អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង ប្រារព្ធបុណ្យជាតិ ១៤ កក្កដា និង​អញ្ជើញ​ ឥណ្ឌា ជាភ្ញៀវកិត្តិយសពិសេស​ក្នុងឆ្នាំនេះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី​១៤ កក្កដា​ ប្រទេសបារាំង រៀប​ចំ​ប្រារព្ធបុណ្យជាតិ​ប្រចាំឆ្នាំ ដ៏​ធំ​សម្បើម​។ អ្វី​ដែល​ចម្លែក​សម្រាប់​ពិធីបុណ្យ​បារាំង​ឆ្នាំ​នេះ គឺ​ ការ​ពង្រឹង​សុវត្ថិភាព​សន្តិសុខ ជាខ្លាំង​​​​​ ហើយចម្លែក​​មួយ​ទៀត ប្រធានាធិបតី​បារាំង មិន​បាន​ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ​ ដូច​ទម្លាប់​មុន​នោះឡើយ។ ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត គឺវត្តមាន នាយករដ្ឋមន្ត្រីឥណ្ឌា ដែល​ជា​​ភ្ញៀវ​កិត្តិយស​ពិសេស សម្រាប់​​​ឆ្នាំ​នេះ។

India's Prime Minister Narendra Modi and French President Emmanuel Macron attend the annual Bastille Day military parade, in Paris, France, July 14, 2023.
India's Prime Minister Narendra Modi and French President Emmanuel Macron attend the annual Bastille Day military parade, in Paris, France, July 14, 2023. REUTERS - GONZALO FUENTES
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​ ​មិន​ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ​ ដូច​ឆ្នាំមុន​ៗ​ទេ។ ​​ឆ្នាំនេះ បារាំង ក៏​ពង្រឹង​សន្តិសុខ​ខ្លាំងថែមទៀត​។ តើ​មកពីហេតុអ្វី​?

ឆ្នាំមុនៗ គឺ លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង បាន​ថ្លែង​សារ ​ចេញមុខ ​ចេញមាត់​សម្បើម និង​ផ្តល់​បទសម្ភាសន៍​ពិសេស​ផ្តាច់​មុន ឲ្យ​ទូរទស្សន៍​ជាតិ ជាដើម។ តែ​ឆ្នាំ​នេះ លោក​ប្តូរ​ចិត្ត​មិនធ្វើ​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ ដែល​ជា​ទម្លាប់​របស់ប្រមុខ​រដ្ឋ​ឡើយ។ លោកថា​នឹង​ធ្វើ​តុល្យការ​នៃការ​ដឹកនាំ​ប្រទេស​របស់​លោក នៅ​​ឱកាស​ខាងមុខវិញ។​

នេះជាការ​ដូរ​ទម្លាប់១ ប៉ុន្តែ​អ្នក​វិភាគ​ស្ថានការណ៍​មើលឃើញ​ថា លោក​ប្រមុខរដ្ឋ​​ ជួប អប្រជាប្រិយភាព​ខ្លាំង​ ពីព្រោះតែ​ បាតុកម្ម​ប្រឆាំង​ថ្មីៗនេះ និង បូក​នឹង​ការ​បាតុកម្ម​រឿង​ចូល​និវត្តន៍ ថែមផង។ ​ពលរដ្ឋ​បារាំង ច្រើនទៅៗ ស្អប់​ ​ខឹង​នឹង​ប្រមុខរដ្ឋ ទោះបី​ជា​ ​លោក​និយាយ​ថ្លែង​ពេលនេះ ក៏​គេ​មិន​សូវ​ចង់​ស្តាប់​ដែរ។​

ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍ដែរ ឆ្នាំនេះ ​​បារាំង បាន​ដាក់​ពង្រាយ​កម្លាំងនគរបាល​ ៤៥ ០០០ នាក់​ ចាប់​ពី​​ថ្ងៃព្រហ្បត្តិ៍ ​​ដល់​ថ្ងៃ​សៅរ៍។ នៅប៉ារីស នគរបាល ប៉ូលិស​​ ទាហាន​យាម​ល្បាត ចំនួនប្រមាណ​ ​១ ម៉ឺននាក់។

នេះក៏​ព្រោះតែ មាន​ក្តីបារម្ភ​ពី​បញ្ហា​អសន្តិសុខ ពិសេស​គឺ​ចលនា​បាតុកម្ម​។ ដូច​ជ្រាបថា ការ​ស្លាប់​របស់​យុវជន​ម្នាក់​ ប៉ុន្មាន​សប្តាហ៍​មុន​នេះ ដែល​តម្រូវ​ឲ្យរដ្ឋអំណាច​បារាំង ពង្រឹង​សន្តិសុខ​ឲ្យ​បាន​ខ្ពស់​បំផុត។ ក្នុង​បាតុកម្មកន្លងទៅថ្មីៗ​​នេះ​ មានហិង្សា ​ដុត​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​​និង​ឯកជន​ជាច្រើន​កន្លែង​ នៅ​ក្រុង​ប៉ារីស និង​បណ្តា​ខេត្ត​ជាច្រើន​។​ ដូច្នេះ​ ទើប​ក្រសួងមហាផ្ទៃ​ ចេញ​វិធានការ​​ដាក់​ពង្រាយ​កម្លាំង​នគរបាល​ និង​ដាក់​បំរាម​ហាម​មធ្យោបា​យ​​ធ្វើ​ដំណើរ​សាធារណៈ​ មិន​ឲ្យ​ដឹកជញ្ជូន​ម​នុស្ស​នៅពេល​ល្ងាច​ផុត​ម៉ោង​ធ្វើការ​និងនៅ​យប់​ៗ ដ្បិត​ខ្លាចក្រែង​មាន​ក្រុម​បាតុកម្ម​ ប្រមូល​ផ្តុំគ្នា​ ធ្វើ​បាតុកម្ម ឬ​បង្ក​បញ្ហា​អសន្តិសុខ​ ជាដើម។​ ថ្ងៃនេះ រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង លោក Gérald Darmanin មាន​ប្រសាសន៍ថា​​ តាំងថ្ងៃ​ព្រហស្បតី៍មក គឺមាន​ភាព​ស្ងប់​ស្ងាត់​ល្អ។​

តាម​គម្រោង​ បុណ្យ​ជាតិ​បារាំង​ឆ្នាំនេះ មាន​មនុស្ស​ចូល​រួម​ ដង្ហែ​ក្បួន ៦ ៥០០ នាក់។ យន្តហោះ​ ជាង ៦០ គ្រឿង និងមាន​ ឧទ្ធម្ភាសចក្រ ឡាន ម៉ូតូ រាប់រយគ្រឿង និង សត្វ​សេះឆ្មាំ​សាធារណៈ​រដ្ឋ​ ២០០ ក្បាលផង។ សម្រាប់​ពិធី​ដើរព្យុះ​ហយាត្រា​​កង​ទ័ព នៅ​ក្រុង​ប៉ារីស ​នាយករដ្ឋមន្ត្រីឥណ្ឌា​ ណារិនដ្រា ម៉ូឌី ​បា​ននាំយក​​ទាហាន​ឥណ្ឌា​ ចំនួន ​២៥០ នាក់ មក​ដើរ​ដង្ហែ​ក្បួន​​នឹងគេ​ដែរ។

ភ្ញៀវ​បរទេស​ពិសេសសម្រាប់​ឆ្នាំ​នេះ គឺលោក​ ណារិនដ្រា ម៉ូឌី

វិមាន​ប្រធានាធិបតី​បារាំង បាន​ទទួលលោក ម៉ូឌី ​តាំងពីថ្ងៃព្រហស្បតិ៍​ ហើយនៅ​ថ្ងៃបុណ្យ​ជាតិប្រចាំ​ឆ្នាំដ៏​ធំនៅ​ក្រុង​ប៉ារីស​នេះ ប្រមុខ​រដ្ឋបារាំង​នឹង​​ជូន​មេដាយ​កិត្តិយសជាតិ ​ la Légion d’honneur​ ជាមេដាយ​ឋានៈ​ខ្ពស់​បំផុត​របស់​បារាំង​ ជូន​លោក​ ម៉ូឌី​ ថែមទៀត​។ ​​​​វត្តមាន​របស់​នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី នៅក្រុង​ប៉ារីសលើកនេះ ក៏​ដើម្បី​ជា​ការ​ចូលរួមអបអរ​​ ខួប​២៥ឆ្នាំ​ នៃទំនាក់ទំនង​ជា​យុទ្ធសាស្ត្រ​ និង​កិច្ចសហការ​វិស័យ​យោធា​ របស់​ប្រទេស​ទាំង​ពីរ​​។​

ប្រសិន​បើគិត​ពី​ទំនាក់​ទំនងពាណិជ្ជកម្ម​អាវុធយោធា​​ គឺ បារាំង​ បាន​សម្លឹង​ឃើញ​ប្រយោជន៍​ច្រើន ក្នុងការ​ចាប់​ដៃ​ជាមួយ​ ឥណ្ឌា។ ត្រឹម​តែ​អំឡុង​ពេល​១០​ឆ្នាំចុងក្រោយ​នេះ ឥណ្ឌា​ បាន​ក្លាយ​ជា​មហាប្រទេស​ដែល​ទិញ​អាវុធ​នាំចូល​ច្រើន​ជាងគេ​លើកពិភព​លោក។ បន្ទាប់ពី​ប្រទេស​រុស្ស៊ី គឺ​ បារាំង ​លក់​អាវុធ​ឲ្យ​ឥណ្ឌា​ច្រើ​នជាង​គេ និង​ច្រើន​ជាង​ អាមេរិក​ លក់​អាវុធឲ្យ ​ឥណ្ឌា​ ទៅទៀត​។ ពោលគឺ​​ ឥណ្ឌា​ទិញអាវុធ​​ពី ​បារាំង​ ២៩% និងទិញ​ពី​​អាមេរិក ត្រឹមតែ ១១% ប៉ុណ្ណោះ​។ ថ្មីៗ​កន្លងទៅ​នេះ ឥណ្ឌា បាន​បញ្ជាទិញ​យន្តហោះ​ចម្បាំង​ ៣៦ គ្រឿង​ពី ​បារាំង។ ៣ គ្រឿង​ឥណ្ឌា ​អនុញ្ញាត​ឲ្យ​ហោះ​នៅ​ក្នុង​ឱកាស​ព្យុះ​ហយាត្រា​ ថ្ងៃបុណ្យ​ជាតិ​១៤កក្កដា​នេះដែរ​។ ហើយ​ដំណឹង​​ពី​ម្សិលមិញ ថ្នាក់ដឹកនាំ​ឥណ្ឌា លោក ម៉ូឌី​ បាន​​ពិភាក្សា​ជាមួយ​សមភាគី​បារាំង ​ដើម្បី​នឹង​បញ្ជាទិញ​យន្តហោះ​ចម្បាំងបារាំង ចំនួន ​២៦ បន្ថែមទៀត សម្រាប់​ដាក់​នៅ​នាវា​ឥណ្ឌា និង​ព្រមទាំងទិញ​​ នាវាមុជទឹកក្រោម​បាត​សមុទ្រ​ ៣ គ្រឿង​ថែមទៀត។​

ជាង​២០ឆ្នាំចុងក្រោយ​មកនេះ ឥណ្ឌា មិន​លាក់​លៀម​សោះឡើយ​អំពី​​ មហិច្ចតា​​ចង់​ក្លាយ​ជា​​មជ្ឍមណ្ឌល​នុយ​ក្លេអ៊ែរ​ ដ៏​ធំជាងគេ​ ហើយ​ក្នុង​គម្រោង​នេះ ជាយូរមកហើយ ឥណ្ឌា​ ក៏​បង្ហាញ​ចេតនា​ចង់​ទិញ​ទិញ​ក្បាល​រ៉េ​អាក់ទ័រ​​នុយ​ក្លេអ៊ែរ​ ចំនួន ​២ គ្រឿង​ ពីបារាំង​។​ នៅ​ល្ងាច​នេះ ថ្នាក់ដឹកនាំបារាំង នឹងទទួលពិសា​លៀង​អាហារ​ ជាមួយ​លោក ម៉ូឌី​ ហើយនឹងធ្វើ​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា ដែល​យើង​​អាច​នឹង​ដឹង​ដំណឹង​ច្បាស់​ការ​ពី​កិច្ច​ព្រម​ព្រៀង​ផ្លូវ​ការ​ផ្សេងៗ​ទៀត​។  

ឥណ្ឌា ជាដៃ​គូ​ដ៏សំខាន់​ មិន​អាច​ខ្វះបាន។ ផល​ប្រយោជន៍​របស់​បារាំង ដែល​បារាំង​ប្រឹង​ចាប់​ដៃ​ថ្នាក់ដឹកនាំឥណ្ឌា គឺ​ព្រោះតែ​ ប្រទេស​ទាំង​ពីរ​ហាក់​មានបន្ទាត់​យុទ្ធសាស្ត្រ​ស្រដៀង​គ្នា នៅក្នុងភូមិសាស្ត្រ​នយោបាយ​​យុទ្ធសាស្ត្រ​នៅ​ដែន​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ គឺអាចថា​ ​ឥណ្ឌា ​ជា​ជំហរ​មួយ​សម្រាប់​ទប់​ទល់​នឹង​នយោបាយ​​វាតទីនិយម​របស់ ​ចិន​។

មិនតែប៉ុណ្ណោះ បារាំង​ស្និទ្ធ​នឹង​ឥណ្ឌា ក៏​ចាំបាច់​ណាស់ដែរ ដ្បិតថា​ ឆ្នាំនេះ ឥណ្ឌា ជាប្រធាន​ផ្លាស់វេន វេទិកា​សេដ្ឋកិច្ច​ក្រុង​សៀង​ហៃ របស់​ចិន​ ហើយ​ ឥណ្ឌា ក៏​នឹងធ្វើ​​ជាប្រធាន​កិច្ចប្រជុំ​កំពូល​នៃប្រទេស​មាន​សេដ្ឋកិច្ច​ជឿន​លឿន​ទាំង២០ ដែលត្រូវ​រៀបចំ​នៅ​​ក្រុង​ញូវដេលី នា​ខែ​កញ្ញា ខាងមុខ​នេះ។

ដោយឡែក​ សំណុំ​រឿង​អាកាសធាតុ ដែល​បារាំង​ជ្រោម​ជ្រែង​ខ្លាំងតាំងពីដើម​មក ក៏បារាំង ​រឹងរឹត​តែ​ត្រូវ​ការ​ ឥណ្ឌា ក្នុង​កិច្ចខិត​ខំប្រឹង​ប្រែង​នេះដែរ​ ពីព្រោះថា ឥណ្ឌា ជាមហាប្រទេស​ដែល​បញ្ចេញ​ផ្សេង​ពុល​ ច្រើន​លំដាប់​ទី​៣ បន្ទាប់ពី​អាមេរិក​និង​ចិន​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ