អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-រុស្ស៊ី

លោក​បៃដិន និងលោក​ពូទីន នឹង​មាន​ជំនួប​​មួយ​ទល់​នឹង​មួយ លើក​ដំបូង នៅ​ហ្សឺណែវ

ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន នឹង​ជួប​សមភាគី​រុស្ស៊ី លោក វ្លាដេមៀ ពូទីន មួយ​ទល់​នឹង​មួយ នៅ​ថ្ងៃទី ១៦​មិថុនា ២០២១ នៅ​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស។ ​ជំនួបទ្វេភាគី​នេះ​ ​ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​តាន​តឹង​ដាក់​គ្នា​ខ្លាំង ក្នុង​សំណុំ​រឿង​ជា​ច្រើនផង និង​ក្នុង​ខណៈ​ដែលក្រុមប្រទេស​មហាឧស្សាហកម្ម​​ហៅ​កាត់​ថា G៧ និង​ក្រុម​អូតង់​ត្រូវ​ជួប​ប្រជុំ​គ្នា ដើម្បី​ផ្តុំ​កម្លាំង​រួម​ប្រឈម​នឹង​រុស្ស៊ីផង។

លោក​ចូបៃដិន និង​លោក​ពូទីន ជួប​គ្នា​កាលពី​ថ្ងៃ​ ទី ១០មីនា ២០១១ (រូបថតឯកសារ)
លោក​ចូបៃដិន និង​លោក​ពូទីន ជួប​គ្នា​កាលពី​ថ្ងៃ​ ទី ១០មីនា ២០១១ (រូបថតឯកសារ) ASSOCIATED PRESS - Alexander Zemlianichenko
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ក្រេម​ឡាំង​ នៅ​ក្នុង​ជំនួប​ទល់​​មុខ​គ្នា​មួយ​ទល់​នឹង​មួយ​ ​លោក​បៃដិន​និង​ពូទីន​ នឹង​ជជែក​គ្នា​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរាតត្បាត​សកល​កូវីដ​១៩ និងអំពី​ការ​ដោះស្រាយ​វិវាទ​នៅ​ក្នុង​តំបន់។

ចំណែក​សេតវិមាន​វិញ បាន​អះអាង​ថា​មិន​រង់ចាំ​លទ្ធផល​​ជា​ដុំ​កំភួន​ទេ។ កម្មវត្ថុ​នៃ​ជំនួប​​គឺ​ធ្វើ​យ៉ាងស្តារ​​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​មាន​ស្ថិរភាព និង​គ្រាន់​បើ​ឡើង​វិញ​ ដោយ​មាន​ការ​ជជែក​អំពី​ប្រធានបទ​ជា​ច្រើន មាន​អាទិ៍​ នយោបាយ​​ដឹកនាំប្រទេស​របស់​លោក ឡូកាឆេនកូ​​នៅ​បេឡារុស្ស៊ី​ដែល​ម៉ូស្គូ​ជា​បង្អែក​​បង្គោល- អុយក្រែន​ ឬ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ កូរ៉េខាង​ជើង តំបន់​អាកទិក ការ​ប្រែប្រួល​អាកាសធាតុ ឬ​វិបត្តិ​ស៊ីរី​ជា​ដើម​។ល។ ការ​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​ ក៏​មាន​ចំណែក​សំខាន់​មួយ​​នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី​នេះ​ដែរ។

ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃទី ២០​មករា ២០២១ លោក​បៃដិន បាន​ប្រកាស​ជំហរ​តឹង​តែង​ដាក់រុស្ស៊ី ខុស​ស្រលះ​ពី​ប្រធានាធិបតី​អាមេរិក​ផុត​អាណត្តិ ​ ដោយ​ធានា​ថា​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​ក្នុង​ករណី​ម៉ូស្គូ​ចូល​​មក​រំខាន​លទ្ធិប្រជាធិបតេយ្យ​អាមេរិក តែ​លោកបៃដិនក៏​ផ្តល់​តម្លៃ​ដល់​ការ​ចរចា​ និង​មិន​ចង់​បង្ក​ជម្លោះ​តាន​តឹង​ថ្មី​ដែរ។

ជំនួប​មួយ​ទល់​នឹង​មួយ​ ត្រូវ​បាន​ប្រកាស​ឡើង​ចំ​ថ្ងៃ​ដែល​មេបក្ស​ប្រឆាំង​រុស្ស៊ី​ ណាវ៉ាល់នី រង​ការ​អង្កេត​ព្រហ្មទណ្ឌ​បីករណី។ តែ​បើ​តាម​ប្រភព​អាមេរិក ជំនួប​បៃដិន-ពូទីន​ មិន​មែន​ជា​អំណោយ​​ដល់​រុស្ស៊ី​ទាក់ទង​ករណី​ណាល់វ៉ានី​ទេ។ ជំនួប​បៃដិន-ពូទីន​ ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ស្តារ​ទំនាក់ទំនង​ដ៏​តាន​តឹង​រវាង​ប្រទេស​ទាំងពីរ។ កាលពី​សប្តាហ៍មុន រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​និង​រុស្ស៊ី​បាន​បង្ហាញ​ឆន្ទៈ​បន្ទូរបន្ថយ​សម្ពាធ​គ្នា​ ដោយ​បាន​ជួប​ជជែក​គ្នា​ប្រកប​លក្ខណៈស្ថាបនា​ ស្មោះត្រង់​និង​គោរព​គ្នា។

​ប្រធានាធិបតី​ស្វីស​បាន​សម្តែង​ភាព​រីករាយ​​ដែល​បាន​ធ្វើ​ម្ចាស់​ផ្ទះ​រៀប​ចំ​ជំនួប​កំពូល​ទ្វេភាគី​នេះ។ កាលពី​ឆ្នាំ​១៩៨៥​ ហ្សឺណែវ​ធ្លាប់​ទទួល​ឱ្យ​ប្រធានាធិបតី​អាមេរិក រ៉ូណាល់ រីហ្គែន ជួប​ជាមួយ​ប្រមុខ​ដឹកនាំ​សហភាព​សូវៀត​ ហ្កូបាឆេវ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ