អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ព្រះមហាក្សត្រអង់គ្លេស​ឡើងគ្រងរាជសម្បត្តិ​ តែ​ប្រឈមនឹងអប្រជាប្រិយភាព​ក្នុងចំណោមយុវជន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃសៅរ៍​​ ព្រះរាជាណាចក្រ​អង់គ្លេស ប្រារព្ធពិធីឡើងគ្រងរាជសម្បត្តិជាផ្លូវការ របស់ព្រះមហាក្សត្រ ព្រះអង្គ ឆាលស៍ ​ទី៣។ ព្រះរាជវត្តមាន​និង​វត្តមាន​ភ្លៀវ​កិត្តិយសមកពី​គ្រប់​ជ្រុងជ្រោយ​នៃពិភពលោក​​ ​ប្រមាណជាង​ ២ ៣០០ នាក់ សុទ្ធ​សឹងតែ ព្រះមហាក្សត្រ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និង​អ្នក​តំ​ណាងជាន់​ខ្ពស់​ ស្តេចយាង​និង​អញ្ជើញ​ចូលរួម​ពិធីបុណ្យដ៏​ឱឡារិកនៅ​អង់គ្លេស ដែល​​ នឹង​បន្តរៀបចំរហូត​ដល់ទៅ ​៣ ថ្ងៃ។ ព្រះអង្គ ឆាលស៍ ទី៣ ត្រូវ​គេ​មើលឃើញពីភាព​លេច​ធ្លោ​ខាងសកម្មភាព​បរិស្ថាន​ និង​ភាព​ទំនើប​និយម។ ក៏ប៉ុន្តែ មួយ​រយៈ​ចុងក្រោយ​នេះ របបរាជានិយម​អង់គ្លេស បា​នប្រឈម​នឹង​អប្រជាប្រិយភាព ពិសេស​នៅក្នុង​ចំណោម​យុវជនអង់គ្លេស។ នៅ​ក្នុង​ឱកាស​ព្រះរាជពិធី​គ្រង​រាជសម្បត្តិ​ថ្ងៃ ក៏​មាន​បាតុកម្ម​ប្រឆាំង​នឹង​របបរាជនិយម​នៅ​កណ្តាល​រាជធានី​ឡុងដ្រឺ ដែរ។ ​

ព្រះមហាក្សត្រ ព្រះអង្គ ឆាលស៍ ​ទី៣ ឡើងគ្រងរាជសម្បត្តិជាផ្លូវការ ​។
ព្រះមហាក្សត្រ ព្រះអង្គ ឆាលស៍ ​ទី៣ ឡើងគ្រងរាជសម្បត្តិជាផ្លូវការ ​។ AP - Aaron Chown
ផ្សាយពាណិជ្ជកម្ម

នៅ​អង់គ្លេស ៧០ឆ្នាំចុងក្រោយ​នេះ គ្មាន​ព្រះរាជពិធី​ឡើង​គ្រង​រាជ​សម្បត្តិ​ ដ្បិតអតីត​ព្រះមហាក្សត្រី ​អេលីហ្សាបិត ទី២ គ្រង​រាជ្យ​យូរ​អង្វែង​ណាស់។ ​ព្រះមហាក្សត្រ ព្រះអង្គ ឆាលស៍ ទី៣ ​ឡើងគ្រងរាជសម្បត្តិ​បន្តពី​ព្រះ​មាតា​ គឺ​ជា​ឱកាស​ដ៏ឱឡារិកសម្បើម​ណាស់​នៅអង់គ្លេស​​។

ព្រះរាជាពិធី​បំពាក់​ម្កុដរាជ ត្រូវ​ប្រារព្ធឡើង​ក្នុង​បែបបទ​​​គ្រិស្តសាសនា រយៈពេលប្រមាណ​​ ២ ម៉ោង និង​ ត្រូវ​រៀបចំ​នៅ​ព្រះវិហារ​ Westminster។ ពិធីបែប​សាសនា​គ្រិស្តព្រះវិហារ Westminster ​សម្រាប់ព្រះ​រាជាគ្រងរាជ្យ​​នេះ គឺ អង់គ្លេស អភិរក្ស​រក្សា​ទុក​រហូត​មក ជិត​ ១ ពាន់​ឆ្នាំហើយ។​

ព្រះរាជា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំធំៗ​នៃប្រទេស​ស្ទើរតែទាំងអស់​លើ​ពិភពលោក ដល់ ត្រូវ​ រាជាណាចក្រអង់គ្លេស​​ អញ្ជើញ​ទៅ​ចូលរួមពិធី​គ្រង​រាជ​សម្បត្តិ​របស់ព្រះ​រាជា ស្សាល។ ​លើកលែង​តែ រុស្ស៊ី និងកូរ៉េខាងជើង គឺគ្មាន​ការ​អញ្ជើញទេ។​ ​សហរដ្ឋអាមេរិក​  ​អតីតកាល​ធ្លាប់ឋិត​ក្រោម​អាណានិគម​អង់គ្លេស គឺ​ ប្រធានាធិបតីបច្ចុប្បន្ន លោក​ ចូ បៃដិន មិន​អញ្ជើញទៅទេ តែ​ភរិយា​របស់​លោក ទៅ​ជំនួស។ ចំណែក ចិន ប្រធានាធិបតី ស៊ី ជីនពីង ក៏​អត់​ទៅដែរ គឺ អនុប្រធានាធិបតី​ជាអ្នក​តំណាង។

តាម​ព្រះរាជាប្រពៃណី បណ្តា​សមាជិក​ព្រះ​រាជវង្ស​ ត្រូវ​ស្តេច​យាង​ចេញ​បង្ហាញ​ព្រះភក្ត្រ​នៅមុខ​ព្រះបរម​រាជវាំង Buckingham។ ទាហាន​ ៤ ពាន់​នាក់ ក្នុង​ឈុត​សម្លៀកបំពាក់ចម្រុះ​ជិត ​៤០ ជាតិសាសន៍​ដើរ​ហែរក្បួនព្យុហយាត្រា អម​ដោយ​ការ​​បាញ់​កាំភ្លើង​ និងក្បួន​យន្តហោះ​ចម្បាំង​ផង​​។ ប្រជានុរាស្ត្រ​​អង់គ្លេស រាប់ពាន់ម៉ឺននាក់​ ទឹកមុខ​រីករាយ ដៃ​កាន់​ទង់ជាតិ​អង់គ្លេស​គ្រវី ហើយ​និង​មាន​ភៀវទេសចរ ព្រមទាំង​អ្នក​ស្រឡាញ់​របប​រាជានិយម ច្រើន​សន្ធឹក​ ​បាន​ទៅ​រួមចូលរួម​អបអរ​យ៉ាង​ខាប់ទឹក​ខាប់ដី​។​

ក្នុង​ឱកាស​នេះ ប៉ូលិស​ប្រមាណ​ជិត​ ៣ម៉ឺននាក់ ត្រូវដាក់​ពង្រាយដើម្បី​យាម​កាម​​ ហើយ​ថ្ងៃសៅរ៍​នេះតែម្តង​ នគរបាល ​ប្រមាណ​ជាជាង​ ១១ ០០០ នាក់ រឹតបន្តឹង​សុវត្ថិភាព​។​ ពិធី​ផ្លូវ​ការ​មាន​ជាហូរហែ​នៅ​អាទិត្យ​ នៅព្រះរាជ​ដំណាក់​ព្រះមហាក្សត្រ និង​បន្ត​ដល់​ថ្ងៃ​ច័ន្ទ ៨ឧសភា​។

​​យុវជនអង់គ្លេស កាន់តែ​ច្រើន​ឡើងៗ​ ​មិន​សូវ​ពេញ​ចិត្ត​នឹង​របបរាជានិយម។

ព្រះមហាក្សត្រ​ ឆាលស៍ ទី៣ សោយ​រាជ​សម្បត្តិ​ នៅ​ព្រះ​ជន្ម​ ៧៤ ព្រះវស្សា។ ព្រះអង្គ ​ត្រូវគេមើលឃើញថាមាន​ភាពលេចធ្លោខាងវិស័យ​បរិស្ថាន និងភាពទំនើបកម្ម​។ ក៏ប៉ុន្តែ ​របបរាជានិយមអង់គ្លេស ជួប​​ប្រឈមនឹងអប្រជាប្រិយភាព គួរ​ឲ្យ​កត់​សម្គាល់។

តាម​ការ​ស្ទង់​មតិ​របស់​ YouGov គឺ​ប្រជានុរាស្ត្រ​អង់គ្លេស តែប្រមាណ ៥៨%ប៉ុណ្ណោះ ដែល​បង្ហាញ​បញ្ចេញមតិនៅ​គាំទ្រ​ស្រឡាញ់​របប​រាជនិយម។ ​ក៏ប៉ុន្តែ  នៅក្នុង​ចំណោមរង្វង់​​យុវជនអង់គ្លេស របបរាជានិយម​ មិនសូវ​មាន​ប្រជាប្រិយភាព​ទេ។ តាមការ​ស្ទង់​មតិ​ដដែល​ គឺ ​យុវជន​ ចន្លោះពី​១៨ទៅ​២៤ មា​នតែ ​៣២% ប៉ុណ្ណោះ ដែល​នៅ​មា​នសមានចិត្ត​ចំពោះ​របបរាជានិយម​។ ​ចំណែក អ្នក​ប្រឆាំង​នឹង​រាជានិយម មា​នច្រើនជាង ដល់ទៅ ៣៨% ហើយពួក​​គេ​ចង់​ឲ្យ​បោះឆ្នោត​ជ្រើស​ប្រមុខ​រដ្ឋវិញ​ អ្នក​ខ្លះ​ថែម​ទាំង​ចង់​ប្តូរ​របប​ជា​សាធារណរដ្ឋ​ ទៅទៀត​​។ ៣០%ទៀត គ្មាន​យោបល់​ទេ​។​

ចំពោះ​អ្ន​កប្រឆាំង ពួក​គេ​​​យល់ថា ពិធី​ឡើង​គ្រង​រាជ​សម្បត្តិ​​ ​ត្រូវ​ចំណាយ​ថវិកា​ជាតិ​ ច្រើន​សិប​លាន​ដុល្លារ គឺ​ការ​ខ្ជះខ្ជាយ គ្មា​នប្រយោជន៍ ខាត​លុយកាក់​ដែល​ពលរដ្ឋ​ខំបង់​ពន្ធ។ ជាការ​ខ្ជះខ្ជាយ​​ ស្របពេល​ដែល អង់គ្លេស ជួប​បញ្ហា​​អតិផរណាទំនិញ​ លុយ​ចុះថោក ទំនិញ​ឡើង​ថ្លៃ​។ អតិផរណា​ នៅអង់គ្លេស មាន​ជាង​ ១០% ។

នៅ​​ថ្ងៃ​សៅរ៍​​ ក្រុម​បាតុករ​ប្រឆាំង​រាជានិយម  យ៉ាង​ហោច​ ៦ នាក់ ត្រូវ​នគរបាល​​ចាប់ខ្លួន​។ ក្រុម​បាតុករ​ស្រឡាញ់​បរិស្ថាន​ ក៏ធ្វើ​បាតុកម្ម​ប្រឆាំង​ដែរ នឹង​វត្តមាន​របស់​ដ៏​ច្រើន​សន្ធឹក​របស់​ភ្ញៀវបរទេស ព្រោះ​អ្ន​កបរិស្ថាន​និយម យល់ថា អស់​លោក​ទាំង​នោះ ជិះ​យន្តហោះមក នាំ​ឲ្យ​បញ្ចេញ​ផ្សែង​ពុល​​។ សកម្ម​ជន​បរិស្ថាន​ ប្រមាណ​ជា​១៣ នាក់ ក៏ត្រូវ​ប៉ូលិស​អង់គ្លេស ចាប់ខ្លួន​ដែរ​។​

​ប្រទេស​២​ប្រកាសចង់​ដើរ​ចេញពី​​ក្រុម​​ប្រទេស​ Commonwealth របស់​អង់គ្លេស​។

​ព្រះរាជាអង់គ្លេស ឆាលស៍ ទី៣ មិនត្រឹមតែសោយរាជសម្បត្តិនិងមានអំណាចបុព្វសិទ្ធិជាព្រះមហាក្សត្រ មិនមែនសម្រាប់តែព្រះរាជាណាចក្រអង់គ្លេសមួយទេ គឺជាព្រះមហាក្សត្រ ដល់ទៅជាង១០ប្រទេសទៀត។ ​ថ្ងៃព្រហស្បត្តិ៍ ​២ថ្ងៃ​មុន​ពិធី​ឡើង​គ្រង​រាជ្យ​នេះ ប្រទេស​ Jamaïque និង Belize បាន​ប្រកាស​ជំហរ​ជាថ្មី​ទៀតថា​ចង់​ដើរ​ចេញ​ពី​ក្រុមប្រទេស Commonwealth។ ថ្នាក់ដឹកនាំប្រទេស​ទាំង​២ថែម​ទាំងប្រកាស​ថាក្រុមប្រឹក្សា​ធម្មនុញ្ញ​របស់​ខ្លួន កំពុង​តែ​កែប្រែច្បាប់កំពូល ដើម្បីដក​​មាត្រា​ស្តីពី​ឥទ្ធិពល​ឋិត​ក្រោម​អំណាច​អង់គ្លេស​ចេញ។​ ការប្រកាសចេតនា​ដើរ​​នេះ គឺបន្ទាប់ពីប្រទេស Bardade បាន​ដើរចេញពី ​​​Commonwealth ឆ្នាំ​២០២១ និងក្លាយ​ខ្លួន​ជា​សាធារណរដ្ឋ។

អ្នក​ជំនាញ​ មើលឃើញថា នេះក៏ព្រោះតែ​ស្នាម​ដាន​អាណានិគមកិច្ច ការ​ឈឺចាប់​ក្នុង​ប្រវត្តិសាស្ត្រ​ បង្ក​ឲ្យ​មាន​ក្តី​ស្អប់​ខ្ពើម​ម្ចាស់នឹម​អាណានិគម​ ពិសេស​ជុំវិញ ការ​ធ្វើបាប​ជិះជាន់​ពី​ពួក​រដ្ឋការ​អាណានិគម និង​ការ​លក់​ជួញ​ដូរ​ទេសករ​។​​សំណុំ​រឿង​ធំនេះ នៅតែ​តាម​មក​លង​បន្លាច​ទំនាក់ទំនង​ រវាង​អង់គ្លេស និង​ប្រទេស​ធ្លាប់​ជា​ចំណុះ​​។​

អ្ន​កជំនាញ​ជឿទៀត​ថា​ អង់គ្លេស​ នៅក្រោម​ការ​ដឹកនាំ​របស់​ ព្រះរាជាអង់គ្លេស ឆាលស៍ ទី៣ គឺ​នឹង​កែ​របៀបរបប​​ទំនាក់ទំនង​ជាមួយ​អតីត​ក្រោម​អាណានិគម ហើយ​នឹង​ងាក​ច្រើនទៅ​អាហ្វ្រិក។​ ហេតុផល​ម្យ៉ាង គឺ​សេដ្ឋកិច្ច។ ប្រឈម​នឹង​ចំណោទ​ខ្លះៗ​ខាង​ទីផ្សាររកស៊ី​ពាណិជ្ជកម្ម បន្ទាប់ពីអង់គ្លេស​ដក​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប អង់គ្លេស​ សម្លឹង​ឃើញ​សក្តានុពល​ថ្មី​នៃទីផ្សារ​ពាណិជ្ជកម្ម នៅ​អាហ្វ្រិក ដើម្បីង​នឹង​ទូរទាត់​ចំពោះ​ការ​ខាតបង់​។​

ក្រុម​​ប្រទេស​ Commonwealth មាន​​​សម្ព័ន្ធ​មិត្ត​ប្រទេស​ប្រមាណជាង​​ ​៥០ ប្រទេសហើយ ​ក្នុងនោះ ២១ប្រទេស នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​។ ប្រទេស កុងហ្កោ រ៉វ៉ាន់ដាន ហ្កាប៉ុង ក៏ដូចជា ម៉ូស្សាំប៉ិក​ ដែល​គ្មាន​ប្រវត្តិសាស្ត្រ​ជូរចត់​ក្រោម​អាណានិគម​ចក្រភព​អង់គ្លេស​ទេ បាន​សម្រេច​ចូលរួម​សម្ព័ន្ធ​ជាមួយ ក្រុម​ប្រទេស​ Commonwealth៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ