អានតួអត្ថបទ
កាណាដា-ចិន

កាណាដា​​កោះហៅ​ឯកអគ្គរដ្ឋ​ទូត​ចិនឱ្យ​ចូល​បំភ្លឺ​​ និង​​​គ្រោង​បណ្តេញ​អ្នក​ការទូតចិន​ចេញ

រដ្ឋាភិបាលកាណាដា បាន​កោះហៅ​ឯកអគ្គរដ្ឋ​ទូត​ចិន ឱ្យចូល​​មក​បំភ្លឺ​ សំណុំ​រឿង​ប៉េកាំង​សំឡុត​បំភ័យ​សមាជិក​សភា​កាណាដា​ម្នាក់ ដែល​បាន​រិះគន់​របប​កុម្មុយនិស្ត​។ កាណាដា​ទំនង​ជា​នឹង​អាច​បណ្តេញ​អ្នកការទូត​ចិនចេញ​ផង។​ ​ចិន​បាន​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​​តប​នៅថ្ងៃសុក្រ​នេះ ដោយ​ចាត់​ទុក​ពាក្យ​ចោទ​ប្រកាន់​របស់​កាណាដា ថា​ការ​ប្រឌិត​ និង​ មួល​បង្កាច់​។

នាយករដ្ឋមន្ត្រីកាណាដា និង​លោកស្រី​រដ្ឋមន្ត្រី​ក្រសួងការបរទេស Malanie Joly (ស្តាំ)
នាយករដ្ឋមន្ត្រីកាណាដា និង​លោកស្រី​រដ្ឋមន្ត្រី​ក្រសួងការបរទេស Malanie Joly (ស្តាំ) AP - Sean Kilpatrick
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​​កាណាដាកំពុង​ពិចារណា​រក​គ្រប់​វិធី រាប់​ទាំង​ការ​បណ្តេញ​អ្នក​ការទូត​ផង។ នេះ​បើ​តាម​ការ​អះអាង​របស់​លោកស្រី Melanie Joly ​រដ្ឋមន្ត្រីក្រសួងការបរទេស​ទៅកាន់​គណៈកម្មការ​សភា ដោយ​បញ្ជាក់ថាបាន​កោះហៅ​​ឯកអគ្គរដ្ឋ​ទូត​ចិនឱ្យ​ចូល​​មក​បំភ្លឺហើយ។

ទំនាក់ទំនង​កាណាដា​-ចិន​ អាប់អួរ​ដល់​កំរិត​នេះ ដោយហេតុ​តែ​មានសមាជិក​សភា​បក្ស​អភិរក្ស​និយម​កាណាដា​ លោក Michael Chong និងគ្រួសារ​ដែល​រស់​នៅ​ហុងកុង ​បានរង​​​ការ​សំឡុត​បំភ័យ​ ក្រោយ​ពី​តំណាង​សភា​កាណាដា​រូប​នេះ​បាន​រិះគន់​របប​ក្រុង​ប៉េកាំង។ ​បើ​តាម​របាយការណ៍​របស់ Globe and Mail ចេញផ្សាយកាលពី​ថ្ងៃ​ចន្ទ ដោយ​ផ្អែក​លើឯកសារ​សម្ងាត់​និង​ប្រភពភ្នាក់ងារ​​សន្តិសុខ​សុំ​មិន​បញ្ចេញ​ឈ្មោះ ភ្នាក់ងារ​សម្ងាត់​ចិន​ បាន​ដៅ​គំរាម​លោក Chong និង​ក្រុមគ្រួសារ ពីបទ​បាន​បោះឆ្នោត​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០២១ គាំទ្រ​ការ​ចោទ​ប្រកាន់សកម្មភាព​ចិន​លើ​ជនជាតិ​ភាគ​តិច​អ៊ុយហ្គួរ​ ថា​ជា​ទង្វើ​ប្រល័យពូជសាសន៍។ សម្រាប់ភ្នាក់ងារ​ចារកិច្ចកាណាដា ចិន​ចង់​យក​ករណី​លោក​Chong ជា​គំរូ​ទៅ​សំឡុត​បង្អាក់​សកម្មភាព​របស់​សមាជិកសភា​កាណាដា​ផ្សេង​ទៀត ដែល​មាន​ជំហរ​ប្រឆាំង​នឹង​ចិន។

មន្ត្រីទូត​ម្នាក់​នៅក្នុង​ស្ថានកុងស៊ុល​ចិន​ប្រចាំទីក្រុង​តូរ៉ងតូ ទំនង​ជា​មាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នឹង​សំណុំ​រឿង​នេះ។ ប៉ូលិស​សហព័ន្ធ​ ថែម​ទាំង​​បាន​រក​ឃើញ​និង​កម្ចាត់​​ទីស្នាក់ការ​ប៉ូលិស​ ​ខុស​ច្បាប់ចិនជា​ច្រើន​នៅកាណាដា​ ដែល​ចាំ​ឃ្លាំមើល​និង​គំរាម​ជនជាតិ​ចិន​នៅបរទេស។

ប៉ុន្តែចិន​​គ្មាន​គំនិត​​ចង់​ជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុង​កាណាដាសោះ ហើយគ្មាន​​ប្រយោជន៍​អ្វី​នឹង​ធ្វើ​បែប​ដែរ។ នេះ​ជា​ប្រតិកម្ម​ឆ្លើយ​តប​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ចំពោះ​​ពាក្យ​ចោទ​ប្រកាន់​ជុំ​វិញ​ការ​ប្រើ​សម្ពាធ​ប្រឆាំង​​លោក​Chong។ អ្នកនាំពាក្យ​ចិន​បាន​បិរហារ​ថា កាណាដា បាន​ប្រឌិត​រឿង និង​មួល​បង្កាច់​ ដំណើរការ​ជា​ប្រក្រតី​របស់​ស្ថានទូតនិង​ស្ថានកុងស៊ុល​ចិន។ ចិន​ខឹងខ្លាំង​និង​សូម​បដិសេធ​ប្រឆាំងយ៉ាង​​ដាច់ខាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ