អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាងជើង​កំពុង​ប្រឈម​នឹង​គ្រោះអត់ឃ្លាន​សាជាថ្មី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

មេដឹកនាំកូរ៉េខាងជើង លោក​គីម ជុងអ៊ុន​បាន​បើកកិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​របស់​បក្ស​ពលករកូរ៉េខាងជើង កាលពីថ្ងៃ​អាទិត្យ​ម្សិលមិញ ដើម្បី​ផ្តោត​ទៅលើ​បញ្ហា​សេដ្ឋកិច្ច​និង​កសិកម្ម ក្នុង​ពេល​ដែល​កំពុង​មាន​ការព្រួយបារម្ភ​ពី​គ្រោះអត់ឃ្លាន​នៅក្នុង​ប្រទេស។ នៅថ្ងៃចន្ទនេះ អ្នកនាំពាក្យ​របស់​ក្រសួង​របស់​កូរ៉េខាងត្បូង ដើម្បី​ការបង្រួបបង្រួម បាន​លើកឡើង ពី​ករណី​មនុស្សស្លាប់​ដោយសារ​គ្រោះអត់ឃ្លាន នៅ​កូរ៉េខាងជើង។ តើ​កូរ៉េខាងជើង​កំពុង​ប្រឈមគ្រោះអត់ឃ្លាន ដូច​កាលពីទសវត្សរ៍​ឆ្នាំ ១៩៩០ ដែលបាន​សម្លាប់មនុស្ស​ជិត​១លាននាក់ ឬយ៉ាងណា?

កសិករកូរ៉េខាងជើង​​នៅ​ស្រុក Rangnang ជាយក្រុង​ព្យុងយ៉ាង នៅ​ខែ ឧសភា ឆ្នាំ ២០២១
កសិករកូរ៉េខាងជើង​​នៅ​ស្រុក Rangnang ជាយក្រុង​ព្យុងយ៉ាង នៅ​ខែ ឧសភា ឆ្នាំ ២០២១ AP - Jon Chol Jin
ផ្សាយពាណិជ្ជកម្ម

មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន​បាន​បើកកិច្ចប្រជុំ​បក្ស​ពលករ កាលពីថ្ងៃ​អាទិត្យម្សិលមិញ។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មានរដ្ឋ​KCNA គណៈកម្មាធិការកណ្តាល​របស់​បក្ស​ត្រូវ​បន្ត​កិច្ចប្រជុំ នៅ​ក្នុង​សប្តាហ៍​នេះ ដើម្បី​វិភាគ​គ្រប់គ្រង​កម្មវិធី​បដិវត្ត​ជនបទ​ក្នុងសករាជថ្មី។ ក្នុង​រយៈពេល ២ខែ​ដើមឆ្នាំ នេះ​ជា​លើកទី២​ដែល​មេដឹកនាំ​កូរ៉េខាងជើងបើក​កិច្ចប្រជុំ​ពេញអង្គ បក្ស​ពលករកូរ៉េខាងជើង។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA កិច្ចប្រជុំបក្ស​ផ្តោតសំខាន់​ទៅលើ​ការងារសំខាន់ និងបន្ទាន់ ក្នុងកាលៈទេសៈដែល​ប្រទេស​ត្រូវ​ដោះស្រាយ​បញ្ហា​កសិកម្ម។ មេដឹកនាំ​កូរ៉េខាងចើង​បើកកិច្ចប្រជុំបក្ស​ពលករ​ ក្នុងខណៈពេលដែល​អ្នកជំនាញ និងអង្គការ​អន្តរជាតិ​កំពុង​ព្រួយបារម្ភ​ពីការបញ្ហាខ្វះស្បៀង នៅកូរ៉េខាងជើង។

តាម​អ្នកនាំពាក្យ​របស់​ក្រសួង​កូរ៉េខាងត្បូង ដើម្បី​ការបង្រួបបង្រួមកូរ៉េ កូរ៉េខាងជើង​កំពុង​ជួប​បញ្ហា​ខ្វះស្បៀង​ធ្ងន់ធ្ងរ និង​ថា កូរ៉េខាងត្បូង​បាន​ទទួលសេចក្តីរាយការណ៍​ដែល​ថា មាន​មនុស្ស​ស្លាប់ ដោយសារ​គ្រោះអត់ឃ្លាន នៅកូរ៉េខាងជើង។ នៅ​សប្តាហ៍​មុននេះ រូបភាព​ផ្កាយរណប​របស់​អាជ្ញាធរ​កូរ៉េខាងត្បូង​បាន​បង្ហាញពី​ការធ្លាក់ចុះ នៃ​ការផលិតស្បៀង នៅ​កូរ៉េខាងជើង។ តាមធម្មតា កូរ៉េខាងជើង​ត្រូវការ​ស្បៀង ៥,៥លានតោន​សម្រាប់​ចិញ្ចឹមប្រជាជន​២៥លាននាក់​របស់ខ្លួន។ ប៉ុន្តែ នៅ​ឆ្នាំមុននេះ កូរ៉េខាងជើង​ផលិត​បាន​តែ ៤,៥លានតោន​ប៉ុណ្ណោះ មានន័យថា នៅ​ខ្វះ​១លាន​តោន​សម្រាប់ចិញ្ចឹមប្រជាជន នៅ​ឆ្នាំ​នេះ។

ហេតុអ្វី​កូរ៉េខាងជើង​ត្រូវ​ជួប​វិបត្តិខ្វះ​ស្បៀង​នៅ​ឆ្នាំនេះ?

កូរ៉េខាងជើង​ជួប​វិបត្តិខ្វះស្បៀង​មិនមែនជា​រឿងថ្មី។ កូរ៉េខាងជើង​ឧស្សាហ៍ជួបគ្រោះអត់ឃ្លាន ដ៏ធំមួយ កាលពី​ទសវត្សរ៍​ឆ្នាំ ១៩៩០ ដែលបាន​សម្លាប់មនុស្ស​ជិត ១លាននាក់។ ទោះជា​កូរ៉េខាងជើង​មិន​ជួបគ្រោះទុរភិក្ស ដែលអាច​សម្លាប់មនុស្ស​ច្រើនដូច​ទសវត្សរ៍​ឆ្នាំ ១៩៩០ ប៉ុន្តែ អ្នកជំនាញ​វាយតម្លៃថា បញ្ហា​ខ្វះស្បៀង សព្វថ្ងៃ នឹង​អាច​សម្លាប់មនុស្សច្រើន នៅ​កូរ៉េខាងជើង។

កូរ៉េខាងជើង​ធ្លាប់​ជួប​បញ្ហា​ខ្វះស្បៀង ជាញឹកញយ ដោយសារ គ្រោះធម្មជាតិផង ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ដោយសារ​កម្មវិធីផលិតនុយក្លេអ៊ែរផង។ នៅ​ចុងឆ្នាំមុន ទីភ្នាក់ងារ​ព័ត៌មានរដ្ឋ​កូរ៉េខាងជើង KCNA ធ្លាប់ទទួលស្គាល់​ថា ​កូរ៉េខាងជើង​ជួបបញ្ហា​ខ្វះស្បៀង​ធ្ងន់ធ្ងរ ដោយសារ​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត​ជាប់ៗគ្នា។ ដោយសារ​តែ​ខ្វះហេដ្ឋារចនាសម្ព័ន្ធ នៅតាមទីជនបទ កូរ៉េខាងជើង​ងាយ​នឹង​រងគ្រោះខូចខាត ខ្លាំង នៅរាល់ពេល​មាន​គ្រោះទឹកជំនន់ ឬ​គ្រោះរាំងស្ងួត។

បន្ថែម​ពីលើ​គ្រោះធម្មជាតិ និង​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ការបិទ​ព្រំដែន​ដើម្បីទប់ស្កាត់​ការឆ្លងរាលដាល​មេរោគ​កូវីដ នៅ​៣ឆ្នាំមកនេះ បាន​រឹតបន្តឹង ការនាំចូលទំនិញ ជាពិសេស ពី​ប្រទេស​ចិន ដែល​ផ្គត់ផ្គង់​៩០%​នៃទំនិញ​នាំចូល​កូរ៉េខាងជើង។ តាមការចុះផ្សាយ​របស់​វិបសៃតិ៍ 38 North.org តម្លៃពោត​បាន​កើនឡើង​២០% បន្ទាប់ពីប្រជាជនកូរ៉េខាងជើង​សម្រុកទិញសម្រាប់​ធ្វើស្បៀង​ជំនួស​អង្ករ ដែល​មាន​តម្លៃខ្ពស់កប់ពពក។

ការនាំចូលតិច​ជាងមុន​បានធ្វើ​ឲ្យទំនិញឡើងថ្លៃ។ បូកផ្សំ​នឹង​សង្រ្គាមរុស្ស៊ីឈ្លានពាន​​អ៊ុយក្រែន ដែលបាន​ធ្វើឲ្យតម្លៃ​ទំនិញ កើនឡើង​សព្វសារពើ។ ប្រេង និង​ជីគីមី ដែល​គេ​ត្រូវការខ្លាំង​សម្រាប់​វិស័យកសិកម្ម បាន​កើនឡើង​ដល់​កម្រិត​កំពូល។ កូរ៉េខាងជើង​ផ្ទាល់ធ្លាប់​បាន​ប្រកាស​ផលិតជីកសិកម្ម​ខ្លួនឯង សម្រាប់​ការប្រើប្រាស់​ក្នុងស្រុក ដោយមិនចាំបាច់​ត្រូវការពឹងនាំចូល​ពីបរទេស ដែលអាច​ជាប់ទណ្ឌកម្ម​សេដ្ឋកិច្ច។ ប៉ុន្តែ ការខ្វះគ្រឿងចក្រ ដោយសារ​ការដាក់ទណ្ឌកម្ម​ពីសហគមន៍​អន្តរជាតិ និង​ការវិនិយោគ​មិន​គ្រប់គ្រាន់​ពី​រដ្ឋាភិបាល វិស័យ​កសិកម្ម​របស់​កូរ៉េខាងជើង​នៅតែ​ដើរអូសជើង ខ្វះខាតខ្លាំង បើ​ប្រៀបធៀប​នឹង​វិស័យកងទ័ព និងកម្មវិធីផលិតមីស៊ីល ដែលមេដឹកនាំ​កូរ៉េខាងជើង​ចាត់ទុកជា​នយោបាយអាទិភាព សម្រាប់​ការរស់រាន​មានជីវិត​របស់​កូរ៉េខាងជើង។

មេដឹកនាំកូរ៉េខាងជើងផ្តោតសំខាន់​លើ​ការសម្រួច​កម្មវិធីផលិតអាវុធនុយក្លេអ៊ែរ

សម្រាប់អ្នកជំនាញ កូរ៉េខាងជើង​អាចជួបគ្រោះទុរភិក្ស​សាជាថ្មី ក៏ដោយសារ​តែ​នយោបាយ​ដឹកនាំ​មិនត្រឹមត្រូវ​របស់​លោក​គីម ជុងអ៊ុន នៅប៉ុន្មាន​ឆ្នាំមកនេះ ដែលផ្តោត​ការចំណាយ​ភាគច្រើន​ទៅលើ​កម្មវិធីផលិត​អាវុធ​នុយក្លេអ៊ែរ ជាជាង​គិតទៅដល់​សុខទុក្ខ​របស់​ប្រជាជន។

ជាក់ស្តែង នៅពេល​ប្រទេស​កំពុងប្រឈម​នឹង​បញ្ហា​ខ្វះស្បៀង កូរ៉េខាងជើង​គិតតែ​ពីសម្រួច​កម្មវិធីអាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន ដោយ​បាន​បង្កើន​ការបាញ់​សាកល្បង​មីស៊ីល​ដល់ទៅ ៧០គ្រាប់ កាលពីឆ្នាំមុន។ មិនយកចិត្តទុកដាក់ជួយ​ប្រជាជន​ហើយ រដ្ឋអំណាច​កូរ៉េខាងជើង​នៅបាន​បែរខ្នង បដិសេធ​មិនទទួលជំនួយបរទេស។ នៅ​សប្តាហ៍មុន ទីភ្នាក់ងារ​KCNAបានសរសេរថា រាល់ជំនួយបរទេស គឺ​ជា​ស្ករគ្រាប់​បង្កប់ដោយ​ថ្នាំពុល ដែលមានគោលដៅ​សំខាន់ គឺ​លួច និង​ដាក់ប្រទេស​ដែលទទួលជំនួយ ឲ្យក្រោមអំនាច​របស់​បរទេស។

អង្គការ​កម្មវិធី​ស្បៀង​អាហារពិភពលោក ដែលជា​ស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិ​ធ្លាប់បាន​ទទូចសុំ​ឲ្យមានការសម្រួល​ការនាំចូល​ជំនួយ​ស្បៀង​សម្រាប់ប្រជាជន​កូរ៉េខាងជើង ប៉ុន្តែ ដោយសារ​តែ កូរ៉េខាងជើង​បិទទ្វារ មិន​ស្វាគម​បរទេស ការនាំជំនួយស្បៀង​អន្តរជាតិ ទៅ​កូរ៉េខាងជើង ជួប​ការលំបាកខ្លាំង។ ការិយាល័យ ដើម្បីការសម្របសម្រួល​ជំនួយមនុស្ស​ធម៌​ របស់​អង្គការ​សហប្រជាជាតិ​បាន​បង្ហាញថា នៅ ឆ្នាំមុន កូរ៉េខាងជើង​បាន​ទទួល​ជំនួយ​ប្រមាណ ២,៣លាន​ដុល្លារ ពី អង្គការអន្តរជាតិ និង​ស្ថាប័ន​បរទេស ពោល​គឺ​ធ្លាក់ចុះ ពី ចំនួន ១៤លាន​ដុល្លារ នៅ​ឆ្នាំ ២០២១។

នៅ​ ​ឆ្នាំមុន របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​វាយតម្លៃថា ប្រជាជន​កូរ៉េខាងជើង ​ប្រមាណ១០លាននាក់ ស្មើនឹង​៤០%នៃ​ប្រជាជន​សរុប រងគ្រោះ​ខ្វះអាហារូបត្ថម្ភ​នៅ​កូរ៉េខាងជើង គិត​ចាប់ពីឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ