន​បញ្ជាក់ថា រថក្រោះតែមួយ​មុខ​នឹង​មិនអាច​ធ្វើ​ឲ្យ​អ៊ុយក្រែន​ឈ្នះ​សង្រ្គាមនោះទេ។ អ៊ុយក្រែន ត្រូវការ​អាវុធ គ្រប់ប្រភេទ។

អ្នកនាំពាក្យ​របស់​វិមាន​ក្រេមឡាំង លោក​ឌីមីទ្រី ប៉េស្កូវ ​បាន​ប្រតិកម្ម​ ដែរថា ទោះ​អ៊ុយក្រែន មាន​រថក្រោះ​ទំនើប ក៏​នឹង​គ្មានអ្វី​ផ្លាស់ប្តូរ​នៅក្នុង​សមរភូមិដែរ។

ហេតុអ្វី​អាល្លឺម៉ង់​បដិសេធ​មិន​ផ្តល់​រថក្រោះ Leopard 2​ឲ្យ​អ៊ុយក្រែន?

អាល្លឺម៉ង់​បាន​រង​ការដាក់សម្ពាធ​ខ្លាំងណាស់​ពីប្រទេស​សម្ព័ន្ធមិត្ត និងអ៊ុយក្រែន ដែល​ទាមទារ​ចង់​ឲ្យ​អាល្លឺម៉ង់​ផ្តល់​រថក្រោះ Leopard 2​ទៅ​ឲ្យ​កងទ័ព​អ៊ុយក្រែន។ អាល្លឺម៉ង់​មិនព្រម​ប្រគល់​រថក្រោះ Leopard 2​ទៅ​ឲ្យអ៊ុយក្រែនមែន ប៉ុន្តែ អាល្លឺម៉ង់​នាំមុខគេ នៅសហភាព​អឺរ៉ុប ខាង​ផ្តល់ជំនួយ​យោធាច្រើន​សន្ធឹកសន្ធាប់ដល់​កងទ័ពអ៊ុយក្រែន បន្ទាប់ពី​សហរដ្ឋអាមេរិក។

នៅក្រោយបារាំង​ប្រកាស​ផ្តល់​រថពាសដែក ធុនស្រាល ជួយ​អ៊ុយក្រែន អាល្លឺម៉ង់ បាន​ប្រកាស ផ្តល់​រថពាសដែក ប្រភេទ Marder ៤០គ្រឿង។ ប៉ុន្តែ ជំនួយ​របស់​អាល្លឺម៉ង់ នៅតែ​មិនទាន់​ធ្វើ​ឲ្យ​អ៊ុយក្រែន ពេញចិត្ត ព្រោះអ៊ុយក្រែន​នៅតែ​ចង់បាន​រថក្រោះ Leopard 2 ដែល​ទំនើប មាន​សមត្ថភាព​ប្រយុទ្ធ ជួយ​ឲ្យ​កងទ័ព​អ៊ុយក្រែន អាច​បាញ់​ចំគោលដៅ​ទីតាំងអាវុធ​របស់​សត្រូវ។ ម្យ៉ាង អ៊ុយក្រែន ទាមទារ​ចង់​បាន​រថក្រោះ​ Leopard 2 ព្រោះ​ថា បើ​សិន​អាល្លឺម៉ង់​បើក​ភ្លើងខៀវមែន  នោះ អ៊ុយក្រែន នឹង​ទទួល​បាន​រថក្រោះ រថក្រោះ​ Leopard 2ក្នុង​ចំនួន​ច្រើន។ ត្រូវដឹងថា ប្រទេស​អឺរ៉ុប​ជាច្រើន​ដែលបាន​ទិញ​រថក្រោះ​របស់អាល្លឺម៉ង់ បានសន្យា​ហើយថា គេ​នឹង​ផ្តល់រថក្រោះ​ Leopard 2​ប៉ុន្តែ គេ​រង់ចាំតែ​ការអនុញ្ញាត​របស់​អាល្លឺម៉ង់។

ហេតុអ្វី អាល្លឺម៉ង់​បានបដិសេធ​មិន​ប្រគល់​រថក្រោះ​ Leopard 2​ទៅ​ឲ្យ​អ៊ុយក្រែន? នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ លោក​អូឡាហ្វ ស្ហុល៍​ផ្ទាល់ ធ្លាប់បាននិយាយ​ទៅកាន់​សមាជិកសភាអាមេរិក នៅក្នុង​វេទិកា​ដាវ៉ូស ថា អាល្លឺម៉ង់​នឹង​បញ្ជូន​រថក្រោះ Leopard 2​ទៅ​ឲ្យអ៊ុយក្រែន បើសិន​អាមេរិក យល់ព្រម ប្រគល់​រថក្រោះ Abrams ដ៏ទំនើប​របស់អាមេរិក​ទៅ​ឲ្យ​កងទ័ពអ៊ុយក្រែនដែរ។ សម្រាប់ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ ប៊ែរឡាំង​ត្រូវការសហការចាំបាច់​ជាមួយ​សម្ព័ន្ធមិត្ត​អាមេរិក ក្នុងរឿង​ផ្តល់អាវុធ​ទៅ​ឲ្យអ៊ុយក្រែន។ ប៉ុន្តែ អាមេរិកបានបញ្ជាក់ហើយថា ខ្លួនមិនអាច​ផ្តល់​រថក្រោះ Abrams ទៅ​ឲ្យអ៊ុយក្រែនបានទេ ដោយសារ​រថក្រោះ​ថ្លៃ និងទំនើបខ្លាំង (មានបំពាក់ដោយ​ម៉ាស៊ីនយន្តហោះ) ត្រូវការ​ថែទាំជួសជុលសំខាន់ ហើយ​ទាហាន​អ៊ុយក្រែន នៅមិនទាន់​មាន​សមត្ថភាព​ប្រើប្រាស់​វា​នៅឡើយ។

រដ្ឋាភិបាល​អាល្លឺម៉ង់ រារែក​មិន​ចង់​ផ្តល់​រថក្រោះ​ទំនើប​របស់ខ្លួន​ទៅបើកចរាចរណ៍​ក្នុងសមរភូមិ​ប្រយុទ្ធ​ក្នុងទឹកដី​អ៊ុយក្រែន ដោយសារ​ម្យ៉ាង ប៊ែរឡាំង​ខ្លាច​មានការសងសឹក​ពី​រុស្ស៊ី។ រហូតមក ប្រទេស​លោកខាងលិច​បាន​ផ្តល់​សព្វាវុធ ឲ្យអ៊ុយក្រែន ដើម្បីធ្វើ​យ៉ាងណា​ឲ្យអ៊ុយក្រែន អាច​ត្រឹមការពារ​ខ្លួន និង​បើកការប្រយុទ្ធ​ក្នុង​ចម្ងាយខ្លី ព្រោះថា គេ​ខ្លាចបើសិន​បាន​អាវុធទំនើបៗ នោះអ៊ុយក្រែន​នឹង​អាចបាញ់​ចូលដល់​ទឹកដី​រុស្ស៊ី ដែលនឹង​ធ្វើ​ឲ្យ​រុស្ស៊ីខឹងឆេះដុំ។ ទី២ អាល្លឺម៉ង់​មិន​ចង់​ឲ្យ​រថក្រោះ អាល្លឺម៉ង់មានវត្តមាន​ក្នុង​សមរភូមិ​អ៊ុយក្រែន ព្រោះ​អាល្លឺម៉ង់​មិន​ចង់​ជាន់ដាន​ចាស់ ក្នុងសម័យសង្រ្គាម​លោកលើកទី២ នៅពេល​រថក្រោះ​អាល្លឺម៉ង់ ក្រោម​របបណាហ្ស៊ី ហ៊ីត្លែរ បង្កមហន្តរាយ​សម្លាប់​ជីវិតមនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ