អានតួអត្ថបទ
ចិន-អាមេរិក

លោកស៊ីជីនពីង សង្ឃឹម​ឃើញ​ ទំនាក់ទំនង​ចិនអាមេរិក ប្រសើរឡើង​ ក្រោយជំនួប​ជាមួយ​លោក ប្លីងកិន

នៅថ្ងៃ ចន្ទទី ១៩ មិថុនា​ ២០២៣ ដែល​ជា​ថ្ងៃ​ចុងក្រោយ​​នៃ​ទស្សនកិច្ច​នៅ​ក្រុង​ប៉េកាំង ប្រមុខ​ការទូត​អាមេរិក លោក អង់តូនី ប្លីងកិន បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​ចូល​ជួប​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង។ ក្នុង​ជំនួប​ដ៏​កម្រ​នេះ ចិនបាន​​​រក​ឃើញភាព​ស្រុះ​ស្រួល​គ្នាខ្លះ​​ជាមួយ​អាមេរិក​។ នេះ​បើ​តាមសម្រង់​​ប្រសាសន៍​របស់​លោកស៊ីជីនពីង ដែល​ចុះ​ផ្សាយ​ដោយ​ទូរទស្សន៍​ជាតិ​​ចិន។

លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង ទទួល​ជួប ប្រមុខការទូត​អាមេរិក នៅទីក្រុង​ប៉េកាំង ថ្ងៃទី ១៩ មិថុនា​២០២៣
លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង ទទួល​ជួប ប្រមុខការទូត​អាមេរិក នៅទីក្រុង​ប៉េកាំង ថ្ងៃទី ១៩ មិថុនា​២០២៣ AP - Leah Millis
ផ្សាយពាណិជ្ជកម្ម

​​តាំង​ពី​៥​ឆ្នាំមក នេះជា​លើក​ទីមួយដែល​​ប្រធានាធិបតី​ចិន​ព្រមមាន​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក។ ជា​ជំនួប​ដែល​សម្រេច​ឡើង​នៅ​នាទី​ចុងក្រោយ​នៃ​កម្មវិធី​ទស្សនកិច្ច​របស់​លោកប្រមុខ​ការទូត​អាមេរិក នៅទីក្រុង​ប៉េកាំង។

​សង្ឃឹម​ថា ក្រោយ​ទស្សនកិច្ច លោក​ប្រមុខ​ការទូត​អាមេរិក​នឹង​ពាំនាំ​ធ្វើ​យ៉ាងណា​ឱ្យ​ ​ទំនាក់ទំនង​អាមេរិក-​ចិន មាន​ស្ថិរភាព និង​បាន​ប្រសើរ​ឡើង​​​។ នេះ​ជា​ប្រសាសន៍​របស់​លោក ស៊ី ជីនពីង ទៅកាន់​លោកប្រមុខ​ការទូត​អាមេរិក អង់តូនី ប្លីងកិន​ ដែល​ផ្សព្វផ្សាយ​ដោយប្រព័ន្ធឃោសនា​រដ្ឋ​ចិន។ បើ​តាម​ប្រភព​ទូរទស្សន៍​ជាតិ​ចិន​ដដែល លោក ប្រធានាធិបតី​ ស៊ី ជីនពីង បាន​ប្រកាស​ថា សហរដ្ឋ​អាមេរិក​និង​ចិន បាន​រក​ឃើញ​ភាព​ស្រុះ​ស្រួល​គ្នា​លើ​ចំណុច​ខ្លះ (តែ​មិន​បាន​បញ្ជាក់​ថា​ចំណុច​អ្វីទេ) គឺ​ជា​ភាព​ជឿន​លឿន​ដ៏​ល្អសម្រាប់​​ភាគី​ទាំងពីរ។

សូម​បញ្ជាក់​ថា មុន​នឹង​មាន​ជំនួប​ជាមួយប្រធានាធិបតី​ចិន លោក ប្លីងកិន បាន​ជួប​​ពិភាក្សាជាមួយ​ប្រធាន​ការិយាល័យ​កិច្ចការ​បរទេសរបស់​គណបក្ស​កុម្មុយនិស្ត​ចិន លោក វ៉ាង យី។ លោក វ៉ាងយី បាន​ផ្តល់​មេរៀន​សីលធម៌​ជា​ច្រើន​ដល់​ប្រមុខ​ការ​ទូត​អាមេរិក ដោយ​បាន​ប្រកាស​ថា ទំនាក់ទំនង​​រវាង​​ចិន-អាមេរិក​ធ្លាក់​ដុនដាប​ដល់​កំរិត​បច្ចុប្បន្ននេះ បណ្តាលមក​​ពី​ការ​យល់​ខុស​របស់​អាមេរិកមកលើ​​ចិន​។ ដូច្នេះ អាមេរិក​និង​ចិន​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ពលរដ្ឋ ប្រវត្តិសាស្ត្រ និង​ពិភពលោក​ និងប្តូរ​​វដ្ត​នៃ​ទំនាក់ទំនង​អវិជ្ជមាន​នេះ​ចេញវិញ។ នៅក្នុង​សេចក្តីថ្លែងការណ៍របស់​ក្រសួង​ការបរទេស​​ចិន​ លោកទីប្រឹក្សា​រដ្ឋ​ វ៉ាងយី បានរំលឹក​ជំហរ​ដាច់​ខាត​របស់​ចិនថា​មិន​សម្រុះ​សម្រួល​អ្វី​ទាំងអស់​ក្នុង​​សំណុំ​រឿង​តៃវ៉ាន់ និង​​ស្នើ​សុំ​ឱ្យ​អាមេរិកពិចារណា​ឱ្យ​បាន​ស៊ីជម្រៅ ហើយ​​ជ្រើសរើស​ រវាង​ ​“កិច្ចសហប្រតិបត្តិការ​និង​ជម្លោះ”។ ក្រោយ​ពី​​ជជែក​គ្នា​រយៈ​ពេល​​​៧ម៉ោងកន្លះ ប្រមុខ​ការទូត​ទាំងពីរ​បានព្រមព្រៀង​រក្សា​ការ​និយាយ​ទាក់ទង​គ្នា​ដើម្បី​បញ្ចៀស​ជម្លោះ។

នេះ​ជាលទ្ធផល​នៃ​ជំនួប​​ដែល​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ចិន តែ​ខ្លឹមសារពិត​ ​នៃ​កិច្ច​ពិភាក្សា ដោយ​បិទ​ទ្វារ​ អាច​បន្ធូរ​ភាព​តាន​តឹង​រវាង​ប្រទេស​ទាំងពីរ​បាន​កំរិត​ណា​នោះ គេ​ទំនង​ជានឹង​អា​ច​ដឹង​ជា​លម្អិត នៅ​ពេល​ខាង​ភាគី​​អាមេរិក​ធ្វើ​សន្និសីទ​កាសែត បិទ​បញ្ចប់​ទស្សនកិច្ច​របស់​លោក​ប្លីងកិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ