អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រមុខការទូតអាមេរិក ទៅដល់ក្រុងប៉េកាំង ជួបនិយាយជាមួយសមភាគីចិន ដើម្បី​បន្ធូរ​ស្ថានការណ៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អង់តូនី ប្លីងកិន អញ្ជើញ​ធ្វើ​ដំណើរ​ទៅដល់រដ្ឋធានី​ប៉េកាំង នៅថ្ងៃ​អាទិត្យ​ទី​១៨មិថុនា​​​ ដើម្បីជួបនិយាយជាមួយសម​ភាគី​ចិន ខណៈភាពតានតឹងផ្នែកការទូត រវាងចិននិងសហរដ្ឋអាមេរិក កាន់តែឡើងកម្រិត។ ដូច​ប្រមុខ​ការទូត​របស់​ខ្លួន​ដែរ លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន បានថ្លែងក្តីរំពឹង​ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ ទៅ​ប៉េកាំង​ នឹងជួយ​​បន្ថយបន្ធូរ​សភាព​ការ​ណ៍​តាន​តឹង​ ហើយ​រូបលោក​ ចូ បៃ​ដិន ខ្លួន​ឯង​ ក៏​សង្ឃឹ​ម​ថា​នឹង​បាន​ជួប​ប្រាស្រ័យ​ដោយ​ផ្ទាល់​ជាមួយ​ប្រធានា​ធិប​តី​​ចិន​ ស៊ី ជិន​ពីង នៅ​«ប៉ុន្មាន​ខែ​ខាង​មុខ​នេះ»។​

លោក ជីន កង ប្រមុខ​ទូត​ចិន​និង​លោក អង់តូនី ប្លីងកិន កំពុង​ចាប់​ដៃគ្នា នៅប៉េកាំង ថ្ងៃទី​១៨ មិថុនា ២០២៣។
លោក ជីន កង ប្រមុខ​ទូត​ចិន​និង​លោក អង់តូនី ប្លីងកិន កំពុង​ចាប់​ដៃគ្នា នៅប៉េកាំង ថ្ងៃទី​១៨ មិថុនា ២០២៣។ REUTERS - LEAH MILLIS
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅស្រុកចិន​​នេះ ត្រូវ​កាសែត​ចិន​ផ្សាយ​ពីថ្ងៃទី​១៤មិថុនា​ អំ​ពី​ការ​ជជែក​គ្នា​តាមទូរសព្ទ​រវាង​រដ្ឋមន្ត្រី​ការបរទេស​ទាំង​ពីរ​ប្រទេស​​ ហើយ​ក៏ត្រូវ​លោកប្រមុខទូត​អាមេរិក ​ប្រកាស​ឲ្យដឹងដោយផ្ទាល់​​នៅ​សុក្រ​ ពេល​ធ្វើ​សន្និសី​ទ​សារព័ត៌មាន​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី  ពី​ក្រុង​វ៉ាស៊ីន​តោន​។​ មុន​នឹង​ចេញទៅចិន រដ្ឋមន្ត្រីការបរទេស​ ក៏​បាន​ពិភាក្សាគ្នា​ជាមួយ​សមភាគី ជប៉ុន និង​កូរ៉េខាងត្បូង រួច​ស្រេច​ហើយ​ដែរ។​

បន្ទាប់ពី​ខក​ខាន​ អស់​៥ឆ្នាំ ​ នេះ​ជាលើកទី១ហើយ​ ដែល​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​ទៅ​ជាន់​ដីចិន​។

គ្មានថ្នាក់ដឹកនាំជាន់ខ្ពស់អាមេរិករូបណា ឬរដ្ឋមន្ត្រីបរទេសអាមេរិក បានទៅជាន់ដឹកដីចិន ដោយផ្ទាល់ នោះទេ ជាង​៥ឆ្នាំមកនេះ​។ ប្រមុខការបរទេសអាមេរិកចុងក្រោយ ដែលទៅស្រុក​ចិន គឺលោក Mike Pompeo ដែលទៅប៉េកាំង​នៅឆ្នាំ២០១៨ ជំនាន់អាណត្តិដឹកនាំរបស់លោក ដូណាល់ ត្រាំ។ ក៏ប៉ុន្តែ គឺលោក Mike Pompeo ដែលពេលក្រោយមក ក្លាយជាបុគ្គលសំខាន់ ក្នុងការរៀបចំយុទ្ធសាស្ត្រប្រឆាំងទប់ទល់ចិន ស្របតាមខ្សែបន្ទាត់របស់លោក ដូណាល់ ត្រាំ។ ​

វត្ថុបំណងធំបំផុតរបស់​ភាគី​អាមេរិក​ នៅពេល​នេះ​ ដើម្បីសម្រួលស្ថានការណ៍ឲ្យធូរស្រាល និងរំលាយភាពជាប់គាំងទាំងឡាយ។ ពោល​គឺ​ឈរ​លើកគំនិត​ ថា ត្រូវ​និយាយ​គ្នា ដើម្បី​យល់​ពី​គ្នា យល់​ពី​ទឹក​ចិត្ត​និង​ការ​ចង់​បាន​របស់​ម្នាក់ ហើយ​ដើម្បី​បញ្ជៀស​ការយល់ខុស​ភាន់​ច្រឡំ និង​ចៀសវាង​ផ្តាច់​ទំនាក់ទំនង​និង​ឈ្លោះទាស់ទែង​គ្នា។​

លោក អង់តូនី ប្លីងកិន ត្រូវ​ទៅ​ប៉េកាំង​តាំង​តែ​ពី​កុម្ភៈ​ម្ល៉េះ ប៉ុន្តែត្រូវ​ខកខាន​ទៅវិញ ព្រោះតែ​ផ្ទុះ​បញ្ហា​បាឡុង​ចារកិច្ច​ចិន​ ​ហោះ​លើ​ដែន​អាកាស​អាមេរិក។​ រឿង​នេះ​ធ្វើ​ឲ្យ​ស្ថានភាព​ការទូត​ប្រទេស​ទាំងពីរ​ ជាប់​គាំង​ខ្លាំង។ ទោះជា​ម្តេច​ក្តី មន្ត្រីជាន់​ខ្ពស់​ប្រទេស​ទាំង​ពីរ ក៏បាន​ស្កាត់ជួប​គ្នា​ខ្លះដែរ​ នៅ​ក្រៅ​ស្រុក​ចិន។ ជាក់ស្តែង ខែ​មីនា លោក អង់តូនី ប្លីងកិន ជួប​អតីត​ប្រមុខ​ការទូតចិន​ លោក វ៉ាំង យី នៅ​ក្រុង​នៅម៉ូនិច​ ប្រទេស​អាល្លឺម៉ង់​។ លោក​ វ៉ាំង យី ក៏​បាន​ជួប​នឹង​ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក នៅ​ក្រុង​វីយែន ប្រទេស​អូទ្រីស។ ​ក្នុង​ខែមេសា រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​ចិន ក៏បាន​អញ្ជើញ​ទៅ​ក្រុង​វ៉ាស៊ិន​តោន​ដែរ​។ ​ជំនួប​ខ្លះៗ​មកនេះ ហាក់​មិន​បាន​ជា​ផល​អ្វីធំដុំ​នោះឡើយ។ ហេតុ​ដូច្នេះ​ហើយ​មើលទៅ ! ទើប​លោកប្រមុខ​ការទូត​អាមេរិក សម្រេច​អញ្ជើញ​ទៅដល់​កណ្តាល​បេះដូង​ ប្រទេស​ចិន​តែម្តង ដើម្បី​ជជែក​ចរចា​ដោយ​ផ្ទាល់។​

​នៅ​ក្រុង​ប៉េកាំង អ្ន​កឆ្លើយ​ឆ្លង​ព័ត៌មាន​វិទ្យុ​បារាំង Stéphane Lagarde បញ្ជាក់​ឲ្យ​ដឹង​ច្បាស់ថា ដំណើរ​ទស្សនកិច្ចនេះ ពុំ​មែន​ជា​ការ​អញ្ជើញ​​ផ្លូវ​រដ្ឋ​ទេ តែ​ជាការ​រៀបចំ​សម្រុះ​សម្រួល​លក្ខខណ្ឌ​ទ្វេភាគី។ ដូច្នេះ​ គ្មា​នកម្រាល​ព្រំ​ក្រហម ទទួល​លោក​​ ប្លីងកិន នៅ​​ព្រលាន​យន្តហោះ​ទេ​។

ទំនាក់ទំនងអាមេរិកនិងចិន ជាប់គាំងស្ទើរគ្រប់វិស័យ នា​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​។ ​ក្នុង​ជំនួប​នៅ​ប៉េកាំង​លើកនេះ តើវិស័យ​ឬ​ផ្នែក​ណាមួយ​ដែល​ត្រួវ​សម្រួល​បន្ធូរ​ ជា​អាទិភាព​នោះ​?​

​រាប់​ចាប់តាំង​ពី វិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម យោធា​ ការទូត បច្ចេកវិទ្យា​ នវានុវត្តន៍ច្នៃប្រឌិត​បង្កើត​ថ្មី​​ ព័ត៌មាន​វិទ្យា​ រហូត​ដល់​វិស័យ​អាវកាស ជាដើម ដែល​កិច្ចការ​សហការ​ទ្វេភាគី​ត្រូវ​រអាក់រអួល​ ប្រមុខ​តាន​តឹង​ដាក់គ្នា និង​ត្រូវ​ជាប់​គាំង​តែម្តង។ អ្នក​ឆ្លើយ​ឆ្លង​ព័តមាន​វិទ្យុ​បារាំង​នៅ​ញូវយ៉ក Carrie Nooten ក៏​គូស​បង្ហាញដែរថា លោករដ្ឋមន្ត្រី​ការបរទេស​ អង់តូនី ប្លីងកិន បា​ន​ដឹង​ខ្លួន​ឯង​ច្បាស់​ណាស់​ថា ទំនាក់​ទំនង​ដ៏​អស្ថិរភាព​រវាង​អាមេរិក​និង​ចិន​ គឺ​នាំ​ឲ្យ​ពិភព​ទាំងមូល​ជ្រួល​ច្របល់​។

ក្រៅពី​បញ្ហា​ទ្វេភាគី នៅ​មាន​សំណុំ​រឿង​ច្រើន​ ដូចជា ​បញ្ហា​តៃវ៉ាន់ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ ​ បញ្ហា​ចិន​ជាមួយជប៉ុន និង​កូរ៉េ​ខាងត្បូង ដែល​ជា​សម្ព័ន្ធ​មិត្ត​អាមេរិក និង​ដែល​ជា​វិបត្តិ​ប្រទាក់​ក្រឡាគ្នា​នឹង​បញ្ហា​វិបត្តិ​កូរ៉េ​ខាង​ជើង​ ទៅទៀត។ មួយ​វិញទៀត ខាង​អង្គការ​សិទ្ធិមនុស្ស​ គឺ​ចង់​ឃើញ​និង​ទន្ទឹង​រង់ចាំ​មើល​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លើកឡើង​ពី​បញ្ហា​សិទ្ធជន​ជាតិ​ភាគ​អ៊ុយហ្គួ ដែល​ចាត់​ទុកថា​ជា​ ឧក្រិដ្ឋកិច្ច​មនុស្ស​ជាតិ ចំពោះ​អ្វី​ដែល​រដ្ឋអំណាច​ចិន​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​ចំពោះ​ជនជាតិ​ភាគិអ៊ុយហ្គួ​។​

ចំពោះ​មុខ​វិបត្តិ​ច្រើន​ប្រភព​និង​ច្រើន​ប្រភេទនេះ គឺ​សំណុំ​ស្រួច​ខ្លាំង​ជាងគេ គឺ​ រឿង​តៃវ៉ា់ន់។ តៃវ៉ាន់​ដែលត្រូវ​រៀបចំ​​បោះឆ្នោតនៅតៃវ៉ាន់ នៅឆ្នាំក្រោយ។ ឆ្នាំក្រោយ អាមេរិកក៏រៀបចំបោះឆ្នោតប្រធានាធិបតីដែរ។ កាសែត​អន្តរជាតិ​ និង​អ្នក​វិភាគ​ស្ថានការណ៍​មើលឃើញថា «សំណុំ​រឿង​តៃវ៉ាន់ បើ​មិន​ជជែក​គ្នា​ឲ្យ​ចម្រើន​ទៅមុខទេ គឺដំណើរ​ផ្លាស់​ទីពី​វ៉ាស៊ីនតោនទៅប៉េកាំង របស់​លោក ប្លីងកិន ជាការ​គ្មាន​ប្រយោជន៍។»

ជាការ​សម្រួល​ចិត្ត​ដល់​ភាគី​ចិន គឺ​លោក ប្លីងកិន បាន​បញ្ជាក់​តាំង​ពី​៤ថ្ងៃ​មុន​មកម្ល៉េះ នៅ​ការជជែកគ្នាតាមទូរសព្ទរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរប្រទេស គឺថា «ជំហរ​អាមេរិក គឺ​គោរព​ជំហរ​របស់​ចិន​ក្នុង​សំណុំ​រឿង​តៃវ៉ាន់។»

​​ដំណឹង​នៅពេលដំបូងៗនេះ កាសែតបច្ចិមលោក បានទទួលព័ត៌មានតិចតួចណាស់ ស្តីពីលទ្ធភាពដែលប្រមុខការទូតអាមេរិក លើកឡើងពីបញ្ហាវិបត្តិអ៊ុយក្រែន ដើម្បីឲ្យ ចិន ដាក់សម្ពាធលើក រុស្ស៊ី។ ប៉ុន្តែ ប្រហែលជាថ្នាក់ដឹកនាំទាំងពីរប្រទេសលើកឡើងនៅក្នុងកិច្ចប្រជុំ​បិទទ្វារ​ ក៏មិនដឹង។​ ក្រុម​អ្ន​កកាសែត ​បាន​ចូល​ថ​ត​រូប​តែមួយ​ភ្លេត ក៏ត្រូវគេ​​បញ្ជាឲ្យ​ចេញ​ទៅ។​

«​ដំណើរ​រយៈ​ពេល​ខ្លីត្រឹម២ថ្ងៃ​របស់​រដ្ឋមន្ត្រី​ការបរទេស​នេះ ​មិន​នឹង​ជួយ​ដោះស្រាយ​អ្វី​ច្រើន​ឡើយ ​។»​

អ្នក​ការទូត​ជើង​ចាស់ម្នាក់ លោក Danny Russel អតីត​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​អាមេរិក​ និង​បច្ចុប្បន្ន​ជា អនុប្រធាន​ វិទ្យាស្ថាន​សិក្សា​គោល​នយោបាយ​អាស៊ី (Asia Society Policy Institute) នៅ​ញូវយ៉ក បានប្រមើល​ឃើញថា ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ប្រមុខ​ការ​ទូត​អាមេរិក​នៅប៉េកាំង នឹង​មិន​ផ្តល់​ដំណោះស្រាយ​អ្វី​ដល់​បញ្ហាវិបត្តិ​ធំៗរវាង​អាមេរិក​-ចិន​នោះឡើយ ហើយ​ក៏​មិន​អាច​នឹង​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​ ឈប់​ប្រកួត​ប្រជែង​កម្លាំង​គ្នា​ដែរ​។​ ក៏ប៉ុន្តែ អ្វី​ដែល​អាច​ចាត់ទុក​ថា​ជា​សាច់​ការ​ខ្លះ​នោះ គឺ​ ទស្សនកិច្ចនេះ​ បើក​ផ្លូវ​ឲ្យ​ជំរុញ​កិច្ច​ការ​ចរចា​ពិភាក្សា​គ្នា​ឡើងវិញ​ ហើយ​ឈាន​មួយ​ជំហាន​រំលង​​ឲ្យ​ហួស​ពីការ​ផ្លោង​ពាក្យ​សម្តី​គ្នា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ មក​និយាយ​គ្នា​តទល់​ចំពោះ​មុខ​។

ពីភាគី​ចិន​វិញ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​ចិន អ្ន​កស្រី Hua Chunying បាន​សរសេរ​សារ​នៅ បណ្តាញ​សង្គម​ ដោយ​ភ្ជាប់រូប​ថត​របស់​លោក ជីន កង ប្រមុខ​ទូត​ចិន​និង​លោក អង់តូនី ប្លីងកិន កំពុង​ចាប់​ដៃគ្នា។ អ្នកស្រី​សរសេរថ្លែងក្តី​សង្ឈឹម​ថា​ជំនួប​នេះ​ អាច​ជួយ​ឲ្យ​ខ្សែបណ្តាញទូត​ចិន​អាមេរិក​ ត្រឡប់​លើ​ផ្លូវ​ព្រមព្រៀង​របស់​ប្រមុខ​រដ្ឋ​ទាំង​ពីរ នៅ​កោះបាលី ប្រទេស​ឥណ្ឌូនេស៊ី។

នៅ​ឥណ្ឌូនេស៊ី ឆ្នាំ២០២២ លោក ចូ បៃដិន និង​លោក ស៊ី ជិនពីន​ ជួប​គ្នាក្នុង​ជំនួន​G20 ​និង​បាន​ព្រម​ព្រៀង​មួយ​ចំនួន​ពី​សំណុំ​រឿង​តៃវ៉ាន់ និង​កូរ៉េ​ខាងជើង​​៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ