អានតួអត្ថបទ

អាមេរិក៖លោកចូ បៃដិនអំពាវនាវមានការរឹតបន្តឹងលើការទិញ លក់អាវុធនៅក្នុងស្រុក

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទិ២ មិថុនា ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បាន​អំពាវនាវ​ឲ្យ​សភា និង​ព្រឹទ្ធសភា​ស្វែង​រក​កុងសង់ស៊ុស​មួយ​ដើម្បី​រឹតបន្តឹង​ការ​ទិញ លក់​អាវុធ​នៅ​ក្នុង​ស្រុក។ អ្វី​ដែល​លោក​បៃដិន​ចង់​បាន​សម្រាប់​អាមេរិក គឺ​ការ​ហាម​លក់​អាវុធវែង ការ​ហាម​មិន​ឲ្យ​ប្រើ​បង់កាំភ្លើង​ដែល​ដាក់​គ្រាប់​ច្រើន ដំឡើង​អាយុ​អ្នក​មាន​សិទ្ធិ​ទិញ​កាំភ្លើង​ពី ១៨ឆ្នាំ​ទៅ ២១ឆ្នាំ រួម​ទាំង​វិធានការ​បង្ការ​ជា​ច្រើន​ទៀត។ លោក​បៃដិន​បាន​ថ្លែង​យ៉ាង​ដូច​នេះ​ពី​សេតវិមាន និង​បាន​ធ្វើ​ឡើង ជិត១០ថ្ងៃ​ក្រោយ​ពី​មាន​ការ​បាញ់រះ​នៅ​ក្នុង​សាលារៀន​មួយ​ក្នុង​រដ្ឋ​តិចសាស់​ដោយ​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ២១នាក់ ក្នុង​នោះ​មាន​ក្មេង​អាយុ​ក្រោម ១០ឆ្នាំ​ចំនួន ១៩នាក់។ ព្រឹទ្ធសភា និង​ក្រុម​អ្នក​សាធារណរដ្ឋ​ជា​ផ្ទាំងស៊ីប​នៃ​ការ​អំពាវនាវ​របស់​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​រូប​នេះ។

ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​
ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​ AP - Evan Vucci
ផ្សាយពាណិជ្ជកម្ម

« វា​ល្មម​ដល់​ពេល​សម្រាប់​ព្រឹទ្ធសភា​ដែល​ត្រូវ​ធ្វើ​អ្វី​មួយ​ហើយ។ តែ​ដូច​ដែល​យើង​បាន​ដឹង​រួច​ហើយ​ថា ដើម្បី​អាច​ឲ្យ​ព្រឹទ្ធសភា​អនុម័ត​លើ​ច្បាប់​មួយ​ស្តីពី​អាវុធ​បាន គេ​ត្រូវ​ការ​ឲ្យ​មាន​សំឡេង​គាំទ្រ​យ៉ាង​តិច​ចំនួន ១០សំឡេង​ពី​ក្រុម​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ។ ខ្ញុំ​គាំទ្រ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​មួយ​ក្រុម​តូច​ដែល​ព្យាយាម​ស្វែង​រក​ដំណោះស្រាយ​មួយ។

ក៏​ប៉ុន្តែ​ព្រះ​ជា​ម្ចាស់អើយ ការ​ដែល​សមាជិក​ព្រឹទ្ធសភា​សាធារណរដ្ឋ​ភាគច្រើន​មិន​ចង់​ឲ្យ​មាន និង​មិន​ចង់​ឲ្យ​លើក​យក​សំណើ​ច្បាប់​ណា​មួយ​ទៅ​ជជែក​ដេញដោល ឬ​ដាក់​ឲ្យ​បោះឆ្នោត​នោះ ខ្ញុំ​គិត​ថា កិច្ចខិតខំ​ប្រឹងប្រែង​របស់​សមាជិក​ព្រឹទ្ធសភា​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ​មួយ​ក្រុម​តូច​នេះ​គ្មាន​ន័យ​អ្វី​ទាំង​អស់។ យើង​មិន​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិក​ខកចិត្ត​ជា​ថ្មី​ទៀត​បាន​ទេ។ តាំង​ពី​ព្រឹត្តិការណ៍​បាញ់រះ​នៅ​ក្នុង​សាលារៀន​មួយ​ក្នុង​រដ្ឋ​តិចសាស់​កាល​ពី​ជាង ១​សប្តាហ៍​មក មាន​ការ​បាញ់រះ​ទ្រង់ទ្រាយ​ធំ​សរុប​ចំនួន ២០ដង​នៅ​អាមេរិក។

អស់​ពេល​ជា​យូរ​មក​ហើយ​ដែល​ខ្ញុំ​បាន​តស៊ូ​ដើម្បី​ទប់ស្កាត់​នឹង​ព្រឹត្តិការណ៍​មួយ​នេះ។ ខ្ញុំ​ដឹង​ថា​វា​លំបាក​ណាស់។ តែ​គ្មាន​ថ្ងៃ​ដែល​នឹង​បោះបង់​វា​ចោល​ទេ។ ប្រសិន​បើ​សភា​ទាំង​ពីរ​បរាជ័យ​នៅ​ក្នុង​រឿង​នេះ ខ្ញុំ​គិត​ថា​ពលរដ្ឋ​អាមេរិក​ភាគ​ច្រើន​ក៏​នឹង​មិន​បោះបង់​ចោល​ដែរ។ ខ្ញុំ​ជឿជាក់​ថា ភាគ​ច្រើន​ក្នុង​ចំណោម​អស់ លោក​នឹង​បញ្ចេញ​ប្រតិកម្ម​តាម​រយៈ​សន្លឹក​ឆ្នោត​របស់​អស់​លោក។ ល្មម​ហើយ ល្មមហើយ ល្មមហើយ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ