អានតួអត្ថបទ
សង្រ្គាមអ៊ុយក្រែន-អង់គ្លេស

នាយករដ្ឋមន្រ្តីអង់គ្លេសសន្យាប្រគល់​រថក្រោះChallenger 2ទៅឲ្យកងទ័ព​អ៊ុយក្រែន

ក្រុមប្រទេស​លោកខាងលិច​ប្រកាសបញ្ជូនរថក្រោះ រថពាសដែក​ជាបន្តបន្ទាប់គ្នា​ទៅ​ឲ្យ​អ៊ុយក្រែន។ បន្ទាប់ពីបារាំង អាល្លឺម៉ង់ អាមេរិក ប៉ូឡូញ អង់គ្លេស​ជាប្រទេស​ចុងក្រោយគិតត្រឹម​ថ្ងៃ​សៅរ៍ ដែលបាន​ប្រកាស​ផ្តល់​រថក្រោះទៅឲ្យកងទ័ព​អ៊ុយក្រែន។ នៅក្នុងជំនួបវីដេអូ​កាលពីថ្ងៃសៅរ៍ទី ១៤​មករា លោកនាយករដ្ឋមន្រ្តីអង់គ្លេស រីស៊ី ស៊ូណាក់​បាន​និយាយប្រាប់​ប្រធានាធិបតីអ៊ុយក្រែន លោក​វ៉ូឡូឌីមៀរ ហ្សេឡេនស្គីថា អង់គ្លេស​នឹងប្រគល់​រថក្រោះធុនធ្ងន់ និងសម្ភារៈយោធាផ្សេងទៀត​ទៅឲ្យអ៊ុយក្រែន។

រថក្រោះអង់គ្លេស "Challenger 2" ដែលបញ្ជូន​ទៅប្រើក្នុង​ក្របខ័ណ្ឌអូតង់ នៅ​ភាគខាងជើងអាល្លឺម៉ង់ នៅ​ឆ្នាំ ២០០៣។ នៅថ្ងៃ​សៅរ៍ នាយករដ្ឋមន្រ្តីអង់គ្លេស ស៊ូណាក់​សន្យា​ប្រគល់​រថក្រោះ Challenger 2ទៅ​ឲ្យកងទ័ពអ៊ុយក្រែន។​
រថក្រោះអង់គ្លេស "Challenger 2" ដែលបញ្ជូន​ទៅប្រើក្នុង​ក្របខ័ណ្ឌអូតង់ នៅ​ភាគខាងជើងអាល្លឺម៉ង់ នៅ​ឆ្នាំ ២០០៣។ នៅថ្ងៃ​សៅរ៍ នាយករដ្ឋមន្រ្តីអង់គ្លេស ស៊ូណាក់​សន្យា​ប្រគល់​រថក្រោះ Challenger 2ទៅ​ឲ្យកងទ័ពអ៊ុយក្រែន។​ Associated Press - JOERG SARBACH
ផ្សាយពាណិជ្ជកម្ម

នៅក្នុងជំនួបវីដេអូ​ជាមួយ ប្រធានាធិបតីអ៊ុយក្រែន នាយករដ្ឋមន្រ្តីអង់គ្លេស រីស៊ី ស៊ូណាក់​បាន​គូសបញ្ជាក់ពីមហិច្ឆតា​របស់​អង់គ្លេស​ដើម្បី​បង្កើនការគាំទ្រ​ តាមរយៈ​ការផ្តល់​រថក្រោះ Challenger 2 ទៅ​ឲ្យកងទ័ពអ៊ុយក្រែន។ តាមអ្នកនាំពាក្យ​របស់​នាយករដ្ឋមន្រ្តីអង់គ្លេស មេដឹកនាំ​ប្រទេស​ទាំងពីរយល់ស្របគ្នា​ពីការទាញយកប្រយោជន៍នៃជ័យជំនះថ្មីៗ​របស់​កងទ័ពអ៊ុយក្រែន ក្នុងការវាយរុញច្រាន​កងទ័ព​រុស្ស៊ី នៅលើ​សមរភូមិ។

រថក្រោះ Challenger 2 ផលិតឡើងដោយបច្ចេកវិទ្យាអង់គ្លេស ធ្លាប់​បាន​កងទ័ពអង់គ្លេស​ប្រើប្រាស់​តាំង​ពី​១៩៩៤ នៅក្នុង​សង្រ្គាមកូសូវ៉ូ និងនៅ​សមរភូមិ​អ៊ីរ៉ាក់។ នេះបើតាម​ក្រសួងការពារជាតិអង់គ្លេស។

នៅក្នុង​សារធ្វីតធ័រ ប្រធានាធិបតីអ៊ុយក្រែន លោក​ហ្សេឡេនស្គីនិយាយអរគុណអង់គ្លេសដែលបាន​សម្រេចចិត្តផ្តល់​រថក្រោះទំនើប Challenger 2 ឲ្យអ៊ុយក្រែន។ សម្រាប់​មេដឹកនាំ​អ៊ុយក្រែន ការសម្រេចចិត្ត​របស់​អង់គ្លេស​មិនត្រឹម​ទៅជួយពង្រឹងកម្លាំងប្រយុទ្ធរបស់កងទ័ពអ៊ុយក្រែន ប៉ុន្តែ​វា​ជាសញ្ញាផងដែរ​សម្រាប់​ប្រទេស​ដៃគូផ្សេងទៀត​របស់​អ៊ុយក្រែន។

គិត​ចាប់តាំង​ពី​សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន សម្ព័ន្ធមិត្តអឺរ៉ុប​របស់​អ៊ុយក្រែន បាន​ផ្តល់​ទៅឲ្យ​អ៊ុយក្រែន នូវ​រថក្រោះ៣០០គ្រឿងផលិតឡើងនៅសម័យសហភាពសូវៀត ប៉ុន្តែត្រូវ​បាន​គេ​ធ្វើ​ទំនើបកម្ម​យកប្រើប្រាស់ឡើងវិញ។ ​អ៊ុយក្រែន​ធ្លាប់​បាន​ទាមទារ​ចង់បាន​សព្វាវុធ​ទំនើបៗផលិតនៅ​ប្រទេស​លោកខាងលិច ដើម្បី​យកទៅប្រើប្រយុទ្ធទប់ទល់នឹង​​កងទ័ពរុស្ស៊ី។ ប៉ុន្តែ ប្រទេស​លោកខាងលិច​មិនព្រម។

ទើបនៅ​ដើម​ខែ មករា បារាំង​បាន​នាំមុខគេ​ដោយបាន​ប្រកាស​ផ្តល់​រថពាសដែកធុនស្រាលផលិតដោយបច្ចេកវិទ្យាបារាំងទៅឲ្យអ៊ុយក្រែន។ នៅប៉ុន្មានថ្ងៃក្រោយមកទៀត អាល្លឺម៉ង់​បាន​សន្យា​ប្រគល់​រថក្រោះMarder ៤០គ្រឿង ចំណែកអាមេរិក​ប្រកាស​ផ្តល់រថក្រោះប្រភេទ Bradley ៥០គ្រឿង។ នៅថ្ងៃ​ពុធ​សប្តាហ៍នេះ ប៉ូឡូញ ដែលនៅជាប់របងជាមួយអ៊ុយក្រែនបាន​ប្រកាស​ត្រៀមខ្លួន​បញ្ជូន​រថក្រោះប្រភេទ​Leopard 2​​ផលិតនៅអាល្លឺម៉ង់ ដែលត្រូវ​គេ​ចាត់ទុក​ ជា​អាវុធដ៏ទំនើប ​មាន​ប្រសិទ្ធិភាពខ្ពស់នៅ​ក្នុងសមរភូមិប្រយុទ្ធ។

តាមអ្នកនាំពាក្យ​របស់​ប្រមុខរដ្ឋាភិបាលអង់គ្លេស នៅក្នុងជំនួបតាមវីដេអូ កាលពីថ្ងៃ​សៅរ៍ នាយករដ្ឋមន្រ្តីអង់គ្លេស និង​ប្រធានាធិបតីអ៊ុយក្រែន​ថ្លែងស្វាគម​ជំនួយ​អន្តរជាតិ ជាពិសេសប៉ូឡូញដែលផ្តល់​រថក្រោះ​ទំនើប Leopard2។

លោកនាយករដ្ឋមន្រ្តីអង់គ្លេស រីស៊ី ស៊ូណាក់​បាន​សង្កត់ធ្ងន់ថា លោក​និង​រដ្ឋាភិបាលអង់គ្លេស​នឹង​ធ្វើការយ៉ាងសកម្មជាមួយ​ដៃគូអន្តរជាតិ ដើម្បី​ផ្តល់​ឲ្យបាន​លឿនបំផុត គ្រឿងសព្វាវុធដែល​គេ​បានសន្យាប្រគល់​ទៅ​ឲ្យ​កងទ័ពអ៊ុយក្រែន។ ការ​ផ្តល់​សព្វាវុធ​បន្ថែមទៅឲ្យអ៊ុយក្រែននឹង​អាច​ត្រូវ​គេ​ប្រកាស​ឲ្យដឹង​នៅថ្ងៃ​ទី ២០​មករា​ខាងមុខ នៅក្នុង​កិច្ចប្រជុំ​ប្រទេសសម្ព័ន្ធមិត្ត​របស់អ៊ុយក្រែន ដែលធ្វើឡើង​នៅ​ទីក្រុង Ramstein ប្រទេស​អាល្លឺម៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ