អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រុស្ស៊ីឡើង​​​ជា​ប្រធានផ្លាស់វេន​​​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ក្នុង​បរិបទ​​​សង្គ្រាមនៅ​អ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

រុស្ស៊ីដែល​ទើប​​អនុម័ត​យុទ្ធសាស្ត្រ​សកល​ប្រឆាំង​នឹង​បស្ចិមលោក​​ ត្រូវ​ក្លាយ​​ជា​ប្រធាន​ផ្លាស់វេន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ចាប់​ពី​ថ្ងៃទី​១មេសា​នេះ​ និង​សម្រាប់រយៈ​ពេល​​មួយ​ខែពេញ។​​ ជា​ប្រធាន​ដែល​​សមាជិក​អចិន្ត្រៃយ៍​​ទាំងអស់​របស់​ក្រុមបឹក្សា​មិន​រាប់​រក ព្រោះតែ​រុស្ស៊ី​នេះ​បាន​ធ្វើ​សង្គ្រាម​ចូល​ឈ្លានពាន​អ៊ុយក្រែន។ សម្រាប់​អ៊ុយក្រែន និង​ប្រទេស​ជា​មិត្ត​មួយ​ចំនួន​ រុស្ស៊ី​មិន​គួរ​មាន​កិត្តិយសធ្វើ​ជា​ប្រមុខ​ផ្លាស់​វេន​នៃ​ស្ថាប័នកំពូល​របស់​​អង្គការ​សហប្រជាជាតិទេ។ ​ក្នុង​​នាម​ជា​ប្រធាន​តើ​រុស្ស៊ី​អាច​មាន​អំណាច​និ​ងឥទ្ធិពល​អ្វី​ខ្លះ​ ?

រុស្ស៊ីឡើង​​​ជា​ប្រធានផ្លាស់​វេន​​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.
រុស្ស៊ីឡើង​​​ជា​ប្រធានផ្លាស់​វេន​​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ©REUTERS/Shannon Stapleton
ផ្សាយពាណិជ្ជកម្ម

សំឡេង​ប្រឆាំង​ក៏​មាន សំឡេ​ងអំពាវនាវ​ឱ្យ​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​ក៏​មាន សំឡេង​ប្រកូកប្រកាស​ធ្វើ​បាតុកម្ម​នៅ​តាមរដ្ឋធានី​នៃបណ្តា​​ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ ដូច​ជា​នៅក្រុង​ឡុងដ៍ នា​រសៀល​ថ្ងៃ​នេះ ក៏​មាន។ ​ពិត​ជា​សកម្មភាព​ប្រកប​ដោយ​និម្មិតរូប​មែន។

នេះ​ជា​ប្រតិកម្ម​ធម្មតា​ទេ នៅ​ចំពោះ​មុខ​រុស្ស៊ី ដែល​កាលពី​ឆ្នាំ​ទៅ​បាន​បំពាន​ធម្មនុញ្ញ​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ និង​គោលការណ៍​ច្បាប់​អន្តរជាតិ ​ដោយ​ប្រើ​កម្លាំង​យោធា​ចូល​ទៅ​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ឯករាជ្យ​មួយ​នោះ។ នៅអង្គការ​សហប្រជាជាតិ រុស្ស៊ី​បាន​អះអាង​ដោយ​ផ្ទាល់​ថា​ខ្លួន​ត្រូវ​ប្រឈម​នឹង​ក្រុមបស្ចិមលោក​ដែល​រួម​គ្នា​ដាក់​រុស្ស៊ី​ឱ្យ​នៅឯកាតាំងពី​បាន​ចូល​លុកលុយ​អ៊ុយក្រែន​មក។ ជាង​នេះ​ទៀត ​ម្សិលមិញ រុស្ស៊ី​បាន​អនុម័ត​ យុទ្ធសាស្ត្រ​សកល​ប្រឆាំង​នឹង​បស្ចិមលោក ថាជាការ​​គំរាមកំហែង​អត្ថិភាព​របស់​រុស្ស៊ី។

​សម្រាប់​អ៊ុយក្រែន ឱ្យ​រុស្ស៊ី​ធ្វើ​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ ចាប់​ពី​ថ្ងៃទី​១​មេសា ពិត​ជា​រឿង​​កំប្លែង​ដ៏​អាក្រក់​បំផុត។ ការ​រិះគន់​ក៏​មាន​ខ្លាំង​សម្បើម​ដែរ​មក​ពី​ខាងអាមេរិក។ ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំអង្គការ​សហប្រជាជាតិ បាន​លើក​ឡើង​ថា យោល​ទៅ លើ​ទង្វើ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន រុស្ស៊ី​មិន​គួរ​មាន​ឈ្មោះ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាស​ន្តិសុខ​ផង ប៉ុន្តែ​គួរ​ឱ្យស្តាយ​ ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្តូរ​ផ្លាស់​លក្ខន្តិកៈ​សមាជិក​អចិន្ត្រៃយ៍​ទេ។

​​យន្តការ​នៃ​ប្រធាន​ផ្លាស់វេនក្រុមប្រឹក្សា​សន្តិសុខ​​

ជា​ស្ថាប័ន​មួយ​ក្នុង​ចំណោម​ស្ថាប័ន​ទាំង​៦​របស់​អង្គការ​សហប្រជាជាតិ ក្រុមប្រឹក្សា​សន្តិសុខ​មាន​​អំណា​ច​ចេញ​សេចក្តី​សម្រេច​ ឱ្យ​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ទាំងអស់​អនុវត្តតាម។ ក្រុមប្រឹក្សា​មាន​សមាជិក​សរុប​១៥​ប្រទេស ៖ ៥ជា​សមាជិក​អចិន្ត្រៃយ៍ ( អាមេរិក​ បារាំង អង់គ្លេស ចិន និង​រុស្ស៊ី) និង​សមាជិក​មិន​អចិន្ត្រៃយ៍​១០ប្រទេស​ទៀត ដែលមាន​អាណត្តិ​ពីរ​ឆ្នាំ និង​​បោះឆ្នោត​ជ្រើស​តាំង​ចំនួន​ពាក់​កណ្តាល​ជា​រៀង​រាល់​ឆ្នាំ។

តាមវិធាន សមាជិក​ អចិន្ត្រៃយ៍ និង​មិន​អចិន្រ្តៃយ៍ ត្រូវ​ផ្លាស់​ប្តូរ​គ្នា​ធ្វើ​ជា​ ប្រធានដឹកនាំ​​​​​​ក្រុមប្រឹក្សា​សន្តិសុខ​ ម្នាក់ម្តងៗ សម្រាប់​រយៈពេល​​មួយ​ខែ​ តាម​លំដាប់​លំដោយ​ឈ្មោះ​ប្រទេស​ជា​ភាសា​អង់គ្លេស។ រុស្ស៊ី​បន្ត​តំណែង​ពី​ប្រទេស​មូសំប៊ិច នៅខែ​មេសានេះ ហើយ​ខែ​ក្រោយ​នឹង​ដល់​វេន​ប្រទេស​ស្វីសម្តង តៗ​គ្នា​...

កាលពី​ខែ​កុម្ភៈ​ឆ្នាំ​ទៅ រុស្ស៊ី​ក៏​ជា​ប្រធាន​ផ្លាស់វេន​ក្រុមប្រឹក្សា​សន្តិសុខ​ដែរ ហើយ​គឺ​នៅ​ខែ​នោះ​តែម្តង​ដែល​រុស្ស៊ី​បាន​លើក​ទ័ព​​ចូល​វាយប្រហារ​អ៊ុយក្រែន។ តាំងពី​ពេល​នោះ​មក សកម្មជន​គាំទ្រ​អ៊ុយក្រែន​និង​សមាជិកសភាផ្សេងៗ​​ ចង់​សុំ​ឱ្យបណ្តេញ​រុស្ស៊ី​ចេញ​ពីក្រុមប្រឹក្សា​សន្តិសុខ​ ប៉ុន្តែជា​សំណើ​ដែល​ គឺ មិន​អាច​ទៅរួច​សោះ ព្រោះ​បើ​តាម​អ្នក​ជំនាញ​ សំណើ​នឹង​ត្រូវ​ឆ្លង​កាត់​ការ​បោះឆ្នោត​នៅក្រុមប្រឹក្សា​សន្តិសុខ ហើយ​រុស្ស៊ី​ច្បាស់​ជា​នឹង​ប្រើ​​សិទ្ធិ​វេតូ​ប្រឆាំង​។ ដូច្នេះ​ធ្វើ​ម្តេចនឹង​អាច​បណ្តេញ​រុស្ស៊ី​កើត !

​ប៉ុន្តែ​វា​ដូច​ជា​ការចាក់​​បញ្ឈឺពេក !​ ក្នុង​ខណៈ​ដែល​ប្រទេស​ជា​ច្រើន​យល់​ថារុស្ស៊ី​ជា​អ្នក​គំរាម​កំហែង​សន្តិភាព ស្រាប់​តែ​​​រុស្ស៊ីក្លាយ​​ជា​ប្រធាន​ផ្លាស់​វេន​ស្ថាប័នរបស់​​អង្គការសហប្រជាជាតិ​​ទទួល​បន្ទុក​ស្វែង​រក​សន្តិភាពទៅ​វិញ។

​ប្រធានាធិបតី​ពូទីន​ អាច​ទាញ​ប្រយោជន៍​ពី​អ្វី​ខ្លះ ពី​តួនាទី​រុស្ស៊ី​ជា​ប្រធានផ្លាស់វេន​​ក្រុមប្រឹក្សា​សន្តិសុខ ​ ?

អ្វី​ដែល​ជា​កង្វល់​ខ្លាំង គឺ​ចំណុ​ច​នេះ​ឯង។ គេ​ខ្លាច​រុស្ស៊ី​ប្រើ​តួនាទី​ជា​ប្រធាន​ផ្លាស់​វេន សម្រាប់​ជា​ប្រយោជន៍​ផ្ទាល់ ដោយ​អាច​បំប៉ោង​បំពង​ឃោសនា​ បំភ្លៃ​ព័ត៌មាន​ជុំ​វិញ​សង្គ្រាម​នៅអ៊ុយក្រែន ទៅ​កាន់​ពិភពលោក​ផង និង​បង្ហាញ​ខ្លួន​លើ​ឆាកអន្តរជាតិ​ បិទ​បាំង​ភាព​ឯកា​របស់​ខ្លួន​ព្រមទាំង​សាកល្បង​បង្វែរ​ចំណាប់​អារម្មណ៍ពិភពលោក​ ដើម្បីការពារ​ទង្វើ​របស់​ខ្លួន​លើ​អ៊ុយក្រែន។ រុស្ស៊ី តាម​គម្រោង​នឹង​រៀប​ចំ​ជំនួប​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​​ក្រៅ​ផ្លូវការ​​មួយនៅ​ដើម​ខែ​មេសា ដើម្បី​បង្ហាញ​អំពី​ “ស្ថានភាព​ពិត” របស់​កុមារ​អ៊ុយក្រែន​នៅរុស្ស៊ី ដែល​ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​ដោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពេល​ចេញ​ដីកា​តាម​ចាប់​ខ្លួន​លោក​ពូទីន ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ជម្រិត​ក្មេង។

បើ​តាម​អ្នក​នាំពាក្យ​ ប្រមុខ​ការទូត​រុស្ស៊ី លោក ស៊ែកហ្គៃ ឡាវ្រូស នឹង​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​នៅខែ​មេសា​នេះ។ រដ្ឋមន្ត្រី​ការបរទេស​​រុស្ស៊ី​ក៏​នឹង​ដឹកនាំ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ទៀត គឺ​ការ​ប្រជុំ​តស៊ូមតិ​ជា​សាធារណៈ​ស្តីពី ​ប្រសិទ្ធភាពនៃ​ពហុនិយមដោយ​ការពារ​គោលការណ៍ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។ នៅថ្ងៃទី ២៥​មេសា លោក ឡាវ្រូស​នឹង​បើក​សម័យ​ប្រជុំ​ជុំ​វិញ​ប្រធាន​បទ​ដើម​បូព៌ា​ទៀត។

ក្នុង​នាម​ជា​ប្រធាន​ផ្លាស់​វេន​ រុស្ស៊ី​អាច​ស្នើ​ និង​ទទួល​យក​សំណើ​ពី​សមាជិក​ ក្នុង​ការ​សម្រេច​ប្រកាស​បើក​ប្រជុំ​បន្ទាន់​នានាមែន​​ ប៉ុន្តែ​ ការ​ឡើង​ធ្វើ​ជា​ប្រធាន​ មិនមែន​ជា​រឿង​អស្ចារ្យ​ឡើយ ព្រោះ​នេះ​ជាយន្តការ​ធម្មតា​របស់​ស្ថាប័ន​ទេ។

យ៉ាង​ណា​មិញ តួនាទី​ជា​ប្រធាន​ផ្លាស់​វេនរបស់​រុស្ស៊ី​ មិន​អាច​ផ្តល់​​ប្រយោជន៍​អ្វី​បាន​លើស​ពី​ទម្លាប់ ដល់​មូស្គូឡើយ។ លោក​ពូទីន មិន​អាច​ប្រើ​តួនាទី​នេះ​បាន​ទេ ព្រោះ​គ្រប់​សមាជិក​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​សុទ្ធ​តែ​មាន​សិទ្ធិ​បញ្ចេញ​មតិ និង​សំឡេង​ដូច​គ្នា​ក្នុង​ពេល​ប្រជុំ​ក្រុមប្រឹក្សា ហើយ​សហរដ្ឋ​អាមេរិក បារាំង អង់គ្លេស ច្បាស់​ជា​នឹង​មិនផ្តល់​យោបល់​​ស្រប​ជាមួយ​រុស្ស៊ី​ទេ មិន​ថា​ជា​សំណុំ​រឿង​អ៊ុយក្រែន​ឬ​សំណុំ​រឿង​លើ​ពិភពលោក​ផ្សេង​ទៀត​ឡើយ។ បើ​រុស្ស៊ី​ហ៊ាន​បញ្ចូល​សំណើ​អ្វី​មួយ​ដែល​មិន​សម អាមេរិក​និង​សមាជិក​ផ្សេង​ទៀតក៏​ប្រមូល​​សំឡេង​រារាំង​រុស្ស៊ី​មិន​ឱ្យ​ធ្វើ​អ្វី​ស្រេច​តែនឹង​ចិត្ត​បាន​ដែរ។

ការ​ពិតមួយ​​ដែល​មិន​អាច​ប្រកែក​បានមួយ​គឺ ប្រសិន​បើ​សមាជិក​អចិន្ត្រៃយ៍នៃ​ក្រុមប្រឹក្សាសន្តិសុខ​ណាមួយ លូកដៃ​ឬ​មាន​ពាក់​ព័ន្ធ​​នឹង​ជម្លោះ​ប្រដាប់​អាវុធ​ ក្រុមប្រឹក្សា​សន្តិសុខ​មិន​អាច​ធ្វើ​អ្វីចេញ​សម្រាប់​រារាំង​ទេ ព្រោះ​ភាគីពាក់ព័ន្ធ​នោះ​មាន​សិទ្ធ​ប្រឆាំង​វេតូ ដូចករណី​រុស្ស៊ី​​ធ្វើ​លើ​អ៊ុយក្រែន ដូច​ចិន​ធ្វើ​លើ​តៃវ៉ាន់ និងដូច​អាមេរិក​ធ្វើ​នៅ​​អាហ្វហ្កានីស្ថាន និង​អ៊ីរ៉ាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ