អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកពូទីន​ចោទប្រកាន់​បស្ចិមលោក​ថា ប៉ុនប៉ងបំបែកបំបាក់​រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិតមកត្រឹម​ថ្ងៃ​ចន្ទ​នេះ សង្រ្គាមរុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន មានរយៈពេល ១០ខែ ២ថ្ងៃ ដោយ​រុស្ស៊ី​នៅតែ​មិនទាន់​សម្រេច​គោលដៅ របស់ខ្លួន ដែល​ចង់​បង្រួបបង្រួម​ប្រជាជន​រុស្ស៊ី។ នៅក្នុង​បទសម្ភាសន៍​ចាក់ផ្សាយ​ក្នុង​ទូរទស្សន៍​ជាតិ​រុស្ស៊ី កាលពីយប់​ថ្ងៃ​អាទិត្យ ប្រធានាធិបតី រុស្ស៊ី លោក​ពូទីន​បាន​ចោទប្រទេស​លោកខាងលិច​ថា ប៉ុនប៉ង​បំបែកបំបាក់​រុស្ស៊ី តាមរយៈ ការផ្តល់ជំនួយគាំទ្រ​អាវុធដល់​អ៊ុយក្រែន។ នៅ​ថ្ងៃ​ចន្ទនេះ កងទ័ព​រុស្ស៊ី​អះអាងថា គេ​បាន​បាញ់ទម្លាក់ យន្តហោះដ្រូន​របស់​អ៊ុយក្រែន ដែល​បើក​ការវាយប្រហារ​ទៅលើ​មូលដ្ឋានទ័ពអាកាស​មួយ​របស់​រុស្ស៊ី នៅភាគខាងត្បូង។ ប៉ុន្តែ បំណែក​យន្តហោះដ្រូន​បាន​ធ្លាក់ សម្លាប់ ជនជាតិ​រុស្ស៊ី​៣នាក់ ដែល​ធ្វើការ​នៅ ឃ្លាំងស្តុក​នៅ​មូលដ្ឋានទ័ព។ នៅថ្ងៃចន្ទ​នេះ​ជាថ្ងៃ ដែល រដ្ឋមន្រ្តីការបរទេស​អ៊ុយក្រែន​នឹង​ដាក់ពាក្យ​សុំ​ទាមទារ ឲ្យ​គេ​ដក​រុស្ស៊ី​ចេញពី​ក្រុមប្រឹក្សា សន្តិសុខ​របស់អង្គការ​សហប្រជាជាតិ។ តើ​គេ​អាច​ដករុស្ស៊ី ដែលជា​សមាជិក​អចិន្ត្រៃយ៍​ចេញពី​ក្រុមប្រឹក្សា​សន្តិសុខ​ដែរឬទេ ?

លោកពូទីនប្រជុំជាមួយ​មន្រ្តីយោធា​ដែល​ជាប់ពាក់ព័ន្ធ​ក្នុង​យុទ្ធសាស្រ្ត​យោធារុស្ស៊ី​នៅអ៊ុយក្រែន។ កិច្ចប្រជុំ​នៅថ្ងៃទី ១៧​ធ្នូ នៅទីក្រុង​ម៉ូស្គូ
លោកពូទីនប្រជុំជាមួយ​មន្រ្តីយោធា​ដែល​ជាប់ពាក់ព័ន្ធ​ក្នុង​យុទ្ធសាស្រ្ត​យោធារុស្ស៊ី​នៅអ៊ុយក្រែន។ កិច្ចប្រជុំ​នៅថ្ងៃទី ១៧​ធ្នូ នៅទីក្រុង​ម៉ូស្គូ AP - Gavriil Grigorov
ផ្សាយពាណិជ្ជកម្ម

សង្រ្គាម​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន បាន​អូសបន្លាយពេល​១០ខែ​មកហើយ ដោយ​បាន​សម្លាប់​ជីវិត​មនុស្ស និង​បំផ្លាញធ្ងន់ធ្ងរ​ហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន។ ភាគី​អ៊ុយក្រែនតាមរយៈ​រដ្ឋមន្រ្តី​ការបរទេស លោក​Dmytro Kuleba បាន​អះអាង​ថា អ៊ុយក្រែន​នឹង​ទាមទារជាផ្លូវការ នៅ​ថ្ងៃចន្ទទី ២៦ ធ្នូ ឲ្យ​គេ​ដករុស្ស៊ី​ចេញពី​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ។ មានសមាជិក១៥ប្រទេស ក្រុមប្រឹក្សា​សន្តិសុខ​របស់អង្គការ​សហប្រជាជាតិ​មានតួនាទី ធានា​សន្តិភាព និង​សន្តិសុខ​នៅក្នុង​ពិភពលោក។

សម្រាប់​អ៊ុយក្រែន សង្រ្គាមឈ្លានពាន ដ៏សាហាវឃោឃៅ​របស់​រុស្ស៊ី​ស​បញ្ជាក់​ច្បាស់​ថា រុស្ស៊ី លែង​មាន​សិទ្ធិ​ធ្វើ​ជា​សមាជិក​របស់​ក្រុមប្រឹក្សា​សន្តិសុខ និង​មាន​កៅអី​របស់ខ្លួន​នៅ អង្គការ​សហប្រជាជាតិតទៅទៀត។ តាម​រដ្ឋមន្រ្តីការបរទេស​អ៊ុយក្រែន នៅក្នុងចំណោម​មន្រ្តីការទូត នៅ​អង្គការ​សហប្រជាជាតិ គេ​កំពុង​ពិភាក្សា​យ៉ាងសកម្ម ដើម្បី ធ្វើយ៉ាងណា​រារាំង រុស្ស៊ី​កុំ​ឲ្យ​ប្រើសិទ្ធិ​អំណាច របស់ខ្លួន ដើម្បី​គំរាមកំហែង សន្តិភាព សន្តិសុខពិភពលោក។

រដ្ឋមន្រ្តី​ការបរទេស​អ៊ុយក្រែន​ទំនង​ចង់​និយាយ​ដល់​សិទ្ធិវេតូ របស់​រុស្ស៊ី ព្រោះថា ក្នុងនាមជា​ជា​សមាជិក​អចិន្រ្តៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ រុស្ស៊ី បាន​ប្រើ​សិទ្ធិ​វេតូ​របស់ខ្លួន ដើម្បី​បោះឆ្នោត​ប្រឆាំង​រាល់​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ ដែលទាក់ទង​នឹង​សង្រ្គាម អ៊ុយក្រែន។

ប៉ុន្តែ សួរថា តើ​គេអាច​ដករុស្ស៊ី​ចេញពី​សមាជិកអចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ដែរឬទេ ? ចម្លើយ​នោះ គឺ​មិនអាច​ទៅរួចទេ។ អ៊ុយក្រែន តាមរយៈ ប្រធានាធិបតី លោកហ្សេឡេនស្គី ធ្លាប់​បាន​ទាមទារ​ម្តងហើយ កាលពី​ខែ មេសា ពោល​នៅ​២ខែ​ក្រោយ កងទ័ព​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន ដើម្បី ទាមទារ​ឲ្យ​គេ​ដករុស្ស៊ី​ចេញពី ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ។ សម្រាប់​អ៊ុយក្រែន រុស្ស៊ី ធ្វើ​សង្រ្គាមដ៏ឃោឃៅ​នៅអ៊ុយក្រែន​យ៉ាងដូច្នេះ គឺ មិនសក្តិសម​អង្គុយ​នៅកៅអី​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ ដែលជា​ស្ថាប័ន​កំពូល ក្នុងការធានា​សុខសន្តិភាព​នៅក្នុងពិភពលោក​នោះទេ។

ប៉ុន្តែ ការទាមទារ​របស់​ប្រធានាធិបតី​អ៊ុយក្រែន គឺ​មិនបាន​ចម្លើយតប​ជា​វិជ្ជមាន​នោះទេ ព្រោះថា ដើម្បី​អាច​ដក ផាត់រុស្ស៊ី​ចេញពី ក្រុមប្រឹក្សា​សន្តិសុខ គេ​ត្រូវឆ្លងកាត់​នីតិវិធី​ដ៏ស្មុគស្មាញ។ ជាក់ស្តែង គេត្រូវ​ធ្វើកំណែទម្រង់​វិធាន​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ជាមុន ដែលនិយាយ​ពី សមាជិកភាព​របស់​ក្រុមប្រឹក្សា​សន្តិសុខ។ ដើម្បី អាច​ធ្វើ​ដូច្នេះ គេទាមទារ​ឲ្យមានសំឡេង​គាំទ្រ ២ភាគ៣ នៃ​សមាជិកសរុប ​ទាំង ១៥​របស់​ក្រុមប្រឹក្សា​សន្តិសុខ។ ពិសេស​ជាងនោះ គឺមិនត្រូវ​មាន​សំឡេង​ជំទាស់ នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក​អចិន្ត្រៃយ៍ ទាំង​៥។ ប៉ុន្តែ ដោយសារ​រុស្ស៊ី ជា​សមាជិក​អចិន្ត្រៃយ៍ របស់​ក្រុមប្រឹក្សា​សន្តិសុខ ដែលមាន​សិទ្ធិវេតូ រុស្ស៊ី​ប្រាកដ​ជា​លើកដៃ បោះឆ្នោត ប្រឆាំង មិន​ឲ្យ​គេ​ដកខ្លួន​ចេញពី​សមាជិករបស់​ក្រុមប្រឹក្សា​សន្តិសុខ។

លោកពូទីន​ចោទប្រកាន់​ប្រទេស​លោកខាងលិច និងអ៊ុយក្រែន​ថា បដិសេធ​មិនចង់ចរចា

នៅក្នុង​បទសម្ភាសន៍ដែល​ចាក់ផ្សាយ តាម​ទូរទស្សន៍ ជាតិ រុស្ស៊ី កាលពីថ្ងៃ​អាទិត្យ​ម្សិលមិញ ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន បាន​អះអាងថា លោក​ត្រៀមខ្លួន​ចរចា ជាមួយគ្រប់ភាគីជម្លោះ ដើម្បី​ទទួលបាន​លទ្ធផល ដែល​រុស្ស៊ី​អាច​ទទួល​យកបាន។ ប៉ុន្តែ សម្រាប់​មេដឹកនាំ​រុស្ស៊ី គឺ​អ៊ុយក្រែន និង​ ប្រទេស​លោកខាងលិចដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែនទេ ដែល​បដិសេធ​មិន​ចង់​ចរចា បិទបញ្ចប់ជម្លោះ​នៅអ៊ុយក្រែន។

ភាគី​អ៊ុយក្រែន ​បាន​ប្រតិកម្ម​ថា តាមពិត ម៉ូស្គូ គ្មាន​ចេតនា​ចង់​ចរចា ពិតប្រាកដ​នោះទេ ព្រោះថា រុស្ស៊ី​និយាយ​តែមាត់ថា ត្រៀមខ្លួន​ចរចា ប៉ុន្តែ នៅ​លើ​សមរភូមិ រុស្ស៊ី នៅតែបន្ត​បាញ់​មីស៊ីល កម្ទេចបំផ្លាញ អ៊ុយក្រែន ស្ទើរក្លាយជាផេះ។ ជាក់ស្តែង នៅថ្ងៃ​បុណ្យ​ណូអែល ម្សិលមិញ រុស្ស៊ី​បាញ់មីស៊ីល​ដល់​ទៅជាង ៧០គ្រាប់ ជាពិសេស ស្រោច​លើ​ទីក្រុង​Kherson ដែល​ទាហាន​អ៊ុយក្រែន ទើប​វាយចូលកាន់កាប់​បានមកវិញ ដោយ​បាន​សម្លាប់​មនុស្ស​១០នាក់។

មួយវិញទៀត គេពិបាក​នឹង​ជឿថា លោកពូទីន​មានចេតនា​ពិតប្រាកដ ដើម្បី បិទបញ្ចប់​ជម្លោះប្រដាប់អាវុធ នៅ​អ៊ុយក្រែន នៅពេល​គេលឺ​លោកនិយាយ​ថា រុស្ស៊ី នឹង​ធ្វើអ្វីគ្រប់បែបយ៉ាង​ដើម្បីបង្រួបបង្រួម​ជនជាតិ​រុស្ស៊ី នៅអ៊ុយក្រែន។ តាំងពីដំបូងទី មេដឹកនាំ​រុស្ស៊ី បាន​យកលេស ការពារ​ផលប្រយោជន៍ ជនជាតិ រុស្ស៊ី ដើម្បី បញ្ជូនទ័ព​ទៅ​ធ្វើ​សង្រ្គាម ​នៅអ៊ុយក្រែន។ នៅ​ក្នុងបទសម្ភាសន៍ នៅ​ទូរទស្សន៍ជាតិ​រុស្ស៊ី កាលពីថ្ងៃ​ម្សិលមិញ ប្រធានាធិបតី រុស្ស៊ី នៅបាន​ចោទប្រកាន់​ប្រទេស​លោកខាងលិច ថា កំពុង​ប៉ុនប៉ង​បំបែកបំបាក់​រុស្ស៊ី​នៅ​អ៊ុយក្រែន។ លោក​ពូទីនធ្លាប់​បាន​សន្យារួចហើយថា នឹង​បង្រួបបង្រួម​ ប្រជាជន​អ៊ុយក្រែន និង​ប្រជាជន​រុស្ស៊ី ឲ្យ​ក្លាយ​ជាប្រជាជាតិ​តែមួយ ដូចកាលពីមុន។ សម្រាប់​មេដឹកនាំ​រុស្ស៊ី បេសកកម្ម​របស់​កងទ័ព​រុស្ស៊ី នៅអ៊ុយក្រែន​គឺជា​រឿងត្រឹមត្រូវ។

សង្រ្គាម នៅអ៊ុយក្រែន មើលទៅ មិនងាយ​នឹង​បិទបញ្ចប់

សង្រ្គាមឈ្លានពាន​របស់​រុស្ស៊ី​មិនងាយនឹង​បិទបញ្ចប់ នៅ​ឆ្នាំថ្មី ឆ្នាំ ២០២៣។ នេះបើតាម​ការវាយតម្លៃ​របស់​រដ្ឋមន្រ្តីការពារ​ជាតិ​តួកគី លោក Hulusi Akar ។ សម្រាប់ ប្រមុខកងទ័ព​តួកគី ដរាបណា​ប្រទេស​លោកខាងលិច នៅតែ​បន្ត​ផ្តល់​ជំនួយ​យោធា ជាពិសេស​ការផ្តល់​ប្រព័ន្ធខែលមីស៊ីល​ដ៏មានតម្លៃ​របស់​អាមេរិក​ទៅ​ឲ្យ​អ៊ុយក្រែន នោះ ប្រទេស​លោកខាងលិច មិនបាន​ជួយ​លើកទឹកចិត្ត​ឲ្យ​អ៊ុយក្រែន ត្រលប់​ទៅ​ចរចា​ជាមួយ​រុស្ស៊ីនោះទេ។

ផ្ទុយទៅវិញ រុស្ស៊ី ដែលកាន់តែ​ក្រពុលមុខ​ខឹង​នឹង​ប្រទេស​លោកខាងលិចដែលនៅតែ​ជួយ​អ៊ុយក្រែន គឺ​ នៅ​តែ​មិនព្រម បន្ទន់​ជំហរ ហើយ​នៅតែបង្កើនការវាយប្រហារ​ទៅលើ​អ៊ុយក្រែន។ តាម​រដ្ឋមន្រ្តីការបរទេស​តួកគី សង្រ្គាម​រុស្ស៊ី​នៅអ៊ុយក្រែន មិនងាយ​នឹង​ចប់ដោយ​ស្រួលៗ នោះបើទោះបី​ជា​តួកគី ព្យាយាម​ធ្វើ​ជាអាជ្ញាកណ្តាល ជួយសម្របសម្រួល​អ៊ុយក្រែន និង​រុស្ស៊ីក្តី។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ