អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សភាថៃលើកពេលបោះឆ្នោតនាយករដ្ឋមន្រ្តីមួយថ្ងៃក្រោយបក្សភឿថៃក្បត់ ដោះដៃចេញពីបក្ស​កាវក្លៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

មួយថ្ងៃក្រោយ គណបក្ស​ភឿថៃ​ប្រកាស​ផាត់ គណបក្សកាវក្លៃ ចេញពីអនាគត​រដ្ឋាភិបាល​ចម្រុះថ្មី តុលាការ​ធម្មនុញ្ញថៃ​បាន​ប្រកាស​លើកពេល បើកសវនាការ​លើពាក្យបណ្តឹង ​របស់​អ្នកគាំទ្រ​គណបក្ស​កាវក្លៃ ដែលចង់​ឲ្យតុលាការធម្មនុញ្ញ​វិនិច្ឆ័យ ក្នុងរឿងដែល​សភាថៃបោះឆ្នោត ប្រឆាំង​បេក្ខភាពនាយករដ្ឋមន្រ្តីថៃ​របស់​លោក​ភិថា លីមចៈរើនរ៉ាត់ កាលពីថ្ងៃទី ១៩​ខែកក្កដា។ នៅថ្ងៃ​ព្រហស្បតិ៍ទី ៣ សីហា ប្រធានសភា​ថៃ បាន​ប្រកាស​លើកពេល​ការបោះឆ្នោតជ្រើសរើស​នាយករដ្ឋមន្រ្តី ជាលើកទី៣ ដែលត្រូវ​គ្រោងធ្វើ​នៅថ្ងៃទី ៤​សីហា ឆ្នាំ​២០២៣។ ថៃកំពុងជាប់គាំង​ក្នុង​វិបត្តិនយោបាយ មិនទាន់​រកឃើញ​នាយករដ្ឋមន្រ្តី បើទោះបី ការបោះឆ្នោត​បាន​កន្លងផុតទៅ ជាង ១ខែ ចំណែក​គណបក្ស​កាវក្លៃ ដែលមានការគាំទ្រ​ពីយុវជន បាន​ទទួលសំឡេងច្រើនជាងគេ​នៅក្នុងការបោះឆ្នោត​ក្តី។

អ្នកគាំទ្រ​បក្ស​កាវក្លៃរបស់​លោកភិថា ចៈរើនរ៉ាត់​អង្គុយតវ៉ានៅទីលានប្រជាធិបតេយ្យ​នៅទីក្រុង​បាងកក
អ្នកគាំទ្រ​បក្ស​កាវក្លៃរបស់​លោកភិថា ចៈរើនរ៉ាត់​អង្គុយតវ៉ានៅទីលានប្រជាធិបតេយ្យ​នៅទីក្រុង​បាងកក © AP - Wason Wanichakorn
ផ្សាយពាណិជ្ជកម្ម

ហេតុអ្វីសភាថៃលើកពេលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តី?

បន្ទាប់ពី​ប្រកាស​លើកពេល​បោះឆ្នោតជ្រើសរើស​នាយករដ្ឋមន្រ្តី ដោយ​គ្មានកាលកំណត់ កាលពីថ្ងៃទី ២៥​កក្កដា កន្លងទៅ ប្រធានរាជសភាថៃ លោក​វ៉ាន់ មូហាម៉ាត់ ណរ ម៉ៈថា បាន​ប្រកាស នៅថ្ងៃព្រហស្បតិ៍ទី ៣​សីហា ថា ការបោះឆ្នោតជ្រើសរើស​នាយករដ្ឋមន្រ្តីថៃដែលត្រូវ​ប្រព្រឹត្ត​ទៅ នៅថ្ងៃ​សុក្រទី ៤​សីហា នឹងត្រូវ​លើក​ពេលសា​ជាថ្មី។ តាមលោក​វ៉ាន់ មូហាម៉ាត់ ណរ ម៉ៈថា ក្នុងនាមជា​ប្រធានសភាថៃ លោក​ត្រូវសម្រេច​លើកពេល​ការបោះឆ្នោតជ្រើសរើស​នាយករដ្ឋមន្រ្តីថៃ​ថ្មី ក្នុងពេល​រង់ចាំ​ការសម្រេច​របស់​តុលាការ​ធម្មនុញ្ញ​ថៃ នៅ​ថ្ងៃទី ១៦​សីហា​ខាងមុខ។

ការប្រកាស​របស់​ប្រធាន​សភាថៃ​បានទៅបន្ទុចបង្អាក់​ដំណើរការ​ចរចា​របស់​គណបក្ស​ភឿថៃជាមួយ​គណបក្ស​គាំទ្រយោធាថៃ នៅមួយថ្ងៃក្រោយ ដែល​បក្ស​ភឿថៃ​ប្រកាស​កាត់ផ្តាច់ចំណងជាមួយ គណបក្ស​កាវក្លៃ នៅក្នុង​គម្រោងបង្កើត​រដ្ឋាភិបាល​ចម្រុះថ្មី។

ហេតុអ្វីគេត្រូវចាំ​ការសម្រេច​របស់​តុលាការធម្មនុញ្ញថៃ?

តាម​ប្រធានសភាថៃ ការបោះឆ្នោតជ្រើសរើស​នាយករដ្ឋមន្រ្តី​ថៃ ត្រូវ​លើកពេល ព្រោះ​ត្រូវ​រង់ចាំ​ការសម្រេច​របស់​តុលាការធម្មនុញ្ញ​ស្តីពី​ការបដិសេធ​បេក្ខភាព​នាយករដ្ឋមន្រ្តី​របស់​លោកភិថា លីមចៈរើនរ៉ាត់ នៅក្នុងការបោះឆ្នោតសភា កាលពីថ្ងៃទី ១៩​កក្កដា។

នៅថ្ងៃ​នោះ សមាជិក​សភាទាំង២ថ្នាក់ ដែល​ភាគច្រើន​ជា​សមាជិក​ព្រឹទ្ធសភា ដែលតែងតាំងដោយពួកយោធា និង​សមាជិកអ្នកតំណាងរាស្រ្តរបស់​គណបក្ស​គាំទ្រពួក​យោធាបាន​បោះឆ្នោត​បដិសេធ បេក្ខភាព​នាយករដ្ឋមន្រ្តី របស់លោក​ភិថា លីមចៈរើនរ៉ាត់ ដែលបាន​ស្នើ​បេក្ខភាព​របស់​លោក​ជាលើកទី២ បន្ទាប់ពីបរាជ័យ​ក្នុងការបោះឆ្នោតសភា ​នៅថ្ងៃទី ១៣កក្កដា។ តាម​ការលើកឡើង​របស់​ក្រុមប្រឆាំង​លោក​ភីថា វា​ផ្ទុយនឹង​មាត្រា​ទី​៤១ នៃ​បទបញ្ជាផ្ទៃក្នុង​របស់សភា ដែល​ចែងថា គេមិនអាចបោះឆ្នោត​២ដង​លើរឿងតែមួយ ពោល​គឺមិនអាច​បោះឆ្នោត​លើ​បេក្ខភាព​ដដែល ដែល​មិនបាន​ទទួល​សំឡេងគាំទ្រ​គ្រប់គ្រាន់​ក្នុងការបោះឆ្នោត​នៅលើកទី១។ ប៉ុន្តែ អ្នកគាំទ្រ​លោកភិថា លីមចៈរើនរ៉ាត់ និង​អ្នកជំនាញខាងធម្មនុញ្ញថៃ យល់ឃើញផ្ទុយទៅវិញ និង​បាន​តវ៉ា ដាក់​ពាក្យបណ្តឹង តាមរយៈ​អ្នកសម្របសម្រួល ទៅ​កាន់​តុលាការធម្មនុញ្ញថៃ ដើម្បី​ឲ្យ​តុលាការធម្មនុញ្ញ​បកស្រាយ​ពី​ភាពស្របច្បាប់​នៅក្នុងការឈរឈ្មោះជា​លើកទី២ សម្រាប់​បេក្ខភាពនាយករដ្ឋមន្រ្តី។

នៅថ្ងៃ​ព្រហស្បតិ៍ទី ៣ សីហា តុលាការ​ធម្មនុញ្ញ​ថៃ​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ​ពន្យល់​ពីការលើកពេល បើកសវនាការជំនុំជម្រះលើពាក្យបណ្តឹង​របស់​ក្រុមគាំទ្រ​របស់បក្ស​កាវក្លៃ ដោយ​ថា ពាក្យបណ្តឹង​មានជាប់ពាក្យប្រទាក់ក្រឡា​នឹង​គោលការណ៍​រដ្ឋបាល​នៅក្នុង​ប្រព័ន្ធរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ។ ដូច្នេះ តុលាការធម្មនុញ្ញ​ត្រូវការពេលវេលា​ច្រើន​ដើម្បីសិក្សា​ស៊ីជម្រៅ ប្រមូលបាន​ព័ត៌មាន​ឲ្យបានច្រើន។

តើលោកភិថា លីមចៈរើនរ៉ាត់ ត្រូវ​បក្សភឿថៃ ក្បត់ លួច​ចាក់​ពី​ក្រោយខ្នង?

នៅក្នុងសន្និសីទកាសែត​កាលពីថ្ងៃ​ពុធ គណបក្ស​ភឿថៃ​បានប្រកាស​ដើរចេញពី​បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបក្សកាវក្លៃ​រួមគ្នា​បង្កើត​ជាមួយ​គណបក្ស​ចំនួន ៧ ដើម្បី​បង្កើតរដ្ឋាភិបាល​ចម្រុះ។ ជាលទ្ធផល គណបក្ស​ភឿថៃ ត្រូវ​បង្កើតបក្សសម្ព័ន្ធថ្មី ដើម្បី​បង្កើត​អនាគតរដ្ឋាភិបាល​ចម្រុះមួយ ដែលគ្មានការចូលរួម​ពីគណបក្ស​កាវក្លៃ។

តាម​ការប្រកាស​របស់​ប្រធានបក្ស​ភឿថៃ នៅក្រោយ​លោកភិថា លីមចៈរើនរ៉ាត់​បរាជ័យ ២​លើកនៅក្នុងការបោះឆ្នោតសភា ​ជ្រើសរើស​នាយករដ្ឋមន្រ្តី​ថៃ គណបក្ស​ចូលរួម​នៅក្នុងបក្សសម្ព័ន្ធ​បាន​ដាក់បន្ទុក​ឲ្យ​គណបក្ស​ភឿថៃ ស្វែងរក​ដៃគូថ្មី សម្រាប់​បង្កើតរដ្ឋាភិបាល​ចម្រុះ។ តាម​ប្រធានបក្ស​ភឿថៃ ​លោក ចុលណាន ស្រីកែវ ដោយសារ​តែ​គណបក្ស​អភិរក្សនិយម​មួយចំនួន នៅក្រៅក្រុមបក្ស​សម្ព័ន្ធប្រជាធិបតេយ្យ បាន​បដិសេធមិន​ចូលរួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ បើសិន​ជា​មាន​ការចូលរួម​ពី​បក្ស​កាវក្លៃ បក្ស​ភឿថៃ​បាន​ប្រាប់​ទៅ​បក្ស​កាវក្លៃថា បក្ស​កាវក្លៃ​គួរនៅ​ជា​បក្ស​ប្រឆាំង​នៅសភា ចំណែក បក្សភៀថៃ​នឹង​ប្រមែប្រមួលគណបក្ស​ផ្សេងទៀត ដើម្បីបង្កើត​រដ្ឋាភិបាល​ចម្រុះ។ នៅថ្ងៃ​ពុធ បក្ស​ភឿថៃ​បាន​ប្រកាស​ជ្រើសតាំង​មហាសេដ្ឋីអចលនទ្រព្យ សេដ្ឋា ទ្វីសិន​ជា​បេក្ខជន​នាយករដ្ឋមន្រ្តីថៃ។

ការប្រកាស​ដោះដៃ​របស់​បក្ស​ភឿថៃ បាន​បណ្តាល​ឲ្យមានប្រតិកម្ម​រិះគន់ វាយប្រហារ​ពីខាង​គណបក្សកាវក្លៃ ។ សមាជិក​សភា​មកពីគណបក្ស​កាវក្លៃ​មួយចំនួន​បាន​និយាយ​ថា ពួកភ្ញាក់ផ្អើល​នឹង​ការសម្រេចចិត្ត​របស់​បក្ស​ភឿថៃ ចំណែក អ្នកគាំទ្រ​គណបក្ស​កាវក្លៃ ដែលបា​លើកគ្នា​ទៅតវ៉ាមុន​ទីស្នាក់ការ​គណ​បក្ស​ភភឿថៃ នៅទីក្រុង​បាងកក បានចាត់ទុក​ការប្រកាស​ដោះដៃ​របស់​បក្សភឿថៃ ​ថា ជាទង្វើក្បត់ ​លួចចាក់ពីក្រោយខ្នង បក្សកាវក្លៃ។

គណបក្ស​កាវក្លៃ​ដែល​បាន​ទទួល​សំឡេង​គាំទ្រ​ភាគច្រើនពី​យុវជន ដែល​ស្រេកឃ្លាន​សេរីភាព ចង់​ឲ្យមានការផ្លាស់ប្តូរ​ក្នុង​សង្គម​ថៃ បាន​ទទួលសំឡេង​ឆ្នោត ច្រើនជាង​គេ​នៅក្នុងការបោះឆ្នោតសភា ដោយ​ទទួល​បាន​១៥១​អាសនៈ​នៅសភាជាន់ទាប។ ប៉ុន្តែ ក្រុមអភិរក្សនិយម​ ដែល​ចោទប្រកាន់​លោក​ភិថា លីមចៈរើនរ៉ាត់ ថា មាន​គោលនយោបាយ​ ចង់ធ្វើកំណែទម្រង់​ច្បាប់ជេរប្រមាថព្រះមហាក្សត្រ និង​ការកាន់អំណាច​របស់​ពួកយោធា​ថៃ បាន ​បោះឆ្នោត ប្រឆាំង​មិន​ឲ្យ​លោកភិថា នៅក្នុងការបោះឆ្នោតជ្រើសរើស​នាយករដ្ឋមន្រ្តី​នៅសភា។

គ្មាន​លោកភីថា លីមចៈរើនរ៉ាត់​ដែលត្រូវ​ផាត់ចេញពី​បក្សសម្ព័ន្ធបង្កើតរដ្ឋាភិបាលថ្មី តើ​បក្សភឿថៃមានសំឡេងគ្រប់គ្រាន់នៅសភា​សម្រាប់​គាំទ្រ​បេក្ខជន​នាយករដ្ឋមន្រ្តីរបស់ខ្លួន?

ដើម្បីទទួលបាន​តំណែងនាយករដ្ឋមន្រ្តី លោក សេដ្ឋា ទ្វីសិន របស់បក្សភឿថៃ ត្រូវ​ទទួលបាន​សំឡេង​គាំទ្រ​ភាគច្រើនបូកចូលគ្នា​ពីសមាជិកសភា និងព្រឹទ្ធសភា ដែលមាន​សរុប ៧៥០នាក់ ដែលនៅក្នុងនោះ ២៥០នាក់ជា​សមាជិកព្រឹទ្ធសភា តែងតាំងដោយកងទ័ព។ សំឡេងគាំទ្រ​ភាគច្រើន​ដែល​បក្សភឿថៃ ត្រូវរក​សម្រាប់​គាំទ្រ​បេក្ខភាព​នាយករដ្ឋមន្រ្តី​របស់​សេដ្ឋា ទ្វីសិន គឺ ៣៧៦សំឡេង។ ប៉ុន្តែ ដោយ​ ដោយ​ដោះដៃចេញពី​គណបក្ស​កាវក្លៃ ដែលបានទទួល​អាសនៈ ១៥១ ច្រើនជាង គណបក្ស​ភឿថៃ ដែលបានទទួល​ត្រឹម ១៤១​អាសនៈ គណបក្ស​ភឿថៃ ត្រូវ​បាត់សំឡេងច្រើននៅក្នុង​បោះឆ្នោត​គាំទ្រ​បេក្ខជន​នាយករដ្ឋមន្រ្តីរបស់​គណបក្សភឿថៃ​ គឺ​លោក សេដ្ឋា ទ្វីសិន។

នៅថ្ងៃ​ពុធ គណបក្ស​ភឿថៃ អះអាងថា គេអាច​ចាប់ដៃ​ជាមួយ​គណបក្ស​ភុំចៃថៃ ដែល​ធ្លាប់ចូលរួម​ក្នុងរដ្ឋាភិបាល​ចម្រុះ​មុន ដែលដឹកនាំ​ដោយ​លោកនាយករដ្ឋមន្រ្តី​ប្រាយុទ្ធចាន់អូចា

គណបក្ស​ភុំចៃថៃ បានទទួលអាសនៈតែ ១៩ប៉ុណ្ណោះ គឺតិចជាង បក្សកាវក្លៃច្រើនណាស់ ដែលបានទទួលអាសនៈ​ដល់​ទៅ ១៥១​អាសនៈ។ ប៉ុន្តែ គេមើលឃើញថា ទោះជា​គណបក្ស​ភុំចៃថៃ មានអាសនៈតិចមែន ប៉ុន្តែ គណបក្សអភិរក្សនិយមមួយនេះ​អាច​ទាក់ទាញ សមាជិកព្រឹទ្ធសភា តែងតាំងដោយ​ពួកយោធា ឲ្យ​បោះឆ្នោត​បេក្ខជននាយករដ្ឋមន្រ្តី​របស់​គណបក្ស​ភឿថៃ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ