អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្រ្គាម​អ៊ុយក្រែន៖នៅក្រុមប្រឹក្សាសន្តិសុខ រុស្ស៊ីតាំងខ្លួនជាអ្នកការពារ​ច្បាប់អន្តរជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅទីក្រុង​ញូវយ៉ក រុស្ស៊ីប្រធានផ្លាស់វេន​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​បើកកិច្ចប្រជុំពិសេស កាលពីថ្ងៃ​ចន្ទ ទី​២៤​មេសា ដោយ​ផ្តោតសំខាន់​ទៅលើប្រធានបទ ​ការពារ​គោលការណ៍​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ។ នៅក្រុមប្រឹក្សា​សន្តិសុខ រុស្ស៊ី ដែលតំណាង​ដោយ​រដ្ឋមន្រ្តីការបរទេស លោក​ស៊ែរហ្គេយ ឡាវរ៉ូវ បាន​រងការរិះគន់​ពីក្រុមប្រទេស​សមាជិក​មួយចំនួន ព្រោះថា រុស្ស៊ី ដែលជា​អ្នកធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន ស្រាប់តែពេលនេះ ក្នុង​នាមជាប្រធានផ្លាស់វេន​របស់​ក្រុមប្រឹក្សា​សន្តិសុខ បាន​មកតាំងខ្លួន​ជា​អ្នកការពារធម្មនុញ្ញសន្តិភាពរបស់​អង្គការ​សហប្រជាជាតិ​ទៅវិញ។

ប្រមុខការបរទេស​រុស្ស៊ី​លោកស៊ែរហ្គេយ ឡាវរ៉ូវ ចូលរួម​ជាពិសេស ធ្វើជាប្រធានដឹកនាំកិច្ចប្រជុំនៅក្រុមប្រឹក្សាសន្តិសុខ ថ្ងៃទី ២៤​មេសា ២០២៣
ប្រមុខការបរទេស​រុស្ស៊ី​លោកស៊ែរហ្គេយ ឡាវរ៉ូវ ចូលរួម​ជាពិសេស ធ្វើជាប្រធានដឹកនាំកិច្ចប្រជុំនៅក្រុមប្រឹក្សាសន្តិសុខ ថ្ងៃទី ២៤​មេសា ២០២៣ AP - John Minchillo
ផ្សាយពាណិជ្ជកម្ម

នៅក្រោយ​ចូលធ្វើ​ជា​ប្រធាន​ផ្លាស់វេន​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ កាលពីថ្ងៃ​ទី ១​មេសា សម្រាប់រយៈពេល​១ខែ រុស្ស៊ី បានកោះប្រជុំ​ពិសេស កាលពីថ្ងៃ​ចន្ទ​ទី២៤​មេសា នៅក្រោម​ប្រធានបទ ការពារ​គោលការណ៍​ធម្មនុញ្ញរបស់អង្គការ​សហប្រជាជាតិ។ នៅក្រុមប្រឹក្សា​សន្តិសុខ អ្នកតំណាងអាមេរិក និង​សហភាពអឺរ៉ុប​ដែលជា​សម្ព័ន្ធមិត្ត​របស់អ៊ុយក្រែន បាន​បរិហាររិះគន់​រុស្ស៊ី​ភ្លាមៗ​ថា ឥត​មាន​ការអៀនខ្មាស់។

លាក់ពុត គ្មានការអៀនខ្មាស់ អ្នកតំណាងអាមេរិក បារាំង អង់គ្លេស បាន​ប្រើពាក្យវាយប្រហារខ្លាំងៗ​ទៅលើ​ភាគី​រុស្ស៊ី ដែលក្នុងនាមជា​ប្រធានផ្លាស់វេន បានកោះប្រជុំប្រទេស​សមាជិក​ដើម្បីនិយាយ​ពី​ការការពារ​គោលការណ៍​ធម្មនុញ្ញ និងច្បាប់អន្តរជាតិ។

សម្រាប់​អ្នកតំណាងសហភាព អឺរ៉ុប នៅក្រុមប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ ដោយបើក​កិច្ចប្រជុំដើម្បីពិភាក្សា​ពី​ការការពារ​ធម្មនុញ្ញរបស់អង្គការ​សហប្រជាជាតិ រុស្សី គឺ គ្មាន​ការអៀនខ្មាស់​ទាល់តែសោះ។ ជា​អ្នកធ្វើសង្រ្គាម​ឈ្លានពាន រំលោភដែន​អធិបតេយ្យភាព​របស់​អ៊ុយក្រែន ដែល​ជា​ការរំលោភ​យ៉ាង​ច្បាស់ក្រឡែត ច្បាប់​អន្តរជាតិ និង​ធម្មនុញ្ញសន្តិភាព​របស់​អង្គការ​សហប្រជាជាតិ រុស្ស៊ី ក្នុងនាមប្រធានផ្លាស់វេន របស់​ក្រុមប្រឹក្សា​សន្តិសុខ បែរ​ជា​មកតាំង​ខ្លួន​ជា​អ្នកការពារ​គោលការណ៍ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិទៅវិញ។ នៅក្នុងកិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ កាលពីថ្ងៃ​ចន្ទម្សិលមិញ អ្នកតំណាង​អាមេរិក លោកស្រី Linda Thomas-Greenfield នៅ​បាន​លើកបង្ហាញ កូនសៀវភៅធម្មនុញ្ញរបស់​អង្គការ​សហប្រជាជាតិ ដើម្បីបញ្ជាក់​ពីចំណុច​សំខាន់​នៃ​ធម្មនុញ្ញអង្គការ​សហប្រជាជាតិ ដែលតាមពិត ត្រូវ​រុស្ស៊ី​រំលោភ យ៉ាងគឃ្លើន គ្មានញញើត តាមរយៈ​ការធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន ដែលជាប្រទេស​ជិតខាង។

អង្គុយជាប់ ឯកអគ្គរដ្ឋទូត​រុស្ស៊ី លោក​ស៊ែរហ្គេយ ឡាវរ៉ូវដែលមានវត្តមានជាពិសេស ធ្វើជា​ប្រធានដឹកនាំ​កិច្ចប្រជុំ​នៅក្រុមប្រឹក្សា​សន្តិសុខ  អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយទែរស៍ មិនបាន​តមសំដី និង​បាន​បរិហារខ្លាំងៗ​សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។

សម្រាប់​ប្រធានអង្គការសហប្រជាជាតិ សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ដែល​ការរំលោភច្បាប់អន្តរជាតិ និង​ធម្មនុញ្ញរបស់​អង្គការសហប្រជាជាតិ កំពុង​បង្ក​ឲ្យមានការឈឺចាប់ដ៏ធំធេង និងការខូចខាត សម្រាប់​ប្រទេស និង​ប្រជាជនអ៊ុយក្រែន។

នេះមិនមែនជា​លើកទី១ ដែលរុស្ស៊ី រងការរិះគន់ បរិហារ​ថ្កោលទោស នៅអង្គការ​សហប្រជាជាតិ ដោយសារ​តែរឿងធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន។ កាលពី​ថ្ងៃទី ២៣​កុម្ភៈកន្លងទៅ នៅក្នុង​ឱកាស​ខួប​១ឆ្នាំនៃ​សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ទើប​បានបោះឆ្នោត ជាមួយ​សំឡេង​គាំទ្រ ចំនួន ១៤១ (ចំណែក​សំឡេង​ប្រឆាំង​មានតែ ៧) លើ​សេចក្តីសម្រេច​ទាមទារ​ឲ្យ​រុស្ស៊ី​ដកទ័ព​ជាបន្ទាន់ ចេញ​ពី​អ៊ុយក្រែន។

រុស្ស៊ីរងការរិះគន់ថា រំលោភច្បាប់អន្តរជាតិ ប៉ុន្តែ រុស្ស៊ីវាយបកវិញថា ប្រព័ន្ធ​អង្គការ​សហប្រជាជាតិកំពុងជួបវិបត្តិ ដោយសារ​ស្នាដៃអាមេរិក

រុស្ស៊ីដឹងថា ខ្លួន​ប្រឈម​នឹង​ការរិះគន់ថ្កោលទោស ដោយសារធ្វើសង្រ្គាមឈ្លានពាន​អ៊ុយក្រែន ដែលជា​ការរំលោភ​ច្បាប់​អន្តរជាតិ ធម្មនុញ្ញ​របស់អង្គការ​សហប្រជាជាតិ ប៉ុន្តែ រុស្ស៊ី​នៅតែ​ចេញមុខ​មកតាំងខ្លួនជា​អ្នកការពារច្បាប់អន្តរជាតិ និងបរិហារ​អាមេរិក​ថា ដើមហេតុគំរាមកំហែង​ពហុភាគីនិយម។

ក្នុងនាមជា​ប្រធានផ្លាស់វេន របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ រុស្ស៊ី​គ្មានព្រឺខ្លួន ឈឈឺចាប់នឹង​ពាក្យរិះគន់ តិះដៀល​ប្រទេស​សមាជិក​នោះទេ។ ទោះត្រូវ​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​មួយចំនួនធំ​មិនរាប់រក ប៉ុន្តែ រុស្ស៊ី ដែល​បាន​បញ្ជូនផ្ទាល់ រដ្ឋមន្រ្តី​ការបរទេស​របស់ខ្លួន ទៅធ្វើ​ជាប្រធាន​ដឹកនាំ​កិច្ចប្រជុំ នៅទីក្រុង​ញូវយ៉ក ចង់​ឆ្លៀត​ឱកាស យក​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ ដើម្បី​បរិហារ​ក្រុមប្រទេស​លោកខាងលិច។

នៅចំពោះមុខ​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី​មិនរារែក​នឹង​និយាយ​ថា ប្រព័ន្ធរបស់​អង្គការ​សហប្រជាជាតិ​កំពុង​ជួបវិបត្តិដ៏សែនជ្រៅ ដែលបង្កឡើង​ដោយ​ក្រុមប្រទេស​លោកខាងលិច ជាពិសេស​អាមេរិក។ សម្រាប់​ប្រមុខការបរទេស​រុស្ស៊ី មិនមែនមានតែ​អ៊ុយក្រែន ដែលជាប់ពាក់ព័ន្ធនៅក្នុងរឿងនេះ ប៉ុន្តែ នៅមាន​ស្ថាប័ន​ពហុភាគីជាច្រើនទៀត ដែលធ្វើការបម្រើប្រយោជន៍ឲ្យ​អាមេរិក ដូចជា​អង្គការ​អូតង់ ជាដើម ដែលអាមេរិក​ប្រើសម្រាប់​មហិច្ឆតា​នយោបាយ​វាតទីនិយមរបស់ខ្លួន។

ការលើកឡើង​របស់រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី មិនមែន​ជា​រឿង​គួរ​ឲ្យភ្ញាក់ផ្អើល ព្រោះថា រុស្ស៊ី​ធ្លាប់និយាយ​ការពារ​ប្រតិបត្តិការពិសេស​របស់ខ្លួន នៅអ៊ុយក្រែន ថា ធ្វើឡើង ដើម្បី​ឆ្លើយតប​នឹង​ការពង្រឹង ពង្រាយ​វត្តមាន​ទ័ព​របស់​អូតង់ នៅ​ក្នុងទឹកដីអឺរ៉ុប ​ដែល​ស្ថិតក្រោម​ឥទ្ធិពល​របស់​រុស្ស៊ី។

ទោះ​ជាត្រូវ​អន្តរជាតិ បរិហារ​ថ្កោលទោស ក្នុងរឿង​ធ្វើ​សង្រ្គាមឈ្លានពាន កាត់យកទឹកដីភាគខាងកើត របស់​អ៊ុយក្រែន ប៉ុន្តែ រុស្ស៊ី​គ្មាន​ខ្វល់ បារម្ភអ្វី​នោះទេ។ ជាក់ស្តែអ រុស្ស៊ី នៅតែ អាចធ្វើជា​ប្រធាន​ផ្លាស់វេន របស់​ក្រុមប្រឹក្សា​សន្តិសុខ។

ដោយ​រៀបចំ​កិច្ចប្រជុំ​ពិសេស នៅ​ក្រុមប្រឹក្សាសន្តិសុខ​នៅថ្ងៃ​ចន្ទ រុស្ស៊ី ចង់ប្រើប្រាស់រូបភាព ព្រឹត្តិការណ៍​លើកនេះ ​សម្រាប់​ទៅឃោសនា បញ្ចុះបញ្ចូល​ប្រជាមតិ​ក្នុងស្រុករុស្ស៊ី​ថា ទោះ​រុស្ស៊ី​បើកប្រតិបត្តិការយោធា​នៅអ៊ុយក្រែន ប៉ុន្តែ មើលចុះ នៅ​ឆាកអន្តរជាតិ រុស្ស៊ី មិនឯកោ នោះទេ។ រុស្ស៊ី នៅតែអាច​ធ្វើជាប្រធានដឹកនាំប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ដែល​ជាស្ថាប័ន​កំពូល​របស់​អង្គការ​សហប្រជាជាតិ។

រុស្ស៊ីធ្វើសង្រ្គាមឈ្លានពាន​អ៊ុយក្រែន ដែលជា​ការរំលោភ​ច្បាប់អន្តរជាតិ យ៉ាងច្បាស់ក្រឡែត ប៉ុន្តែ រុស្ស៊ី​ទទួល​បានសិទ្ធិ​ធ្វើជាប្រធានផ្លាស់វេន និង​តាំងខ្លួន ជាអ្នកការពារ​ច្បាប់អន្តរជាតិ។ ចង់ឬ​មិនចង់ ព្រឹត្តិការណ៍​លើកនេះ សបញ្ជាក់​កាន់តែច្បាស់ថា ស្ថាប័នអង្គការ​សហប្រជាជាតិ កាន់តែ​បាត់បង់តម្លៃ លែង​មាន​ន័យដូចមុន។

អគ្គលេខាធិការអង្គការ​សហប្រជាជាតិឆ្លៀតជួប​រដ្ឋមន្រ្តីការបរទេស​រុស្ស៊ីដើម្បីនិយាយ​ពី​ការនាំចេញ​ស្រូវសាឡី​អ៊ុយក្រែន

កិច្ចប្រជុំរបស់​ក្រុមប្រឹក្សា​សន្តិសុខ​អាច​ត្រូវ​ប្រទេស​សមាជិកអចិន្ត្រៃយ៍ ​រុស្ស៊ី ចិន ឬ​អាមេរិក ប្រើ​ជា​កន្លែង សម្រាប់​ទាញប្រយោជន៍​រៀងៗខ្លួន ប៉ុន្តែ គេ​មិនអាចមើល​រំលង។ ទោះមានការខ្វែងគំនិតគ្នា ស្រែកបរិហាររិះគន់គ្នា​ក្នុងកិច្ចប្រជុំ ប៉ុន្តែ កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា នៅទីក្រុង​ញូវយ៉ក ក៏ជាការបើក​ឱកាស ផ្តល់កន្លែង ឲ្យប្រទេស​សមាជិក ដែលជា​ភាគី​ជម្លោះ អាច​ជួបនិយាយ​គ្នា នៅក្រោយវាំងនន​ក៏អាច​ថាបាន។

ជាក់ស្តែង ឆ្លៀតឱកាស​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខនៅទីក្រុង​ញូវយ៉ក អគ្គលេខាធិការអង្គការ​សហប្រជាជាតិ លោក​អង់តូនីញ៉ូ ហ្គុយទែរស៍ បាន​ឆ្លៀត​ផ្ញើលិខិត ទៅ​កាន់​លោកប្រធានាធិបតីពូទីន តាមរយៈ​រដ្ឋមន្រ្តីការបរទេស លោកស៊ែរហ្គេយ ឡាវរ៉ូវ ដើម្បីសុំ​ឲ្យ​រុស្ស៊ី​ពន្យារ​កិច្ចព្រមព្រៀងស្តីពីការនាំចេញស្រូវសាឡី​អ៊ុយក្រែន ដែលត្រូវ​ផុតកំណត់​នៅថ្ងៃទី ១៨ឧសភាខាងមុខ។ សម្រាប់​ប្រធានអង្គការ​សហប្រជាជាតិ រុស្ស៊ី​គួរ​បន្ទន់ជំហរ ដើម្បី​បុព្វហេតុ​ធានា​សន្តិសុខ​ស្បៀង​ក្នុងពិភពលោក។ ប៉ុន្តែ រុស្ស៊ីវិញ ធ្លាប់​បញ្ជាក់​ហើយថា បើសិន ចង់​ឲ្យរុស្ស៊ី​ពន្យារពេលបន្ថែមទៀត គេត្រូវ​ឈប់បង្កឧបសគ្គដល់ការនាំចេញ​ស្រូវសាលី និង​ជីគីមី​របស់​រុស្ស៊ី ដូចជា​ឈប់ដាក់សម្ពាធ ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ក្រុមហ៊ុន​ដែល​ដឹកជញ្ជូន​ស្រូវសាឡីរុស្ស៊ីជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ