អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

UNODC៖ការប្រែប្រួលអាកាសធាតុជាកត្តាដែលបានធ្វើឲ្យការជួញដូរមនុស្សកើនកាន់តែខ្លាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ ទី២៤ មករា​នេះ ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​ហៅ​កាត់​ជា​ភាសា​អង់គ្លេស UNODC បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ការ​ជួញដូរ​មនុស្ស​ក្នុង​លោក។ UNODC បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​ថា ការ​ប្រែប្រួល​អាកាសធាតុ​ជា​កត្តា​ចម្បង​មួយ​ដែល​បាន​ធ្វើ​ឲ្យ​ការ​ជួញដូរ​មនុស្ស​កើន​ឡើង​កាន់​តែ​ខ្លាំង។ ក្រៅ​ពី​នេះ កត្តា​ផ្សេងៗ​ទៀត​ដូច​ជា​សង្រ្គាម ជម្លោះអាវុធ និង​កូវីដ១៩​ក៏​កំពុង​បន្ត​ផ្តល់​អំណោយផល​ល្អ និង​ភាព​ងាយស្រួល​ដល់​ក្រុម​អ្នក​ជួញ​ដូរ​មនុស្ស​ដែរ។

UNODC ថា ការប្រែប្រួលអាកាសធាតុជាកត្តាដែលបានធ្វើឲ្យការជួញដូរមនុស្សកើនកាន់តែខ្លាំង។
UNODC ថា ការប្រែប្រួលអាកាសធាតុជាកត្តាដែលបានធ្វើឲ្យការជួញដូរមនុស្សកើនកាន់តែខ្លាំង។ AP - Markus Schreiber
ផ្សាយពាណិជ្ជកម្ម

បើ​មើល​មួយ​ភ្លែត​ទៅ ការ​ចាត់​ទុក​ការ​ប្រែប្រួល​អាកាសធាតុ​ជា​កត្តា​ចម្បង​មួយ​នៃ​កំណើន​ជួញដូរ​មនុស្ស​ពិត​ជា​គួរ​ឲ្យ​ឆ្ងល់ និង​ហាក់​មិន​សូវ​​ទំនង​សោះ​ឡើយ។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា លទ្ធផល​ដែល​ទទួល​បាន​ពី​ការ​ប្រែប្រួល​អាកាសធាតុ និយាយ​ជា​រួម និង​គ្រោះមហន្តរាយ​ធម្មជាតិ និយាយ​ដោយឡែក គឺ​ដូច​គ្នា​បិះបិត​នឹង​លទ្ធផល​ដែល​ទទួល​បាន​ពី​សង្រ្គាម និង​ជម្លោះ​ប្រដាប់​អាវុធ។ លទ្ធផល​ដែល​គេ​ចង់​និយាយ​នេះ គឺ​ការ​រត់ភៀសខ្លួន​របស់​ប្រជាជន​ដើម្បី​គេច​ពី​សង្រ្គាម ជម្លោះ​ប្រដាប់​អាវុធ និង​ពី​តំបន់​ដែល​បាន​រងគ្រោះ​ដោយ​គ្រោះ​ធម្មជាតិ ដូច​ជា​គ្រោះ​រាំងស្ងួត គ្រោះ​ទឹកជំនន់ ឬ​មួយ​ក៏​ព្យុះសង្ឃរា​ជា​ដើម។

ការ​រត់ភៀសខ្លួន​របស់​ប្រជាជន​ត្រូវ​បាន UNODC ចែក​ចេញ​ជា​ពីរ​ប្រភេទ គឺ​អ្នក​បម្លាស់ទី​ក្នុង​ស្រុក​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត និង​អ្នក​ចាកចេញ​ពី​ស្រុក​កំណើត​ទៅ​កាន់​ប្រទេស​ផ្សេង។ គួរ​បញ្ជាក់​ថា ប្រឈម​នឹង​គ្រោះធម្មជាតិ​ដែល​ជា​ផលវិបាក​នៃ​ការ​ប្រែប្រួល​អាកាសធាតុ មាន​ស្រុក និង​តំបន់​ខ្លះ​បាន​ក្លាយ​ជា​ទីកន្លែង​ដែល​លែង​រស់នៅ​បាន​ទៀត​ឡើយ ហើយ​ប្រជាជន​ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ទៅ​រស់នៅ​កន្លែង​ផ្សេង។ មួយ​វិញ​ទៀត ប្រជាជន​ដែល​ភៀសខ្លួន​ចាកចេញ​មួយ​ចំនួន​លែង​មាន​អ្វី​ទីពឹង​ដោយសារ​ពួក​គេ​បាន​បាត់បង់​គ្រប់​យ៉ាង ពិសេស​ការងារ និង​ចំណូល​ប្រចាំ​ថ្ងៃ។

នៅ​ក្នុង​ករណី​នេះ ក្រុម​ជួញដូរ​មនុស្ស​បាន​ឆក់​យក​ឱកាស​នេះ​ដើម្បី​អូសទាញ​អ្នក​គ្មាន​ទីពឹង​ទាំង​នោះ​ដោយ​ផ្តល់​យោបល់​ឲ្យ​ទៅ​រស់នៅ​កន្លែង​នេះ ឬ​កន្លែង​នោះ ឲ្យ​ធ្វើ​ការងារ​នេះ ឬ​ការងារ​នោះ។ តែ​ការ​ពិត នេះ​គ្រាន់​ជា​អន្ទាក់​របស់​ក្រុម​ជួញដូរ​មនុស្ស​ដើម្បី​យក​ពួក​គេ​ឲ្យ​ធ្វើ​ទៅ​ធ្វើ​អ្វី​ផ្សេង ដូច​យ៉ាង​ឲ្យ​ធ្វើ​ការ​ដោយ​បង្ខំ ឬ​ឲ្យ​រកស៊ី​ផ្លូវភេទ។ នេះ​ហើយ​ជា​ហេតុផល​របស់ UNODC ដោយ​សំអាង​លើ​ទិន្នន័យ​ដែល​ប្រមូល​បាន​ពី ១៤១ប្រទេស​ពី​ឆ្នាំ ២០១៧ ដល់​ឆ្នាំ ២០២០ និង​ការ​សិក្សា វិភាគ​លើ​សំណុំរឿង​តុលាការ​ចំនួន ៨០០ករណី។

អាស៊ី​ជា​តំបន់​រងគ្រោះ​ខ្លាំង​ជាង​គេ

អាស៊ី​ត្រូវ​បាន UNODC សម្គាល់​ឃើញ​ពី​កំណើន​ជួញ​ដូរ​មនុស្ស​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ។ នេះ​ក៏​ដោយសារ​តែ​ប្រទេស​ខ្លះ​នៅ​អាស៊ី​បាន​រងគ្រោះ​ខ្លាំង​ជាង​គេ​ពី​ផលវិបាក​កើត​ចេញ​ពី​ការ​ប្រែប្រួល​អាកាសធាតុ។ នៅ​ក្នុង​របាយការណ៍ UNODC បាន​ផ្តោត​លើ​ប្រទេស​ចំនួន​ពីរ គឺ​ហ្វីលីពីន និង​បង់ក្លាដែស​ដែល​ឧស្សាហ៍​កើត​មាន និង​ប្រឈម​ខ្លាំង​នឹង​ខ្យល់​ព្យុះសង្ឃរា។ UNODC បាន​កត់​សម្គាល់​ឃើញ​ពី​កំណើន​ជួញ​ដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​នេះ​តាម​រយៈ​រូបភាព​នៃ​ការ​រៀបចំ​យុទ្ធនាការ​ជ្រើសរើស​ពលករ។ តែ​នៅ​ទីបំផុត ពលករ​ទាំង​នោះ​ត្រូវ​បាន​គេ​យក​ទៅ​ឲ្យ​ធ្វើ​ការ​ដោយ​បង្ខំ​ដែល​នេះ​ជា​រូបភាព​មួយ​នៃ​ការ​ជួញ​ដូរ​មនុស្ស។

ក្រៅ​ពី​អាស៊ី របាយការណ៍​របស់ UNODC ក៏​បាន​លើក​ឡើង​ពី​ប្រទេស​នៅ​អាហ្រ្វិក ពិសេស​ហ្កាណា​ដែល​រងគ្រោះ​ដោយ​ភាព​រាំងស្ងួត និង​គ្រោះ​ទឹកជំនន់។ ចំណែក​តំបន់​ការ៉ាអ៊ីប​ជា​តំបន់​ដែល​ប្រឈម​ខ្លាំង​នឹង​ព្យុះសង្ឃរា និង​កំណើន​ទឹកសមុទ្រ។ ក្រៅ​ពី​ផលវិបាក​កើត​ចេញ​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​ជា​កត្តា​ថ្មី​នៃ​កំណើន​ការ​ជួញដូរ​មនុស្ស UNODC មិន​ភ្លេច​រម្លឹក​ពី​ផលវិបាក​ដែល​កើត​ចេញ​ពី​ជម្លោះ​ប្រដាប់​អាវុធ​ដែល​កំពុង​បន្ត​ចិញ្ចឹម​ឲ្យ​មាន​ការ​ជួញដូរ​មនុស្ស​យ៉ាង​សកម្ម​ខ្លាំង។

ត្រង់​ចំណុច​នេះ អាហ្រ្វិក​ត្រូវ​បាន UNODC ចាត់​ទុក​ជា​តំបន់​ដែល​កំពុង​គ្រប​ដណ្តប់​ខ្លាំង និង​កំពុង​ផ្តល់​ភាព​ងាយស្រួល​ដល់​ក្រុម​ជួញដូរ​មនុស្ស។ ចំណែក​នៅ​អឺរ៉ុប​ត្រូវ​បាន UNODC បាន​ទាញ​សញ្ញា​អាសន្ន​ពី​ស្ថានភាព​​គ្រោះថ្នាក់​ជា​យថាហេតុ​កើត​ចេញ​ពី​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ បើ​តាម​អង្គការសហប្រជាជាតិ សង្រ្គាម​មួយ​នេះ​កំពុង​បង្ក​ឲ្យ​មាន​អ្នក​បម្លាស់ទី​ក្នុង​ស្រុក និង​អ្នក​ចាកចេញ​ពី​ស្រុក​កំណើត​សរុប​មិន​តិច​ជាង ១៥លាននាក់​ទេ។

គ្រប់គ្រង​ជនបម្លាស់ទី​ឲ្យ​បាន​ត្រឹមត្រូវ

នៅ​ក្នុង​របាយការណ៍ UNODC បាន​ផ្តល់​ដំណោះស្រាយ​តែ​មួយ​គត់​ដើម្បី​ទប់​ស្កាត់​នឹង​ការ​ជួញ​ដូរ​មនុស្ស​ដែល​កើត​ចេញ​ពី​ផលវិបាក​អាកាសធាតុ ឬ​ផលវិបាល​សង្រ្គាម។ ដំណោះស្រាយ​នោះ គឺ​ការ​គ្រប់គ្រង​លើ​អ្នក​រត់គេច​ពី​គ្រោះធម្មជាតិ និង​ជម្លោះប្រដាប់​អាវុធ​ឲ្យ​បាន​ត្រឹមត្រូវ ទោះ​ជា​ការ​រត់ចេញ​របស់​ពួក​គេ​ជា​ការ​បម្លាស់ទីក្នុង​ស្រុក ឬ​មួយ​ក៏​ជា​ការ​ភៀសខ្លួន​ចេញ​ពី​ស្រុក​កំណើត​ទៅ​កាន់​ប្រទេស​ផ្សេង​ក៏​ដោយ។ អ្វី​ដែល UNODC ចង់​និយាយ​ត្រង់​ចំណុច​នេះ គឺ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ពួក​គេ​ធ្លាក់​ក្នុង​អន្ទាក់ និង​ការ​បោក​បញ្ឆោត​របស់​ពួក​ជួញ​ដូរ​មនុស្ស។

ទាក់ទង​នឹង​ពលរដ្ឋ​អ៊ុយក្រែន​ដែល​រត់គេច​ពី​សង្រ្គាម​ទៅ​ជ្រកកោណ​ក្នុង​ប្រទេស​ក្បែរ​ខាង ពិសេស​ប៉ូឡូញ​ត្រូវ​បាន UNODC កោត​សរសើរ​លើ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ប៉ូឡូញ និង​សហភាព​អឺរ៉ុប​ដែល​បាន​ខ្នះខ្នែង​ចាត់​ចែង​រៀបចំ​ទីកន្លែង​សម្រាប់​ពួក​គេ រួម​ទាំង​ផ្តល់​ជំនួយ​ចាំ​បាច់​គ្រប់គ្រាន់។ UNODC បាន​ទទួល​ស្គាល់​ថា ការ​ទប់​ស្កាត់​នឹង​ការ​ជួញដូរមនុស្ស​ដែល​កើត​ពី​ផលវិបាក​អាកាសធាតុ ឬ​ផលវិបាល​សង្រ្គាម​មិនមែន​ជា​រឿង​ស្រួល​ឡើយ។ តែ​ UNODC យល់​ថា បើ​មាន​ឆន្ទៈ​នយោបាយ និង​មនុស្សធម៌ គេ​មិន​ពិបាក​ដោះស្រាយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ