អានតួអត្ថបទ
ចិន-អឺរ៉ុប

លោក​ប្រមុខការទូតសហភាព​អឺរ៉ុបថ្លែងថា អឺរ៉ុបត្រូវតែចៀសវាង កុំឲ្យសេដ្ឋកិច្ចខ្លួនទៅ​ពឹងផ្អែក​ខ្លាំងនឹងចិន

​អឺរ៉ុបមិនអាចផ្តេកផ្តួល ពឹងផ្អែកទៅលើចិនខ្លាំងពេកនោះទេ ដោយត្រូវ​ងាកទៅរក​ដៃគូសេដ្ឋកិច្ចផ្សេងទៀតឲ្យ​បានច្រើន​។ នេះគឺជាប្រសាសន៍​លើកឡើង របស់​លោក ហ្សូហ្សែហ្វ បូរែល ប្រមុខការទូតអឺរ៉ុប​។ លោក​បញ្ជាក់ថា បទពិសោធន៍​បាន​បង្ហាញ​ឲ្យឃើញរួចមកហើយ ជាមួយ​នឹង​ការគិតខុស​​របស់អឺរ៉ុប ដែលពឹងផ្អែកខ្លាំងជ្រុលទៅលើ​ឧស្ម័ននាំចូលពីរុស្ស៊ី។​

កុងទឺនឺចិន ពេញ​ក្នុង​កំពង់ផែ​ក្រុងហំបួរប្រទេសអាល្លឺម៉ង់។ ហំបួរ ថ្ងៃទី ២៦ តុលា ២០២២
កុងទឺនឺចិន ពេញ​ក្នុង​កំពង់ផែ​ក្រុងហំបួរប្រទេសអាល្លឺម៉ង់។ ហំបួរ ថ្ងៃទី ២៦ តុលា ២០២២ AP - Michael Probst
ផ្សាយពាណិជ្ជកម្ម

ថ្លែងនៅក្នុងវេទិកា​មួយនៅសាធារណរដ្ឋដូមីនីក លោក​ Josep Borrell ប្រមុខការទូតអឺរ៉ុប បានអះអាង​ថា អឺរ៉ុបកំពុងតែព្យាយាម​ស្វែងរកផ្លូវ ដើម្បី​ងាកចេញពីការពឹងផ្អែកខ្លាំងជ្រុលទៅលើចិន។ លោក​អះអាងថា អឺរ៉ុបបាន​យល់ថា « ការពឹងផ្អែក » ដែលជាធាតុផ្សំមួយនៃការស្ថាបនាសន្តិភាពពិតមែន តែវាក៏អាចក្លាយជាអាវុធ ដែលអាច​បង្វែរចុងមក​ធ្វើទុក្ខអឺរ៉ុបវិញដែរ។​

លោកប្រមុខការទូតអឺរ៉ុបបាន​លើកជាឧទាហរណ៍​ ដូចក្នុងករណីបទពិសោធន៍ ដែលអឺរ៉ុបពឹងផ្អែកជ្រុលពេក ទៅលើឧស្ម័នរបស់រុស្ស៊ី។​ សង្គ្រាម​នៅអ៊ុយក្រែន បានធ្វើ​ឲ្យអឺរ៉ុបភ្លឺភ្នែក បន្ទាប់ពីរុស្ស៊ីបានកាត់បន្ថយ​ការនាំចេញឧស្ម័ន បង្ខំឲ្យអឺរ៉ុបត្រូវតែរកអ្នកផ្គត់ផ្គង់ផ្សេងទៀតឲ្យ​បាន​ភ្លាមៗ។ លោក​បន្ថែមថា ការពឹងផ្អែកខ្លាំងជ្រុលរបស់អឺរ៉ុបនេះ ទំនងជាបានធ្វើ​ឲ្យ​ប្រធានាធិបតីរុស្ស៊ី គិតថា​ខ្លួន​​អាចធ្វើអ្វីក៏បាន អាចលើកទ័ពចូលឈ្លានពានអ៊ុយក្រែន ដោយអឺរ៉ុបនឹងឱបដៃឈរមើល មិនហ៊ានធ្វើអ្វី ព្រោះអឺរ៉ុបជាប់ក្នុងរនាំង​ឧស្ម័នរបស់រុស្ស៊ី។

លោក ​Josep Borrell បន្តថា អឺរ៉ុបត្រូវតែ​បញ្ចៀសបញ្ហានេះ ជាមួយចិនទៅថ្ងៃខាងមុខ ដោយធ្វើយ៉ាងណាឈប់ពឹងទាំងស្រុងលើចិន និងងាក​ទៅរកចាប់ដៃគូសេដ្ឋកិច្ចជាមួយអ្នក​ផ្សេង​។ ២០២៣ គឺជាឆ្នាំយុទ្ធសាស្រ្តដ៏សំខាន់ ដើម្បី​ឲ្យ​អឺរ៉ុប អាច​ចុះហត្ថលេខាសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម ជាមួយ​បណ្តាប្រទេសផ្សេងទៀត ជាអាទិ៍ប្រទេសក្នុងតំបន់អាមេរិកឡាទីន ដែលពោរពេញដោយ​សក្តានុពល។ លោកបញ្ជាក់​បន្ថែមថា បច្ចុប្បន្ននេះ ទំហំទឹកប្រាក់វិនិយោគរបស់អឺរ៉ុប​នៅក្នុងតំបន់អាមេរិកឡាទីន គឺមានទំហំធំជាង​ ទឹកប្រាក់វិនិយោគរបស់រុស្ស៊ី ចិន ឥណ្ឌា និងជប៉ុន​បូកបញ្ចូលគ្នាទៅទៀត។

សូមបញ្ជាក់ថា នៅពាក់កណ្តាលខែកក្កដាខាងមុខ អឺរ៉ុបនឹងរៀបចំជំនួបកំពូលពិសេសមួយ ជាមួយនឹង​ក្រុមប្រទេសអាេមរិកឡាទីននឹងតំបន់សមុទ្រការ៉ាអ៊ីប (CELAC)។ យោងតាមតួលេខ របស់គណកម្មការសេដ្ឋកិច្ច​សម្រាប់តំបន់អាមេរិកឡាទីននិងការ៉ាអ៊ីប នៃអង្គការសហប្រជាជាតិ គឺឆ្នាំ​២០២១ ទឹកប្រាក់វិនិយោគរបស់អឺរ៉ុប មានចំនួន៣៦% នៃចំនួន​១៤២ពាន់លានដុល្លារ​ ដែលជាទឹកប្រាក់វិនិយោគបរទេសរួម នៅក្នុងតំបន់នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ