អានតួអត្ថបទ
ចិន-អាមេរិក

លោកចូ បៃដិន ថា​នឹង​​និយាយ​ជាមួយ​​លោកស៊ី​ ជីនពីង​ អំពី “បន្ទាត់​ក្រហម” ដែល​មិនត្រូវ​​ឈាន​ជើង​​រំលង

បន្ទាប់ពីចូលរួម​ក្នុងជំនួប​កំពូល​អាស៊ាន នៅរាជធានីភ្នំពេញ នា​ចុងសប្តាហ៍នេះ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងបន្តដំណើរទៅចូលរួម​ជំនួប​កំពូល ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G20 នៅឯកោះបាលី។ តាមការគ្រោងទុក លោកស៊ី ជីនពីង ក៏នឹងមានវត្តមាននៅទីនោះដែរ។ កាលពីថ្ងៃម្សិលមិញ លោក ចូ បៃដិន បានបញ្ជាក់ប្រាប់អ្នកកាសែតថា លោក​នឹងនិយាយជាមួយ​លោកស៊ី ជីនពីន អំពី “បន្ទាត់ក្រហម” ដែលមិនត្រូវ​ឈានជើងរំលងទាំងសងខាង​។ លោកបៃដិន អះអាងថា លោកចង់ស្វែងរកច្រកផ្លូវ ដើម្បី​ដោះស្រាយ​វិវាទទាំងឡាយ ដែលអាមេរិកនិងចិន ប្រឈមមុខដាក់គ្នា។

លោកចូ បៃដិន ក្នុងពេលធ្វើសន្និសីទកាសែត នៅសេតវិមាន ថ្ងៃទី៩ វិច្ឆិកា ២០២២
លោកចូ បៃដិន ក្នុងពេលធ្វើសន្និសីទកាសែត នៅសេតវិមាន ថ្ងៃទី៩ វិច្ឆិកា ២០២២ AP - Susan Walsh
ផ្សាយពាណិជ្ជកម្ម

“អ្វីដែលខ្ញុំចង់ធ្វើ នៅពេលខ្ញុំជួបជាមួយ​លោកស៊ី ជីនពីង ​នៅសប្តាហ៍​ក្រោយ គឺខ្ញុំចង់​និយាយជាមួយគាត់ ដើម្បី​គូសគំនូសបន្ទាត់ក្រហម ដែលភាគីទាំងសងខាង ត្រូវតែគោរពឲ្យបាន”​។ នេះគឺជាសំដីលើកឡើង របស់លោកចូ បៃដិន ប្រធានាធិបតីអាមេរិក នៅក្នុង​សន្និសីទកាសែតឯក្រុងវ៉ាស៊ីនតោន។

លោក ចូ បៃដិន អះអាងថា លោកចង់សិក្សាឆ្វេង​យល់ អំពីវិវាទប្រឈមមុខដាក់គ្នា រវាង​គោលគំនិតធំៗរបស់​លោកស៊ី ជីនពីង ដែល​​ចង់ការពារផល​ប្រយោជន៍ជាតិរបស់ភាគីចិន និងអ្វីដែលលោកចូ បៃដិន គិត​ថាវាក៏ជាផល​ប្រយោជន៍ជាតិរបស់អាមេរិក​។ លោក​ប្រធានាធិបតីអាមេរិក បាន​ប្រាប់អ្នកកាសែតថា លោកមានចេតនាចង់ស្វែងរក​ច្រកផ្លូវ ដោះស្រាយ​វិវាទនេះ ព្រោះថា ចិន និងអាមេរិក ប្រឈមមុខដាក់គ្នា កាន់តែតានតឹងខ្លាំងឡើងៗ។

គួរបញ្ជាក់ថា លោក ចូ បៃដិន នឹងទៅចូលរួម​កម្មវិធីជំនួប​កំពូលក្រុម​ប្រទេសសេដ្ឋកិច្ចនាំមុខ G20 នៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ី។ ចំណែកជំនួបកំពូល អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC ដែលគេរៀបចំធ្វើនៅទីក្រុងបាងកក គឺលោកស្រីអនុប្រធានាធិបតី​ កាម៉ាឡា ហារីស ជាអ្នកមកចូលរួម។ ​លោកប្រធានាធិបតីចិន ស៊ី ជីនពីង នឹងមានវត្តមាននៅបាលី ក្នុងជំនួប​កំពូល G20។

ជំនួបទ្វេភាគី រវាង​លោក​ចូ បៃដិន និងលោកស៊ី ជីនពីង នៅបាលីនេះ ត្រូវបាន​គេរំពឹងតាមដានជាខ្លាំង បន្ទាប់ពី​រដ្ឋាភិបាលលោក​ចូ បៃដិន​ បាន​ប្រកាសចាត់ទុកចិន ថាគឺជាដៃគូប្រជែងតែមួយគត់ របស់សហរដ្ឋអាមេរិក​។ ក្រៅពីសំណុំរឿងសេដ្ឋកិច្ចពាណិជ្ជកម្ម សំណុំរឿងកោះតៃវ៉ាន់ កំពុងតែឡើងកំដៅយ៉ាងក្តៅគគុក បន្ថែមភាពតានតឹងរវាងមហាអំណាចទាំង២។ ជាងនេះទៀត លោកស៊ី ជីនពីង ទើបតែត្រូវបាន​គណបក្សកុម្មុយនីស្តចិន តែងតាំងឲ្យ​ធ្វើជា​អគ្គលេខាធិការបក្ស និងជាប្រធានាធិបតី​មួយអាណត្តិទេ។ ​ប្រការនេះ បាន​បង្កើតឲ្យ​មានការបារម្ភកាន់តែខ្លាំង ទៅលើកោះតៃវ៉ាន់ ព្រោះលោកស៊ី ជីនពីង ធ្លាប់បានប្តេជ្ញាថានឹងយកតៃវ៉ាន់ មករួមរស់ក្នុងមហាគ្រួសារចិនវិញឲ្យ​បាន​។​

ទាក់ទងនឹងបញ្ហាកោះតៃវ៉ាន់នេះដែរ លោក​ចូ បៃដិន បានប្រាប់អ្នកកាសែតថា លោកនឹងលើកយកសំណុំរឿងនេះ ទៅនិយាយជាមួយ​លោកស៊ី ជីនពីងនៅ​បាលី។ លោក​បានអះអាងទៀតថា ទ្រឹស្តីនយោបាយ​ការទូតរបស់អាមេរិក មិនបានផ្លាស់ប្តូរទេ ក្នុងសំណុំរឿងតៃវ៉ាន់នេះ។ ជាទ្រិស្តី ដែលសហរដ្ឋអាមេរិករក្សាជំហរ ទទួលស្គាល់ប្រទេសចិនតែមួយ តែទន្ទឹមគ្នានេះ គឺបន្ត​ជួយកោះតៃវ៉ាន់ ក្នុងការការពារខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ