អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រធានាធិបតីតៃវ៉ាន់តៃវ៉ាន់ ទៅទស្សនកិច្ចនៅតំបន់អាមេរិកកណ្តាលដោយឆ្លងកាត់សហរដ្ឋអាមេរិក បង្កកំហឹងរបស់ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកស្រី សៃ អ៊ីងវេន ប្រធានាធិបតីកោះតៃវ៉ាន់ គ្រោងធ្វើដំណើរទៅទស្សនកិច្ច នៅតាមប្រទេសមួយចំនួននៅតំបន់អាមេរិកកណ្តាល ដែលមានទំនាក់ទំនងការទូតជាផ្លូវការជាមួយចិន។ ការធ្វើដំណើរទៅ ដែលលោកស្រីនឹងឆ្លងកាត់សហរដ្ឋអាមេរិក ហើយនឹងអាចជួបជាមួយថ្នាក់ដឹកនាំនយោបាយរបស់សហរដ្ឋអាមេរិក ថែមទៀតផង។ ដំណឹងនេះ បានបង្កឲ្យរដ្ឋាភិបាលចិន ខឹងច្រលោតជាខ្លាំង។ ចិនអះអាងថា តៃវ៉ាន់គឺជាទឹកដីរបស់ចិន ហើយមានតែប៉េកាំងមួយគត់ដែលជាតំណាងស្របច្បាប់ របស់រដ្ឋាភិបាលចិនតែមួយ។ គួរកត់សំគាល់ថា សំណុំរឿងកោះតៃវ៉ាន់ កាន់តែមានភាពតានតឹងខ្លាំងឡើងៗ បន្ទាប់ពីចិនបានបង្ហាញជំហរកាន់តែច្បាស់ ថាអាចនឹងប្រើកម្លាំងនៅថ្ងៃណាមួយ ដើម្បីកាន់កាប់កោះតៃវ៉ាន់ឲ្យបាន។

លោកស្រី សៃ អ៊ីនវេន ​ក្នុងពេល​ធ្វើ​សន្និសីទកាសែតនៅព្រលានយន្តហោះក្រុងតៃប៉ិ មិនដឹងឡើងយន្តហោះឆ្ពោះទៅ​កាន់សហរដ្ឋ​អាមេរិក ថ្ងៃទី ២៩មីនា ២០២៣
លោកស្រី សៃ អ៊ីនវេន ​ក្នុងពេល​ធ្វើ​សន្និសីទកាសែតនៅព្រលានយន្តហោះក្រុងតៃប៉ិ មិនដឹងឡើងយន្តហោះឆ្ពោះទៅ​កាន់សហរដ្ឋ​អាមេរិក ថ្ងៃទី ២៩មីនា ២០២៣ AP
ផ្សាយពាណិជ្ជកម្ម

យោងតាមការបញ្ជាក់ពីរដ្ឋាភិបាលតៃវ៉ាន់ គឺលោកស្រី សៃ អ៊ីងវេន នឹងទៅធ្វើទស្សនកិច្ចចំនួន១០ថ្ងៃ នៅ​តាមប្រទេសមួយចំនួន​ ក្នុងតំបន់អាមេរិកកណ្តាល ក្នុងនោះ គឺលោកស្រីនឹងទៅជួប​ជាមួយ​លោក​ប្រធានាធិបតី​ហ្កាតេម៉ាឡា និង​លោក​ប្រធានាធិបតីប្រទេសបេលីស។ នៅក្នុងការធ្វើដំណើរនេះ លោកស្រីនឹងចុះដូរយន្តហោះ នៅ​ទីក្រុងញូយ៉ក នៅថ្ងៃពុធនេះ​ ដោយ​លោកស្រី​នឹងធ្វើដំណើរចូលទៅទីក្រុងញូយ៉ក ប៉ុន្មានម៉ោង មុន​នឹងឡើងយន្តហោះបន្ត។ ហើយពេលត្រលប់​មកវិញ លោកស្រីនឹងកាត់តាមទីក្រុងឡូសអង់ហ្សឺឡេស រដ្ឋកាលីហ្វ័រញ៉ា។

លោក Kevin McCarthy ប្រធានាសភាតំណាងរបស់សហរដ្ឋអាមេរិក ដែល​បានប្រកាសថា លោកនឹងជួបជាមួយ​លោកស្រី ប្រធានាធិបតីតៃវ៉ាន់ នៅ​ឡូសអង់ហ្សឺឡេស។ តែយ៉ាងណា គិតមកត្រឹមពេលនេះ ខាងរដ្ឋាភិបាលតៃវ៉ាន់ មិនបាន​បញ្ជាក់អ្វីទាំងអស់ ថានៅទីក្រុងញូយ៉ក លោកស្រី សៃ នឹងទៅណាខ្លះ ទៅជួបនរណាខ្លះ ហើយពេល​មកវិញ កាត់តាម​ឡូសអង់ហ្សឺឡេស ក៏មិនមានការបញ្ជាក់លំអិតដែរ​។

ថ្លែងមិនពេលឡើងយន្តហោះ លោកស្រី សៃ អ៊ីងវេន បាន​លើកឡើងថា ការដាក់សំពាធពីខាងក្រៅ មិនបានឲ្យ​តៃវ៉ាន់បាត់បង់​ការប្តេជ្ញាតាំងចិត្តយ៉ាងសកម្មនៅលើឆាកអន្តរជាតិនោះទេ។ លោកស្រីបន្ថែមថា “យើងស្ងប់ស្ងាត់ យើងមានទំនុកចិត្ត ហើយយើងមិនទៅបង្កបញ្ហារករឿងនរណាឡើយ”។

ចិន​ចាត់ទុក​ថា​​ជា​សកម្មភាពរករឿង ប៉ះពាល់​មកលើគោលការណ៍ចិនតែមួយ​

យើងនៅ​ចាំបាន នូវ​កំដៅខឹងច្រលោតតោងតូងរបស់ចិន កាលពីខែសីហាឆ្នាំ​២០២២ នៅពេល​លោកស្រី ​ណាន់ស៊ី ប៉េឡូស៊ី ប្រធានសភាតំណាងអាមេរិកកាលជំនាន់នោះ បានធ្វើដំណើរទៅ​ទីក្រុងតៃប៉ិ ជួយលោកស្រី សៃ អ៊ីងវេន។ ចិនបានបើកការធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយធំ ដើម្បីហាត់សមគំរាម​ប្រើកម្លាំងលើតៃវ៉ាន់។ ដូច្នេះ គេអាចស្រម៉ៃបាន​ថា ប្រសិន​បើលើកនេះ លោកស្រី សៃ អ៊ីងវេន នឹងជួបជាមួយ​លោក​ Kevin McCarthy មែននោះ គឺចិនច្បាស់ជាប្រតិកម្មខ្លាំងក្លាមិនខានទេ។

នៅថ្ងៃពុធនេះ លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យចិន ទទួលបន្ទុក​​កិច្ចការតៃវ៉ាន់ បាន​ប្រតិកម្មថា ដំណើរឆ្លងកាត់ទឹកដីអាមេរិក របស់​លោកស្រី សៃ​ អ៊ីងវេន វាគឺជា​សកម្មភាពរងរឿងរបស់តៃវ៉ាន់។ សកម្មភាពបែបនេះ គឺវាបំពាន មកលើគោលការណ៍ចិនតែមួយ ហើយវា​ប៉ះពាល់​យ៉ាងខ្លាំង ទៅលើ​អធិបតេយ្យភាពបូរណភាពដែនដីរបស់ចិន ព្រមទាំងអាចបំផ្លាញ​សន្តិភាព និងស្ថិរភាពតំបន់ថែមទៀតផង។ មន្ត្រីរដ្ឋាភិបាលចិនរូបនេះ បន្ថែមថា ចិនប្រឆាំងដាច់ខាត ហើយ​ចិន​នឹងមានវិធានការឆ្លើយតបវិញដោយ​មិនបង្អង់ ប្រសិនបើ​លោកស្រី សៃ អ៊ីងវេន ទៅជួប​ប្រធានសភា​តំណាងអាមេរិកមែននោះ។

ដោយឡែក មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ដោយ​សុំមិនបញ្ចេញ​ឈ្មោះ បាន​លើកឡើងថា វាគ្មានហេតុផលអ្វីសោះ ដែលចិន ត្រូវខឹងច្រលោតបែបនេះ។ សម្រាប់រដ្ឋាភិបាលសហរដ្ឋអាមេរិក​ ការដែលលោកស្រី ធ្វើដំណើរឆ្លងកាត់ទឹកដីអាមេរិក គឺវាមិនបានទៅរំលោភបំពានអ្វី​ ដល់គោលការណ៍ចិនតែមួយនោះទេ។ ជាងនេះទៀត បើលោកស្រី សៃ អ៊ីងវេន ជួបជាមួយ​មន្ត្រីអាមេរិកខ្លះមែន តែវាជាជំនួបក្រៅផ្លូវការ ជាលក្ខណៈឯកជន ហើយដែល​គេធ្លាប់ធ្វើយូរយាមកហើយ មិនមែនទើបតែលើកនេះឯណា។ មន្ត្រីអាមេរិករូបនេះ អះអាងថា កន្លងមក ប្រធានាធិបតីតៃ​វ៉ាន់ ធ្លាប់មកអាមេរិក ហើយបានជួបជាមួយ​សហគមន៍​ប្រជាជនតៃវ៉ាន់ និងបានជួបពិភាក្សាការងារ ជាមួយ​សមាជិកសភាខុនហ្ក្រេស​ជាដើម ដែលវាមិនមែនជារឿងអ្វីថ្មី ចម្លែកនោះទេ។

យុទ្ធសាស្ត្រចិន ដើម្បី​​រារាំងវិស័យការទូតតៃវ៉ាន់​

យ៉ាងណាក៏ដោយ ចិនមិនសុខចិត្តទេ ដែលឃើញតៃវ៉ាន់មានទំនាក់ទំនងជាមួយ​ប្រទេសផ្សេងៗ។ យើងសង្កេតឃើញថា ចិនបានប្រើវិធីដើម្បីអូសទាញប្រទេសកាន់តែច្រើន ឲ្យបោះបង់ចោលតៃវ៉ាន់។ ជាក់ស្តែង​ កាលពីចុងសប្តាហ៍មុននេះ ប្រទេសហុងឌូរ៉ាស ដែលជាប្រទេសក្រីក្រមួយនៅតំបន់អាមេរិក​កណ្តាល បាន​ប្រកាសឈប់ទទួលស្គាល់ “សាធារណរដ្ឋចិន” ដែលជាឈ្មោះផ្លូវការរបស់​កោះតៃវ៉ាន់ហើយ។ ហុងឌូរ៉ាស បានងាក​ប្រកាសទទួលស្គាល់សាធារណៈរដ្ឋប្រជាមានិត្យចិន នឹងភ្ជាប់ចំណងការទូតជាផ្លូវការ​។

ប៉ុន្មានជាង​១០ឆ្នាំងចុងក្រោយ​នេះ គេសង្កេតឃើញថា តៃវ៉ាន់បានបាត់បង់ប្រទេសដែលទទួលស្គាល់ខ្លួនកាន់តែច្រើនឡើងៗ។ គិតត្រឹមពេល​នេះ គឺ​នៅសល់តែ​១៣ប្រទេសទេ ដែលនៅទទួលស្គាល់តៃវ៉ាន់ ដែលភាគច្រើននៅ​តំបន់អាមេរិក​ឡាទីន តំបន់ការ៉ាអ៊ីប និង​ប្រទេសកូនកោះក្នុងសមុទ្រ​ប៉ាស៊ីហ្វិក​ជាដើម​។ យោងតាមការសង្កេត​ គឺចិន​បាន​ប្រើប្រាស់​វិធីសាស្ត្រ សន្យាជួយជាជំនួយហិរញ្ញវត្ថុ ផ្តល់ថវិកាវិនិយោគផ្សេងៗ ដើម្បីឲ្យ​ប្រទេសទាំងអស់នោះ ដោះដៃចោលតៃវ៉ាន់។ ជាយុទ្ធសាស្ត្រដែល​លោកស្រីប្រធានាធិបតីតៃវ៉ាន់ ហៅថាជាគោលនយោបាយ​យកលុយដើរ​ទិញគេ ​របស់ចិន​។ ជាក់ស្តែង កោះសាឡូម៉ុង បាន​ភ្ជាប់ទំនាក់ទំនងជាផ្លូវការជាមួយចិន ហើយ​បើក​ដៃឲ្យ​ចិន​ប្រើ​ប្រាស់កំពង់ផែដ៏ធំ រៀបចំមូលដ្ឋានទ័ពទៀត ជាថ្នូរនឹងប្រាក់​ប្រមាណ​៥០០លានដុល្លារ។ កោះសាវតូម៉េ ក៏អញ្ចឹងដែរ ដែលបានទាមទារឲ្យតៃវ៉ាន់ឲ្យ​ប្រាក់ខ្លួន២០០លានដុល្លារ តែពេលរដ្ឋាភិបាលតៃវ៉ាន់មិនព្រម ក៏ងាកទៅរកចិនទៅ ព្រោះចិនគេព្រមឲ្យ​។​

បើនិយាយ​ពី​ផល​ប្រយោជន៍សេដ្ឋកិច្ចសម្រាប់តៃវ៉ាន់ ជាមួយ​ប្រទេសតូចតាចដែលទទួលស្គាល់ខ្លួននេះ គឺវាមានតិចខ្លាំងណាស់។ វិស័យ​សេដ្ឋកិច្ចពាណិជ្ជកម្ម ធាតុពិតទៅ តៃវ៉ាន់មានទំនាក់ទំនងក្រៅផ្លូវការជាមួយ​អាមេរិក អឺរ៉ុប ជប៉ុន ហើយរួមទាំងចិនផងដែរ។​ ក៏ប៉ុន្តែ​វាមានសារៈសំខាន់ ក្នុងវិស័យការទូតសម្រាប់តែវ៉ាន់ ប្រសិន​បើ​មានប្រទេសច្រើនទទួលស្គាល់ ទោះជាប្រទេសតូចតាចក៏ដោយ។ វាបញ្ជាក់ពីភាពជាម្ចាស់ការរបស់តៃវ៉ាន់ ពីលទ្ធភាពអាចមានគោល​នយោបាយការបរទេសដោយខ្លួនឯង ដែលវាគឺជាលក្ខខណ្ឌមួយសំខាន់ ដើម្បីអាចក្លាយជាប្រទេសមួយពេញ​ឯករាជ្យ​។ មួយវិញទៀត ប្រទេសតូចតាចដែលទទួលស្គាល់តៃវ៉ាន់ អាចជួយ​ថ្លែងសារជំនួសមុខតៃវ៉ាន់បាន​ នៅឯអង្គការសហប្រជាជាតិ ព្រោះថាតៃវ៉ាន់គ្មានឈ្មោះក្នុងអង្គការកំពូលនេះទេ។ ការពង្រឹងវិស័យការទូតតៃវ៉ាន់ ក៏សំខាន់ណាស់ដែរ ដើម្បី​បន្តិចម្តងៗ តៃវ៉ាន់អាចត្រូវបានគេទទួលឲ្យចូលជាសមាជិកស្ថាប័នអន្តរជាតិធំ តួយ៉ាងដូចជាអង្គការសុខភាពពិភពលោក ឬសមាគមអាកាសចរណ៍ស៊ីវីលអន្តរជាតិជាដើម។

យុទ្ធសាស្ត្ររបស់ចិនបច្ចុប្បន្ននេះ គឺកាន់តែរឹងរូសខ្លាំង ដោយធ្វើម៉េចរកវិធីរារាំង កុំឲ្យ​វិស័យការទូតតៃវ៉ាន់ អាចរីកចម្រើន ឬដើរទៅបាន​ដោយរលូន។ ចិនមិនត្រឹមតែប្រឆាំងនឹងទំនាក់ទំនងផ្លូវការទេ តែចិនកាន់តែចេញមុខប្រឆាំងនឹងទំនាក់ក្រៅផ្លូវការ ដែលប្រទេសនានាមានជាមួយតៃវ៉ាន់។ តែបើតាមការវិភាគ របស់​លោក James Lee អ្នកជំនាញទំនាក់ទំនងអាមេរិក-តៃវ៉ាន់ នៅវិទ្យាស្ថាន Sinica គឺការដែល​ចិនប្រើក្រញ៉ាំអូសទាញគេឯង ឲ្យ​បោះបង់ចោលតៃវ៉ាន់កាន់តែខ្លាំងបែបនេះ គឺវានឹងរុញធ្វើឲ្យតៃវ៉ាន់ និង​អាមេរិកកាន់តែខិតចូលកៀកគ្នាកាន់តែខ្លាំងទៅវិញទេ។

រួមរស់ជាមួយចិន ឬ​ មានស្វ័យភាព​?

ស្របពេលដែល​លោកស្រី សៃ អ៊ីងវេន ធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិកនេះ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក​អតីតប្រធានាធិបតីតៃវ៉ាន់ ដែលមកពីគណបក្សកួមីនតាង បានធ្វើដំណើរទៅប្រទេសចិន​។ របត់នយោបាយ​២ផ្លូវផ្សេងគ្នាកំពុងតែលេចរូបរាងច្បាស់ណាស់មែនទេ នៅតៃវ៉ាន់ រវាង​គណបក្សកួមីនតាងដែលចង់ងាកទៅខាងចិន និងគណបក្សរបស់​លោកស្រី សៃ អ៊ីងវេន ដែលចង់រក្សាឲ្យ​តៃវ៉ាន់មានស្វ័យភាពម្ចាស់ការ​។

បញ្ហា​ទំនាក់ទំនងជាមួយ​ចិននេះ គឺជា​ប្រធានបទនយោបាយ​មួយដ៏សំខាន់ខ្លាំងណាស់ នៅតៃវ៉ាន់ ជាពិសេសគឺខណៈពេលដែលការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មីនៅតៃវ៉ាន់ នឹងមកដល់នៅដើមឆ្នាំ​២០២៤ខាងមុខ។ គណបក្សកួមីនតាង ដែលធ្លាប់គ្រប់គ្រងអំណាចច្រើនអាណត្តិនៅតៃវ៉ាន់ មានទំនោរទន់ទោរ មិនចង់​ឲ្យតៃវ៉ាន់រឹងរូសខ្លាំងជាមួយចិនទេ។ ទោះបក្សនេះមិននិយាយឲ្យចំៗ ដោយ​ប្រើពាក្យថាចង់​ឲ្យ​តៃវ៉ាន់រួបរួម​បញ្ចូលជាមួយចិនក៏ដោយ គោលនយោបាយ​បក្សនេះគឺចង់​ឲ្យតៃវ៉ាន់មានទំនាក់ទំនងល្អប្រសើជាមួយចិន។

ដោយ​ឡែកគណបក្ស​ ប្រជាធិបតេយ្យចម្រើននិយម របស់លោកស្រីសៃ អ៊ីងវេន វិញ គឺមានទំនោររឹងរូសជាង ដោយចង់ឲ្យ​តៃវ៉ាន់មានភាពម្ចាស់ការ​ មានស្វ័យភាពបន្តដូចរាល់ថ្ងៃនេះតទៅទៀត។ គណបក្សនេះឃើញបទពិសោធន៍ហុងកុងហើយ ថាបើ​បណ្តោយ​ឲ្យប៉េកាំងចូលមក គឺសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់ ច្បាស់ជាត្រូវ​បំផ្លាញ​មិនខានទេ។ ត្រង់ចំណុចនេះ តាមការវិភាគយើងឃើញថា ប្រជាជនតៃវ៉ាន់បាន​គាំទ្រកាន់តែ​​ច្រើន ព្រោះគេមិនចង់​មានវាសនាដូចហុងកុង ដូចទីបេ ឬស៊ីនជាំងទេ។

ជាច្រើនឆ្នាំមកនេះ ដែលតៃវ៉ាន់​នៅដាច់ពីចិន គឺតៃវ៉ាន់បានកសាងអត្តសញ្ញាណខ្លួនឯងបាន​យ៉ាងច្បាស់។ នៅតៃវ៉ាន់ ក៏មិនមែនមានតែជនជាតិចិននោះដែរ គឺគេមានជនជាតិដើមម្ចាស់ស្រុកច្រើនកុលសម្ព័ន្ធ ដែលរស់នៅមុននឹងជនជាតិចិនទៅគ្រប់​គ្រងទៅទៀត។ ជាងនេះទៀត តៃវ៉ាន់មាន​សក្តានុយពលសេដ្ឋកិច្ចខ្លាំង ដែល​ប្រទេសលោកខាងលិចចង់បាន​ និងត្រូវការការសហការ ជាក់ស្តែងក្នុងវិស័យបច្ចេកវិទ្យាទំនើប។ មតិប្រជាជនតៃវ៉ាន់ខ្លះ បានថែមទាំងចង់ឲ្យ​តៃវ៉ាន់កែរដ្ឋធម្មនុញ្ញ ឈប់ដាក់ឈ្មោះជាផ្លូវការថា សាធារណរដ្ឋចិន តទៅទៀត ដោយត្រូវហៅថា សាធារណរដ្ឋតៃវ៉ាន់ ឲ្យចំៗតែម្តង ដើម្បីកុំឲ្យជំពាក់វាក់វិនជាមួយចិនតទៅទៀត។ ដូច្នេះ ការវិវឌ្ឍន៍ថ្ងៃមុខ​​​យ៉ាងណា គឺវាអាស្រ័យខ្លាំងណាស់ ថាតើគណបក្សណាមួយ ដែលនឹងមកដឹកនាំ​រដ្ឋាភិបាលតៃវ៉ាន់នៅអាណត្តិក្រោយ។ លោកស្រី សៃ អ៊ីងវេន ឈរឈ្មោះ២អាណត្តិហើយ មិនអាចឈរឈ្មោះបានទៀតទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ