អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំងនិងអាល្លឺម៉ង់ប្រារព្ធខួប ៦០ឆ្នាំនៃសន្ធិសញ្ញាមិត្តភាព ខណៈដែលទ្វីបអឺរ៉ុបកំពុងស្គាល់សង្រ្គាមជាថ្មី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ ទី២២ មករា​នេះ ប្រទេស​បារាំង និង​ប្រទេស​អាល្លឺម៉ង់​ប្រារព្ធ​ខួប ៦០ឆ្នាំ​នៃ​សន្ធិសញ្ញា​មិត្តភាព។ សន្ធិសញ្ញា​មួយ​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី២២ មករា ឆ្នាំ ១៩៦៣ ក្នុង​ជំនាន់​ប្រធានាធិបតី​បារាំង​លោក​ឆាល៍ ដឺហ្គោល និង​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោក​កុនរ៉ាដ អាដឺណាអូអេ។ ពិធី​ប្រារព្ធ​ខួប ៦០ឆ្នាំ​នៃ​សន្ធិសញ្ញា​មិត្តភាព​បារាំង អាល្លឺម៉ង់​ធ្វើ​ឡើង ខណៈ​ដែល​ទ្វីប​អឺរ៉ុប​កំពុង​ប្រឈម​នឹង​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ សង្រ្គាម​មួយ​នេះ​ហាក់​កំពុង​បង្ក​ឲ្យ​មាន​ភាព​ខុស​គ្នា និង​ការ​យល់​ខុស​គ្នា​រវាង​ក្រុង​ប៉ារីស និង​ក្រុង​ប៊ែរឡាំង។

ឧត្តមសេនីយបារាំង Charles de Gaulle (រូបស្តាំ) និង​នាយករដ្ឋមន្រ្តី​អល្លឺម៉ង់លោក Konrad Adenauer នៅ​ក្រោយ​ពិធី​ចុះ​ហត្ថលេខាលើ​សន្ធិសញ្ញាមិត្តភាព​បារាំង អាល្លឺម៉ង់​ក្នុងក្រុង​ប៉ារីស ថ្ងៃទី២២ មករា ឆ្នាំ ១៩៦៣។
ឧត្តមសេនីយបារាំង Charles de Gaulle (រូបស្តាំ) និង​នាយករដ្ឋមន្រ្តី​អល្លឺម៉ង់លោក Konrad Adenauer នៅ​ក្រោយ​ពិធី​ចុះ​ហត្ថលេខាលើ​សន្ធិសញ្ញាមិត្តភាព​បារាំង អាល្លឺម៉ង់​ក្នុងក្រុង​ប៉ារីស ថ្ងៃទី២២ មករា ឆ្នាំ ១៩៦៣។ © AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​ដែល​គេ​និយាយ​ពី​សន្ធិសញ្ញា​មិត្តភាព​រវាង​បារាំង និង​អាល្លឺម៉ង់ គឺ​គេ​ចង់​ផ្តោត​លើ​សន្ធិសញ្ញា​អេលីហ្សេ​ដែល​បារាំង និង​អាល្លឺម៉ង់​បាន​ចុះ​ហត្ថលេខា​កាល​ពី ៦០ឆ្នាំ​មុន​នៅ​វិមាន​ប្រធានាធិបតី​បារាំង​អេលីហ្សេ។ គេ​អាច​ហៅ​សន្ធិសញ្ញា​អេលីហ្សេ​ជា​សន្ធិសញ្ញា​នៃ​ការ​ផ្សះផ្សា និង​បង្រួបបង្រួម​រវាង​បារាំង និង​អាល្លឺម៉ង់ ក្រោយ​ពី​ប្រទេស​ទាំង​ពីរ​បាន​ស្គាល់​សង្រ្គាម​បង្ហូរ​ឈាម​គ្នា​នៅ​ក្នុង​សម័យ​សង្រ្គាមលោក។ តាម​រយៈ​សន្ធិសញ្ញា​មួយ​នេះ​កាល​ណោះ បារាំង និង​អាល្លឺម៉ង់​ចង់​បញ្ជាក់​ពី​ការ​ទុក​មួយ​អន្លើ​នូវ​រឿងរ៉ាវ​អតីតកាល​ល្វីង​ជូរចត់ និង​ចាប់​ដៃ​រួម​សាមគ្គី​គ្នា​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង និង​ដើម្បី​កសាង​សហគមន៍​អឺរ៉ុប​មួយ។

គឺ​តាម​រយៈ​សន្ធិសញ្ញា​អេលីហ្សេ​កាល​ពី ៦០ឆ្នាំ​មួយ​នេះ​ដែល​ក្រុង​ប៉ារីស និង​ក្រុង​ប៊ែរឡាំង​បាន​យក​ធ្វើ​ជា​មូលដ្ឋាន​ដើម្បី​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​មិត្តភាព​រវាង​គ្នា ពិសេស​ក្នុង​វិស័យ​នយោបាយ​ការបរទេស វិស័យ​ការពារ វិស័យ​សន្តិសុខ វិស័យ​យុវជន និង​វិស័យ​វប្បធម៌។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា សន្ធិសញ្ញា​ដដែល​មួយ​នេះ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​បារាំង និង​អាល្លឺម៉ង់​ធ្វើ​ការ​កែសម្រួល និង​ធ្វើ​ឲ្យ​កាន់​តែ​ចម្រើន​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល ៦០ឆ្នាំ​កន្លង​ទៅ​នេះ។ ជាក់ស្តែង​ក្នុង​ឆ្នាំ ១៩៨៨សន្ធិសញ្ញា​នេះ​ត្រូវ​បាន​ជំនាន់​ប្រធានាធិបតី​បារាំង​លោក​ហ្រ្វង់ស័រ មីតេរ៉ង់ និង​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោក​ហ៊ែលមុត ខូល​ពង្រីក​បន្ថែម​ដោយ​បង្កើត​ឲ្យ​មាន​ក្រុមប្រឹក្សា​បារាំង អាល្លឺម៉ង់​សម្រាប់សន្តិសុខ និង​គោលនយោបាយ​សេដ្ឋកិច្ច និង​រូបិយវត្ថុ។

ក្រៅ​ពី​កិច្ចសហប្រតិបត្តិការ និង​មិត្តភាព​ទ្វេភាគីបារាំង និង​អាល្លឺម៉ង់​ក៏​ជា​ប្រទេស​ស្ថាបនិក និង​ជា​ក្បាលម៉ាស៊ីន​នៃ​វត្តមាន​សហភាព​អឺរ៉ុប​នា​ពេល​បច្ចុប្បន្ន​ដែរ។

ពិធី​ប្រារព្ធ​ខួប ៦០ឆ្នាំ​នៃ​មិត្តភាព​បារាំង អាល្លឺម៉ង់​រៀបចំ​ក្នុង​ប្រទេស​បារាំង

ពិធី​ប្រារព្ធ​ខួប ៦០ឆ្នាំ​នៃ​មិត្តភាព​បារាំង អាល្លឺម៉ង់​រៀបចំ​ក្នុង​ប្រទេស​បារាំង​នៅ​សកលវិទ្យាល័យ​ស័កប៊ន​ក្រុង​ប៉ារីស​ដោយ​មាន​ការ​ថ្លែង​សុន្ទរកថា​របស់​ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង និង​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោក​អូឡាហ្វ ស្ហុលស៍​នៅ​ចំពោះ​មុខ​ក្រុម​អ្នក​តំណាងរាស្រ្ត​នៃ​ប្រទេស​ទាំង​ពីរ។ បន្ទាប់​មក មាន​ការ​រៀបចំ​នូវ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​គណៈរដ្ឋមន្រ្តី​នៃ​ប្រទេស​ទាំង​ពីរ និង​ការ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​រវាង​លោក​ម៉ាក្រុង លោក​ស្ហុលស៍។ អ្វី​ជា​ការ​កត់សម្គាល់ ខួប ៦០ឆ្នាំ​នៃ​មិត្តភាព​បារាំង អាល្លឺម៉ង់​ពេល​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​ទ្វីបអឺរ៉ុប​កំពុង​ប្រឈម​នឹង​សង្រ្គាម​ថ្មី​ដែល​ជា​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។

សង្រ្គាម​បង្ក​ឡើង​ដោយ​រុស្ស៊ី​មួយ​នេះ​ហាក់​កំពុង​ធ្វើ​ឲ្យ​បារាំង និង​អាល្លឺម៉ង់​មាន​ភាព​រកាំរកូស​ខ្លះ ពិបាក​មើល​មុខ​គ្នា​ចំ និង​យល់​ឃើញ​មិន​ដូច​គ្នា។ តាម​ពិត ភាព​តានតឹង និង​រកាំរកូស​រវាង​ក្រុង​ប៊ែរឡាំង និង​ក្រុង​ប៉ារីស​ទើប​កើត​មាន​ខ្លាំង​នៅ​ក្នុង​ជំនាន់​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោក​អូឡាហ្វ ស្ហុលស៍។ គួរ​រម្លឹក​ថា កិច្ចប្រជុំ​ក្រុមប្រឹក្សា​គណៈរដ្ឋមន្រ្តី​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវ​ធ្វើ​តាំង​ពី​ឆ្នាំ ២០២២ មក​ម្ល៉េះ តែ​ត្រូវ​បាន​បារាំង​ជា​អ្នក​សម្រេច​លើក​ពេល។ តែ​ទោះ​ជា​មាន​ការ​ខ្វែង​គំនិត​គ្នា និង​ភាព​មិន​ចុះ​សម្រុង​គ្នា​ក៏​ដោយ​ក៏​បារាំង និង​អាល្លឺម៉ង់​តែង​ព្យាយាម​បង្ហាញ​ការ​ឯកភាព និង​សាមគ្គីភាព​រវាង​គ្នា​ជានិច្ច។

សង្រ្គាម​អ៊ុយក្រែន​រុញ​អាល្លឺម៉ង់​ឲ្យ​គិត​ប្រយោជន៍​ផ្ទាល់ខ្លួន​ជាង​ប្រយោជន៍​រួម?

គឺ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ដែល​បារាំង និង​អាល្លឺម៉ង់​ផ្តើម​មាន​ភាព​តានតឹង​ខ្លះ​រវាង​គ្នា។ ភាព​មិន​ចុះ​សម្រុង​គ្នា ឬ​ការ​យល់​ឃើញ​មិន​ដូច​គ្នា​នេះ​មិន​អាច​កំបាំង​ភ្នែក​អ្នក​ដទៃ​បាន​ឡើយ ពិសេស​នៅ​ក្នុង​រង្វង់​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ដែល​បារាំង និង​អាល្លឺម៉ង់​ជា​ប្រទេស​ស្ថាបនិក​ដូច​គ្នា ពោល​មិន​ត្រឹម​ជា​ប្រទេស​សមាជិក​ប៉ុណ្ណោះ​ទេ។ គេ​អាច​និយាយ​បាន​ថា​ជាង​ពេល​ណាៗ​ទាំង​អស់ ពិសេស​តាំង​ពី​ការ​ដួល​រលំ​ជញ្ជាំង​ប៊ែរឡាំង​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ១៩៨៩ មក គេ​មិន​ដែល​ឃើញ​បារាំង និង​អាល្លឺម៉ង់​ស្គាល់​ភាព​តានតឹង​ដូច​ពេល​នេះ​ទេ។

ពិត​ណាស់ ក្រុង​ប៉ារីស និង​ក្រុង​ប៊ែរឡាំង​បាន​ថ្កោលទោស​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ដូច​គ្នា។ តែ​ប្រទេស​ទាំង​ពីរ​យល់​ឃើញ​មិន​ដូច​គ្នា​ពី​ការ​បន្ត​ប្រឹងប្រែង​ជួយ​អ៊ុយក្រែន និង​ពី​ការ​បញ្ជៀស​កុំ​ឲ្យ​សង្រ្គាម​មួយ​នេះ​រីករាលដាល​កាន់​តែ​ធំ។ មួយ​វិញ​ទៀត សង្រ្គាម​អ៊ុយក្រែន​ហាក់​កំពុង​រុញ​ឲ្យ​អាល្លឺម៉ង់​យល់​ផ្សេង និង​មាន​វិធានការ​ផ្សឹង​ដាច់​ដោយឡែក​ពី​បារាំង និង​ពី​អឺរ៉ុប។ គេ​អាច​និយាយ​ដោយ​ខ្លី​ថា អាល្លឺម៉ង់​ហាក់​បាន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន​ជាង​ប្រយោជន៍​រួម​របស់​សហភាព​អឺរ៉ុប​ដែល​បារាំង​ចង់​បាន ពិសេស​នៅ​ក្នុង​វិស័យ​ការពារ និង​វិស័យ​ថាមពល។

នៅ​ពេល​បារាំង​សង្ឃឹម​ពង្រឹង​អធិបតេយ្យភាព​អឺរ៉ុប​ដើម្បី​ធានា​សន្តិសុខ​របស់​សហភាព​អឺរ៉ុប​ទាំង​មូល អាល្លឺម៉ង់​បាន​ងាក​ទៅ​ពង្រឹង​វិស័យ​ការពារ​សម្រាប់​តែ​ខ្លួន​ឯង​ដោយ​សម្រេច​បង្កើន​ថវិកា​ការពារជាតិ និង​ងាក​ទៅ​ទិញ​គ្រឿងសព្វាវុធ​របស់​អ្នក​ផ្សេង ពិសេស​យន្តហោះ​ចម្បាំង​អាមេរិក F-៣៥។ ទន្ទឹម​គ្នា​នេះ អាល្លឺម៉ង់​មាន​ភាព​អាល់អែល​ខ្លាំង​នៅ​ក្នុង​គម្រោង​អភិវឌ្ឍ​វិស័យ​ការពារ​រួម​នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក​អឺរ៉ុប។ ទាក់ទង​នឹង​វិស័យ​ថាមពល​ដែល​ជា​ប្រធានបទ​ចម្រូងចម្រាស​ទី២ រដ្ឋាភិបាល​អាល្លឺម៉ង់​របស់​លោក​ស្ហុលស៍​ដែល​ពឹង​ខ្លាំង​លើ​ឧស្ម័ន​រុស្ស៊ី​អាល់អែល​មិន​ចង់​ឲ្យ​អឺរ៉ុប​កំណត់​តម្លៃ​ប្រេង​ទិញ​ពី​រុស្ស៊ី និង​មិន​ឃើញ​អឺរ៉ុប​ជា​អ្នក​ចេញ​មុខ​ទិញ​ឧស្ម័ន​រួម​សម្រាប់​ចែកចាយ​ឲ្យ​ប្រទេស​សមាជិក។ គេ​ត្រូវ​រង់ចាំ​ដល់​ខែ​ធ្នូ ឆ្នាំ ២០២២ ទើប​លោក​ស្ហុលស៍​សម្រេច​ដើរ​តាម​ផ្លូវ​របស់​អឺរ៉ុប។

យ៉ាង​ណា​ក៏​ដោយ បារាំង និង​អាល្លឺម៉ង់​សង្ឃឹម និង​ចាំ​បាច់​ជម្រះ​ភាព​យល់​ឃើញ​មិន​ដូច​គ្នា និង​បិទបញ្ចប់​ភាព​មិន​ចុះ​សម្រុង​គ្នា​តាម​រយៈ​ពិធី​ប្រារព្ធ​ខួប ៦០ឆ្នាំ​នៃ​មិត្តភាព​រវាង​គ្នា​ពេល​នេះ។ បារាំង និង​អាល្លឺម៉ង់​បាន​យល់​ដូច​គ្នា​ថា ទំនាក់ទំនង​ល្អ​រវាង​គ្នា​មិន​មែន​កម្រិត​ត្រឹម​ទ្វេភាគី និង​ដើម្បី​តែ​ប្រយោជន៍​រវាង​ប្រទេស​ទាំង​ពីរ​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​ប្រយោជន៍​រួម​សម្រាប់​សហភាព​អឺរ៉ុប​ទាំង​មូល​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ