អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ធនាគារ​វិនិយោគ​អាស៊ី​AIIB ធ្វើការ​បម្រើ​ផលប្រយោជន៍​ចិន យ៉ាងណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បើ​តាម​អតីត​ថ្នាក់​ដឹកនាំ​ធនាគារ​វិនិយោគ​អាស៊ី​ លោក Bob Pickard ​បក្ស​កុម្មុយនិស្ត​ចិន ​ប្រើ​ឥទ្ធិពល​ខ្លាំង​ហួស​ហេតុ​ដាក់​សម្ពាធមក​លើ​ធនាគារ។ សម្រេច​សម្រួច​ទៅ ​ធនាគារ​វិនិយោគអាស៊ី​ធ្វើ​ការ​បម្រើ​តែ​ផលប្រយោជន៍​ចិន​។ ​ពាក្យ​ចោទ​ប្រកាន់នៅ​​ថ្ងៃហស្បតិ៍​នេះ បាន​ជំរុញឱ្យ​ កាណាដា​បាន​ប្រកាស​បង្កប​កិច្ចសហប្រតិបត្តិការ​ជាមួយ​ធនាគារ​វិនិយោគអាស៊ីតែ​ម្តង។

អតីត​ថ្នាក់នាំ​ធនាគារ​វិនិយោគ​អាស៊ី ជាតិ​កាណាដា ចោទ ​AIIB ធ្វើការ​បម្រើ​ផលប្រយោជន៍​ចិន
អតីត​ថ្នាក់នាំ​ធនាគារ​វិនិយោគ​អាស៊ី ជាតិ​កាណាដា ចោទ ​AIIB ធ្វើការ​បម្រើ​ផលប្រយោជន៍​ចិន REUTERS - FLORENCE LO
ផ្សាយពាណិជ្ជកម្ម

​អតីត​ថ្នាក់ដឹកនាំ​ធនាគារ​ ​សញ្ជាតិ​កាណា​ដា អាយុ​៥៨​ឆ្នាំ​ លោក Bob Pickard ប៊ុប ពិចកាដ ទើប​បាន​លាលែង​ចេញ​ពី​តំណែង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​ទំនាក់ទំនង​របស់​ធនាគារ ក្នុង​សប្តាហ៍​នេះ​ឯង។ គ្រាន់​តែ​លាលែង​ពី​តួនាទីភ្លាម លោក​បានរួសរាន់​​ចាក​ចេញ​ពី​ប្រទេស​ចិន​ភ្លែត ព្រោះ​ខ្លាច​មាន​បញ្ហាសន្តិសុខ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​មក​កាន់​ភ្នាក់ងារ​សារព័ត៌មាន​​បារាំងAFP។ ហើយ​គឺ​ពីទីក្រុង​តូក្យូ ដែល​លោក​បាន​ទម្លាយ​ពាក្យ​ចោទ​ប្រកាន់​ថា​​របប​កុម្មុយនិស្ត​ចិន ប្រើ​ឥទ្ធិពល​ខ្លាំង​​ហួសហេតុ​លើ​ស្ថាប័ន​ធនាគារ​។ ធនាគារដែល​ត្រូវ​ជា​ស្ថាប័ន​ពហុជាតិ បែរ​ជា​​ស្ថិត​នៅក្រោម​អំណាច​របស់​សមាជិក​បក្ស​កុម្មុយនិស្ត​ចិន​ និង​​ផ្តល់​​ហិរញ្ញវត្ថុ​ ដល់​គម្រោង​ចិន ជា​ចម្បង ឬ​និយាយ​ឱ្យ​ចំ​ជា​ធនាគារ​​​​បម្រើផល​​ប្រយោជន៍ឱ្យ​ប៉េកាំង។

លោក ពិចកាដ បានលម្អិត​ថា ធនាគារ​មាន​ទិសដៅ​ផ្តល់​ប្រាក់​​កម្ចី ធំ ទៅ​ឱ្យ​ប្រទេស​ដែល​មានពាក់​ព័ន្ធ​គម្រោង​ផ្លូវ​សូត្រ​ថ្មី​របស់​ចិន ឬ​គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​ ព្រោះ​គម្រោង​​ទាំងពីរ មាន​ទាក់ទង​គ្នា។ គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ និង​ធនាគារ​វិនិយោគ​អាស៊ី​ ដៅប្រហាក់ប្រហែល​​គ្នាលើ​ក្រុម​ប្រទេស​ ​ដែល​ចិន​ចង់​រក្សា​ចំណង​នយោបាយ។

មួយ​ផ្នែក​ទៀត លោក​ធ្លាប់​បាន​ទទួល​ការ​ព្រមាន​តាំង​ពី​ទើប​ចូល​កាន់​តួនាទី​នៅក្នុង​ធនាគារ​កាលពី​ខែ​មីនា​២០២២​ភ្លាម ថា​កុំឱ្យ​ទៅ​ឈ្លោះទើសទាស់​​ជាមួយ​សមាជិក​បក្ស​កុម្មុយនិស្ត​ ព្រោះពួកគេ​មាន​អំណាច​ណាស់។ អតីត​ថ្នាក់​ដឹកនាំធនាគារ​​រូប​នេះ បាន​បដិសេធ​មិន​បញ្ចេញ​អត្តសញ្ញាណ​​អ្នក​ព្រមាន​ទេ តែ​លោក​បាន​ជូន​ជា​ដំណឹង​អំពី​តួនាទី​របស់​សមាជិក​បក្ស​កុម្មុយនិស្ត​និង​ឥទ្ធិពល​របស់​ពួកគេ តាម​រយៈ​​លិខិតមួយ​កាលពី​ខែ​មុន។ ចម្លើយ​តប​មក​វិញ គឺ​ “កុំ​ផ្សងព្រេង​លើ​ទឹក​ដី​នេះ​”។

កាលពី​ឆ្នាំ​២០១៧ ធនាគារ​ធ្លាប់​រងការ​ចោទ ប្រកាន់​ម្តង​ហើយ កាលណោះ​ អនុប្រធាន​ធនាគារ​ លោក Thierry de Longuemar បាន​ព្រលយ​ការ​ងឿយ​ឆ្ងល់​ថា តើ​ធនាគារ​វិនិយោគ​​អាស៊ី​ ជា​ឧបករណ៍​របស់​រដ្ឋ​ចិន​ឬ​យ៉ាងណា ?

​តើ​ធនាគារ​វិនិយោគអាស៊ី AIIB ជា​អ្វី ?

លោក​ប្រធានាធិបតី ​ស៊ីជិនពីង បាន​បង្ហើប​​គំនិត​ចង់​មាន​ស្ថាប័ន​ហិរញ្ញវត្ថុ​​ពហុជាតិនេះ តាំងពី​ឆ្នាំ​២០១៣​មក ដោយ​មាន​ចិន​ជា​បង្គោល។ នៅទីបំផុត ធនាគារ​ក៏​បានកើត​ចេញ​ជា​រូប​រាង​ នៅ​ឆ្នាំ​២០១៦ ដោយ​ចិន​មាន​ភាគ​ហ៊ុន​ច្រើន​ជាងគេ ២៧% បន្ទាប់​មក​ឥណ្ឌា​៨% ទីបី​គឺ​រុស្ស៊ី រួច​អាល្លឺម៉ង់ កូរ៉េខាង​ត្បូង អូស្ត្រាលី​ បារាំង ឥណ្ឌូណេស៊ី អង់គ្លេស និង​តួកគី។

​មាន​សមាជិក​ជា​បឋម​ចំនួន​៥៧​ប្រទេស និង​ឡើង​ដល់១០៦​ប្រទេស រាប់​ទាំង​ បារាំង អាល្លឺម៉ង់​ អូស្ត្រាលី និង​កាណាដាផង តែ​គ្មាន​ទេ​​សហរដ្ឋ​អាមេរិក។ អាមេរិក គ្មាន​ចំណែក​តាំងពី​ដំបូង ព្រោះ​មិន​ទុក​ចិត្តលើផ្នែកអភិបាល​កិច្ច​និង​​​​តម្លាភាព។​ មាន​ទីស្នាក់ការ​ធំ​នៅ​ក្រុង​ប៉េកាំង ធនាគារ​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី ​ ដៅ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​គម្រោង​វិនិយោគ​ នៅ​អាស៊ី​ និង​ មាន​គោលដៅ​ចម្បង​មួយ​ទៀត គឺ​ចង់​ទប់​ទល់​ឥទ្ធិពល​របស់​បស្ចិមលោក នៅ​អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ និង​នៅ​ធនាគារ​ពិភពលោក។

តាំងពីបង្កើត​ឡើង ធនាគារដឹកនាំ​ដោយ​​លោក Jin Liqun អតីត​អនុរដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ចិន តែ​អំណាចសម្រេច​​ស្ថិត​នៅលើក្រុមប្រឹក្សា​អភិបាល ដែល​ជ្រើសតាំង​​ដោយ​ប្រទេសជា​សមាជិក។ ​បើតាម​លោក ពិចកាដ នៅ​ក្នុងរង្វង់​​ក្បាល​ម៉ាស៊ីន​ដឹកនាំធនាគារ​មានលម្អ​ដោយ​វត្តមាន​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​​បរទេស​ច្រើន​នាក់មែន​ តែកិច្ចការ​​ផ្ទៃក្នុង​ពិត​គឺមាន​​ប្រព័ន្ធ​ដឹកនាំ​មួយ​ទៀតដែល​ជា​​​​រចនា​សម្ព័ន្ធ​សម្រេច​ជា​សាធារណៈ​ និង​ដែល​ស្ថិត​ក្រោម​អំណាច​របស់​បក្ស​។

​​​ចិនការពារ​តម្លាភាព​របស់​AIIB

ទាំង​រដ្ឋាភិបាលចិន ទាំង​​ស្ថាប័នធនាគារ​ផ្ទាល់ បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​គ្មា​បង្អង់​ឡើយ។ ធនាគារ​បាន​ចាត់​ទុក​ពាក្យ​ចោទ​ប្រកាន់​របស់​លោក ពិចកាដ ថា​គ្មាន​មូលដ្ឋាន​ និង​គួរ​ឱ្យ​សោកសា្តយ​បំផុត ព្រោះ​ធនាគារ​មាន​មោទនភាព​ខ្លាំង​ណាស់​នឹង​បេសកកម្មពហុជាតិ​របស់ពួកគេ។ តាំងពី​បង្កើត​ឡើង ធនាគារ​បាន​ផ្តល់កម្ចី​​ហិរញ្ញវត្ថុ​ចំនួន​២២១​គម្រោង​ តម្លៃ​សរុប​ ៤២ពាន់​លាន​ដុល្លារ។ ហើយ​តាម​ទិន្នន័យ​ចុងក្រោយ​ ក្នុង​ខែ​វិច្ឆិកា​២០២២ ឥណ្ឌា​ជា​អ្នក​ខ្ចី​ច្រើន​ជាងគេ។

ចំណែក​អាជ្ញាធរ​ចិន​វិញ បាន​ការ​ពារ​តម្លាភាព​របស់​សេវា​ធនាគារ​ ដោយ​អះអាង​ថា AIIB គោរព​គោលការណ៍​បើក​ចំហ គោរព​សមត្ថភាព​ តម្លាភាព​នៃ​ការ​ជ្រើសរើស​ និង​ចំណាត់ការ​បុគ្គលិក។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​បន្ថែម​ទៀត​ថា តាំងពី​បង្កើត​ឡើង ធនាគារ​បាន​សម្រេច​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ជា​ច្រើន​ដែល​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ។

​កាណាដាបញ្ឈប់​ប្រតិបត្តិការ​ជាមួយ​AIIB

ទំនាក់ទំនង​ចិនកាណាដា អាប់អួរ​ខ្លាំង​តាំងពី​ជា​ច្រើន​ឆ្នាំ មក​ហើយ ដោយ​ហេតុ​តែ​វិបត្តិ​ហួរវៃ និង​ការ​ចាប់​ខ្លួន​នាយិកា​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ហួរវៃ​ លោកស្រី ម៉េង វ៉ានចូវ កាលពី​ឆ្នាំ​២០១៨ រូច​បន្ត​ដោយ​ការ​ចាប់​ខ្លួន​ពលរដ្ឋ​កាណាដា​នៅក្នុង​ប្រទេស​ចិន​ពីរ​នាក់​ ពីបទ​ចារកិច្ច។ ហើយ​ថ្មីៗ​នេះ ភាព​តាន​តឹង​ឡើង​កាន់​តែ​ខ្លាំង ដល់​កំពូល នៅពេល​មាន​ការ​ទម្លាយ​ព័ត៌មាន​ទាក់ទង​ការ​បង្កើត​ប៉ុស្តិប៉ូលិស​ចិន​ខុស​ច្បាប់​លើ​ទឹក​ដីកាណាដា និង​ការ​ជ្រៀតជ្រែក​ពេល​បោះឆ្នោត​កាណាដា។

​គ្រាន់​តែ​លោក​ ពិចកាដ លាលែង​ចេញ​ពី​តំណែង​នៅធនាគារ​វិនិយោគ​អាស៊ី​ភ្លាម រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​កាណាដា លោកស្រី Chrystia Freeland បាន​ប្រកាស​បញ្ឈប់​ភ្លាម​រាល់​គ្រប់​សកម្មភាព​របស់​កាណាដា​ក្នុង​រង្វង់​ស្ថាប័ន​ធនាគារ​នេះ។ ក្រសួងហិរញ្ញវត្ថុ​​នឹងរួសរាន់​​ពិចារណា​អំពី​វត្តមាន​របស់​កាណាដា​ក្នុង​ធនាគារ។ សម្រាប់​លោក​ ពិចកាដ តើ​មាន​ប្រយោជន៍​អ្វី​ដែល​កាណាដា​ត្រូវ​មាន​ចំណែក​ក្នុង​ស្ថាប័ន​ដែល​ជំរុញ​ឱ្យ​ចិន​កាន់​តែ​ឡើង​ខ្លាំងនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ