អានតួអត្ថបទ

អាមេរិក-អង់គ្លេស៖លោកបៃដិនបំពេញទស្សនកិច្ចនៅតំបន់អៀរឡង់ខាងជើងដែលកំពុងជាប់គាំងនយោបាយ

នៅ​ថ្ងៃ​ពុធ ទី១២ មេសា​នេះ ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​ផ្តើម​ទស្សនកិច្ច​នៅ​តំបន់​អៀរឡង់ខាងជើង​ក្នុង​ប្រទេស​អង់គ្លេស និង​ប្រទេស​អៀរឡង់​ដែល​ជា​សមាជិក​របស់​សហភាពអឺរ៉ុប។ អ្វី​ជា​ការ​កត់សម្គាល់ ទស្សនកិច្ច​របស់​លោក​បៃដិន​នៅ​ប្រទេស​អៀរឡង់​មាន​លក្ខណៈ​ផ្លូវការ​ជាង​នៅ​តំបន់អៀរឡង់ខាងជើង។ កម្មវត្ថុ​របស់​លោក​បៃដិន​នៅ​តំបន់​អៀរឡង់ខាងជើង គឺ​ដើម្បី​សាទរ​កិច្ចព្រមព្រៀង​សន្តិភាព​ចុះ​ហត្ថលេខា​កាល​ពី ២៥ឆ្នាំ​មុន និង​លើក​ទឹកចិត្ត​ឲ្យ​មាន​កិច្ចសន្ទនា​រវាង​ភាគី​ជម្លោះផ្ទៃក្នុង។

ប្រធានាធិបតីអាមេរិកលោកបៃដិន (រូបឆ្វេង) និងនាយករដ្ឋមន្រ្តីអង់គ្លេស​លោក​រីស៊ី ស៊ូណាក់ ថ្ងៃទី១២ មេសា ២០២៣។
ប្រធានាធិបតីអាមេរិកលោកបៃដិន (រូបឆ្វេង) និងនាយករដ្ឋមន្រ្តីអង់គ្លេស​លោក​រីស៊ី ស៊ូណាក់ ថ្ងៃទី១២ មេសា ២០២៣។ REUTERS - KEVIN LAMARQUE
ផ្សាយពាណិជ្ជកម្ម

ទីក្រុង​ប៊ែលហ្វាស់​របស់​តំបន់អៀរឡង់ខាងជើង​ជា​ជំហាន​ទី១ នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​លោក​បៃដិន​ក្នុង​ប្រទេស​អង់គ្លេស។ វត្តមាន​របស់​លោក​បៃដិន​នៅ​តំបន់​អៀរឡង់ខាងជើង​ធ្វើ​ឡើង ចំ​ខួប ២៥ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​ក្រុម​អ្នក​បង្រួបបង្រួមនិយមអៀរឡង់ខាងជើង​ដែល​កាន់​សាសនានិកាយ​ប្រូតេស្តង់ និង​ក្រុម​អ្នកសាធារណរដ្ឋអៀរឡង់ខាងជើង​ដែល​ភាគច្រើន​ជា​អ្នក​កាន់​សាសនា​កាតូលិក។ កិច្ចព្រមព្រៀង​សន្តិភាព​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី១០ មេសា ឆ្នាំ ១៩៩៨ បាន​បិទបញ្ចប់​សង្រ្គាម​ហែកហួរ​ផ្ទៃក្នុង​រយៈពេល ៣ទសវត្សរ៍​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ប្រមាណ ៣ ៥០០នាក់។

២៥ឆ្នាំ​ក្រោយ​មក និង​បន្ទាប់​ពី​ប្រទេស​អង់គ្លេស​បាន​ចាកចេញ​ពី​សហភាព​អឺរ៉ុប កិច្ចព្រមព្រៀង​សន្តិភាព​មួយ​នេះ​ហាក់​កំពុង​បន្ត​ផុយស្រួយ​ខ្លាំង។ ស្ថាប័ន​ស្វយ័ត​របស់​អៀរឡង់ខាងជើង​កំពុង​ជាប់គាំង​ដោយសារ​ការ​បដិសេធ​មិន​ចូលរួម​របស់​គណបក្ស​បង្រួបបង្រួម​​និយម​អៀរឡង់​ខាង​ជើង។ នៅ​ក្នុង​បរិបទ​តានតឹង​នេះ ប្រធានាធិបតី​អាមេរិក​លោក​បៃដិន​មាន​គម្រោង​ជួប​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​សំខាន់ៗ​ទាំង ៥រូប​នៅ​តំបន់​អៀរឡង់ខាងជើង។ គោលដៅ​របស់​លោក​បៃដិន គឺ​ជួយ​ផ្តល់​សន្ទុះ​កិច្ចចរចា​ឡើង​វិញ​ដើម្បី​បន្ត​រក្សា​ទុក​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​មាន​ស្រាប់។

បន្ទាប់​មក នា​ឱកាស​វត្តមាន​រយៈពេល​ខ្លី​ក្នុង​ទឹកដី​អង់គ្លេស លោក​បៃដិន​ក៏​នឹង​ឆ្លៀត​ចូល​ជួប​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​រីស៊ី ស៊ូណាក់​ដែរ។ បន្ទាប់​មក​ទៀត​នា​រសៀល​ថ្ងៃ​ពុធ ទី១២ មេសា​ដដែល លោក​បៃដិន​ដែល​មាន​ដើមកំណើត​ជា​ជនជាតិ​អៀរឡង់​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​អៀរឡង់​ដែល​ជា​សមាជិក​របស់​សហភាពអឺរ៉ុប។ នៅ​ក្នុង​ទឹកដី​កំណើត ការ​ទទួល​លោក​បៃដិន​អាច​មាន​ភាព​កក់ក្តៅ និង​អធិកអធម​ជាង​នៅ​អៀរឡង់ខាងជើង។ កំណត់សម្គាល់​មួយ​ទៀត ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​របស់​លោក​បៃដិន​នៅ​ប្រទេស​អៀរឡង់​មាន​លក្ខណៈ​ផ្លូវការ​ជាង ព្រោះ​លោក​ត្រូវ​មាន​ជំនួប​ជា​លក្ខណៈ​ទ្វេភាគី និង​ត្រូវ​ឡើង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សភា​អៀរឡង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ