អានតួអត្ថបទ
តៃវ៉ាន់-ចិន

តៃវ៉ាន់៖ចិនបានដំឡើងថវិកាការពារជាតិដើម្បីត្រៀមក្រសោបយកកោះតៃវ៉ាន់ដោយប្រើកម្លាំងបាយ

នៅ​តៃវ៉ាន់ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​លោក​ឈៀវ គួចឹង​បាន​បញ្ចេញ​ប្រតិកម្ម​ក្នុង​ថ្ងៃ​ចន្ទ ទី៦ មីនា​ថា ការ​ដំឡើង​ថវិកា​ការពារជាតិ​របស់​ចិន​សម្រាប់​ឆ្នាំ ២០២៣ មាន​ន័យ​ថា ចិន​កំពុង​ត្រៀម​ប្រើ​កម្លាំង​នៅ​ក្នុង​ករណី​ចាំ​បាច់​ដើម្បី​វាយប្រហារ​ក្រសោប​យក​កោះ​តៃវ៉ាន់។ តែ​ការ​លើក​ឡើង​របស់​រដ្ឋមន្រ្តី​ការពារជាតិ​តៃវ៉ាន់​ត្រូវ​បាន​ចិន​ទាត់ចោល​ភ្លាមៗ។ គួរ​បញ្ជាក់​ថា​ក្នុង​ថ្ងៃ​អាទិត្យ ទី៥ មីនា ក្រុង​ប៉េកាំង​បាន​ប្រកាស​ដំឡើង​ថវិកា​ការពារជាតិ​ចំនួន ៧,២% សម្រាប់​ឆ្នាំ ២០២៣។ នេះ​ជា​កំណើន​មួយ​ដ៏​ខ្ពស់​មិន​ធ្លាប់​មាន​គិត​តាំង​ពី​ឆ្នាំ ២០១៩។

រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​តៃវ៉ាន់​លោក​ឈៀវ គួចឹង។
រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​តៃវ៉ាន់​លោក​ឈៀវ គួចឹង។ AFP
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​កំណើន​ចំនួន ៧,២% ការ​ចំណាយ​ក្នុង​វិស័យ​យោធា​របស់​ចិន​សម្រាប់​ឆ្នាំ ២០២៣ នឹង​មាន​ទឹកប្រាក់ ២២៥ ០០០លានដុល្លារ។ ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​អ្នកតំណាងរាស្រ្ត​នៅ​ក្នុង​សភា រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​តៃវ៉ាន់​លោក​ឈៀវ គួចឹង​បាន​បញ្ជាក់​ច្បាស់ៗ​ថា ចិន​កំពុង​ត្រៀម​ខ្លួន​ប្រើ​កម្លាំង​បើ​ចាំ​បាច់​នា​ពេល​អនាគត។ តាម​លោក​ឈៀវ គួចឹង ដំណើរ​ទស្សនកិច្ច​របស់​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​បរទេស​នៅ​តៃវ៉ាន់ ឬ​មួយ​ក៏​ការ​ធ្វើ​សមយុទ្ធ​របស់​ទ័ព​តៃវ៉ាន់​ជាមួយ​នឹង​ទ័ព​សម្ព័ន្ធមិត្ត​អាច​ត្រូវ​បាន​ចិន​យក​ធ្វើ​ជា​លេស​ដើម្បី​ចូល​ឈ្លានពាន​តៃវ៉ាន់។

« ខ្ញុំ​គិត​ថា ចិន​កំពុង​រង់ចាំ​ហេតុផល​ដ៏​ល្អ​មួយ​ដើម្បី​បញ្ជូន​ទ័ព​ចូល​តៃវ៉ាន់ ដូច​យ៉ាង​ទស្សនកិច្ច​របស់​អ្នកទទួលខុស​ត្រូវ​ជាន់​ខ្ពស់​បរទេស​នៅ​តៃវ៉ាន់ ឬ​មួយ​ក៏​សកម្មភាព​ញឹកញាប់​រវាង​កងទ័ព​យើង និង​កងទ័ព​ប្រទេស​ផ្សេង » នេះ​ជា​ការ​ថ្លែង​របស់​លោក​ឈៀវ គួចឹង។ តែ​រដ្ឋមន្រ្តី​ការពារជាតិ​តៃវ៉ាន់​រូប​នេះ​ដដែល​មិន​ភ្លេច​គូសបញ្ជាក់​ថា តៃវ៉ាន់​បាន​ត្រៀម​ខ្លួន​ទុក​មុន​ពី​ការ​ចូល​ឈ្លានពាន​របស់​ទ័ព​ចិន​នៅ​ក្នុង​ដែនទឹក​ជុំវិញ​កោះ​តៃវ៉ាន់។ យ៉ាង​ណា​ក៏​ដោយ ចិន​តាម​រយៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​លោកស្រី​ម៉ាវ នីង​បាន​ទាត់ចោល​លើ​ការ​លើក​ឡើង​របស់​លោក​ឈៀវ គួចឹង។

តាម​លោកស្រី​ម៉ាវ នីង ចិន​នឹង​ចាត់​វិធានការ​ម៉ឺងម៉ាត់​ដើម្បី​ការពារអធិបតេយ្យភាព និង​បូរណភាពទឹកដី​ទាំង​មូល​របស់​ខ្លួន។ ដោយឡែក​ក្នុង​ថ្ងៃ​អាទិត្យ ទី៥ មីនា នាយករដ្ឋមន្រ្តី​ចិន​លោក​លី ខឺជាំង​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ជំទាស់​របស់​ចិន​ចំពោះ​ឯករាជ្យភាព​របស់​តៃវ៉ាន់។ ចំណែក​នាយរដ្ឋមន្រ្តី​តៃវ៉ាន់​លោក​ឆិន ជៀនយឹន​បាន​ស្នើ​ចិន​ឲ្យ​គោរព​តៃវ៉ាន់។ តាម​លោក​ឆិន ជៀនយឹន ទំនាក់ទំនង​ចិន និង​តៃវ៉ាន់​គួរ​ត្រូវ​បាន​ចង្អុល​បង្ហាញ​ដោយ​គោលការណ៍សមហេតុផល សមភាព និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ គួរ​បញ្ជាក់​ថា តៃវ៉ាន់​ត្រូវ​បាន​ចិនដីគោក​ចាត់​ទុក​ជា​ខេត្ត​ឧទ្ទាម​មួយ​របស់​ខ្លួន និង​ព្រមាន​វាយប្រហារ​ដោយ​កម្លាំងទ័ព បើ​កោះ​មួយ​នេះ​ហ៊ាន​ប្រកាស​ឯករាជ្យ​នៅ​ថ្ងៃ​ណា​មួយ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ