អានតួអត្ថបទ
ហ្វាំងឡង់-អូតង់

សភាហ្វាំងឡង់​អនុម័ត​ច្បាប់​អនុញ្ញាត​ឲ្យ​ប្រទេស​ចូលជា​សមាជិក​អូតង់

ហ្វាំងឡង់រលាស់ចោល​អព្យាក្រិត្យភាព នៅក្រោយ​សង្រ្គាមរុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ នៅក្រោយ​បើកការពិភាក្សា តាំង​ពីថ្ងៃ​ចន្ទ សភា​ហ្វាំងឡង់ ដោយ​គ្មាន​ការភ្ញាក់ផ្អើល បាន​បោះឆ្នោតអនុម័ត​ច្បាប់ ដែលអនុញ្ញាត​ឲ្យ​ហ្វាំងឡង់​ចូលជា​សមាជិក​របស់​អង្គការ​អាត្លង់ទិក​អូតង់។ ការអនុម័តច្បាប់​របស់សភា​ហ្វាំងឡង់​នៅ​មិនទាន់គ្រប់គ្រង ដើម្បី​អាច​ចូលជា​សមាជិក​របស់អូតង់ ដោយ​គេ​ត្រូវ​រង់ចាំ ភ្លើងខៀវ​ពីតួកគី និង​ហុងគ្រី សមាជិក​ចុងក្រោយ​របស់​អូតង់ ដែលនៅ​អល់អែក មិនទាន់​ផ្តល់សច្ចាប័ន​ទទួលយក​ហ្វាំងឡង់​ជា​សមាជិកថ្មី​របស់អូតង់។

នាយករដ្ឋមន្រ្តីហ្វាំងឡង់ លោកស្រី Sanna Marin ជាមួយ​សមាជិកសភា និង​រដ្ឋមន្រ្តីក្រសួងគមនាគមន៍​​នៅក្នុង​សម័យប្រជុំ​របស់អង្គសភាដែលបោះឆ្នោត​អនុម័ត​ច្បាប់​អនុញ្ញាត​ឲ្យ​ហ្វាំងឡង់​ចូលជា​សមាជិក​របស់​អូតង់ នៅថ្ងៃទី ១ មីនា ២០២៣
នាយករដ្ឋមន្រ្តីហ្វាំងឡង់ លោកស្រី Sanna Marin ជាមួយ​សមាជិកសភា និង​រដ្ឋមន្រ្តីក្រសួងគមនាគមន៍​​នៅក្នុង​សម័យប្រជុំ​របស់អង្គសភាដែលបោះឆ្នោត​អនុម័ត​ច្បាប់​អនុញ្ញាត​ឲ្យ​ហ្វាំងឡង់​ចូលជា​សមាជិក​របស់​អូតង់ នៅថ្ងៃទី ១ មីនា ២០២៣ via REUTERS - LEHTIKUVA
ផ្សាយពាណិជ្ជកម្ម

សភា​ហ្វាំងឡង់​បោះឆ្នោត អនុម័ត​ច្បាប់ដែល​អនុញ្ញាត​ឲ្យហ្វាំងឡង់ចូលជាសមាជិក​របស់អូតង់ ជាមួយ​សំឡេង​គាំទ្រ​ដ៏​ច្រើនលើសលប់ ចំនួន ១៨៣ (សំឡេង​ប្រឆាំង ៧)។ ច្បាប់ថ្មីដែល​សភាបោះឆ្នោត កាលពីថ្ងៃ​ពុធ នឹង​ទៅ​បិទបញ្ចប់​អព្យាក្រិត្យភាព ដែល​ហ្វាំងឡង់​បាន​អនុវត្ត ប្រកាន់យក អស់​ជាង​កន្លះសតវត្សរ៍។

នៅ​ក្នុង​សារធ្វីត រដ្ឋមន្រ្តី​ការពារ​ជាតិ​ហ្វាំងឡង់ បាន​ស្វាគម​ការបោះជំហាន​ដ៏សំខាន់​របស់​ហ្វាំងឡង់ ដើម្បី​ចូល​ជា​សមាជិក​របស់​អង្គការ​អូតង់។

ត្រូវចាប់បង្ខំ​ឲ្យ​ប្រកាន់​ជំហរ​អព្យាក្រិត្យ អស់​កន្លះសតវត្សរ៍ នៅក្រោម​ការដាក់សម្ពាធ​របស់សហភាពសូវៀត ក្នុង​សម័យសង្រ្គាម​លោកលើកទី២ ហ្វាំងឡង់​នៅ​បាន​ប្រកាស មិនចូល​បក្សសម្ព័ន្ធ​យោធា អស់៣សតវត្សរ៍ នៅក្រោយ​សង្រ្គាមត្រជាក់។ ប៉ុន្តែ សង្រ្គាមរុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន កាលពី​១ឆ្នាំមកនេះ បានធ្វើ​ឲ្យ​ហ្វាំងឡង់ ដែលមាន​ព្រំដែន​ដ៏​វែង​ជាមួយ​រុស្ស៊ី ប្រមាណ ១៣៤០ គីឡូម៉ែត្រ ត្រូវផ្លាស់ប្តូរ​ខ្សែបន្ទាត់នយោបាយ ដើម្បីទទួល​បានអន្តរាគម​ការពារ​ពីបក្សសម្ព័ន្ធអូតង់ ក្នុងករណី​មានការឈ្លានពាន​ពីបរទេស។

នៅថ្ងៃ​ពុធ គ្រប់គណបក្ស​នយោបាយ​បោះឆ្នោត​គាំទ្រ​ច្បាប់អនុញ្ញាត​ឲ្យ​ហ្វាំងឡង់​ចូលជា​សមាជិក​របស់​អង្គការ​អូតង់។ លើកលែង​តែ​សមាជិកសភាមកពីគណបក្ស​ស្តាំនិយមជ្រុល​៧នាក់​ប៉ុណ្ណោះ ដែលបោះឆ្នោត​ប្រឆាំង ក្នុងហេតុផលថា ច្បាប់ចែងមិន​ច្បាស់លាស់​ពីការតាំងពង្រាយ​អាវុធ​នុយក្លេអ៊ែរ​ក្នុងទឹកដី​ហ្វាំងឡង់។

សភា​អនុម័ត​ច្បាប់​អនុញ្ញាត​ឲ្យ​ហ្វាំងឡង់ក្លាយជា​សមាជិក​របស់​អូតង់ ប៉ុន្តែ ហ្វាំងឡង់​នៅមិន​ទាន់អាច​ចូលជា​សមាជិក​ភា្លម របស់អូតង់ ដរាបណា​គ្មានភ្លើងខៀវ​របស់​តួកគី និង​ហុងគ្រី សមាជិកចុងក្រោយ ២​របស់​អូតង់ ដែល​មិនទាន់​បោះឆ្នោត​ផ្តល់​សច្ចាប័ន​ទទួលយក​ហ្វាំងឡង់ និង​ស៊ុយអែត ជា​សមាជិកថ្មី​របស់​អូតង់។

នៅដើមសប្តាហ៍នេះ រដ្ឋាភិបាល​តួកគី​និយាយ​ថា សភា​អាច​បោះឆ្នោត ផ្តល់​សច្ចាប័ន ទទួល​យក​ហ្វាំងឡង់ ដោយ​គ្មាន​ស៊ុយអែត។ ទំនាក់ទំនងតួកគី ជាមួយ​ស៊ុយអែត​បាន​ចាប់តានតឹង នៅក្រោយ តួកគី​ចោទប្រកាន់​រដ្ឋាភិបាល​ស៊ុយអែតថា បាន​ផ្តល់ជំរក ការពារ​សកម្មជន​ជ្រុលនិយម​គួដ ដែលជា​សត្រូវ​របស់​តួកគី។ ខឹងអន់ចិត្ត​អាជ្ញាធរ​ស៊ុយអែត ដែលអនុញ្ញាត​ឲ្យមានបាតុកម្ម​ប្រឆាំង​លោកប្រធានាធិបតី​អ៊ែរដូហ្កាន និង​ដុតគម្ពីកូរ៉ាន តួកគី​ប្រកាស​មិនគាំទ្រស៊ុយអែតជា​សមាជិក​របស់​អូតង់។

ហុងគ្រីឯណោះវិញ​គ្មានបញ្ហា ផ្ទាល់ជាមួយ ស៊ុយអែត និងហ្វាំងឡង់។ ប៉ុន្តែ ការរារែក​របស់​ហុងគ្រី​ដែល​មិនទាន់​ផ្តល់​សច្ចាប័ន​ទទួលយក​ហ្វាំងឡង់ និង​ស៊ុយអែត ជា​សមាជិក​របស់អូតង់ ត្រូវ​គេ​មើលឃើញថា មានជាប់ពាក់ព័ន្ធ​នឹង​ជំហរ​ស្រពិចស្រពិល​របស់ហុងគ្រី ដែលមិនចង់​ធ្វើឲ្យ​រុស្ស៊ីថ្នាំងថ្នាក់ចិត្ត​នឹងខ្លួន។ នៅថ្ងៃ​ពុធ សភា​ហុងគ្រី ទើប​ចាប់ពិភាក្សា​ច្បាប់​ស្តីពីការផ្តល់​សច្ចាប័ន​ដល់​ហ្វាំងឡង់ និង​ស៊ុយអែត ដោយ​គ្មាន​បញ្ជាក់ថ្ងៃ​ដែលត្រូវ​បោះឆ្នោតអនុម័ត។

នៅហ្វាំងឡង់ នៅក្រោយភ្លើងខៀវ​របស់​សភា ប្រធានាធិបតីមាន រយៈពេល​៣ខែ​ដើម្បី​ចុះហត្ថលេខាលើច្បាប់។ បន្ទាប់ពីនោះ ហ្វាំងឡង់​នៅ​រង់ចាំតែ​ការផ្តល់សច្ចាប័ន​របស់​សមាជិកចុងក្រោយ​របស់​អូតង់ គឺ​តួកគី និង​ហុងគ្រី ដើម្បី​ក្លាយជា​សមាជិក​ផ្លូវការ របស់​អូតង់។ ក្នុងពេល​រង់ចាំ ហ្វាំងឡង់ កាលពីថ្ងៃ​អង្គារទី ២៨​កុម្ភៈ ​បាន​ចាប់ផ្តើម​សាងសង់​ជញ្ជាំង​ប្រវែង ២០០គីឡូម៉ែត្រ នៅ​ព្រំដែនសរុប​ជាមួយរុស្ស៊ី ប្រវែង ១៣៤០គីឡូម៉ែត្រ។ ការងារ​សាងសង់​ជញ្ជាំង​ដែលមាន​តម្លៃ៣៦០លានអឺរ៉ូ នឹង​បញ្ចប់នៅ​ឆ្នាំ ២០២៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ