អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សភាប្រជាជនចិន​បោះឆ្នោត​ឲ្យ​លោកស៊ីជីនពីង​កាន់តំណែង​ប្រធានាធិបតី អាណត្តិទី៣

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកស៊ី ជីនពីង ប្រធានាធិបតីផុត​អាណត្តិ ត្រូវ​សភាប្រជាជន​ចិន​បោះឆ្នោត នៅថ្ងៃ​សុក្រទី ១០មីនានេះ ឲ្យ​បន្ត​ដឹកនាំ​ប្រទេស​មួយ​អាណត្តិ​បន្ថែម​ទៀត។ លោកពូទីន ប្រធានាធិបតីរុស្ស៊ី ដែលជាប្រទេសដៃគូសេដ្ឋកិច្ច និង​ការទូតជាមួយ​ចិន បាន​ផ្ញើសារជាបន្ទាន់ អបអរ​ការជាប់ឆ្នោត សម្រាប់​អាណត្តិថ្មី អាណត្តិ​ទី៣​របស់​លោកស៊ី ជីនពីង ក្នុងនាមជាប្រធានាធិបតី​ចិន។ ការបោះឆ្នោត របស់សភាប្រជាជនចិន អនុញ្ញាត​ឲ្យ​លោកស៊ីជីនពីង​ដឹកនាំមួយអាណត្តិបន្ថែមទៀត សបញ្ជាក់​ពី​ការឡើងបុណ្យសក្តិរបស់​លោកស៊ី ជីនពីង តាំងពីនៅ​ជា​អ្ននយោបាយ​ដែល​គេមិនធ្លាប់ស្គាល់ រហូតដល់​ក្លាយ​ជា​មេដឹកនាំ​ដ៏​មាន​អំណាចកំពូល​របស់​មហាយក្ស​ចិន។ សភាប្រជាជនចិន​បោះឆ្នោត​ជ្រើសរើស​​លោក​ស៊ី ជីនពីង​ឲ្យ​ដឹកនាំ​ប្រទេស​ សម្រាប់អាណត្តិទី៣។

លោក​ស៊ី ជីនពីង​ស្បថ​ចូលកាន់តំណែង​ប្រធានាធិបតី​ចិន អាណត្តិទី ៣ នៅក្រោយ​សភាប្រជាជនចិន​បោះឆ្នោតគាំទ្រ ជាឯកច្ឆន្ទ​នៅថ្ងៃ​សុក្រទី ១០​មីនា ២០២៣
លោក​ស៊ី ជីនពីង​ស្បថ​ចូលកាន់តំណែង​ប្រធានាធិបតី​ចិន អាណត្តិទី ៣ នៅក្រោយ​សភាប្រជាជនចិន​បោះឆ្នោតគាំទ្រ ជាឯកច្ឆន្ទ​នៅថ្ងៃ​សុក្រទី ១០​មីនា ២០២៣ AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី ចិន ស៊ី ជីនពីង​នឹង​ដឹកនាំប្រទេស​មួយអាណត្តិ​បន្ថែមទៀត។ នៅក្នុង​សម័យប្រជុំពេញអង្គ​ប្រចាំឆ្នាំ នៅទីក្រុង​ប៉េកាំង នៅថ្ងៃ​សុក្រនេះ សភាប្រជាជន​ចិនបោះឆ្នោតជ្រើសរើស​លោក​ស៊ី ជីនពីង​ឲ្យ​បន្តកាន់តំណែង​ប្រធានាធិបតីនៅ​អាណត្តិទី៣។ ក្នុង​ប្រវត្តិ​ដឹកនាំ​នៅប្រទេស​ចិន នេះជា​លើកទី១ ដែល​ប្រធានាធិបតី​ត្រូវ​សភា​បោះឆ្នោត​ឲ្យបន្ត​​កាន់តំណែង​លើស ២ អាណត្តិ។

នេះជា​លើក​១ នៅក្នុង​ប្រវត្តិ​ដឹកនាំ​សម័យថ្មី​របស់​ចិន ដែល​ចិន​មាន​ប្រធានាធិបតី​ដឹកនាំ​ប្រទេស​លើសពី ២អាណត្តិ។ នៅក្នុងអតីតកាល ដើម្បី​ជៀសវាង​ចលាចល​នយោបាយ និងអំណាចដឹកនាំ​ដោយបុគ្គលតែម្នាក់ ដូចជា​ម៉ៅ សេទុង គណបក្ស​កុម្មុយនិស្ត​ចិន​ធ្លាប់​បាន​សម្រេច​ថា ប្រធានាធិបតី​អាច​កាន់អំណាច​តែ ២អាណត្តិ ប៉ុណ្ណោះ និង​ត្រូវដើរ​ចេញ ក្រោយ​កាន់អំណាច ១០ឆ្នាំ ដើម្បី​អនុញ្ញាត​អ្នកផ្សេង​ដឹកនាំ​ប្រទេស​ម្តង។

ប៉ុន្តែ នៅថ្ងៃ សុក្រនេះ សភាប្រជាជន​ចិន បាន​បោះឆ្នោត ជាឯកច្ឆន្ទ ដោយ​គ្មាន​ខ្វះសូម្បី ១ សំឡេង ពោល​គឺ សំឡេង​គាំទ្រ​ទាំងស្រុង ២៩៥២ គ្មាន​សំឡេង​ប្រឆាំង ឬ​អនុប្បវាទ ដើម្បី​គាំទ្រ​ឲ្យ​លោក​ស៊ី ជីនពីង​កាន់តំណែង​ប្រធានាធិបតី មួយអាណត្តិ​បន្ថែមទៀត បន្ទាប់ពី ដឹកនាំ​ប្រទេស​បាន​ពីរ អាណត្តិ ចំនួន​១០ឆ្នាំ។

ការសម្រេចជាផ្លូវការ​របស់​សភាប្រជាជន​ចិន ដើម្បី​អនុញ្ញាត​ឲ្យ​លោក​ស៊ី ជីនពីង​បន្តដឹកនាំប្រទេស អាណត្តិ​ទី៣ អាច​ជាលើកទី១ ក្នុង​ប្រវត្តិសាស្រ្តដឹកនាំ​សម័យ​ថ្មី​របស់​ចិន ព្រោះថា ប្រធានាធិបតី​ចិន​មុនៗ ដូចជា​លោក​ចាង ជាមីន និង​លោក​ហ៊ូជីនតាវ​ជាដើម ដឹកនាំ​ប្រទេស​បានតែ២​អាណត្តិ​ប៉ុណ្ណោះ។ ប៉ុន្តែ លោក​ស៊ី ជីនពីង មាន​ជោគវាសនា​ខុសពីប្រធានាធិបតីមុនៗ។

លោក​ស៊ី ជីនពីង​ត្រូវ​បាន​គណបក្ស​បោះឆ្នោត តាំងពី​ខែ​តុលា​ឆ្នាំមុន ឲ្យ​បន្ត​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត និង ប្រធាន​គណៈកម្មការ​កងទ័ព​មជ្ឈិមរបស់​បក្ស ដែល​ជា​តំណែង​ដឹកនាំ​កំពូល នៅ​ប្រទេស​ចិន។

លោក​ស៊ី ជីនពីង អាច​ពង្រឹង​អំណាច ដឹកនាំ​ប្រទេស​ចិន មួយអាណត្តិ​បន្ថែមទៀត បន្ទាប់​ពី លោក​បាន​ទាមទារ នៅ​ឆ្នាំ ២០១៨ ​ឲ្យ​សភាចិន​បោះឆ្នោត លុបចោល វិធានសំខាន់ នៅក្នុង​រដ្ឋធម្មនុញ្ញ​ចិន ដែលមានចែង កំណត់​អាណត្តិ​ដឹកនាំ​របស់​ប្រធានាធិបតី​តែ ២អាណត្តិ។ នៅក្នុងការដឹកនាំ​ប្រទេស ១០ឆ្នាំមកនេះ លោកប្រធានាធិបតី​ចិន បាន​អភិវឌ្ឍ កសាង​រូបភាព​របស់ខ្លួន ក្នុង​នាមជា​មេដឹកនាំ​កំពូល​ដ៏មានអំណាច ដូច​កាលសម័យ ម៉ៅ សេទុង។ ដោយបើក​យុទ្ធនាការ​បង្រ្កាប​រាល់អ្នកប្រឆាំង អ្នកប្រជែងអំណាច​នៅក្នុងបក្ស រួម ទាំង​គ្មានការកំណត់​អាណត្តិ​ដឹកនាំ​របស់​ប្រធានាធិបតី នៅក្នុង​រដ្ឋធម្មនុញ្ញ​តទៅទៀត យ៉ាងដូច្នេះ លោក​ស៊ី ជីនពីង ដែលសព្វថ្ងៃ អាយុ ៦៩ឆ្នាំ នឹង​អាច​បន្ត​កាន់តំណែង​ប្រធានាធិបតី​ចិន យូរឆ្នាំ​តទៅទៀត សឹងមួយជីវិត មិនមែនត្រឹម ៣អាណត្តិ។

សមាសភាពក្បាលម៉ាស៊ីនថ្មី​របស់​បក្ស សុទ្ធសឹង​ជា​មនុស្ស​ស្មោះត្រង់ នឹង​លោក​ស៊ី ជីនពីង

ក្រៅតែ​ពីបោះឆ្នោត​ផ្តល់សេចក្តីទុកចិត្ត​ឲ្យ​លោកស៊ី ជីនពីង​ដឹកនាំប្រទេស​មួយអាណត្តិ​បន្ថែម​ទៀត នៅ​ថ្ងៃសុក្រនេះ សភាប្រជាជន​ចិន​ត្រូវ​បោះឆ្នោត​ជ្រើសរើស​​សមាសភាព​ថ្នាក់ដឹកនាំ​ថ្មី ដែលមាន​តាំង​ពីប្រធានសភា និងអនុប្រធានាធិបតី។

នៅ​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​ប្រចាំឆ្នាំ របស់​សភា​ប្រជាជន​ចិន នៅថ្ងៃ​សុក្រ​នេះ មាន​បុគ្គល​បីរូប​ដែលបាន​ស្បថចូលកាន់តំណែង នៅក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​ជាផ្លូវការ​របស់​សភា។ ទី១គឺ លោក​ស៊ី ជីនពីង បន្ទាប់គឺ​ចាវ ឡឺជី ដែលត្រូវ​សភា​បោះឆ្នោត​តែងតាំង​ជា​ប្រធានសភា ដែលមាន​សមាជិក ៣ពាន់នាក់។

លោកចាវ ឡឺជី មានអាយុ ៦៧ឆ្នាំ ជាមនុស្សស្និទ្ធខ្នាំង​នឹង​​លោក​ស៊ី ជីនពីង។ លោកចាវ ឡឺជី​បានទទួលទំនុកចិត្តពី​លោកស៊ី ជីនពីង ដើម្បី​ដឹកនាំ​ក្រុម​ប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ​របស់​បក្ស​កុម្មុយនិស្តចិន។ អ្នកជំនាញ​វាយតម្លៃថា លោក​ចាវ ឡឺជី ជា​មនុស្ស​ស្មោះត្រង់​ខ្លាំង​នឹង​លោក​ស៊ីជីនពីង។ ក្នុងនាមជា​ប្រធានក្រុមប្រឆាំងអំពើពុករលួយ លោក​ចាវ ឡឺជី ធ្លាប់​បាន​យកលេស​អនុវត្ត​ច្បាប់​ប្រឆាំងអំពើពុករលួយ ដើម្បី​បោសសម្អាត​រាល់​បេក្ខជនដែលមានសក្តានុពល អាច​ប្រឆាំងប្រជែងអំណាច​របស់​​លោក​ស៊ី ជីនពីង ទាំង​នៅ​ក្នុង​ជួរបក្សកុម្មុយនិស្ត និង​នៅក្នុង​ពិភព​អ្នកជំនួញ ល្បីឈ្មោះ​នៅប្រទេស​ចិន។

បុគ្គលសំខាន់ម្នាក់ទៀត ដែល​ស្បថចូលកាន់តំណែង​នៅថ្ងៃនេះ ដែរ គឺ​លោក ហាន់ ចេង អាយុ ៦៩ឆ្នាំ។ ជាសមាជិក​របស់​គណៈអចិន្ត្រៃយ៍ ការិយាល័យ​នយោបាយ​របស់​បក្ស លោក ហាន់​ចេង​ដែល​ធ្លាប់ជា​ប្រធាន​បក្សកុម្មុយនិស្ត ​ប្រចាំ​ក្រុង​សៀងហៃ ត្រូវដំឡើង​ឋានៈ ជា​អនុប្រធានាធិបតី។

ជារួម សម័យប្រជុំ​ពេញអង្គរបស់​សភាប្រជាជន​ចិន នៅថ្ងៃសុក្រនេះ ជា​ឱកាស​ឲ្យ​គេ​ស្គាល់​មុខ​របស់​សមាជិក​សំខាន់​៦រូបផ្សេងទៀត របស់​ការិយាល័យ​នយោបាយ​របស់​បក្សកុម្មុយនិស្ត​ចិន ដែលមាន​តួនាទីសំខាន់ កំណត់ ដៅ​នយោបាយ​របស់​ប្រទេស។ ដូច​អនុប្រធានាធិបតី និង​ប្រធាន​សភា សមាជិក​សំខាន់ៗទាំង៦រូប​របស់​គណៈអចិន្ត្រៃយ៍ ការិយាល័យ​នយោបាយ​របស់​បក្ស សុទ្ធសឹង​ជា​មនុស្ស​ដែលស្និទ្ធ ស្មោះត្រង់​នឹង​លោក​ស៊ី ជីនពីង។

អ្វីដែល​គេតាមដាន​ចង់ដឹង​នៅក្នុង​សម័យប្រជុំពេញអង្គ​របស់សភា នៅថ្ងៃ​សុក្រនេះដែរ គឺសមាសភាព​រដ្ឋាភិបាលថ្មី។ រហូតមកដល់ពេលនេះ គេដឹងរួចហើយថា អនាគត​នាយករដ្ឋមន្រ្តី​ថ្មី គឺ​លោក​លី ឈាំង ដែលជា​មនុស្ស​ស្មោះត្រង់ម្នាក់ទៀត របស់​លោក​ស៊ី ជីនពីង។ លោកលីឈាំង នឹង​ចូល​កាន់តំណែង នាយករដ្ឋមន្រ្តី​បន្តពី​លោក​លី ខឺឈាំង។

បញ្ហា​ប្រឈម​ដែល​កំពុង​រង់ចាំ លោកស៊ី ជីនពីង នៅអាណត្តិទី៣

ម្ចាស់និពន្ធសៀវភៅស្តីពីជីវប្រវត្តិរបស់​លោកប្រធានាធិបតី ចិន ស៊ី ជីនពីង អ្នកកាសែត​ស្វ៊ីស លោក Adrian Geiges និយាយ​ថា លោក​ស៊ី ជីនពីង ចង់​បន្ត​កាន់អំណាចច្រើនឆ្នាំ នៅប្រទេស​ចិន មិនមែនគ្រាន់តែ​ដើម្បី​បង្កើន​ភាពមានបាន ជាលក្ខណៈ​បុគ្គលតែប៉ុណ្ណោះទេ ប៉ុន្តែ លោក​ស៊ី ជីនពីង ពិតជាមាន​ចក្ខុវិស័យ សម្រាប់​ប្រទេស​ចិន។ លោក​ចង់ឲ្យប្រទេស​ចិន ប្រែក្លាយជា​មហាអំណាច ទាំងផ្នែកសេដ្ឋកិច្ច និងយោធា ក្នុងពិភពលោក។

ប៉ុន្តែ ដើម្បីសម្រេច​មហិច្ឆតាមួយនេះ លោក​ស៊ី ជីនពីង ត្រូវ​ប្រឈម​នឹង​បញ្ហា​៤ចំបង ដែលលោកត្រូវ​ដោះស្រាយ នៅក្នុង​អាណត្តិទី​៣។

ទី១ គឺ សេដ្ឋកិច្ច​ចិន​ដែល​កំពុង​ដើរយឺត នៅក្នុង​បរិបទ​វិបត្តិសេដ្ឋកិច្ច​សកល ដោយសារ​សង្រ្គាមរុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន។ ដោយសារ​នយោបាយរឹតបន្តឹង​ទប់ស្កាត់​ជំងឺកូវីដ អស់៣ឆ្នាំ កំណើនសេដ្ឋកិច្ច​ចិន​នៅ​ឆ្នាំ ២០២២ មានត្រឹម ៣% ប៉ុណ្ណោះ គឺ​តិចជាង​ការព្យាករទុក។ នៅក្នុងសម័យប្រជុំ​ពេញអង្គរបស់សភា នាយករដ្ឋមន្រ្តី​ផុតអាណត្តិ លោក​លី ខឺឈាំង​បាន​ដៅកំណត់​កំណើនសេដ្ឋកិច្ច​របស់ចិន តែ ៥%​នៅ​ឆ្នាំ ២០២៣ ពោល​គឺ​ទាបខ្លាំង ខុសសព្វដង។

បញ្ហា​ទី​២ ដែល​ប្រធានាធិបតី​ចិន​ត្រូវប្រឈម គឺ​ភាពតានតឹង​ជាមួយ​វ៉ាស៊ីនតោន។ នៅក្រោមអាណត្តិដឹកនាំរបស់លោក​ស៊ី ជីនពីង ទំនាក់ទំនង​ចិន និងអាមេរិកកាន់តែ​តានតឹង ដោយសារ​ការប្រជែងពាណិជ្ជកម្ម ប្រជែងយុទ្ធសាស្រ្ត​យោធា​នៅ​អាស៊ីប៉ាស៊ីហ្វិក និង​ចុងក្រោយ គឺ​ការបាញ់ទម្លាក់​បាឡុងចិន ដែលអាមេរិកចោទថា ធ្វើ​ចារកម្ម យកការណ៍​សម្ងាត់​ក្នុងទឹកដីអាមេរិក។

បញ្ហាទី​៣ គឺ កោះតៃវ៉ាន់។ លោក​ស៊ី ជីនពីង​ធ្លាប់និយាយថា ចិន​នឹងយកតៃវ៉ាន់​មក​គ្រប់គ្រងវិញបើទោះបីប្រើកម្លាំងយោធា។

នៅ​ខែតុលាកន្លែងទៅ បក្សកុម្មុយនិស្ត​ចិន​បាន​ចែង​ជា​លើកទី១​នៅក្នុងរដ្ឋធម្មនុញ្ញ ប្រឆាំង​ការប្រកាសឯករាជ្យភាព​របស់​តៃវ៉ាន់។ អ្នកជំនាញវាយតម្លៃថា ចិន​នឹង​អាច​វាយយក​តៃវ៉ាន់​មកគ្រប់គ្រង​នៅ​ឆ្នាំ ២០៤៩។

បញ្ហា​ទី៤ គឺ​ការរិះគន់ ពីសហគមន៍អន្តរជាតិ នៅក្នុងសំណុំរឿង​រំលោភសិទ្ធិមនុស្ស​នៅប្រទេស​ចិន។ ក្រោម​ការគ្រប់គ្រង​របស់​លោក​ស៊ី ជីនពីង នៅ​១០ឆ្នាំ មកនេះ សង្គមស៊ីវិល និងអ្នកចេញមុខ​ប្រឆាំង ត្រូវ​គេ​បង្រ្កាប ចាប់ដាក់ពន្ធនាគារ។ របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ធ្លាប់​បាន​បរិហារ សង្រ្គាមប្រឆាំង​មនុស្ស​ជាតិ នៅ​ក្រោយមាន​សេចក្តីរាយការណ៍​ពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ​នៅ​ខេត្ត​ស៊ីនជាំង។ គេវាយតម្លៃ​បញ្ហារំលោភសិទ្ធមនុស្ស​នឹង​កាន់តែធ្លាក់ចុះ​ខ្លាំង នៅក្នុង​អាណត្តិដឹកនាំថ្មី របស់​លោក​ស៊ី ជីនពីង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ