អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង-អូស្រា្តលី​ ​សង្ឃឹម​​​បំភ្លេច​រឿង​ចាស់​និង​បើក«ទំព័រ​ថ្មី​»

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅប្រទេសបារាំង ថ្ងៃចន្ទ​ទី​ ៣០មករា មានជំនួបថ្នាក់រដ្ឋមន្រ្តីការពារជាតិ និងរដ្ឋមន្រ្តីការបរទេស រវាងបារាំង និងអូស្រា្តលី នៅ​ក្នុងទីក្រុងប៉ារីស។ ​ភាគី​ទាំង​ពីរ​ សង្ឃឹមបំភ្លេចចោលនូវវិបត្តិនាវាមុជដែលកើតចេញពីកិច្ចព្រមព្រៀងត្រីភាគី​ អូគូស ( AUKUS ) គឺ អង់គ្លេស អូស្ត្រាលី និង​សហរដ្ឋអាមេរិក​។ ​

ជំនួប​លើកមុន ថ្នាក់រដ្ឋមន្ត្រី​ការពារជាតិ។
ជំនួប​លើកមុន ថ្នាក់រដ្ឋមន្ត្រី​ការពារជាតិ។ AP - Francois Mori
ផ្សាយពាណិជ្ជកម្ម

«របួសចាស់»

បារាំង និង​អូស្រា្តលី ​បាន​​ស្គាល់​ភាព​រកាំរកូស ​មើល​មុខ​គ្នា​មិន​ចំ​តាំង​ពី ​ខែ​កញ្ញា ឆ្នាំ២០២១ ​​ក្នុង​រជ្ជកាល​​អតីតនាយករដ្ឋមន្រ្តី​អូស្រ្តាលី ​លោក ​ស្កុត ម៉ូរីសុន។ ​អតីតថ្នាក់ដឹកនាំ​អូស្ត្រាលី  ​លុប​ចោល​​កុងត្រា​ទិញ​នាវាមុជទឹកបារាំង​ ចំនួន ១២គ្រឿង​ ក្នុង​ទឹកប្រាក់​ចំនួន ៥៦ ០០០ លានអឺរ៉ូ​ ដែល​​ចុះ​ហត្ថលេខា​ ក្នុង​ខែ​ធ្នូ ឆ្នាំ២០១៦។ អូស្ត្រាលី ងាកទៅទិញ នាវាមុជទឹក​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ​របស់សហរដ្ឋ​អាមេរិក​។ រឿង​នេះ​ បារាំង ​ចាត់ទុកការសម្រេចចិត្ត របស់​អូស្ត្រាលី​ ថា ​ជា​ការក្បត់ និង រំលោភ​ទំនុកចិត្ត។ បារាំង ខឹងក្តៅក្រហាយ រហូត​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ ពីអូស្ត្រាលី និង​អាមេរិក ទៀត​ផង។​ 

ខែឧសភា ឆ្នាំ២០២២ ពេលដែល អូស្ត្រាលី មាននាយករដ្ឋមន្ត្រីថ្មី គឺលោក អង់តូនី អាល់បានីស៊ី ​ បានសូមអនុញ្ញាតបារាំង ដើម្បីចាប់ផ្តើមបើកទំព័រទាក់ទងគ្នា ជាថ្មី និងបានបញ្ចូនសញ្ញាជាវិជ្ជមានជាច្រើនជាបន្តបន្ទាប់ មកកាន់ទីក្រុងប៉ារីស។​ ខែ​កក្កដាឆ្នាំមុន​ លោក អង់តូនី អាល់បានីស៊ី ​​បោះជំហាន​មុន ដោយ​​លើកឡើង​ពី«​​ទំនុកចិត្ត ការ​គោរពគ្នា និងសេចក្តីស្មោះត្រង់»។​ ​ ប្រធានាធិបតីបារាំង​ អេម៉ានុយអែល ម៉ាក្រុង ក៏ទទួល​ជួបនាយករដ្ឋមន្ត្រីអូស្ត្រាលី។ អូស្ត្រាលី ​សងលុយ​ជំងឺ​ចិត្ត​ ចំពោះបារាំង សម្រាប់​ការ​ផ្តាច់​កុងត្រា ក្នុង​ទឹកប្រាក់​ ៥៥០ លាន​អឺរ៉ូ។ របួស​ដំបៅ​ចាស់ ផ្តើម​សះជាបណ្តើរៗ​ ហើយ​ភាគី​ទាំង​ពីរ ក៏​បាន​​ស្កាត់​ជួប​គ្នា​​បន្ថែមទៀត នៅក្នុង​ឱកាស​ប្រជុំ​អន្តរជាតិ​ផ្សេងៗ​នៅ​តំបន់​អាស៊ី​​ ​។ ​

ដូច្នេះ ជំនួបថ្នាក់រដ្ឋមន្ត្រី ការបរទេស និងអូស្ត្រាលីការពារជាតិ នៅទីក្រុងប៉ារីសថ្ងៃច័ន្ទ​ គឺ ឈរលើស្មារតីពង្រឹងកិច្ចសហការគ្នា ដែលបណ្តុះបណ្តាលឡើងដោយប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កាលពីខែកក្កដា ឆ្នាំទៅវិញ​។ នេះបើតាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បារាំង​។

​ជំនួបថ្នាក់រដ្ឋមន្ត្រី ​២+២ នៅប៉ារីស តើ​ បារាំង និង អូស្ត្រាលី គ្រោង​ថា​នឹង​ចាប់ដៃ​គ្នា​ សហការគ្នា ​លើ​វិស័យ​អ្វីខ្លះ​? ​

នៅមុន​ជំបួន​២+២នេះ ​ គេ​​ទទួលព័ត៌មាន​​​បាន​តាមរយៈ​សេចក្តីថ្លែង​ការណ៍​រួម ពីភាគី​ទាំង​សងខាង។ ពីភាគីបារាំង និង​​​ប្រភព​ស្និទ្ធនឹង​​​រដ្ឋមន្ត្រី​ការពារជាតិ​និង​ការបរទេស​បារាំង បញ្ជាក់ថា ទំនាក់ទំនង​បាន​តភ្ជាប់វិញហើយ តែភាគី​​ទាំង​ទ្វេ ត្រូវ​តែ​នាំគ្នា​មុជឲ្យ​ជ្រៅទៅឲ្យ​ឆ្ងាយ ដើម្បី​នាំ​​មកនូវ​ ​«សកម្មភាព​ជាក់ស្តែង»។​ ក៏ប៉ុន្តែ គេពុំបាន​បញ្ជាក់​​ចំៗ​ថា​សកម្មភាព​ណាទេ។​

ចំណែក សេចក្តីថ្លែង​ការ​ណ៍​រួម​ របស់​ រដ្ឋមន្ត្រីការ​បរទេស​អូស្ត្រាលី អ្ន​កស្រី ផែន្នី វង្ស (Penny Wong) និង រដ្ឋមន្ត្រីការពារជាតិ​ Richard Marles​ បានគូស​បញ្ជាក់​ច្បាស់​ថា «ការ​ជួប​ជជែក​ពិភាក្សា​ជាមួយគូភាគី​បារាំង គឺ​អនុញ្ញាត​ឲ្យ​ទំនាក់ទំនងទ្វេភាកី​​រីកចម្រើន​ផង និង​ដើម្បី​សហការរួម​គ្នា​ផង នៅ​ក្នុង​សំណុំ​បញ្ហា​ដ៏​លំបាក​ ដែល​កំពុងតែ​កើតឡើង​ នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក និងនៅ​តំបន់​អឺរ៉ុប។» បើតា​មសេចក្តីថ្លែងការណ៍​ដដែល គឺ ភាគី​ទាំងពីរ​ត្រូវជជែកគ្នា​ពី​យុទ្ធសាស្ត្រ​រួម នៅលើ​វិស័យ​ការពារជាតិ សន្តិសុខ និង​បរិស្ថាន​អាកាសធាតុ។

​នៅ​ អឺរ៉ុប បញ្ហា​ជាច្រើនត្រូវ​ បារាំង និងអូស្ត្រាលី អាច​សហការគ្នា​ ព្រោះ​ វិបត្តិ​ជាច្រើន​ដែល​កើតនិង​បន្ត​លេច​ចេញបញ្ហា​ផ្សេងទៀត ក្នុងនោះ ក៏​មាន​កត្តា​ត្រូវ​ប្រឈមនឹង​ រុស្ស៊ី ​ព្រោះតែ​វិបត្តិ​សង្គ្រាម​អ៊ុយក្រែន​ផង​។ ចំណែក​ ​​ឥណ្ឌូប៉ាស៊ីហ្វិក វិញ គឺ បើ​តាម​ប្រភព​ស្និទ​នឹង​ក្រសួង​ការពារជាតិ​បារាំង ​​ឥណ្ឌូប៉ាស៊ីហ្វិក ជា​តំបន់​មួយ​​ដ៏សំខាន់​សម្រាប់​អាមេរិក​ផង​និង​សម្រាប់​ចិន​ផង ក្នុង​ពេ​លជាមួយ​គ្នា​។ ​ដើម្បីទប់​ទល់​នឹង​បរិបទ​នេះ គេចាំបាច់​ត្រូវ​រៀបចំ​យុទ្ធសាស្ត្រ​ឆ្លើយ​តប​ដោយ​ប្រុង​ប្រយ័ត្ន​ជាទីបំផុត។​

ក្រៅពីរឿងនេះ​ ភាគី​ទាំងពីរ ក៏​នឹង​គិតគូរ ពី​កិច្ចការ​សហការ​សន្តិសុខ​ផ្លូវ​សមុទ្រ  ហើយ​និង វិបត្តិ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា ជាសំណុំ​រឿង​ដែល​រស៊ើប​និង​ដែល​គេ​មើល​មិន​សូវ​ឃើញ ដែល​ភាគី​ទាំង​ពីរ​ ត្រូវ​សហការ​គ្នា និងចែករំលែក​យុទ្ធសាស្ត្រ​គ្នា ។​

​ចិន​ ​ជះ​សាយ​ឥទ្ធិពល​ច្រើន​​និងខ្លាំងឡើងៗ​ ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ តើ​ បារាំង​ និង អូស្ត្រាលី ប្រុង​ធ្វើ​យ៉ាងដូចម្តេច​?​

មិន​ថា​បារាំង អូស្ត្រាលី សហរដ្ឋអាមេរិក ឬ​ប្រទេស​អឺរ៉ុប​ណា​ផ្សេងទេ  ​យល់​ស្រប​គ្នា​ថា មហាយក្ស​ចិន​ ពង្រីក​និង​ពង្រឹង​ឥទ្ធិព​ខ្លាំងឡើង​ៗ នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក សម្រាប់​ប្រទេស​លោក​ខាងលិច ក៏​ជា​តំបន់​ទីផ្សារ​ពាណិជ្ជកម្ម​ធំ​សម្បើម​ណាស់​ដែរ​របស់​ពួក​គេ។ ពួក​គេ​នឹង​មិន​បណ្តោយ​ឲ្យ​ចិន​លេច​មុខ​តែម្នាក់​ង​ង​បាននោះទេ។

អូស្ត្រាលី បន្ត​ពង្រឹង​សមត្ថិភាព​យោធា ហើយ​បន្ត​ទិញ​អា​វុធបន្ថែម​ជាបន្តបន្ទាប់ ក្នុង​ពេល​ចុងក្រោយ​នេះ ហើយ​បន្ទាប់ពី ជួប​ជាមួយ​បារាំង គឺរដ្ឋមន្ត្រី​​អូស្ត្រាលីទាំងពីរ នឹង​បន្តចេញទៅ​ប្រទេស​អង់គ្លេស ជាសម្ព័ន្ធ​មិត្ត ក្នុង​ កិច្ចព្រមព្រៀងត្រីភាគី អូគូស ( AUKUS ) គឺ អង់គ្លេស អូស្ត្រាលី និងសហរដ្ឋអាមេរិក។ អូស្ត្រាលី ​ទៅអង់គ្លេស ក៏​នឹងឆ្លៀត​ជជែកគ្នា​ពីការ​​ទិញអាវុធសម្រាប់ការពារនៅដែន​សមុទ្រ ថែមទៀតដែរ​​។ អូស្ត្រាលី អាមេរិក និង​ប្រទេស​អឺរ៉ុប ក៏​ប្រឹង​បន្ត​សកម្មភាព​យោធា តាមរយៈ​សមុទ្រ​ច្រើន​ៗឡើង ជាមួយ​ប្រទេស​ក្នុង​តំបន់ ដូច​យើង​ឃើញ​ស្រាប់​នាពេ​លកន្លង​ទៅ សមយុទ្ធ​ផ្សេងៗគ្នា ទាំង​ទ្វេភាគី​ផង ពហុភាគី​ផង​ ជាមួយ​ ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន ឥណ្ឌូនេស៊ី ហ្វីលីពីន និង​ថៃ​ ជាដើ​ម។

ចំពោះ​​ បារាំង ប្រទេស​បារាំង​បង្កើន​ទ័ព​និង​ពង្រឹង​យុទ្ធសាស្ត្រ​យោធា​នៅ​តំបន់​នេះ។ គឺ​ បន្ទាត់​​នយោបាយ​របស់​ប្រធានាធិបតី​ ម៉ាក្រុង​ នៅ​អាស៊ី ពិសេស​នៅ​ឥណ្ឌូប៉ាស៊ីហ្វីក​ គឺ​«រក្សាឥទ្ធិពល​​អំណាច​លុ​ត្យភាព​» បានសេចក្តីថា បារាំង​នៅ​តែបន្ត​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន ហើយ​សហការជាមួយ​សម្ព័ន្ធមិត្តផ្សេងៗ រួម​ទាំង​ចិន​ផង។  ​និយាយ​រួម គឺបារាំង​​រក្សា​ចន្លោះ​កណ្តាល​​​​ មិន​ចូល​ខាង​ចិន​ ឬ​ចូល​ខាង​អាមេរិក ហើយ​និង​ ធ្វើ​យ៉ាងណា កុំ​ឲ្យ​ចិន​គិតថា សកម្មភាព​របស់​បារាំង គឺប្រឆាំង​ចិន​។ ជំហរ​នេះ ជាការ​លំបាក​។ សមាជិក​ព្រឹទ្ធ​សភា​បារាំង​ ជាច្រើន​រូប​ ក៏​បាន​ចោទ​សួរ​ពី​ចំណុច​នេះដែរ កាលពី​ពេលថ្មីៗ និងនៅតែ​មាន​មន្ទិល​សង្ស័យ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ