អានតួអត្ថបទ

ទីភ្នាក់ងារចារកិច្ច​អង់គ្លេស អំពាវនាវឲ្យ​ប្រជាជនរុស្ស៊ីធ្វើ​ជាភ្នាក់ងារ​ចារកិច្ច​ឲ្យអង់គ្លេស

ថ្ងៃពុធទី​១៩កក្កដា ប្រធានទីភ្នាក់ងារ​ចារកិច្ច​ក្រៅប្រទេស របស់អង់គ្លេស បាន​ថ្លែងអំពាវនាវ ហៅឲ្យ​ប្រជាជនរុស្ស៊ីទាំងអស់ ដែល​អត់ទ្រាំលែងបានចំពោះសង្គ្រាម​ឈ្លាន​​ពាន​ដែលមេដឹកនាំខ្លួនបានធ្វើនៅអ៊ុយក្រែន ថាអាចងាកមកធ្វើជាភ្នាក់ងារ​ចារកិច្ច​ បម្រើ​ឲ្យ​អង់គ្លេសបាន​។ នេះគឺជាសារប្រកូកប្រកាស របស់​លោកប្រធាន​ទីភ្នាក់ងារចារកិច្ចអង់គ្លេស ដែលកំពុងតែត្រូវការ​ ​ជ្រើសរើសសមាជិក​ចារកិច្ចសម្ងាត់ថ្មីៗបន្ថែមទៀតនៅរុស្ស៊ី​។  ​

ការិយាល័យ​ទីភ្នាក់ងារចារកិច្ច​អង់គ្លេស MI6 នៅក្រុង​ឡុង
ការិយាល័យ​ទីភ្នាក់ងារចារកិច្ច​អង់គ្លេស MI6 នៅក្រុង​ឡុង REUTERS - Reuters Photographer
ផ្សាយពាណិជ្ជកម្ម

ថ្លែងពីទីក្រុងប្រាហ្ក លោក Richard Moor ប្រធានទីភ្នាក់ងារចារកិច្ចក្រៅប្រទេស​ របស់អង់គ្លេស ដែលគេហៅកាត់ថា MI6 បានលើកឡើងថា បច្ចុប្បន្ននេះ មានប្រជាជនរុស្ស៊ីច្រើននាក់ណាស់ ដែល​អត់ធន់ ខាំមាត់ មិនហ៊ាននិយាយអ្វី ដោយ​ឃើញ​សកម្មភាព​ព្រៃផ្សៃ របស់​​កងទ័ពរុស្ស៊ី​ បានបាញ់​ប្លោងទម្លាក់​គ្រាប់បែកលើទីក្រុងអ៊ុយក្រែន ធ្វើឲ្យ​ប្រជាជនស៊ីវីលអ៊ុយក្រែន ត្រូវស្លាប់ ត្រូវ​របួស ​ត្រូ​វភៀសខ្លួន ហើយ​បានថែមទាំងចាប់កេណ្ឌកុមារអ៊ុយក្រែនយកទៅ​ថែមទៀត​។​ 

ប្រធានក្រុម​​ចារកិច្ចអង់គ្លេស MI6 បន្តថា ប្រជាជនរុស្ស៊ី បានឃើញនឹងភ្នែក​ នូវ​ភាពអមនុស្សធម៌ គ្មានមនសិការ​ជាមនុស្ស ក៏ដូចជា​ភាពអសមត្ថភាព នៃមេដឹកនាំរបស់រុស្ស៊ី។ តែប្រជាជនរុស្ស៊ី ត្រូវស្ថិតនៅចំពោះមុខជម្រើសដ៏គ្រោះថ្នាក់បំផុត មិនអាចធ្វើអ្វីបានដើម្បី​គោរពមនសិការរបស់ខ្លួន។​ ពោល​គឺ​មិនខុស​ពីកាលពីជំនាន់ ឆ្នាំ​១៩៦៨ នៅពេលដែលកងទ័ពសូវៀត បានលើកទ័ពចូល​វាយបង្ក្រាប​ចលនាបដិវត្តន៍ នៅទីក្រុងប្រាហ្ក ​នោះទេ។  

ក្នុងន័យនេះ ក្នុងនាមជាប្រធានទីភ្នាក់ងារចារកិច្ចក្រៅប្រទេសរបស់អង់គ្លេស បានអំពាវនាវ ហៅឲ្យ​ប្រជាជនរុស្ស៊ីទាំងអស់ ងាកមកចូលរួម​បម្រើចារកម្មអង់គ្លេស។ ចារបុរសរូបនេះ អះអាងថា ១៨ខែមកនេះ មានជនជាតិរុស្ស៊ីច្រើននាក់ហើយដែលបានចូលរួមហើយលោកសូមហៅមនុស្សថ្មីបន្ថែមទៀត ព្រោះថាទ្វារនៅតែបើកចំហជានិច្ច​។ បើតាម​ការធានារបស់លោក Richard Moor ​គឺការចូលបម្រើ​ទីភ្នាក់ងារចារកិច្ចអង់គ្លេស នឹងត្រូវធ្វើដោយសម្ងាត់ និង​ដោយ​គោរពវិជ្ជាជីវៈបំផុត។​ ទីភ្នាក់ងារ​ចារកិច្ច​អង់គ្លេស មានទំនួលខុសត្រូវខ្ពស់ និង​ធានាការពារសុវត្ថិភាពភ្នាក់ងារនីមួយរបស់ខ្លួន យ៉ាងម៉ដ្ឋចត់​។ 

ជាមួយគ្នានេះដែរ លោក​ Richard Moor បាន​ទទួលស្គាល់ថា បច្ចុប្បន្ននេះ បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត បានដើរតួនាទីកាន់តែចាំបាច់ នៅក្នុងសកម្មភាពការងារចារកម្ម។ លោកបញ្ជាក់ថា MI6 ក៏ប្រើ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នៅក្នុងបេសកកម្មការងារ ទាក់ទិននឹង ចិន ដែរ​។ តែទន្ទឹមគ្នានេះ លោក​បានធានា អង់គ្លេសនិងប្រទេសសម្ព័ន្ធមិត្ត​ មានឆន្ទៈ ប្រើប្រាស់​បច្ចេកវិទ្យានេះ ប្រកបដោយ​មនសិការ និងការទទួលខុសត្រូវបំផុត​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ