អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក ពូទីន ​មិនចេញក្រៅប្រទេស ទៅចូលរួមផ្ទាល់ ក្នុងកិច្ចប្រជុំកំពូល Brics ​ព្រោះ​ជាប់​ដីកាចាប់ខ្លួន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ដែលស្ថិតក្រោមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ បានបញ្ជាក់ថា លោកនឹងមិនទៅចូលរួមផ្ទាល់នៅក្នុងកិច្ចប្រជុំកំពូល Brics ក្នុងប្រទេសអាហ្រ្វិកខាងត្បូង ​​ទេ តែ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី​​ទៅ​ជំនួស។ ក្រុមប្រទេសទាំង៥ ដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំង​ ហៅកាត់ថា Brics នឹងត្រូវ​បើក​កិច្ចប្រជុំកំពូលលើកទី១៥ ​ចាប់ពីថ្ងៃទី ២២ ដល់ទី២៤សីហា នៅទីក្រុង Johannesburg នៃប្រទេស អាហ្វ្រិកខាងត្បូង។​ តើ​ហេតុអ្វី​បាន​ជា​លោក​ ពូទីន មិន​សម្រេច​ចិត្ត​ទៅ​ចូលរួម​កិច្ចប្រជុំកំពូល​​នេះ​? តើម្ចាស់ផ្ទះ​អាហ្រ្វិកខាងត្បូង នឹងត្រូវ​ជួប​ការ​លំបាក​អ្វីខ្លះ ប្រសិន​បើ​លោក ​ពូទីន ​អញ្ជើញ​ចូលរួម​ផ្ទាល់​​នោះ​?​

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន AP - Mikhail Metzel
ផ្សាយពាណិជ្ជកម្ម

វត្តមាន​របស់​លោក វ្ល៉ាឌីមៀរ ពូទីន នៅក្នុង​កិច្ចប្រជុំ​កំពូល​នៅ​អាហ្វ្រិក​ខាងត្បូង​ ត្រូវ​ឋិត​នៅក្នុង​ភាព​ស្រពិច​ស្រពិល​ជាច្រើន​សប្តាហ៍​មកហើយ ហើយ​ផ្ទៃក្នុង​ប្រទេសអាហ្វ្រិកខាងត្បូង គឺមានការជជែកពិភាក្សាគ្នាយ៉ាង​ផុសផុល​នៅក្នុងរង្វង់អ្នកនយោបាយនិងសាធារណៈជនផង។ អ្នកច្បាប់ និង ពួកអ្នកនយោបាយអាហ្វ្រិកខាងត្បូង បានថ្លឹងថ្លែងខ្លាំងណាស់ ចំពោះការរៀបចំកិច្ចប្រជុំកំពូលក្រុមប្រទេស Brics គឺមានប្រទេស ​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង អាហ្វ្រិកខាងត្បូង និង​ដែល អាហ្វ្រិកខាងត្បូង ត្រូវធ្វើជាម្ចាស់ផ្ទះ។ ទី​បំផុត​ទៅ ថ្នាក់ដឹកនាំ​អាហ្វ្រិកខាងត្បូង និង​រុស្ស៊ី បាន​អះអាង​ព្រមគ្នា​ថា ប្រមុខរដ្ឋ​រុស្ស៊ី​ លោក ​ពូទីន មិន​អញ្ជើញ​ទៅ​ចូលរួម​ផ្ទាល់​ទេ។

បើ​ផ្អែក​តាម​សេចក្តីប្រកាស​​ផ្លូវការរបស់​រុស្ស៊ី គឺលោក ឌីមីទ្រី ប៉េស្កូវ​ អ្នក​នាំពាក្យ​វិមាន​ក្រេមឡាំង បាន​បញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹង​អញ្ជើញ​ចូលរួម​កម្មវិធី​ប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស​ Brics តាមរយៈ​វីដេអូ​ពីចម្ងាយ។ ខុសពីនេះ មជ្ឈដ្ឋាន​អន្តរជាតិ​ ខាង​លោក​ខាង​លិច​ គឺជឿជាក់ថា លោក​ ពូទីន ពុំ​ហ៊ាន​ចេញក្រៅ​ប្រទេស​ទេ​ ដ្បិត​កំពុងតែ​ជាប់​ដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។

ដំណឹង​ពី​ម្ចាស់​ផ្ទះ​​អាហ្វ្រិក​ខាងត្បូងវិញ គឺថា ថ្នាក់ដឹកនាំ​ប្រទេស​នេះ​ ​​ប្រធានាធិបតី Cyril Ramaphosa ផ្ទាល់​​តែម្តង បាន​ទទូច​អង្វរករ​សុំ​កុំ​ឲ្យ​លោក ​ ពូទីន អញ្ជើញ​ទៅចូលរួម​កិច្ចប្រជុំ​ដោយ​ផ្ទាល់។

នេះក៏ព្រោះតែ​អាហ្វ្រិក​ខាង​ត្បូង ឋិត​ក្នុង​ស្ថាន​ភាព​លំបាក។ ដ្បិតថា នៅក្នុងប្រទេស​ គឺ​គណបក្សប្រឆាំង​ធំជាង​គេ បា​នជំរុញ​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​ត្រូវចាប់ខ្លួន​លោក​ពូទីន ប្រសិន​បើ​លោក​មក​ជាន់​ដី​ អាហ្វ្រិក​ខាង​ត្បូង។​​ ​អាហ្រ្វិកខាងត្បូង ជាសមាជិក​រដ្ឋ​​ទទួល​ស្គាល់​លក្ខន្តិកៈ​ របស់​តុលាការព្រហ្មទណ្ឌអន្តរជាតិ។ ប្រទេស​នេះ​គឺត្រូវ​មា​នកាតព្វកិច្ច​អនុវត្ត​ដីកាតាម​​ចាប់ខ្លួន​ ​លោក​ ពូទីន​។

ក្នុង​សប្តាហ៍​នេះ​ ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក Cyril Ramaphosa ត្រូវ​កាសែត​ក្នុង​ស្រុក​ស្រង់​ប្រសាសន៍​​ផ្សាយ​ ថា ​ប្រសិន​បើ​រដ្ឋអំណាច​ Johannesburg ចាប់​ខ្លួន​លោក​ពូទីន បញ្ជូន​ទៅតុលាការ​ក្រុង​ឡាអេ គឺ​ប្រៀបដូច​ជា«ប្រកាស​សង្គ្រាម​»ជាមួយ​រុស្ស៊ី​ដោយ​ផ្ទាល់​តែម្តង។ ទង្វើនេះ គឺ​ច្បាស់ជា​គំរាមកំហែង​​ដល់​សន្តិសុខ​ សន្តិភាព និង​សណ្តាប់​ធ្នាប់​របស់​ប្រទេស​​។​

អាហ្វ្រិក​ខាងត្បូង មិន​អាច​នឹង​លើកដៃ​ចាប់ខ្លួន​ថ្នាក់ដឹកនាំរុស្ស៊ីទេ។ រុស្ស៊ី ជា​អ្នក​គាំទ្រចលនាតស៊ូ​របស់​របបដឹកនាំសព្វថ្ងៃ​ជា​ច្រើន​ទសវត្សរ៍មកហើយ។​ ​​នៅ​ពីម្ខាងទៀត អាហ្វ្រិក​ខាងត្បូង ក៏​លំបាក​នឹង​ប្រឈម​មុខ​នឹង​ក្រុម​បក្សប្រឆាំងអាហ្វ្រិកខាងត្បូង ប្រឈមមុខ​នឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ ហើយនៅមាន​ សហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប ថែមទៀត។​ ហេតុនេះ អាហ្វ្រិក​ខាងត្បូង គ្មាន​ជម្រើស​ផ្សេង​ ក្រៅតែ​ពី​ស្នើសុំ​ឲ្យ​លោកពូទីន កុំឲ្យ​​ទៅ​ចូលរួម​កិច្ចប្រជុំ​អាហ្វ្រិក​ខាងត្បូង តែប៉ុណ្ណោះ​។

​អ៊ុយក្រែន ​បរិហារថា​រុស្ស៊ី«លាង​ខួរក្បាល​ក្មេង»​។ រុស្ស៊ី​​ប្រុង​រៀបចំ​គម្រោង​មនុស្សធម៌សម្រាប់​កូន​ក្មេង​នៅអាហ្វ្រិក​ថែមទៀត។​

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ជាប់ដីកាតាម​ចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្មសង្គ្រាម ពិសេស​គឺ​ការពង្រាត់កូនក្មេងអ៊ុយក្រែនរាប់ពាន់នាក់។ អ្នកស្រី​ Maria Lvova-Belova ស្នងការ​ប្រតិភូអម​ប្រធានាធិបតីរុស្ស៊ី​ទទួល​បន្ទុក​សិទ្ធិកុមារ​ ក៏បា​នជាប់​ដីកាចាប់ខ្លួន​នេះដែរ​។ ​

ប្រភព​ពីភាគី​អ៊ុយក្រែន គឺ​តាំង​ពេល​ដែល​រុស្ស៊ី​ធ្វើ​សង្គ្រាម​ឈ្លាន​ពាន​អ៊ុយក្រែន​មក មាន​កូន​ក្មេង​អ៊ុយក្រែន​ប្រមាណ​ជា​ ១ លា​ន ៥ សែន​នាក់​ ឋិត​នៅក្រោម​តំបន់​ដែល​រុស្ស៊ី​ត្រួត​ត្រា។ បើតាម​អ៊ុយក្រែន គឺ​ ពួក​កុមារ​ទាំង​នោះ ត្រូវ​រដ្ឋអំណាច​រុស្ស៊ី​ចាប់​ពង្រត់​ទាំង​បង្ខំ​ និង​ត្រូវលាង«​ខួរ​ក្បាល​» លែង​ឈប់​ឲ្យ​និយាយ​ភាសា​អ៊ុយក្រែន ហើយ​និងត្រូវ​ អាជ្ញាធរ​រុស្ស៊ី​ ចាក់​បញ្ចូល​គំនិត​មនោគមន៍​ឲ្យ​ស្អប់​អ៊ុយក្រែន​ ជាដើម។

បទយកការណ៍​របស់​ទីភ្នាក់ព័ត៌មាន​បារាំង AFP ក៏​បាន​ឲ្យ​ដឹង​ពី​កូន​ក្មេងមួយ​ចំនួន​ ដែល​ អាជ្ញាធរ​អ៊ុយក្រែន ចរចា​យក​បាន​ឲ្យ​មក​ជួបជុំ​គ្រួសារ​វិញ គឺ​ ពួកគេ​ខ្លះ លែង​ចង់​និយាយ​ភាសា​អ៊ុយក្រែនពិតមែន​ និងចង់​ឲ្យ​តែ​និយាយ​ភាសា​រុស្ស៊ី​ទៅកាន់​​ពួក​គេ​។​​ ​មន្ត្រី​ជាន់​ខ្ពស់​នៃ​វិមាន​ប្រធានាធិបតី​អ៊ុយក្រែន​ បាន​គូស​បង្ហាញថា គោល​បំណង​របស់​រុស្ស៊ី គឺ​បង្វែរ​ខួរក្បាល​កូន​ក្មេង​ឲ្យ​ស្រឡាញ់​រុស្ស៊ី ស្អប់​អ៊ុយក្រែន​ និង​បំផ្លាញអត្ត​សញ្ញាណ​អ៊ុយក្រែន​។​

ផ្ទុយ​ទៅវិញ អ្នកស្រី​ Maria Lvova-Belova ស្នងការ​ប្រតិភូអម​ប្រធានាធិបតីរុស្ស៊ី​ទទួល​បន្ទុក​សិទ្ធិកុមារ​ បាន​អះអាង​ថា កូន​ក្មេង​ដែល​អាជ្ញាធរ​រុស្ស៊ី​យក​មកមើលថែ គឺ​បាន​ទទួល​ការ​ស្នាក់​នៅ​ក្នុង​ជំរំ​ និងរស់នៅ​តាម​គ្រួសារ​ត្រឹមត្រូវ ហើយ​បា​ន​​សិក្សា​រៀនសូត្រ​នៅ​សាលា​រៀន​​ទៀតផង​។​

អ្នកស្រី ​ Maria Lvova-Belova បាន​ទទួល​ទំនុកទុកចិត្ត​ពី​ប្រមុខរដ្ឋ​រុស្ស៊ី ដើម្បី​នឹង​អភិវិឌ្ឈកម្មវិធី​មនុស្ស​ធម៌​និង​សិទ្ធកុមារ​ នៅប្រទេសអាហ្វ្រិក ថែមទៀត។ វិទ្យRFI​ ខាងជំនាញ​កិច្ចការ​តំបន់​អាហ្វ្រិក បាន​ផ្សាយ​បណ្តើរៗ​ទៅហើយ ពីគម្រោងនេះ​​​ ដ្បិតថា ថ្នាក់ដឹកនាំ​រុស្ស៊ី នឹង​ទទួល​ថ្នាក់ដឹកនាំ​ប្រទេស​អាហ្វ្រិក​ Saint-Pétersbourgនៅ​​សប្តាហ៍​ខាងមុខប្រសិន​បើ​ឈរ​នៅ​គំនិត​ខាង​អ៊ុយក្រែន គម្រោង​មនុស្សធម៌រុស្ស៊ីនេះ ក៏​ជា​ក្តី​បារម្ភមួយ​ដែរ​ចំពោះ​កូន​ក្មេង​អាហ្វ្រិក​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ