អានតួអត្ថបទ
តួកគី-ស៊ុយអែត

ស៊ុយអែត និងហ្វាំងឡង់ប្តេជ្ញាចាប់ដៃចូលជាសមាជិករបស់​អូតង់ ទាំងអស់គ្នា

ហ្វាំងឡង់ និងស៊ុយអែត​នៅតែ​ប្តេជ្ញាចូលជាសមាជិករបស់​អង្គការអូតង់ ក្នុងពេល​ជាមួយគ្នា បើទោះបីជា​តួកគី បង្ហាញចេតនា​គាំទ្រ​ហ្វាំងឡង់ និង​បិទខ្ទប់​បេក្ខភាព​របស់ស៊ុយអែត។ នាយករដ្ឋមន្រ្តី​របស់​ប្រទេស​ទាំងពីរ​បាន​បង្ហាញជំហរ​រួមគ្នា នៅក្នុង​សន្និសីទកាសែត នៅទីក្រុង​ស្តុកខូម កាលពី​ថ្ងៃ​ព្រហស្បតិ៍ jទី ២​កុម្ភៈ ពោល​គឺ​នៅមួយថ្ងៃក្រោយ ប្រធានាធិបតី​តួកគី ពន្លយ​សា​ជា​ថ្មី ពី​ជំហរគាំទ្រ ហ្វាំងឡង់ ប៉ុន្តែ ប្រឆាំង​ស៊ុយអែត។

នាយករដ្ឋមន្រ្តីហ្វាំងឡង់ លោកស្រី Sanna Marin ធ្វើដំណើរទៅទីក្រុងស្តុកខូម​ជួបជាមួយនាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson នៅក្នុង​សន្និសីទកាសែត​នៅថ្ងៃទី ២​កុម្ភៈ ២០២៣
នាយករដ្ឋមន្រ្តីហ្វាំងឡង់ លោកស្រី Sanna Marin ធ្វើដំណើរទៅទីក្រុងស្តុកខូម​ជួបជាមួយនាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson នៅក្នុង​សន្និសីទកាសែត​នៅថ្ងៃទី ២​កុម្ភៈ ២០២៣ via REUTERS - TT NEWS AGENCY
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតីតួកគី លោករេសេប អ៊ែរដូហ្កាន​បាន​បញ្ជាក់សាជាថ្មី កាលពីថ្ងៃ​ពុធ ថា តួកគី​នឹង​មិន​អនុញ្ញាត​ឲ្យស៊ុយអែត​ចូលជា​សមាជិក​របស់អង្គការអូតង់ ដរាបណា ស៊ុយអែត​នៅតែ​អនុញ្ញាត​ឲ្យមាន​បាតុកម្ម របស់​ក្រុមជ្រុលនិយម ដែល​បាន​ដុតគម្ពី​កូរ៉ាន របស់​សាសនាអ៊ីស្លាម។ បិទខ្ទប់​បេក្ខភាពរបស់ស៊ុយអែត ប៉ុន្តែ តួកគី​អាច​បើកភ្លើងខៀវ​ឲ្យ​ហ្វាំងឡង់​ចូលជាសមាជិកអូតង់ មុន​ស៊ុយអែត។ ការស្ទង់មតិ​ចុះផ្សាយ​ដោយ​កាសែត​ហ្វាំងឡង់ កាលពីថ្ងៃ​ព្រហស្បតិ៍បង្ហាញថា ប្រជាជន​ហ្វាំងឡង់ ៥៣%​គាំទ្រ​ចង់​ឲ្យហ្វាំងឡង់​ចូលជាសមាជិកអូតង់ មុនស៊ុយអែត។

ប្រមុខរដ្ឋាភិបាល​ស៊ុយអែត និង​ហ្វាំងឡង់ បាន​ទាត់ចោល​សំណើ​របស់តួកគី ក្នុងហេតុផលថា សន្តិសុខ​របស់​ប្រទេសទាំងពីរ​មានជាប់​ពាក់ព័ន្ធគ្នា​ទៅវិញទៅមក។ នៅក្នុង​សន្និសីទកាសែត កាលពីថ្ងៃ​ព្រហស្បតិ៍ នាយករដ្ឋមន្រ្តី ហ្វាំងឡង់ និងស៊ុយអែត​បាន​អះអាង​ថា ប្រទេស​ទាំងពីរ​ប្តេជ្ញា​ចង់ចូលជាសមាជិក​របស់អូតង់​ក្នុងពេល​ជាមួយគ្នា គ្មានអ្នកមុន គ្មានអ្នកក្រោយ។

លោកស្រី​នាយករដ្ឋមន្រ្តី​ហ្វាំងឡង់​បាន​និយាយគាំទ្រ​ស៊ុយអែត ដោយ​ថា ហ្វាំងឡង់​មិនចូលចិត្ត​បរិយាកាស​ដែលថា ស៊ុយអែត ជា​សិស្ស​មាន​បញ្ហា។ ស៊ុយអែតមិនមែន​ជាបញ្ហា ហើយ​ស៊ុយអែត​ក៏បាន​ឆ្លើយតបគ្រប់លក្ខខណ្ឌ ដើម្បីក្លាយជា​សមាជិក​របស់អូតង់។ ហ្វាំងឡង់ និងស៊ុយអែត​បានធ្វើដំណើរជាមួយគ្នា តាំងពីដំបូងទី ដូច្នេះ ប្រទេស​ទាំងពីរ​បន្ត​ចាប់ដៃ ដើម្បី​ចូលជាសមាជិក​របស់​អូតង់ទាំងអស់គ្នា។

ដោយសារ​សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន ស៊ុយអែត ជាពិសេស​ហ្វាំងឡង់ដែលជាប់ព្រំដែនជាមួយរុស្ស៊ី​បាន​ដាក់បេក្ខភាព ដើម្បីសុំចូលជា​សមាជិកថ្មី​របស់អូតង់ កាលពី​ខែ ឧសភាឆ្នាំ ២០២២។ ប៉ុន្តែ តួកគី​បាន​បដិសេធ​មិន​ធ្វើសច្ចាប័ន ដើម្បី​បើកផ្លូវ​ឲ្យប្រទេស​ស្កង់ឌីណាវ​ទាំងពីរ​អាច​ចូលជា​សមាជិក​របស់អូតង់។

តួកគី​បាន​ចោទប្រកាន់​ស៊ុយអែតថា បាន​ផ្តល់សិទ្ធិ​ជ្រកកោន​ដល់​ក្រុម​អ្នកប្រឆាំងរដ្ឋាភិបាលតួកគី​ ដូចជាសមាជិក​របស់​គណបក្ស​ពលករ គួដឌីស្ថាន ដែល​រដ្ឋាភិបាល​របស់​អ៊ែរដូហ្កាន​ចាត់ទុកជាក្រុមភេរវនិយម ធ្វើសកម្មភាពពីបរទេស ដើម្បីគំរាមកំហែង​សន្តិសុខតួកគី។

ដើម្បី​បាន​ភ្លើងខៀវ​របស់តួកគី ហ្វាំងឡង់ និង​ស៊ុយអែត បានចុះកិច្ចព្រមព្រៀងជាមួយតួកគី កាលពីឆ្នាំមុន ដើម្បី​ប្រយុទ្ធប្រឆាំង ក្រុម​ភេរវនិយម។ នៅថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ រដ្ឋមន្រ្តីយុត្តិធម៌ស៊ុយអែត​បាន​ប្រកាសរឹតបន្តឹង​ច្បាប់ប្រឆាំងភេរវកម្ម តាមរយៈ ការហាមឃាត់​សកម្មភាពជាប់ទាក់ទង​នឹង​ក្រុមជ្រុលនិយម។ សេចក្តីព្រាងច្បាប់​ថ្មី​របស់​ស៊ុយអែត​ដើម្បី ប្រឆាំងក្រុមភេរវនិយម ដែល​អាច​ចូលជាធរមាន​នៅខែមិថុនា ដើរស្របនឹង​ការទាមទារ​របស់តួកគី ប៉ុន្តែ មិនប្រាកដថា នឹងអាច​បញ្ចុះបញ្ចូលតួកគី។

ថ្មីៗនេះ រដ្ឋាភិបាល​តួកគី បាន​ផ្ទុះកំហឹង ដាក់​រដ្ឋាភិបាល​ស៊ុយអែត ដែល​បាន​បណ្តោយ​ឲ្យអ្នកគាំទ្រ​ក្រុមគួដឌីស្ថាន​ធ្វើបាតុកម្ម​ប្រឆាំងប្រធានាធិបតីតួកគីនៅទីក្រុង​ស្តុកខូម។ បាតុកម្ម​កាលពីសប្តាហ៍មុន របស់ក្រុមស្តាំនិយមជ្រុល​ស៊ុយអែត ដែលបាន​ដុតគម្ពីកូរ៉ាន ប្រៀបបាន នឹងការ​យកប្រេង​ទៅចាក់លើភ្លើង ធ្វើឲ្យ​តួកគីកាន់តែ​ឆេះដុំ ប្រកាស​បិទខ្ទប់ មិន​ឲ្យ​ស៊ុយអែតចូលជាសមាជិក​របស់អូតង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ