អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នាយករដ្ឋមន្រ្តីឥណ្ឌា​ទៅអាមេរិក ដើម្បីរឹតចំណងទាក់ទងទ្វេភាគីផង និងរួម​គ្នា​ទប់ទល់​នឹង​ឥទ្ធិពលចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃអង្គារ៍ នាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី ទៅបំពេញ​ទស្សនកិច្ចផ្លូររដ្ឋ នៅសហរដ្ឋអាមេរិក​ តប​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី ចូ បៃដិន។ តាមរយៈ​កិច្ច​ពិភាក្សា​កម្រិត​ថ្នាក់​កំពូលនៃ​​​បុរស​រដ្ឋ​ទាំង​ពីរនេះ គឺស្តែង​ឲ្យ​ឃើញពី​​ទំនាក់​ទំនង​ អាមេរិក​-​ឥណ្ឌា កាន់ជិត​ស្និទ្ធ ហើ​យនិងកាន់តែ​ត្រូវ​ការ​គ្នាខ្លាំង​​ទៅវិញទៅមក​​ ខណៈពេល​ឥទ្ធិពល​មហាយក្សចិន​ កាន់តែរីក​ដុះ​ដាល​ខ្លាំង​នៅក្នុង​តំបន់អាស៊ី​។ ម្យ៉ាងវិញ​ទៀត សហរដ្ឋ​អាមេរិក ​ក៏ចង់​ឃើញ​ ឥណ្ឌា​ ងាកចេញពី​ការពឹង​ផ្អែក​ខ្លាំង​លើ​រុស្ស៊ី ខាង​វិស័យគ្រឿង​សព្វាវុធ​​ និងឲ្យ​ងាក​មក​សហការ​យោធា​ជាមួយ សហរដ្ឋ​អាមេរិក​។​

រូប​ថត​របស់​ប្រមុខ​ដឹកនាំឥណ្ឌា​និង​អាមេរិក  នៅ​ក្រុងតូក្យូ កាលពី​ចុងខែ​ឧសភាឆ្នាំ២០២២។​
រូប​ថត​របស់​ប្រមុខ​ដឹកនាំឥណ្ឌា​និង​អាមេរិក នៅ​ក្រុងតូក្យូ កាលពី​ចុងខែ​ឧសភាឆ្នាំ២០២២។​ © SAUL LOEB / AFP
ផ្សាយពាណិជ្ជកម្ម

ជំនួប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​ៗ

របៀបវរៈ ដំណើរ​ទស្សនកិច្ច​របស់​លោក ណារិនដ្រា ម៉ូឌី ដែល​ក្រុម​អ្ន​កសារព័ត៌មាន​បាន​ដឹង​​ គឺ​​លោក​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​ៗ​របស់​សហរដ្ឋអាមេរិក​។  ​​នៅលើទិដ្ឋភាព​ការទូត នាយករដ្ឋមន្រ្តីឥណ្ឌា នឹង​ត្រូវ​ជួប​ជជែក​ជាមួយ​​ប្រមុខ​ការទូត​អាមេរិក អង់តូនី ប្ល៊ីងកិន បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស​រូបនេះ អញ្ជើញ​ត្រឡប់​ពី​ដំណើរ​ទស្សនកិច្ច​នៅ​ប៉េកាំង ​ប្រទេស​ចិន។

ថ្ងៃពុធ​ លោក ណារិនដ្រា ​ម៉ូឌី នឹងទៅ ទីស្នាក់​ការ​កណ្តាល អង្គការ​សហប្រជាជាតិ​ នៅ​ទីក្រុង​ញូវយ៉ក ហើយ​នឹង​​ត្រូវ​ចូល​រួម​ពិធី​ណែនាំ​បង្ហាញ​ពី​ យោហ្គា (Yoga) ដែល​ជា​វិធីសាស្ត្រ​ថែទាំ​សុខភាព​ផ្លូវ​កាយ​ផ្លូវ​ចិត្ត ដ៏​ល្បីពេញនិយម​របស់​ឥណ្ឌា។​ រដ្ឋាភិបាល​ឥណ្ឌា​យក​របៀប​ហាត់​ប្រាណ​ យោហ្គា ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ នៃ​ វិស័យ​ការទូត​វប្បធម៌។​ ​នៅ​ក្រុង​ញូវយ៉ក​នោះដែរ​ ​ថ្នាក់ដឹកនាំឥណ្ឌា​​រូបនេះ ក៏ត្រូវ​ជួប​ជុំសំណេះ​សំណាល​​ជាមួយ​ បណ្តា​ក្រុម​អ្នក​រកស៊ី​វិនិយោគទុន​អាមេរិក​និង​ឈ្មួញ​អន្តរជាតិ  ដើម្បី​ធានា​ទំនុកទុក​ចិត្ត​ ដល់​វិស័យ​វិនិយោគទុន​នៅស្រុក​ឥណ្ឌា បើ​ទោះបី​ជា​ មហាប្រទេស​ឥណ្ឌា នឹង​រៀបចំ​បោះឆ្នោត​ជាតិ​នៅឆ្នាំ​ថ្មី​ក៏ដោយ ក៏​លោក ម៉ូឌី អះអាង​​ផ្តល់​ភាពកក់ក្តៅ​ផ្លូ​វចិត្ត​ដល់​ ឈ្មួញ​វិនិយោគទុន ពី​ស្ថិរភាពនយោបាយ​-សេដ្ឋកិច្ច​​នៅក្នុង​ប្រទេស​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ជាថ្ងៃ​សំខាន់​ខ្លាំង​ នាយករដ្ឋមន្រ្តីឥណ្ឌា ​ម៉ូឌី នឹង​ត្រូវ​ថ្លែង​សុន្ទរកថា នៅ​ចំពោះ​មុខ​សភា​ Congrès សហរដ្ឋអាមេរិក ហើយ​​លោក​ត្រូវ​ជួប​ពិភាក្សា​​និង​លៀង​ភោជនាហារ​ជាមួយ​​​​ប្រធានាធិបតី​ ចូ បៃដិន ដ្បិត​ថ្នាក់​ដឹកនាំ​ទាំង​ពីរ មាន​សំណុំ​រឿង​ទំនាក់​ទំនង​ទ្វេភាគី​ និង​សំណុំ​បញ្ហា​អន្តរជាតិ​ជាច្រើន​ ដែលត្រូវ​ប្រាស្រ័យ​ចរចា​គ្នា​។

បើ​តាម​គម្រោង ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​មហាអំណាច​ឥណ្ឌា នៅ​អាមេរិក លើកនេះ​ គឺប្រទេស​ទាំងពីរ​ នឹង​រឹត​បន្តឹង​ចំណង​ទាក់ទងទ្វេភាគី​ ហើយ​និងអាចចុះ​កិច្ចព្រមព្រៀងផ្នែក​​ពាណិជ្ជកម្ម បច្ចេកវិទ្យា និង​វិស័យ​យោធា ដែរ។​

សហរដ្ឋ​​អាមេរិក​និង​ឥណ្ឌា ខិត​រកគ្នា ​​ដើម្បី​ទប់ទល់​ឥទ្ធិពល​​ចិន​។

Samir Sarin ប្រធានមជ្ឈមណ្ឌល​សញ្ជឹង​គិត​​ Observer Research Foundation មូលដ្ឋាន​នៅ​ក្រុង​ញូវដេលី បាន​វិភាគ​ឃើញ​ច្បាស់ថា លោក ម៉ូឌី និង​លោក បៃដិន មាន​ការ​ចាំបាច់​ត្រូវ​រឹត​ចំណង​ទាក់ទង​នឹងគ្នា រវាង​មហាប្រទេស​ទាំងពីរ បើ​ទោះបី​ជា​បុគ្គលិក​លក្ខណៈ​​ នៃ​បុរស​រដ្ឋ​ទាំង​ពីរ​ខុស​គ្នា​ឆ្ងាយ​ខ្លាំង​ក្តី។​ ទន្ទឹម​នឹង​គ្នា​នេះ​ដែរ​ Ashok Malik នៃ​ ការិយាល័យ​ប្រឹក្សា​យោបល់​ឥណ្ឌា The Asia Group យល់ឃើញថា ការ​រឹត​ចំណង​ទំនាក់ទំនង​នៃ​រដ្ឋបាល​ក្រុង​ញូវដេលី និង​ក្រុង​វ៉ាស៊ីន​តោន គឺ​ ឈរលើទិដ្ឋភាព​«ជាក់​ស្តែង​ប្រាកដ​និយម» ហើយ​និង​«តម្រូវ​ការ​សេដ្ឋកិច្ច​ដ៏​ខ្លាំង​ក្លា» នៃ​ប្រទេស​ធំៗ​ទាំងពីរ។

នេះក៏ព្រោះតែ​ដើម្បី​ប្រឈម​មុខ​ទប់​ទល់​នឹង​កម្លាំងឥទ្ធិពល​ចិន​ដែរ។ មហាយក្ស​ចិន ពង្រឹង​ពង្រីក​ឥទ្ធិពល​ស្ទើរ​គ្រប់​វិស័យ ទាំង​វិស័យ​​យោធា និង​សេដ្ឋកិច្ច មិន​ថា​នៅក្នុង​តំបន់​អាស៊ី ឬ​ក្នុង​ទ្វីប​ផ្សេង​នោះទេ។ នៅអាស៊ី ​ពេល​ដែល ចិន​​ ​កាន់​កាប់​កំពង់ផែ​ស្រី​លង្កា ហើយកាលពី​ឆ្នាំ២០២២ ចិន​បាន​​បញ្ចេញ​​នាវា « Yuan Wang 5 » ទោះបីជា​ចិន​ខំប្រឹង​ថា​នេះជានាវា​សិក្សាស្រាវជ្រាវ​ផ្នែ​ក​ស៊ីវិល​ក្តី តែ អាមេរិក បាន​ចង្អុរមុខ​រិះគន់​​ខ្លាំង​ ថា​ នោះ​ជា​នាវា​ចារកិច្ច​ឈ្លប​យកការណ៍​សម្ងាត់​។​​ រឿង​នេះ​គឺ​បាន​ធ្វើឲ្យ ឥណ្ឌា ខ្លាច​​រអា​និងព្រួយ​បារម្ភ​ពី​សុវត្ថិភាព​និង​សន្តិសុខ​ជាតិ​។

ប្រទេស​ទាំង​ពីរ ឥណ្ឌា ចិន​ ជា​សត្រូវ​ចាស់ឆ្នាំ ហើយបាន​​ប៉ះទង្គិច​ប្រដាប់​អាវុធ​ជាមួយ​គ្នា ​ច្រើន​ដង​ច្រើន​​នៅតា​ម​ព្រំដែន ពិសេស​​នា​ជ្រលងភ្នំ​ហិមពាន្ត​។​ នៅ​មាន​ការ​ប៉ះទង្គិចគ្នា​ផ្សេងទៀត​ដែរ នៅក្បែរ​តំបន់​ទីបេ​ និងនៅ​​តំបន់​ប៉ែក​ខាង​ឥណ្ឌា​ ឡាដាក់ ឆ្នាំ២០២០​ ជាដើម ដែល​តម្រូវ​ឲ្យ​ ឥណ្ឌា កាន់តែ​ចាំបាច់​ងាក​ទៅរកបង្អែក​​​​​ សហរដ្ឋអាមេរិក និង​សម្ព័ន្ធ​មិត្ត​ផ្សេង​ដែល​មាន​សត្រូវ​រួម ឬ​មាន​យុទ្ធសាស្ត្រ​រួម​គ្នា ក្នុងការ​ទប់​ទល់​នឹង​ ចិន​។ យើង​អាច​ឃើញ​ស្រាប់​ មាន​សម្ព័ន្ធមិត្ត​ ចតុភាគី Quad ​ដែល​មាន​បួន​ប្រទេស គឺសហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន និងអូស្ត្រាលី ។​ ប្រទេស​ទាំង៤​បាន​សហការគ្នា​ធ្វើ​សមយុទ្ធយោធា​ជាច្រើន​រួច​មកហើយ។​

​អាមេរិក សហការជាមួយ ​ឥណ្ឌា ក្នុង​វិស័យ​ការពារ​ជាតិ កុំឲ្យ​ពឹង​ផ្អែកច្រើន​លើ រុស្ស៊ី។

​មុន​នឹង​នាយករដ្ឋមន្ត្រី​ឥណ្ឌាធ្វើ​ដំណើរ​ទៅ​អាមេរិក​នៅពេល​នេះ គឺ​ រដ្ឋមន្ត្រីការពារ​ជាតិ​អាមេរិក Lloyd Austin បាន​អញ្ជើញ​ទៅ​ស្រុក​ឥណ្ឌា រួច​ស្រេច នៅ​ដើម​ខែ​មិថុនា​ ដើម្បី​ធានា​ទំនុក​ចិត្ត​ដល់​ថ្នាក់ដឹកនាំ​ឥណ្ឌា។ នៅ​ឥណ្ឌា ដើមខែ​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក បានបង្ហាញ​គម្រោង​ការ​​ពង្រាង​ស្រេច​ហើយ​ ពី​កិច្ចសហការឧស្សាហកម្ម​​យោធា ក្នុង​វិស័យ​ការពារ​ជាតិ នៃប្រទេស​ទាំង​ពីរ។ ហេតុដូច្នេះ នៅពេល​នេះ មជ្ឈដ្ឋាន​ជាច្រើន ជឿ​​ថា ប្រមុខដឹកនាំ​អាមេរិក​និង​ឥណ្ឌា​ប្រាកដ​ជា​ចុះ​កិច្ចព្រមព្រៀង​ជាផ្លូវ​ការ​បន្ថែមទៀត លើ​កិច្ចការ​សហការ​យោធា​និង​ឧស្សាហកម្ម​ផលិត​គ្រឿង​ចម្បាំង។​

គម្រោង​ការអាមេរិក​នេះ ក៏​នឹង​ជំរុញ​ឲ្យ ឥណ្ឌា បិទ​បញ្ចប់​សម័យ​កាល​ដែល​ត្រូវ​ពឹង​ពាក់​លើគ្រឿង​សព្វាវុធ​របស់​​រុស្ស៊ី​ ដែល​ រដ្ឋបាល​ក្រុងញូវដេលី ពឹង​ផ្អែក​ផ្នែកអាវុធ​លើ​រុស្ស៊ី​ច្រើន​ទសវត្សរ៍​មកហើយ​។​ ចំណុច​នេះ ក៏​ស្តែង​ឲ្យ​ឃើញ​ច្បាស់​តាម​រយៈ​ ជំហរ​របស់​ឥណ្ឌា នៅក្នុង​សង្គ្រាម​អ៊ុយក្រែន។ គឺថា តាំងពី​ផ្ទុះ​សង្គ្រាម​ឈ្លាន​ពាន​រុស្ស៊ី​លើ​អ៊ុយក្រែន ជាង១ឆ្នាំ​មក គឺ​ ឥណ្ឌា ពុំ​​បញ្ជាក់​ជំហរ​គាំទ្រ​អ៊ុយក្រែន ដូច​ពួក​ប​ច្ចិមលោកទេ​ ហើយ​ ឥណ្ឌា ក៏​មិនដែល​ថ្កោល​ទោស​រុស្ស៊ី​ នោះឡើយ។ ដូច្នេះ​ហើយ អាមេរិក​ដែល​នៅ​ខាង​អ៊ុយក្រែន និងជួយ​អ៊ុយក្រែន​ច្រើន​ជាងគេ​ ក៏​ឃើញ​និងចង់​បាន​ឲ្យ ​ឥណ្ឌា ងាកចេញពី​រុស្ស៊ី ហើយ​ថ្កោល​ទោស​រុស្ស៊ី​ដែរ។

អ្នកវិភាគ Donald Camp នៃ មជ្ឈមណ្ឌល​សិក្សា​អន្តរជាតិ​និង​យុទ្ធសាស្ត្រ (CSIS) នៅក្រុង​ Washington ប្រមើលឃើញថា សហរដ្ឋអាមេរិក ​អូស​ទាញ និង​លើកទឹកចិត្ត ​ឥណ្ឌា ឲ្យ​បញ្ចេញ​ជំហរ​​ច្បាស់ៗ ចំពោះ​រុស្ស៊ី និង​ដាក់​វិធានការផ្សេងៗ​បន្ថែម​ចំពោះ​រដ្ឋបាល​ក្រុង​ម៉ូស្កូ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ