អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហុងឌូរ៉ាស ​ភ្ជាប់ទូតជាមួយចិន បន្ទាប់ពី​ឈប់ទទួលស្គាល់កោះតៃវ៉ាន់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​ហុងឌូរ៉ាស ប្រកាសឈប់ទទួលស្គាល់កោះតៃវ៉ាន់ ហើយងាកទៅភ្ជាប់ចំណងការទូតជាមួយចិនជាផ្លូវការ។ ការ​ប្រកាស​ទទួល​ស្គាល់​ទំនាក់​ទំនង​ជាមួយ​ចិន​ប៉េកាំង នៅ​ថ្ងៃអាទិត្យ​ គឺក្រោយ​តែប៉ុន្មាន​ម៉ោង​តែប៉ុណ្ណោះ ដែល​​​ ប្រទេស​​ហុង​ឌូរ៉ាស់ ​ផ្ញើ​សេចក្តីប្រកាស​ឈប់​ទាក់ទង​ជាមួយ​តៃវ៉ាន់ និង ​ព្រម​ទទួល​ស្គាល់​«គោលការណ៍​ចិន​តែមួយ»។​ ជាប្រតិកម្ម​ឆ្លើយតប​ ការិយាល័យ​ប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី សៃ អ៊ីងវេន បាន​រិះគន់រ​ដ្ឋអំណាច​ចិន​ថា ជាយូរ​មកហើយ​ ដែល ​ចិន​ ព្យាយាម​កាត់​ផ្តាច់​តួនាទី​របស់​ក្រុងតៃប៉ិលើ​ឆាក​អន្តរជាតិ ហើយ​ទង្វើនេះ​ បង្កគ្រោះថ្នាក់ខ្លាំង​​ដល់​សន្តិភាពនិង​ស្ថិរភាព​នៅក្នុង​តំបន់​ទាំង​មូល។​

រដ្ឋមន្ត្រី​ការ​បរទេស​ហុង​ឌុយរ៉ាស់ ​​អញ្ជើញទៅដល់​ទី​ក្រុង​​ប៉េកាំង និង​​ចាប់ដៃ​យ៉ាង​ណែន​ជាមួយ​ ប្រមុខ​ការ​ទូត​ចិន​។
រដ្ឋមន្ត្រី​ការ​បរទេស​ហុង​ឌុយរ៉ាស់ ​​អញ្ជើញទៅដល់​ទី​ក្រុង​​ប៉េកាំង និង​​ចាប់ដៃ​យ៉ាង​ណែន​ជាមួយ​ ប្រមុខ​ការ​ទូត​ចិន​។ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

ហុងឌូរ៉ាស បង្ហាញ​ចេតនា​ តាំងតែ​ ២​ សប្តាហ៍​មុន​​ម្ល៉េះ ពី​ការ​​ងាកទៅរក​ចិន​។

កាលពីពាក់កណ្តាលខែមីនា​ ​ហុងឌូរ៉ាស បានថ្លែងពីការកំពុងតែខ្វះខាតផ្នែកហិរញ្ញវត្ថុជា​ខ្លាំង និងបានសុំតៃវ៉ាន់ឲ្យជួយដែរ ប៉ុន្តែ តៃវ៉ាន់ មិនព្រម ដ្បិតថាក្រុង​តៃប៉ិ​បានស៊ើបដឹងពីឆន្ទៈរបស់អាជ្ញាធរហុងឌូរ៉ាស ជាមុនស្រេច ថាចង់កសាងទំនាក់ទំនងជាមួយក្រុងប៉េកាំង។

​យប់ថ្ងៃ​សៅរ៍ អ្នក​ស្រី​ប្រធានាធិបតី​ហុង​ឌូរ៉ាស់ បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ ជា​ផ្លូវការ​​ ប្រកាស​ថា សាធារណរដ្ឋ​​ហុង​ឌូរ៉ាស់​បាន​ទទួល​ស្គាល់​អត្ថិភាព​ចិន​តែមួយ ហើយ​សាធាររដ្ឋប្រជាមានិត​ចិន​ គឺជា​រដ្ឋាភិបាល​តំណាងចិន​ ស្រប​ច្បាប់ តែ​មួយ​គត់​។ ​ប៉ុន្មា​នម៉ោង​ក្រោយ​មកទៀត​ ​នៅ​ថ្ងៃអាទិត្យ ​​លោក​ Eduardo Enrique Reina ​រដ្ឋមន្ត្រី​ការ​បរទេស​ហុង​ឌូរ៉ាស់ បាន​អញ្ជើញទៅដល់​ទី​ក្រុង​​ប៉េកាំង និង​ចាប់ដៃ​យ៉ាង​ណែន​ជាមួយ​ ប្រមុខ​ការ​ទូត​ចិន លោក ជីន កង​។ រដ្ឋមន្ត្រី​ការបរទេស​ចិន បាន​ថ្លែង​​កោត​សរសើរ​ថ្នាក់ដឹកនាំ​ហុងឌូរ៉ាស ថា​ជ្រើស​រើសឈប់​ទាក់ទង​តៃវ៉ាន់​ និង​ផ្តើម​ទទួល​ស្គាល់​​​«ចិនស្របច្បាប់តែមួយ» គឺ​​ត្រឹមត្រូវ និង​ជា«​ជម្រើស​ដ៏​ឈ្លាសវៃ» ព្រមទាំង​ស្រប​តាម«​ចរន្ត​ទំនោរ​សង្គម​បច្ចុប្បន្ន»​។

តាម​កញ្ជក់​ទូរទស្សន៍​រដ្ឋ​ចិន CCTV ប្រមុខ​ការ​ទូត​ចិន ក៏​បាន​ថ្លែង​​ដែរ ថា​ ប្រជាជន​និង​ប្រទេស​ចិន ​រីករាយ​សប្បាយ​ចិត្ត​នឹង​រង់​ចាំ​ទទួល​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ របស់​អ្ន​កស្រី​ប្រធានាធិបតី ហុងឌូរ៉ាស នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ។​ លោក ជីន កង គូសបង្ហាញ​ដោយ​ក្តី​ត្រេកអរ​ថា ចំណង​ទូត​នៃ​ប្រទេស​ទាំង​ពីរ នឹង​នាំ​ទៅរក​«អនាគតភ្លឺស្វាង» ហើយ​និង​ផ្តល់​ផលប្រយោជន៍​សម្រាប់​ប្រជាជាតិ​ទាំង​ពីរ។​

«ហុង​ឌូរ៉ាស ភាន់​​ច្រឡំ​ធំ»

ជាប្រតិកម្ម​ឆ្លើយតប​ នៅក្រុង​តៃប៉ិ អាជ្ញាធរ​តៃវ៉ាន់​ ​រដ្ឋមន្ត្រី​ការបរទេស​ លោក​ Joseph Wu បាន​ធ្វើ​សន្និសីទ​​កាសែត​ ដើម្បីពន្យល់​ពី​ស្ថានការណ៍ និង​បាន​បញ្ជាក់ថា  «ប្រទេស​ហុង​ឌូរ៉ាស ភាន់​​ច្រឡំ​ធំ លង់​ជឿ​ការ​សន្យា​របស់​ប្រទេស​ចិន  នៅក្នុង​ការ​ជួយ​គាំទ្រ​ខាង​ជំនួយ​សេដ្ឋកិច្ច​ដល់​ហុង​ឌូរ៉ាស»។ ថ្នាក់ដឹកនាំតៃវ៉ាន់ តាម​រយៈ​ក្រសួង​ការបរទេស​ បានសង្កត់ធ្ងន់ថា «ប្រទេសចិនចេះតែលួងលោមនិងទាក់ទាញហុងឌូរ៉ាស តាមរយៈការលើកឡើងពីផលប្រយោជន៍​និងជំនួយសេដ្ឋកិច្ចដ៏ធំសម្បើមពីចិន។»

បើតាម​​ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់ ​«ការ​ផ្តាច់​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ ពី​សំណាក់​អាជ្ញាធរ​ហុងឌូរ៉ាស គឺ​ឋិត​ក្នុង​​ដំណើរ​យុទ្ធសាស្ត្រ​របស់​ចិន​​ ដើម្បីបំបែកបំបាក់ តាមរយៈ​ការ​បង្ខិត​បង្ខំ និង​គំរាម​កំហែង​។​» ​

​ចិន ​កាន់តែ​ធ្វើ​ឲ្យ​កោះ តៃវ៉ាន់ ​ឯកា​​។ ​

​ក្នុង​សន្និសីទ​សារព័ត៌មាន រដ្ឋមន្ត្រីការបរទេសចិន លោក ជីន កង បាន​សូម​ឱកាស​ថ្លែង​ផ្ញើ​សារ​​ទៅ​អាជ្ញាធរ​តៃវ៉ាន់។ ច្បាស់​ណាស់ ជា​សារ​ឌឺដង​បញ្ឈឺ​ចិត្ត។ ប្រមុខ​ការ​ទូត​ចិន លើកឡើង​ថា ការធ្វើ​នយោបាយ​​ឃោសនា​ទាមទារ​រាជរាជ្យ​និង​មហិច្ចតា​ចង់​ផ្តាច់​ខ្លួន​របស់​តៃវ៉ាន់ ដែល​ផ្ទុយ​ស្រឡះ​ពី​ឆន្ទៈ​និង​អត្ថប្រយោជន៍​ប្រជាជាតិ​ចិន គឺ​​ពេល​នេះ ត្រូវ​ដល់​ទី​ចុង​បញ្ចប់​ហើយ​។​

តាំង​តែពី​ឆ្នាំ​២០១៦ សន្ទុះ​នយោបាយ​ចិន​ប៉េកាំង កាន់តែ​ខ្លាំងៗ​ ដើម្បី​ធ្វើ​ឲ្យ​តៃវ៉ាន់​ឯកោ។  នេះក៏ព្រោះតែ​ទំនោរនយោបាយ​របស់​ថ្នាក់ដឹកនាំ​តៃវ៉ាន់ ​​អ្នកស្រី​ សៃ អ៊ីងវេន ដែល​មាន​និន្នាការ​និយម​ឲ្យត​ម្លៃ​លើ​ឯករាជ្យភាព​តៃវ៉ាន់។ អ្នកស្រីឡើង​កាន់អំណាចដឹកនាំ​តៃប៉ិ ​តាំងពី​ឆ្នាំ២០១៦និង​ជាប់ឆ្នោត​ម្តងទៀតឆ្នាំ២០២០។​

ចិន ទោះ​បី​មិន​បាន​ដឹកនាំអំណាច​នៅ​តៃវ៉ាន់​ផ្ទាល់ តែ​ជាង​៧០ឆ្នាំមកនេះ​ ចិន​តែងតែ​ចាត់​ទុក​កោះ​តៃវ៉ាន់ ជា​ដែន​ដី​របស់ខ្លួន។​ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ចិន ​បាន​ជំរុញ​ឲ្យប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាមេរិក​ឡាទីន ដែល​ជា​​សម្ព័ន្ធ​មិត្ត​ដៃគូ​សហការ​របស់​តៃវ៉ាន់​ ផ្តាច់​ទំនាក់ទំនង​និង​ឈប់​ទទួល​ស្គាល់​តៃវ៉ាន់។ ដូច​ករណី​ផ្តាច់​ខ្សែចំណង​ទូត​ជាមួយ​សាធារណរដ្ឋ​កូមីនីក និង នីហ្ការ៉ាហ្កា។​

សព្វថ្ងៃ​នេះ នៅ​មានសល់​​ប្រទេសនិង​បុរីរដ្ឋ​​តែ ​១៣ ប៉ុណ្ណោះ ដែលនៅ​បន្ត​​ទទួល​ស្គាល់​កោះ​តៃវ៉ាន់។ ក្នុង​នោះ​មាន​បែបយ៉ាង បុរីវ៉ាទីកង់​ Eswatini ប៉ារ៉ាហ្កាយ​ បណ្តាប្រទេសកោះ​តូច​ៗនៅ​តំបន់​ប៉ាស៊ីហ្វិក បេលីស៍ ក្វាតេម៉ាឡា និង​ហៃទី។

អាជ្ញាធរ​តៃប៉ិ ប្រុង​គិត​និងធ្វើ​យ៉ាងណា​ទៀត​​​?

ក្រៅពីប្រឹង​ដំឡើង​សរសៃក​ស្តីបន្ទោស​រិះគន់​បកអាក្រាត​ចិនប៉េកាំង តៃវ៉ាន់​ប្រឹងប្រែង​​ថែ​រក្សា​ទំនាក់ទំនង​ដ៏តិច​តួច ​ដែល​នៅសេស​សល់។ នៅ​ថ្ងៃ​ពុធ​​សប្តាហ៍​ខាងមុខ​នេះ ប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី សៃ អ៊ីងវេន នឹង​អញ្ជើញ​បំពេញ​ដំណើរ​ទស្សនកិច្ច​ ចំនួន ១០ ថ្ងៃ នៅ​ប្រទេស ក្វាតេម៉ាឡា​ និង​ បេលីស៍ ដែល​ជា​សម្ព័ន្ធ​មិត្ត​។ ក្នុង​ដំណើរ​ឆ្លង​ទ្វីប​ឆ្លង​សមុទ្រ​នេះ​ អ្នកស្រី សៃ អ៊ីងវេន ក៏​ឈប់​ចុះ​ចត​នៅ​សហរដ្ឋអាមេរិក ដែល​ជា​ដៃគូ​សម្ព័ន្ធមិត្តផងនិង​ម្ចាស់​ជំនួយធំផង។​ ជាគោលការណ៍​ សហរដ្ឋ​អាមេរិក ជាប្រទេស​១​ក្នុង​ចំណោម​១៨២ប្រទេស ដែល​ទទួល​ស្គាល់​គោលការណ៍​ចិន​តែមួយ។ ប៉ុន្តែ រដ្ឋបាល​អាមេរិក​នៅតែបន្ត​ជួយ​គាំទ្រ ​តៃវ៉ាន់ ​ជាហូរហែ។​​

ប្រធាន​រដ្ឋសភាអាមេរិក បាន​បញ្ជាក់​ថា​នឹង​ឆ្លៀត​ទទួល​ជួប​អ្នក​ស្រី​​ប្រធានាធិបតីតៃវ៉ាន់ នៅ​រដ្ឋ​កាលី​ហ្វ័រញ៉ា នៅពេល​ខាងមុខ​នេះ​​ ក៏ប៉ុន្តែ តំណាង​រដ្ឋាភិបាលអាមេរិក​ បំភ្លឺថា ដំណើរ​របស់​ អ្នកស្រី សៃ អ៊ីងវេន ទៅ​អាមេរិក គឺ​គ្រាន់តែ​«សុំ​ចុះ​ចត​ប្តូរ​ជើង​យន្តហោះ​តែប៉ុណ្ណោះ» ពុំ​មែន​ជា​«ទស្សនកិច្ច​ផ្លូវ​ការ​»ទេ។ ទោះ​ជាម្តេច​ក្តី​ ការណ៍នេះ ​ច្បាស់​ជា​បង្កក្តី​ក្តៅ​ក្រហាយ​ដល់​ចិន​ទៀត​ហើយ​៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ