អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិកនិងកូរ៉េខាងត្បូងចាប់ដៃគ្នា​ក្នុងកិច្ចព្រមព្រៀង​ស្តីពីការប្រើអាវុធ​នុយក្លេអ៊ែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាមេរិក និង​សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង​ចុះកិច្ចព្រមព្រៀងថ្មី សំដៅ​ពង្រឹង​ឆ័ត្រនុយក្លេអ៊ែរអាមេរិកដើម្បី​ការពារ​កូរ៉េខាងត្បូង។ នៅក្នុង​សន្និសីទកាសែតដែលធ្វើឡើង នៅ​ក្រោយ​ជំនួបកំពូល កាលពីថ្ងៃ​ពុធ នៅសេតវិមាន ប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន​និង​ប្រធានាធិបតី​កូរ៉េខាងត្បូង យូន ស៊ុកយោល បាន​បង្ហាញ​ចេតនា​ចង់ពង្រឹង​ការសហការរវាង​សម្ព័ន្ធមិត្តទាំងពីរ ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ ប្រមុខដឹកនាំកូរ៉េខាងត្បូង​និងអាមេរិក​ព្រមានផងដែរ កូរ៉េខាងជើង កុំឲ្យវាយប្រហារនុយក្លេអ៊ែរ​លើ​អាមេរិក ឬ​ប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិក បើសិន​មិនចង់​ឲ្យ​អាមេរិក​ប្រើ​អាវុធនុយក្លេអ៊ែរ ឬ​ទីបញ្ចប់​នៃ​របប​កុម្មុយនិស្ត​ព្យុងយ៉ាង។

នៅ​ក្រោយ​ជំនួបកំពូល កាលពីថ្ងៃ​ពុធ នៅសេតវិមាន ប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន​និង​ប្រធានាធិបតី​កូរ៉េខាងត្បូង យូន ស៊ុកយោល បាន​បង្ហាញ​ចេតនា​ចង់ពង្រឹង​ការសហការរវាង​សម្ព័ន្ធមិត្តទាំងពីរ ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង
នៅ​ក្រោយ​ជំនួបកំពូល កាលពីថ្ងៃ​ពុធ នៅសេតវិមាន ប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន​និង​ប្រធានាធិបតី​កូរ៉េខាងត្បូង យូន ស៊ុកយោល បាន​បង្ហាញ​ចេតនា​ចង់ពង្រឹង​ការសហការរវាង​សម្ព័ន្ធមិត្តទាំងពីរ ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង AP - Andrew Harnik
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ជំនួប​ទ្វេភាគី ជាមួយប្រធានាធិបតី​កូរ៉េខាងត្បូង លោក​យូន សុខយោល នៅ​សេតវិមាន កាល​ពី​ថ្ងៃ​ពុធ លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន​បានសន្យាធានា​ការពារ​សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង នៅចំពោះមុខការគំរាមកំហែងអាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង តាមរយៈ​ការចុះកិច្ចព្រមព្រៀង ដែលមានឈ្មោះ សេចក្តីប្រកាស​វ៉ាស៊ីនតោន។

សេចក្តីប្រកាស​វ៉ាស៊ីនតោន​មានចែងថា អាមេរិក និងកូរ៉េខាងត្បូង​ព្រមព្រៀងគ្នា​ពង្រឹង​សហប្រតិបត្តិការយោធា និងការពិគ្រោះយោបល់​ឲ្យកាន់តែជិតស្និទ្ធខ្លាំងជាងមុន។

តាមមន្រ្តីអាមេរិក សេចក្តីប្រកាស​វ៉ាស៊ីនតោន ជាលទ្ធផល​នៃ​ការពិភាក្សា​ចរចា​ជាច្រើនខែ​មកហើយ រវាងអាមេរិក និងកូរ៉េខាងត្បូង បន្ទាប់ពី​កូរ៉េខាងត្បូង​ធ្លាប់​ទាមទារ​ចង់​បាន​ការបញ្ជាក់ និង​សកម្មភាព​ជាក់ស្តែង​របស់អាមេរិក ដើម្បី​ការពារ​កូរ៉េខាងត្បូង នៅចំពោះមុខ​កូរ៉េខាងជើង ដែល​បង្កើន​ការបាញ់សាកល្បង​មីស៊ីល និង​អាវុធនុយក្លេអ៊ែរ កាន់តែ​ទំនើបៗ គំរាមកំហែង​កូរ៉េខាងត្បូង។

ថ្លែងនៅ​ក្នុង​សន្និសីទកាសែតរួម​ជាមួយ​លោក​ប្រធានាធិបតីចូ បៃដិន ប្រធានាធិបតីកូរ៉េខាងត្បូង លោក​យូន ស៊ុកយោល និយាយថា សេចក្តីប្រកាស​វ៉ាស៊ីនតោន ជា​ការសន្យាថ្មី មិនធ្លាប់មាន របស់​អាមេរិក ដើម្បីទប់ទល់ និងការពារ​សម្ព័ន្ធមិត្តរបស់អាមេរិក តាមរយៈ​ការប្រើអាវុធ​នុយក្លេអ៊ែរ។

ទៅតាម​សេចក្តីប្រកាស​វ៉ាស៊ីនតោន អាមេរិក​យល់ព្រម​បញ្ជូន​នាវាមុជទឹកដែលមាន​មីស៊ីលបាលីស្ទិក បំពាក់​ដោយ​ក្បាល​គ្រាប់នុយក្លេអ៊ែរ ឲ្យ​ទៅបើក​ក្រវែល នៅទឹកសមុទ្រ​កូរ៉េខាងត្បូង ក្នុង​ពេល​មាន​កំណត់មួយ ប៉ុន្តែ មិនទៅប្រចាំការជាអចិន្ត្រៃយ៍​នោះទេ។ នេះជា​លើកទី១ ក្នុងប្រវត្តិសហប្រតិបត្តិការយោធា​អាមេរិក និងកូរ៉េខាងត្បូង បន្ទាប់ពី​អាមេរិក​ដកចេញអស់អាវុធនុយក្លេអ៊ែរ​ពីកូរ៉េខាងត្បូង កាលពីឆ្នាំ ១៩៩១។

ក្រៅពី​នាវាមុជទឹក អាមេរិក​អាច​បញ្ជូន​នាវាដឹកយន្តហោះចម្បាំង និង​យន្តហោះ​ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ​ទៅហោះ​ម្តងម្កាល នៅ​កូរ៉េខាងត្បូង។ ម្យ៉ាងទៀត តាមសេចក្តីប្រកាស​វ៉ាស៊ីនតោន អាមេរិក​នឹង​ដាក់បញ្ចូល​កូរ៉េខាងត្បូង​ទៅក្នុងផែនការ​នុយក្លេអ៊ែរ​របស់អាមេរិក។ មានន័យថា​ អំណើះតទៅ ភាគី​កូរ៉េខាងត្បូង​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​ការប្រជុំបន្ទាន់​របស់​មន្រ្តីអាមេរិក ទាក់ទង​នឹង​ការប្រើអាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ កូរ៉េខាងត្បូង​មិនត្រឹម​ទទួលបាន​ព័ត៌មានស្តីពីប្រភេទ និង​របៀបប្រើ​នុយក្លេអ៊ែរ​របស់អាមេរិក​តែប៉ុណ្ណោះទេ ប៉ុន្តែ កូរ៉េខាងត្បូងនៅ​អាច​មាន​សិទ្ធិ​បញ្ចេញយោបល់របស់ខ្លួន​សម្រាប់​ផែនការបន្ទាន់ ដែលអាមេរិក​អាច​រៀបចំឡើង​ដើម្បីឆ្លើយតប​នឹង​ការវាយប្រហារនុយក្លេអ៊ែរ​ណាមួយរបស់កូរ៉េខាងជើង។ ដែលនេះ​ទើបមានជាលើកទី១ បន្ទាប់ពី​កូរ៉េខាងត្បូង​បានទាមទារ​អស់ជា​ច្រើនឆ្នាំ។ កូរ៉េខាងត្បូង​ចង់​បាន​សិទ្ធិ​ដូច​ប្រទេស​នៅអឺរ៉ុប ដែលចូលរួម​យ៉ាងសកម្ម នៅក្នុងផែនការ ប្រើប្រាស់អាវុធនុយក្លេអ៊ែរអាមេរិក ដែលមាន នៅទឹកដីអឺរ៉ុប។

អាមេរិកយល់ព្រម​ពង្រឹងឆ័ត្រនុយក្លេអ៊ែរ​ការពារកូរ៉េខាងត្បូង ប៉ុន្តែ កូរ៉េខាងត្បូង​ត្រូវបោះចោលមហិច្ឆតា មានអាវុធនុយក្លេអ៊ែរ

កូរ៉េខាងត្បូង​ធ្លាប់​មានចិត្ត​ចង់​អភិវឌ្ឍ​ផលិត​អាវុធ​នុយក្លេអ៊ែរ ​កាលពីអំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ ប៉ុន្តែ នៅពេល​អាមេរិកដឹងរឿងនេះ អាមេរិក​បាន​ដាក់ឱសានវាទ​ឲ្យកូរ៉េខាងត្បូង​ជ្រើសរើស​ថា តើ​ចង់បន្តមហិច្ឆតា ផលិត​អាវុធនុយក្លេអ៊ែរដោយ​ខ្លួនឯង ឬ​ត្រូវការ​ឆ័ត្រការពារ​សន្តិសុខ​ពី​អាមេរិក ដែលនៅក្នុងនោះមានផងដែរ ការប្រើអាវុធនុយក្លេអ៊ែរអាមេរិក។ កូរ៉េខាងត្បូង​បានរើសយកជម្រើសទី២ ដោយ​អនុញ្ញាត​ឲ្យអាមេរិក​ពង្រាយ​កងទ័ព​ជាច្រើនម៉ឺននាក់ នៅទឹកដីកូរ៉េខាងត្បូង។

ប៉ុន្តែ ស្ថានការណ៍​បាន​វិវត្ត​ប្រែប្រួល​ច្រើន។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កូរ៉េខាងជើង ក្រោមការដឹកនាំ​របស់​លោកគីម ជុងអ៊ុន​សម្រុក​អភិវឌ្ឍ​ផលិត​មីស៊ីលទំនើបៗ និង​ប្រកាស​តាំងខ្លួន​ជា​មហាអំណាច​នុយក្លេអ៊ែរ នឹងគេដែរ។ ជាញយដង កូរ៉េខាងជើង​បាន​គំរាមកំហែង​ថា នឹង​វាយប្រហារ​កូរ៉េខាងត្បូង ជាមួយ​មីស៊ីល​ដែលមាន​បំពាក់ក្បាល​គ្រាប់នុយក្លេអ៊ែរ។ ព្យុងយ៉ាងនៅបាន​បង្ហាញថា ខ្លួន​មាន​សមត្ថភាព​វាយប្រហារ​ដល់ទឹកដី​អាមេរិក ដែលស្ថិតនៅចម្ងាយ រាប់ម៉ឺនគីឡូម៉ែត្រ​ពីកូរ៉េខាងជើង។

ដោយសារតែឃើញមីស៊ីល អាវុធ​នុយក្លេអ៊ែរ​របស់កូរ៉េខាងជើង កាន់តែ​ទំនើប និងមានសមត្ថភាព​វាយប្រហារ​រហូត​ដល់​ទឹកដីអាមេរិក ប្រជាជន​កូរ៉េខាងត្បូង ចាប់ផ្តើមសង្ស័យ និង​ចោទសួរពី​ចេតនា​របស់​អាមេរិក​ដើម្បី​មកជួយកូរ៉េខាងត្បូង ក្នុងករណី​ដែលមានការវាយប្រហារ​នុយក្លេអ៊ែរ​ពីកូរ៉េខាងជើង។ ក្នុងករណី​ដែល​កូរ៉េខាងជើង​គំរាម​ឲ្យ​អាមេរិក​ដកខ្លួន កុំ​អន្តរាគមជួយ​សេអ៊ូល បើសិន​មិន​ចង់​ឲ្យ​កូរ៉េខាងជើង​វាយប្រហារ​នុយក្លេអ៊ែរ​លើទីក្រុង​សាន់ហ្រ្វាន់ស៊ីស្កូ របស់អាមេរិក តើ​អាមេរិក​នឹង​រើសយកមួយណា? សម្រាប់ប្រជាជន​កូរ៉េខាងត្បូង អាមេរិក​ប្រាកដជាជ្រើសរើសជួយ​សាន់ហ្វ្រាន់ស៊ីស្កូ ដែលជា​ទឹកដីរបស់ខ្លួន ប៉ុន្តែ មកជួយ​សេអ៊ូលនោះទេ។ ដោយសារ​តែ​គិតថា មានតែ​ខ្លួនឯង​ជួយខ្លួនឯង​នេះហើយ បាន​ជាប្រជាជន​កូរ៉េខាងត្បូង កាន់តែច្រើន តាមការស្ទង់មតិ​មានដល់​ទៅ ៦៥% ចង់​ឲ្យ​កូរ៉េខាងត្បូង​មាន​សមត្ថភាព​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរដោយខ្លួនឯង ដោយ​មិនចាំ​បាច់ពឹងអាមេរិកដូចមុនទៀត។ ម្យ៉ាង ប្រជាជន​កូរ៉េខាងត្បូង​ហាក់កាន់តែ​លែងសូវជឿទុកចិត្ត​លើការសន្យា​របស់​អាមេរិក នៅពេលគេធ្លាប់លឺ អតីតប្រធានាធិបតីអាមេរិក លោក​ដូណាល់ ត្រាំ គំរាម​ឲ្យ​កូរ៉េខាងត្បូង​ត្រូវ​បង់ថ្លៃ​ឲ្យ​អាមេរិក បើសិន​ចង់​ឲ្យកងទ័ព​អាមេរិក​នៅបន្ត​ឈរជើង​ការពារ​កូរ៉េខាងត្បូង។

ផ្ទុយពីលោកដូណាល់ ត្រាំ លោកប្រធានាធិបតី​ចូ បៃដិន​បាន​ចេញមុខមកធានាសមភាគីកូរ៉េខាងត្បូង ដោយ​​និយាយ​ព្រមានខ្លាំងៗ ​កូរ៉េខាងជើងថា បើសិនជាហ៊ានវាយប្រហារ​អាមេរិក ឬ​ប្រទេស​សម្ព័ន្ធមិត្ត​របស់អាមេរិក ដោយគ្រាប់មុយក្លេអ៊ែរ នោះ កូរ៉េខាងជើង​ត្រូវ​ជួបគ្រាប់នុយក្លេអ៊ែររបស់អាមេរិកវិញ។ សម្រាប់លោកចូ បៃដិន ការវាយប្រហារ​នុយក្លេអ៊ែរណាមួយរបស់កូរ៉េខាងជើង នឹង​ធ្វើ​ឲ្យរបបកូរ៉េខាងជើងត្រូវអវសាន្តជីវិត។

ប៉ុន្តែ បើមើលទៅលើ​តម្រូវការ និង​ក្តីបារម្ភ​របស់​ប្រជាជនកូរ៉េខាងត្បូងសព្វថ្ងៃ ​ការចេញមុខធានា​របស់​មេដឹកនាំ​អាមេរិក ​និង​សេចក្តីប្រកាស​វ៉ាស៊ីនតោន ដែលមាននិយាយពី​ការបញ្ជូន​នាវាមុជទឹកនុយក្លេអ៊ែរ ទៅបើកឆ្វែល​កូរ៉េខាងត្បូង​នៅតែ​មិនគ្រប់គ្រាន់។ ផ្ទុយទៅវិញ ប្រជាជនកូរ៉េខាងត្បូង ត្រូវខក​ចិត្តសាជាថ្មី ព្រោះថា ជាថ្នូ​នឹង​ការសន្យាទទួលបានឆ័ត្រនុយក្លេអ៊ែរ​របស់អាមេរិក កូរ៉េខាងត្បូង​ត្រូវ​បោះបង់ចោល​ថ្មីម្តងទៀត មហិច្ឆតារបស់ខ្លួន ដែល​ចង់បាន ផលិត​អាវុធ​នុយក្លេអ៊ែរ​ដោយខ្លួនឯង៕

កិច្ចព្រមព្រៀង​ពង្រឹងឆ័ត្រ​ការពារ​របស់​អាមេរិក​នឹង​ធ្វើឲ្យ​កូរ៉េខាងជើង​ខ្លបខ្លាច?

ក្រោយ​អាមេរិក និងកូរ៉េខាងត្បូង ចេញសេចក្តីប្រកាស​វ៉ាស៊ីនតោន ចិន​តាមរយៈ​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​បាន​និយាយ​រំលឹក​ប្រាប់​កូរ៉េខាងត្បូង និងអាមេរិក កុំ​ឲ្យ​ធ្វើសកម្មភាពញុះញង់​បង្ក​ជម្លោះជាមួយ​កូរ៉េខាងជើង។ ប៉េកាំងនៅបាន​ថ្កោលទោស​សេចក្តីប្រកាសវ៉ាស៊ីនតោន និង​ចោទអាមេរិក​ថា មិនខ្វល់ពីសន្តិសុខក្នុងតំបន់។ សម្រាប់​ចិន អាមេរិក​ងប់ងុល​នឹង​រឿងតែម្យ៉ាង គឺ ប្រើបញ្ហា​ឧបទ្វីបកូរ៉េ​ដើម្បីបង្កើតភាពតានតឹង និង​បំផ្លាញ​របប​មិនរីកសាយភាយ​នុយក្លេអ៊ែរ។

នៅមុនប្រតិកម្ម​រិះគន់​របស់ចិន ភាគីអាមេរិក​បាន​បញ្ជាក់ហើយថា នៅរាល់​ការបញ្ជូន​នាវាចម្បាំង ឬ​អាវុធ​នុយក្លេអ៊ែរ​ទៅ​ឧបទ្វីកូរ៉េ អាមេរិក​ជូនដំណឹងជាមុន​ជានិច្ច​ទៅប្រាប់​ចិន ដើម្បីកុំ​ឲ្យ​ចិន​យល់ច្រលំពីចេតនា​របស់​អាមេរិក ដែលតាម​ពិត គឺ​ដើម្បីទប់ទល់​នឹង​ការវាយប្រហារ​នុយក្លេអ៊ែរ​ណាមួយ​របស់​កូរ៉េខាងជើង។ ម្យ៉ាង អាមេរិក​ខកចិត្ត​ណាស់ដែរ ដែល​ចិន​មិនប្រើ​ឥទ្ធិពល​របស់ខ្លួន ដើម្បីដាក់សម្ពាធ​ទៅលើ​កូរ៉េខាងជើង រហូត​ធ្វើ​ឲ្យ​កូរ៉េខាងជើង នៅពេលនេះ មានអាវុធនុយក្លេអ៊ែរ យកទៅប្រើដើរគំរាមកំហែងប្រទេស​ជិតខាង។

និយាយ​ពីកូរ៉េខាងជើងវិញ រហូតមកដល់ពេលនេះ ព្យុងយ៉ាងនៅមិនទាន់​មាន​ប្រតិកម្ម​អ្វីទេ។ ប៉ុន្តែ អ្នកជំនាញវាយតម្លៃថា មេដឹកនាំ​កូរ៉េខាងជើង​ទំនង​គ្មានព្រឺព្រួច បារម្ភខ្លាច​ពីការគំរាម​របស់​អាមេរិក។ កូរ៉េខាងជើង​សុខចិត្ត​ធា្លក់ខ្លួនពិបាក ដោយសារ​ទណ្ឌកម្ម​សេដ្ឋកិច្ច ដើម្បីសម្រួចសម្រាំង អាវុធនុយក្លេអ៊ែរ រហូតបាន​ក្លាយជា​មហាអំនាច​នុយក្លេអ៊ែរ​ដូចអាមេរិក។ រឿងអីដែលកូរ៉េខាងជើង ត្រូវ​ខ្លបខ្លាច បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​ដោយសារ​ការសម្លុត បង្ហាញ​សាច់ដុំ​អាវុធនុយក្លេអ៊ែរ​របស់​អាមេរិកនៅសមុទ្រ​កូរ៉េខាងត្បូង។ នៅដំណាក់កាលនេះ គេលែង​អាចបញ្ចុះបញ្ចូល​ដាក់សម្ពាធ​ឲ្យព្យុងយ៉ាង​លះបង់​ចោល​អាវុធនុយក្លេអ៊ែរ​ដូចមុនទៀតហើយ។ នៅពេលនេះ បើអាមេរិក​ចង់​ចរចាជាមួយ​កូរ៉េខាងជើង គឺ​បានត្រឹមតែ​ឲ្យ​កូរ៉េខាងជើង​គ្រប់គ្រងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយ​កុំ​ឲ្យ​ចេះតែ​ផលិត​​ច្រើនជាងចំនួន​សព្វថ្ងៃ​តែប៉ុណ្ណោះ ដូចករណី​ដែលអាមេរិក​បានចុះសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ​ជាមួយ​រុស្ស៊ីកន្លងមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ