អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រុស្ស៊ី​ប្រកាសបើកសមយុទ្ធនៅសមុទ្រខ្មៅ ​​ហាម​នាវា​​ឆ្លង​កាត់​ ចំណែក​អ៊ុយក្រែន​ប្រើ​គ្រាប់បែក​ចង្កោមរបស់អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃសុក្រ ទី២១ កក្កដា​ ក្រសួង​ការពារជាតិ​រុស្ស៊ី ប្រកាសបើកសមយុទ្ធនៅសមុទ្រខ្មៅ  និង​​ហាមឃាត់​​នាវា​ផ្សេងៗ​កុំឲ្យ​ឆ្លង​កាត់​ឲ្យ​សោះ។ ការប្រកាស​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ខ្មៅ​នេះ ជា​រនាំង​ថ្មី​បន្ថែមទៀត ចំពោះ​ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយក្រែន។ ដ្បិតថា កិច្ចព្រមព្រៀង​នាំ​ចេញគ្រាប់​ធញ្ញជាតិ​ បាន​ផុត​កំណត់​ទៅ​ហើយ។​ អង្គការ​សហប្រជាជាតិ ​​ថ្លែង​ក្តី​បារម្ភ​ជាថ្មី បន្ទាប់ពី​ឃើញ​តម្លៃ​ធញ្ញជាតិជាទូទៅ ​បាន​ហក់​ឡើងថ្លៃ​ខ្ពស់។​ជាការ​វាយបកទៅវិញ អ៊ុយក្រែន ​​ប្រកាស​ថា​បាន​ចាប់ផ្តើម​ប្រើ​ប្រាស់​គ្រាប់បែក​ចង្កោម​ នៅ​សមរភូមិ​។ គ្រាប់បែក​ចង្ក្រោម ជា​សំណុំ​រឿង​ដ៏​ចម្រូង​ចម្រាស់​ និងជាកញ្ចប់​​អំណោយ​របស់​សហរដ្ឋអាមេរិក។ អាមេរិក​ ជាថ្មីទៀត ក៏​បាន​ប្រកាស​ផ្តល់​ជំនួយ ១,១៦ ពាន់​លាន​ដុល្លារ​បន្ថែមទៀត ដល់​អ៊ុយក្រែន​។​

រូបភាព​នៅ​សមុទ្រ​ខ្មៅ ផ្តល់​ដោយ ក្រសួង​ការពារជាតិ​រុស្ស៊ី។​
រូបភាព​នៅ​សមុទ្រ​ខ្មៅ ផ្តល់​ដោយ ក្រសួង​ការពារជាតិ​រុស្ស៊ី។​ AP
ផ្សាយពាណិជ្ជកម្ម

​ហេតុអ្វី​ រុស្ស៊ី ប្រកាសបើកសមយុទ្ធនៅសមុទ្រខ្មៅ ?

​ក្នុង​ការ​ប្រកាស​របស់​ក្រសួងការពារជាតិរុស្ស៊ី គឺ​​សមយុទ្ធ​លើកនេះ សំដៅ​ផ្តោត​ខ្លាំង​ទៅលើ​ការ​បាញ់​កម្ទេច​នាវា​។ រដ្ឋអំណាច​រុស្ស៊ី ក៏​​​ហាម​ឃាត់​មិន​ឲ្យ​នាវា​ណា​មួយ​ ឆ្លង​កាត់សមុទ្រខ្មៅ​ប៉ែក​ពាយ័ព្យ​ ឬ​តម្រង់​ឆ្ពោះ​ទៅ​ខាង​ដែន​ទឹករបស់​​អ៊ុយក្រែនឡើយ​។ ប្រសិន​បើ​មាន​នាវា កប៉ាលណា​ ល្មើសបំរាម​ មិនថា​នាវា​ស៊ីវិល​ក្តី ក៏ត្រូវ​ចាត់ទុក​រាប់​ថា​ជា​ នាវា​យោធា​ ដែរ។ ដូច្នេះ​គឺជា​កម្មវត្ថុ​នៃការបាញ់ក​ម្ទេច។​ អាស្រ័យ​ហេតុនេះ​ គេ​​ឃើញ​ជាក់ច្បាស់ថា នេះ​ជា​មធ្យោបាយ​គំរាម​របស់​រុស្ស៊ី និង​ដែល​ រដ្ឋបាល​ក្រុង​ម៉ូស្កូ យក​​«គ្រាប់​ធញ្ញជាតិ»ធ្វើ​ជា​ចំណាប់​​ខ្មាំង​។

កិច្ចព្រមព្រៀង​ស្តីពីការ​នាំចេញ​គ្រាប់ធញ្ញាជាតិ ដែល​ អង្គការ​សហប្រជាជាតិ និងតួកគី​ បាន​ជួយ​សម្របសម្រួល​ចរចា ពី​ខែ​កក្កដា​ឆ្នាំ​២០២២ គឺ​​​ផុត​កំណត់​ហើយ នៅថ្ងៃច័ន្ទ​ដើម​សប្តាហ៍​។ កាល​យប់​ថ្ងៃ​អង្គារ គឺ​ រុស្ស៊ី​បាញ់​ប្រហារ​លើ​កំពង់​ផែ​អូដេសា និង​ Tchonormorsk របស់​អ៊ុយក្រែន គឺ​បាន​ធ្វើ​ឲ្យ​គ្រាប់​ធញ្ញជាតិ​ ៦ សែន​តោន ត្រូវ​ខូច​ខាត។ រាត្រី​ថ្ងៃ​ពុធ​ឈាន​ចូល​ថ្ងៃព្រហស្បតិ៍​ ​រុស្ស៊ី​ក៏​បើក​ការវាយ​ប្រហារ​បាញ់​មីស៊ីល​ពីយន្តហោះ​ដ្រូន​​​​ទៅលើ​កំពង់ផែអ៊ុយក្រែន  អូដេសា និង Mykolaïv ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ យ៉ាង​ហោច ​៣ នាក់ និង​ជាង ​២០ នាក់​រង​របួស​ធ្ងន់។ ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរស៍ ​​​ថ្កោលទោស​រុស្ស៊ី​ជា​ខ្លាំង​ ដែល​​​​​វាយប្រហារ​តម្រង់​សំដៅ​លើ​កំពង់ផែ​របស់​អ៊ុយក្រែន។​ កំពង់ផែ​នេះ ជា​កន្លែង​​ស្តុកទុក​គ្រាប់​ធញ្ញជាតិសម្រាប់​នាំចេញ។ ​ភាគី​អ៊ុយក្រែន​​ បាន​ស្នើ​ឲ្យ​មាន​នាវា​យាម​ល្បាត​​របស់អង្គការ​សហប្រជាជាតិ ​ ក្នុង​ដំណើរការ​ដឹកជញ្ជូន​គ្រាប់​ធញ្ញជាតិ​ ជាបន្ត ទោះបី​គ្មាន​កិច្ចព្រមព្រៀង​ថ្មី​ក្តី​។ ថ្ងៃសុក្រ ថ្នាក់ដឹកនាំ​តួកគី ​​​ប្រកាស​ថា​នឹង​ខំប្រឹង​ជំរុញ​ចិត្ត​ឲ្យ​លោកពូទីន​ត្រឡប់​មក​រក​កិច្ចព្រមព្រៀង​ថ្មី។​

​ដំណាក់​កាល​នេះ អ្ន​កនាំពាក្យ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​​កត់​សម្គាល់​ថា គ្រាន់តែប៉ុន្មាន​ថ្ងៃ​នេះសោះ​ តម្លៃ​គ្រាប់​ធញ្ញជាតិនៅ​លើពិលោក រាប់ពី​ស្រូវ​សាឡី​ និង ពោត ជាដើម បា​នហក់​ឡើង​ថ្លៃ​។ នេះ​នឹង​​ចោទជាបញ្ហា​ខ្លាំង​ចំពោះ​ប្រជាជន​និងប្រទេសក្រីក្រ​។​

​សង្គ្រាម​កាន់តែ​ផុង​ជ្រៅ​ ​​​​ព្រោះតែ​​ភាគី​ជម្លោះ​ចាប់ផ្តើម​ស្រវារក​«គ្រាប់បែក​ចង្កោម»?

​ថ្ងៃអាទិត្យកន្លងទៅ ប្រធានាធិបតី​លោក ពូទីន ប្រកាសថា រុស្ស៊ីមានស្តុកគ្រាប់បែកចង្កោមជាច្រើន ហើយព្រមានថា នឹងប្រើប្រាស់គ្រាប់បែកចង្កោមនៅសមរភូមិមុខ ប្រសិនបើ អ៊ុយក្រែន ប្រើវាដែរ។ តែ ​ភាគីអាជ្ញាធរ​អ៊ុយក្រែន ​​ចោទប្រកាន់​ថា កងទ័ព​រុស្ស៊ី​ បាន​ប្រើប្រាប់​គ្រាប់​បែក​ចង្កោម​នេះ​ តាំងតែ​ពី​ដើម​ជម្លោះ​មកម្ល៉េះ។

នៅពេល​នេះ អ៊ុយក្រែន ក៏​​បាន​ផ្តើម​ប្រាស់​ប្រាស់​គ្រាប់បែក​​ចង្កោមដែរ​ ដើម្បី​ប្រយុទ្ធ​ទប់​ទល់​នឹង​ការវាយប្រហារ​របស់​រុស្ស៊ី​។ ដំណឹង​ចុងក្រោយ​នេះ បញ្ជាក់​​ពី​សេតវិមាន​អាមេរិក។ ទាំងសហរដ្ឋ​​អាមេរិក ទាំង​រុស្ស៊ី និង អ៊ុយក្រែន សុទ្ធតែ​​មិនព្រម​ចុះ​ហត្ថលេខា​ លើ​សន្ធិសញ្ញាក្រុង​អូស្លូ ស្តីពី​ការ​​ហាម​ឃាត់​ផលិ​ត​និង​ប្រើប្រាស់ គ្រាប់បែកចង្កោម​ទេ​។ 

សម្ព័ន្ធ​មិត្ត​លោក​ខាងលិច ​រិះគន់​អាមេរិក​និង​អ៊ុយក្រែន​ ។ ថ្ងៃទី​២១កក្កដា អ៊ុយក្រែន បានកោះហៅ​ឯកអគ្គ​រាជទូត​អង់គ្លេស​ប្រចាំ​ក្រុង​កៀវ ទៅ​សាក​សួរ​។​ នេះក៏ព្រោះតែ ​ទូត​អង់គ្លេស​នៅអ៊ុយក្រែន បាន​រិះគន់​ថ្នាក់ដឹកនាំ​អ៊ុយក្រែន​ អំពីការ​ប្រើប្រាស់«​គ្រាប់បែក​ចង្កោម​» ដែល​ជា​អំណោយ​របស់​សហរដ្ឋអាមេរិក។ ទោះបី​អង់គ្លេស​ជា​សម្ព័ន្ធអាមេរិក​និងផ្តល់​ជំនួយ​​ជួយ​អ៊ុយក្រែន​​ពិតមែន តែ​ជំហរ​របស់​រដ្ឋាភិបាល​អង់គ្លេស​ គឺ​មិន​ឯកភាព​នឹងការប្រើប្រាស់​«​គ្រាប់បែក​ចង្កោម​» នោះឡើយ។​

នៅថ្ងៃទី​២១កក្កដា ​ លោក វ្ល៉ាឌីមៀរ ពូទីន បាន​បង្ហើរ​សម្តីថា ជំនួយ​អាវុធ​ មិនថា​អាវុធអ្វី មិនថារថគ្រោះ មីស៊ីល ដែល​ពួក​លោក​ខាងលិច​ បាន​​ផ្តល់​ឲ្យ​រដ្ឋអំណាចក្រុង​កៀវ គឺ​មិន​អាច​នឹង​ឲ្យ​អ៊ុយក្រែន​ឈ្នះ​នៅ​សមរភូមិ​មុខ នោះឡើយ​។​ នេះបើតាម​សម្តី​របស់​លោកប្រមុខ​រដ្ឋ​រុស្ស៊ី​។​

​ច្រើនសប្តាហ៍មកហើយ ដែល អ្នកជំនាញខាងយុទ្ធសាស្ត្រ​សង្គ្រាម​ មើលឃើញថា សង្គ្រាមនៅសមរភូមិក្តៅ ហាក់នៅទ្រឹង។ ការវាយប្រហារចេះតែបន្តមាន រប៉ែសរប៉ស ប៉ុន្តែ អ៊ុយក្រែន ហាក់មិនអាចរុលទៅមុខ ហើយទ័ពរុស្ស៊ីក៏ដូចគ្នា។ ទំនង​ជាដូច្នេះហើយ ទើបជំរុញ​​ឲ្យ​ អ៊ុយក្រែន សម្រេច​ចិត្ត​ប្រើ​គ្រាប់បែក​ចង្កោម ដើម្បី​ផ្តល់​សន្ទុះ​វាយ​ប្រហារ។​​ អ៊ុយក្រែន ក៏ទំនង​ជា​បាន​ងាក​ទៅ​ខាង​តំបន់​គ្រីមេ ដែលត្រូវ​រុស្ស៊ី​លេបត្របាក់​ដាក់​ចូល​ជា​ឧបសម្ព័ន្ធ​ដែន​ដី​របស់ខ្លួន។  នៅ​ថ្ងៃពុធ ​ជំរំ​យោធា​មួយ​របស់​រុស្ស៊ី​នៅ​គ្រីមេ ត្រូវភ្លើងឆេះ​ ​​តម្រូវ​ឲ្យ​មនុស្ស ជាង ២ ពាន់​នាក់ ត្រូវ​ជម្លៀសចេញ។ កន្លែង​ស្តុក​គ្រឿងបរិក្ខារយោធា​រុស្ស៊ី​នៅគ្រីមេ ក៏ត្រូវរងការ​​ប្រហារ​ដែរ។​ ក៏ប៉ុន្តែ អ៊ុយក្រែន​មិន​បាន​បញ្ជាក់​ថា នោះ​​ជាស្នាដៃ​របស់ខ្លួន​ទេ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ