អានតួអត្ថបទ

សហភាពអឺរ៉ុបចង់​បង្កើតតុលាការអន្តរជាតិ ដើម្បីជំនុំជម្រះឧក្រិដ្ឋកម្មរុស្ស៊ីនៅអ៊ុយក្រែន

ការចង់​បង្កើត តុលាការ​ពិសេស នេះ គឺ​ផ្អែកតាម​ការ​អះអាង​របស់​ ប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន នៅថ្ងៃទី​ ៣០ វិច្ឆិកា​។ ដើម្បីនឹងបង្កើតសាលាជម្រះក្តីពិសេសនិងខ្នាតធំនេះបាន អ្នកស្រី​ប្រធានគណៈកម្មការអឺរ៉ុប បានប្រកាសបញ្ជាក់ថាចង់ឲ្យមានគាំទ្រដោយអង្គការសហប្រជាជាតិ និង តុលាការព្រហ្មទណ្ឌអន្តរជាតិ  ព្រមទាំងការគាំទ្រពីសហគមអន្តរជាតិ បន្ថែមទៀត។

ប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន ថាកំពុងធ្វើការជាមួយដៃគូសហការ ​ដើម្បីជួយរៀបចំបង្កើត តុលាការពិសេសមួយ សម្រាប់កាត់ក្តីឧក្រិដ្ឋកម្មសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។
ប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន ថាកំពុងធ្វើការជាមួយដៃគូសហការ ​ដើម្បីជួយរៀបចំបង្កើត តុលាការពិសេសមួយ សម្រាប់កាត់ក្តីឧក្រិដ្ឋកម្មសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ AFP - GENT SHKULLAKU
ផ្សាយពាណិជ្ជកម្ម

​តុលាការ​ពិសេស ដែ​ល​ សហភាព​អឺរ៉ុប ​​ចង់​បង្កើតនេះ គឺ​​ដើម្បី​ស៊ើបអង្កេត​ និង ​​​កាត់ទោស​ឧក្រិដ្ឋកម្ម​ភ្លើង​សង្គ្រាម ដែល​ រុស្ស៊ី បង្កាត់​ឲ្យ​ឆេះ​ឡើង នៅ​លើ​ដី​អ៊ុយក្រែន​។ អ៊ុយក្រែន ​តាមរយៈ​​ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី គឺ​ទាមទារ​ចង់​បាន ​អង្គ​ជំនុំ​ជម្រះ​ ​បែបនេះ​ជាយូរ​មកហើយ។

​ទន្ទឹម​នឹង​គ្នា​នេះ ​ អ្នកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន​ ​អះអាង​ថា​កំពុង​តាម​ដានយ៉ាង​ដិតដល់​ចំពោះ​​ផល​វិបាក​ដែល​រុស្ស៊ី​កំពុងតែ​ប្រឈម ក្រោយពី​​ពេល​ ​សហភាព​អឺរ៉ុប​ ​ជាមួយសហការដៃ​គូ​ផ្សេងទៀត បាន​បង្កក​ទ្រព្យ​សម្បត្តិ​របស់​មហាសេដ្ឋី​រុស្ស៊ីនិង​ថ្នាក់ដឹកនាំ​ស្អិត​នឹង​វិមាន​ក្រេមឡាំង។

តាម​សេចក្តីថ្លែង​ការ​ណ៍​ គឺ​ចាប់ពី​ផ្ទុះ​សង្គ្រាម​ឈ្លាន​ភាព​រុស្ស៊ី​លើអ៊ុយក្រែន​ នាចុង​ខែ​កុម្ភៈ​មក ​សហភាព​អឺរ៉ុប បាន​បង្កក​ហិរញ្ញវត្ថុ​ពី​​​​ធនាគារ​​កណ្តាល​រុស្ស៊ី ចំនួន​ ៣០០ ពាន់​លាន​អឺរ៉ូ ហើយ​និង បង្កក​ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ី ចំនួន ​១៩ ពាន់​លាន​អឺរ៉ូ។ ក្នុង​រយៈ​ពេ​លខ្លី ​​សហភាព​អឺរ៉ុប ​ប្រើប្រាស់​លុយ​សន្ធឹក​សន្ធាប់​នេះ ដើម្បីវិនិយោគ និង​ផ្តល់​ជំនួយ​ដល់​អ៊ុយក្រែន ដែល​រងគ្រោះ​ដោយ​សង្គ្រាម។​​​

តាម​ទិន្នន័យ​របស់​សហភាព​អឺរ៉ុប តាំងពី​ផ្ទុះ​សង្គ្រាម​មក ពលរដ្ឋ​ស៊ីវិល​អ៊ុយក្រែន ជាង​២ម៉ឺននាក់​ស្លាប់ ហើយ​ទាហាន​អ៊ុយក្រែន ជាង​១០ម៉ឺននាក់​ ពលី​ជីវិត ហើយ​ផល​ខូច​ខាត​ព្រោះតែ​សឹក​ចម្បាំង គិត​ជាមធ្យម​ ៦០០ ពាន់លាន​អឺរ៉ុប។ អ្នកស្រី ប្រធានគណៈកម្មការអឺរ៉ុប សង្គត់​ធ្ងន់ថា រុស្ស៊ី​គឺត្រូវ​សង​សំណង​ខូច​ខាត​នេះ។

ក្នុង​កិច្ចប្រជុំ​ពីរថ្ងៃ​ ជាមួយ​ប្រមុខ​ទូត​នៃ​រដ្ឋ​សមាជិក​អូតង់ នៅ​ប្រទេស​រូម៉ានី លោក​អគ្គលេខាធិការ​អង្គការ​សម្ព័ន្ធ​មិត្ត​អូតង់ បាន​លើកឡើង​ថា ក្រៅពី​គ្រឿង​សព្វាវុធ​សម្លាប់​ផ្តាច់​ជីវិត​ដោយ​ផ្ទាល់ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន​ បាន​ប្រើ​អាវុធ​មួយ​ទៀត គឺ«​ភាពត្រជាក់​នៃរដូវ​រងា» ដើម្បី​សម្លាប់​កង​ទ័ព​និងពលរដ្ឋ​អ៊ុយក្រែន ពីព្រោះថា រុស្ស៊ី​ បាន​កម្ទេច​ហេដ្ឋារចនាសម្ព័ន្ធរបស់​អ៊ុយក្រែន​​ អស់​យ៉ាង​ច្រើន​សន្ធឹក។

ក្នុងដំណាក់​កាល​បន្ទាន់​នេះ​ ប្រទេស​ជាច្រើន រួម​ទាំង​បារាំងនិងសហរដ្ឋ​អាមេរិក​ជាដើម បាន​បញ្ចូន​​ជំនួយ  ម៉ាស៊ីន​ភ្លើង​ និង​ម៉ាស៊ីន​កម្តៅ​ជាច្រើនរយគ្រឿង​​ តាមរយៈ​រូម៉ានី ទៅឲ្យ​អ៊ុយក្រែន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ