អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហ្វាំងឡង់ ៖ នាយករដ្ឋមន្ត្រី​ផុតអាណត្តិល្បីខ្លាំង តែអាច​​នឹងចាញ់ឆ្នោត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុងខណៈ​ដែល​ប្រទេស​កំពុង​ត្រៀម​ខ្លួន​ក្លាយ​ជា​សមាជិក​អង្គការ​អូតង់​ជា​ផ្លូវការ ​ហ្វាំងឡង់ត្រូវ​​​បោះឆ្នោត​សភា​ជ្រើស​តាំង​រដ្ឋាភិបាល​ថ្មី នៅថ្ងៃ​​អាទិត្យ​ទី​២​មេសា​នេះ។ នាយករដ្ឋមន្ត្រីផុត​អាណត្តិ លោកស្រី សានណា ម៉ារីន ​ដែល​មាន​ប្រជាប្រិយភាព​ខ្ពស់ ល្បី​លើ​ឆាក​អន្តរជាតិ​ចំពោះ​ស្នាដៃ​ដឹកនាំ​ប្រទេស ​កំពុងប្រឹង​​រក្សា​តំណែង​មួយ​អាណត្តិ​ទៀត ប៉ុន្តែការ​បោះឆ្នោត​​មាន​ភាព​ប្រកួត​ប្រជែង​ខ្លាំង​ ពិបាក​នឹង​ទាយ​លទ្ធផល​ណាស់។

ហ្វាំងឡង់ ៖ នាយករដ្ឋមន្ត្រី​ផុតអាណត្តិមានប្រជាប្រិយខ្ពស់ តែ​មិនប្រាកដ​ឈ្នះឆ្នោត
ហ្វាំងឡង់ ៖ នាយករដ្ឋមន្ត្រី​ផុតអាណត្តិមានប្រជាប្រិយខ្ពស់ តែ​មិនប្រាកដ​ឈ្នះឆ្នោត via REUTERS - LEHTIKUVA
ផ្សាយពាណិជ្ជកម្ម

ការ​​បោះឆ្នោត​សភាហ្វាំង​ឡង់ ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​អាទិត្យ​នេះ ដោយ​មាន​ប្រជាពលរដ្ឋ​ចុះ​ឈ្មោះ​ជាង​៥លាន​នាក់​កន្លះ​ចូល​រួម។ ​៤០% បាន​បោះឆ្នោត​ជា​មុន​រួច​ទៅ​ហើយ។ ប៉ុន្តែ​គ្មាន​នរណា​អាច​ទស្សន៍​ទាយ​លទ្ធផល​បាន​ទេ សម្រាប់​ពេលនេះ។ អ្វី​ដែល​គេ​ដឹង​និងអាច​និយាយ​បាន​យ៉ាង​ច្បាស់​នោះ គឺ​មានបក្ស​ធំ​បី​កំពុង​ប្រដេញ​គ្នា​យ៉ាង​ប្រកិតៗ​បំផុត។

បើ​តាមការ​ស្ទង់​មតិ ចុងក្រោយ​កាលពី​ថ្ងៃព្រហស្បតិ៍​ គណបក្ស​សម្ព័ន្ធជាតិ (អ្នកស្តាំកណ្តាល​និយម) ដឹកនាំ​ដោយ​លោក Petteri Orpo បាន​នាំ​មុខ​គេ​ដោយ​ទទួល​សំឡេង​ចង់គាំទ្រ​ដល់​ទៅ ១៩,៨% បន្ទាប់​មក​ ១៩,៥%​ សម្រាប់​គណបក្ស​ហ្វាំងឡង់ (ជាតិនិយម​​ប្រឆាំងនឹង​អន្តោប្រវេសន៍​ ប្រឆាំង​អឺរ៉ុប) របស់​លោកស្រី រីអ៊ីកា ពូរ៉ាRiikka Purra។ ចំណែក​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​របស់​លោកស្រីសានណា ម៉ារីន ​នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ​វិញ ធ្លាក់​មក​នៅ​លំដាប់​ទីបី ជាមួយ​ឆន្ទៈ​ចង់​បោះឆ្នោត​ឱ្យ​ត្រឹម​១៨,៧%​ប៉ុណ្ណោះ។ គម្លាត​តិច​យ៉ាង​នេះ ​ងាយ​នឹងទាយ​ខុស​ណាស់។ សង្ឃឹម​ថា​យ៉ាង​ដូច្នេះ​ទៅ​ចុះ ព្រោះជា​​ប្រពៃណីតាំងពី​ឆ្នាំ ១៩៨៧មក បក្ស​ណា​បាន​សំឡេង​នាំមុខ​ច្រើន​ជាង តួនាទី​ប្រមុខ​រដ្ឋាភិបាល​ត្រូវ​ប្រគល់​ទៅឱ្យ​បក្ស​នោះ។​

​ភាព​ល្បីល្បាញ​របស់​លោកស្រី​នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ​

ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ក្នុង​វ័យ​៣៤ឆ្នាំ នៅឆ្នាំ​២០១៩ លោកស្រី សានណា ម៉ារីន ​​ជា​ប្រមុខ​រដ្ឋាភិបាល​ដ៏​​ក្មេង​ជាង​បំផុត​នៅលើ​ពិភពលោក ដែល​គ្មាន​នរណា​ស្គាល់​ទេ​ពីមុនមក។ ប៉ុន្តែ​បួន​ឆ្នាំ​ក្រោយ​មក លោកស្រី​បាន​ក្លាយ​ជា​មេដឹកនាំ​រលក​ថ្មី​ដែល​ពាំនាំ​ខ្យល់​នយោបាយ​ថ្មី​ដល់​ អឺរ៉ុប​ខាង​ជើង និង​ចាប់​មាន​កិត្តិនាម​ល្បីល្បាញ ​​លើក​ឆាក​អន្តរជាតិ ព្រមទាំង​​​ទទួល​បាន​ការ​គោរពយ៉ាង​ខ្លាំងពី​បរទេស ដោយ​សារ​ជំហរ​នយោបាយ​ច្បាស់​លាស់គាំទ្រ​អ៊ុយក្រែន​​ប្រឆាំង​នឹង​រុស្ស៊ី។ មើល​រុស្ស៊ី​ក្នុង​ក្រសៃ​ភ្នែក​ព្រួយ​បារម្ភ ក្រែង​មាន​ផលវិបាក​ទៅថ្ងៃ​ក្រោយ ព្រោះ​ប្រទេស​ទាំងពីរ​មាន​ប្រវត្តិ​និងទីតាំង​​ភូមិសាស្ត្រព្រំដែន​រួម​ប្រវែង​១៣០០គីឡូម៉ែត្រលោកស្រី​ប្រមុខ​រដ្ឋាភិបាល​បានរួសរាន់​​រៀបបែប​បទ​សុំ​ឱ្យ​ហ្វាំងឡង់​បាន​ចូល​ជា​សមាជិក​អូតង់។ អូតង់​បាន​ទទួល​បេក្ខភាព​ហ្វាំងឡង់​ដែល​នឹងក្លាយ​ជា​សមាជិកពេញ​សិទ្ធិ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ខាង​មុខ​នេះ​ហើយ។

លោកស្រី សានណា​ ម៉ារីន ជា​តំណាង​មោទនភាព​របស់​យុវវ័យ​អឺរ៉ុប រហូត​មាន​ពាក្យ​ចចាម​អារាម​លេចឮចង់​បញ្ជូន​ឈ្មោះ​លោកស្រី ទៅកាន់​តួនាទី​សំខាន់​មួយ​នៅសហភាព​អឺរ៉ុប​ផង ក្នុង​ករណី​ចាញ់​ឆ្នោត​ថ្ងៃ​នេះ។ ជាង​នេះទៅទៀត លោកស្រី​មាន​ឈ្មោះ​បោះសំឡេង​ខ្លាំង​លើ​ពិភពលោក ក៏​ព្រោះ​តែ​ចរិក​​ធម្មជាតិ​ពី​កំណើត​និងនិស្ស័យ​ជា​អ្នក​ទាន់​សម័យ​និយមចូល​ចិត្ត​ជួបជុំ​រីករាយ។ កាលពី​រដូវក្តៅ​ឆ្នាំ​មុខ មាន​វីដេអូ​បង្ហោះ​ផ្សាយ​ពេញ​បណ្តាញ​សង្គម​រូប​លោកស្រី​ជប់លៀង​រាំសប្បាយ​ជាមួយ​មិត្តភក្តិ ដែល​មិន​សម​ជា​នាយករដ្ឋមន្ត្រី។ លោកស្រី​បាន​សុំ​ទោស​ភ្លាម ដោយ​ពន្យល់​ថា លោកស្រី​ក៏​ដូច​មនុស្សទូទៅ​ដែល​ពេល​ខ្លះ​​ត្រូវ​ការ​សប្បាយ​ដែរ។ តែ​នេះ​ជា​ករណី​ដំបូង​បង្អស់​ដែល​ប្រមុខ​រដ្ឋាភិបាល​ល្បី​បែប​នេះ​នៅលើ​ពិភពលោក។

នាយករដ្ឋមន្ត្រីផុតអាណត្តិនិង​បំណុល

​ទោះ​បី​ល្បី​និង​មាន​ប្រជាប្រិយភាព​ដូច្នេះ​ក្តី​ ក៏​ថ្ងៃ​អាទិត្យ​នេះ​លោកស្រី​អាច​នឹងចាញ់​ឆ្នោត ​បាត់​បង់​តំណែង ដោយ​មូលហេតុពីរ​យ៉ាង។ ទីមួយ​លោកស្រី មាន​ឥស្សរភាព​ពីរ​ផ្ទុយ​គ្នា ៖ លោកស្រី​មាន​អ្នក​គាំទ្រ​ខ្លាំង​ ស្ទើរ​ដូច​តារា ប៉ុន្តែ​ស្ទីល​របស់​លោកស្រី​មិន​ចូល​ភ្នែក​ក្រុម​អ្នក​អភិរក្សនិយម​ហ្វាំងឡង់​ទេ (ចូល​ចិត្ត​ជប់លៀសសប្បាយ​មិន​ស៊ី​នឹង​តួនាទី​នាយករដ្ឋមន្ត្រី​ទេ)។ ទីពីរ គឺ​​ខ្លឹមសារនយោបាយ។ គូប្រជែង​មក​ពី​បក្ស​ស្តាំកណ្តាល​​និយម​លោក Petteri Orpo បាន​បន្ទោស​លោកស្រី​ថា មិនគិត​គូរ​អំពី​បញ្ហា​សេដ្ឋកិច្ចជាតិ ដឹកនាំ​ប្រទេស​ឱ្យ​មាន​បំណុល​កាន់​តែ​ខ្ពស់ និង​ខូច​គំរូ​ការពារ​សង្គម​។ ជាការ​ពិត​ ដោយហេតុ​កូវីដ និង​សង្គ្រាម​អ៊ុយក្រែន ក្នុង​រយៈ​ពេល​បួន​ឆ្នាំ បំណុល​ជាតិ​ហ្វាំងឡង់​បាន​ឡើង​ពី​៦៣ទៅ​៧៤%​នៃ​PIB។ បេក្ខជនបក្ស​ហ្វាំងឡង់​ ​ស្តាំជ្រុលនិយម លោកស្រី​រីអ៊ីកា ពូរ៉ា ដែល​ចាប់​ឡើង​ប្រជាប្រិយភាព​ខ្លាំង​ពី​ប៉ុន្មាន​ខែ​មក​ដោយ​សារ​វិបត្តិ​អន្តោប្រវេសន៍​ និង​អតិផរណា បាន​បន្ទោស​លោកស្រីនាយករដ្ឋមន្ត្រី​ផុត​អាណត្តិ​​រឿង​អន្តោប្រវេសន៍។ បើតាម​លោកស្រី ពូរ៉ា អន្តោប្រវេសន៍ជា​បញ្ហាចោទ​ដ៏​ចម្បង​សម្រាប់​ហ្វាំងឡង់។​ ​ពួកយូកូម និងឧក្រិដ្ឋជន​តាម​ដង​ផ្លូវ​សាធារណៈ ជា​ជន​អន្តោប្រវេសន៍ ឬ​គ្រួសារ​អន្តោប្រវេសន៍។

​ ​សន្ទុះ​ជាតិនិយម​ជ្រុលហ្វាំងឡង់​និង​អឺរ៉ុប

ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​វិញ ជា​មធ្យម​គេ​ត្រូវ​ការ​ប្រើ​ពេល​៦សប្តាហ៍។ ​នៅហ្វាំងឡង់​ បក្ស​ណា​នាំ​មុខ​គេ បក្ស​នោះ​ជា​អ្នក​ទទួល​បន្ទុក​ដឹកនាំ​បង្កើត​រដ្ឋាភិបាល​ថ្មី ទោះ​បី​ជា​លទ្ធផល​ខុស​ត្រូវ​គ្នា​ស្តួចស្តើង​យ៉ាងណាក៏​ដោយ។

ឧបមា​ថា លោកស្រី​ សានណា ម៉ារីន បែរ​ជា​អាច​នាំមុខ​គេ​វិញ លោកស្រី​ប្រហែល​ត្រូវ​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​​រៀប​ចំ​បង្កើត​រដ្ឋាភិបាល​ថ្មី​។ បើ​បក្ស​ស្តាំកណ្តាល​និយម​ របស់​លោក​ ​អ័រប៉ូឈ្នះវិញ​ បក្ស​នេះហាក់អាច​លទ្ធភាព​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ស្រួល​ជាងគេ។ ​ផ្ទុយ​ទៅ​វិញ ​ជោគជ័យ​របស់​​បក្ស​ជាតិនិយម​ជ្រុល​ហ្វាំងឡង់ នឹង​នាំ​​អឺរ៉ុប​ឱ្យ​ធ្លាក់​ក្នុង​វិបត្តិ​តក់​ស្លុត​​ជា​ថ្មីម្តង​ទៀត ដោយ​មាន​ប្រទេស​សមាជិក​ដឹកនាំ​ដោយ​ក្រុម​ជ្រុលនិយម​បន្ថែម​មួយទៀត ពី​លើ​ប្រទេស​អ៊ីតាលី និង​ស៊ុយអែត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ