អានតួអត្ថបទ
ថៃ

ថៃ ៖ ​លោក​ប្រាយុទ្ធអំពាវនាវ​សុំភាព​ស្ងប់ស្ងាត់​ ក្រោយបរាជ័យរបស់​លោក​ភិថា​នៅសភា

​គ្រាន់​តែ​សភា​ថៃ​ទាំងពីរ​ប្រកាស​មិន​ទទួល​យក​បេក្ខភាពនាយករដ្ឋមន្ត្រី​របស់​​លោក ភិថា លឹមចៈរើនរ៉ាត់ ជា​លើក​ទីពីរ​ នៅថ្ងៃពុធ​ម្សិលមិញភ្លាម​ ពលរដ្ឋ​ថៃ​ជា​ច្រើន​នាក់​បាន​មកជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​បញ្ចេញ​កំហឹង។ នៅ​ចំពោះ​មុខ​ស្ថានភាព​បែបនេះ ​នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ លោក​ប្រាយុទ្ធចាន់អូចា បានចេញ​សេចក្តី​​អំពាវនាវ​នៅថ្ងៃ​ព្រហស្បតិ៍​ទី​២០កក្កដានេះ ឱ្យមានភាព​ស្ងប់ស្ងាត់​។

សកម្មជនគាំទ្រ​បក្ស​កាវក្លៃ ប្រជុំ​គ្នា​នៅ​ទីលានប្រជាធិបតេយ្យ នាទីក្រុង​បាងកក ថ្ងៃទី ១៩ កក្កដា​២០២៣
សកម្មជនគាំទ្រ​បក្ស​កាវក្លៃ ប្រជុំ​គ្នា​នៅ​ទីលានប្រជាធិបតេយ្យ នាទីក្រុង​បាងកក ថ្ងៃទី ១៩ កក្កដា​២០២៣ AP - Wason Wanichakorn
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សំដី​របស់​អ្នកនាំពាក្យ​ លោកប្រាយុទ្ធ​ចាន់អូចា នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ​ ដែល​បាន​ឡើង​កាន់​អំណាច​ដោយធ្វើ​​រដ្ឋប្រហារ​នៅ​ឆ្នាំ​២០១៤ និង​បន្ត​កាន់​តួនាទី​ស្តីទី​នេះ​រហូត​ដល់​មាន​ប្រមុខ​រដ្ឋាភិបាល​ថ្មី បាន​ប្រកាស​យល់​ចិត្ត​​និង​កំហឹង​របស់​សកម្មជន​បក្ស​កាវក្លៃ ដែល​បាន​ឈ្នះ​នាំ​មុខ ក្នុង​សម័យ​បោះឆ្នោត​ថ្ងៃទី ១៤​ឧសភា​២០២៣។ ​ជាមួយ​នឹង​សេចក្តី​ អំពាវនាវ​ ឱ្យ​មាន​​អត់​ធ្មត់​និងរក្សា​​ភាព​ស្ងប់ស្ងាត់ លោក​ប្រាយុទ្ធចាន់អូចាបានអះអាង​ថា​​គ្រប់គ្នា​ត្រូវ​ធ្វើការ​ដើម្បី​ឱ្យ​ប្រទេស​ថៃ​អាច​បោះជំហាន​ទៅ​មុខ​តាមបែប​​ប្រជាធិបតេយ្យស្រប​តាម​គន្លង​រាជានិយម។

សូម​បញ្ជាក់​ថា នៅរសៀល​ថ្ងៃពុធ​ម្សិលមិញ គ្រាន់​តែ​លោក​ភិថាលឹមចៈរើនរ៉ាត់​បរាជ័យ​មិន​អាច​ក្លាយ​ជាប្រមុខ​ដឹកនាំ​​រដ្ឋាភិបាលថៃ​ថ្មី​បាន​ភ្លាម​ សកម្មជន បាតុករ​អ្នក​គាំទ្របក្ស​កាវក្លៃ​ប្រមាណ​៣០០នាក់បាន​ចុះ​ស្រ​នៅពេល​រសៀល និង​ឡើង​ដល់​ច្រើន​ពាន់​នាក់​នៅពេល​យប់ ​​មក​ជួប​ជុំ​គ្នា​នៅទីលាន​​ប្រជាធិបតេយ្យ​កណ្តាល​ក្រុង​បាងកក ដើម្បី​បញ្ចេញ​កំហឹង​ប្រឆាំងនឹង​សេចក្តី​សម្រេច​សភា​និង​ព្រឹទ្ធសភា។ បន្ទាប់​ពី​តស៊ូមតិ​អស់​រយៈ​ពេល​ជាង​៧ម៉ោង នា​ថ្ងៃពុធ​ទី ១៩កក្កដា​ សភា​ទាំងពីរ​បាន​សម្រេច​ច្រាន​ចោល​បេក្ខភាព​លោក ភិថា លឹមចៈរើនរ៉ាត់ ជា​នាយករដ្ឋមន្ត្រី ជា​លើក​ទីពីរ។ សភា​ថៃ​សម្រេច​រៀប​ចំការ​បោះឆ្នោត​ជា​លើក​ទី​បី នៅថ្ងៃ​២៧កក្កដា​សប្តាហ៍​ក្រោយ។

ថៃ​អាច​នឹង​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ជា​ថ្មី ក្នុង​ករណី​មិន​អាច​រក​បេក្ខជន​នាយរដ្ឋមន្ត្រី​​មក​ជំនួស​លោកភិថា​ដែល​ត្រូវ​គេ​កៀស​ចេញ។ គ្រប់​ចក្ខុ​កំពុងផ្តោត​ទៅ​លើ​បក្ស​ភឿ​ថៃ ដែលមាន​ទម្ងន់​នយោបាយ​ខ្លាំង ដឹកនាំដោយ​គ្រួសារ​ត្រកូលស៊ីណាវ៉ាត់។ គណបក្ស​មាន​បេក្ខជន​នាយករដ្ឋមន្ត្រី​​ដែលក​មាន​​សំណាងឡើង​ដឹកនាំ​រដ្ឋាភិបាល​ជា​ថ្មី ប៉ុន្តែ​តើ​ជា​រដ្ឋាភិបាល​ចម្រុះ​បែប​ណា បើមិន​ចូល​ជាមួយ​​គណបក្ស​កាវក្លៃ? ដើម្បី​ទទួល​សំឡេងចាំបាច់​​ពី​សភា​និង​ព្រឹទ្ធសភា បក្ស​ភឿថៃ​អាច​នឹង​ចង​មេត្រី​ជាមួយ​បក្ស​ផ្សេង​ទៀត​ ក្នុង​នោះ​ខ្លះ​ជា​បក្ស​ស្និទ្ធ​នឹង​ក្រុមយោធា​ផង។ បើ​ផ្តាច់​ចំណង​ពី​បក្ស​កាវក្លៃ ភឿថៃ​អាច​ខូច​ប្រយោជន៍​នាពេល​អនាគត។ នេះ​បើ​តាមការ​វិភាគ​របស់​អ្នក​ជំនាញនយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ