អានតួអត្ថបទ

ថៃ៖សភាគ្រោងបោះឆ្នោតលើកទី២​នៅ​ថ្ងៃទី១៩ កក្កដាដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី

នៅ​ក្នុង​ប្រទេស​ថៃ ការ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្រ្តី​ថ្មី​នៅ​ក្នុង​សភា​គ្រោង​រៀបចំ​លើក​ទី២ នា​ថ្ងៃ​ពុធ ទី១៩ កក្កដា​សប្តាហ៍​ក្រោយ។ ការ​សម្រេច​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្រោយ​បរាជ័យ​នា​ការ​បោះឆ្នោត​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១២ កក្កដា​ដែល​បេក្ខជន​នាយករដ្ឋមន្រ្តី​លោក​ភិថា លីមចៈរើនរ៉ាត់​មិន​បាន​ទទួល​សំឡេង​គាំទ្រ​គ្រប់គ្រាន់។ តែ​ប្រធាន​គណបក្ស​កាវក្លៃ​ដែល​បាន​ឈ្នះ​ឆ្នោត​នា​ការ​បោះឆ្នោត​សភា​នា​ថ្ងៃ ទី១៤ ឧសភា​រូប​នេះ​បាន​សន្យា​មិន​បោះបង់​ចោល​ត្រឹម​នេះ​ទេ។

នៅថៃ សភាគ្រោងបោះឆ្នោតលើកទី២​ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី។ ចំណែក លោកភិថា លីមចៈរើនរ៉ាត់ប្រកាសមិនបោះបង់ចោល។
នៅថៃ សភាគ្រោងបោះឆ្នោតលើកទី២​ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី។ ចំណែក លោកភិថា លីមចៈរើនរ៉ាត់ប្រកាសមិនបោះបង់ចោល។ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​បេក្ខភាព​ប្រធាន​គណបក្ស​កាវក្លៃ​លោក​ភិថា លីមចៈរើនរ៉ាត់​ត្រូវ​បាន​សភា​បោះឆ្នោត​មិន​ទទួល​យក​មក សភា​គ្រោង​បោះឆ្នោត​លើកទី២ នៅ​ថ្ងៃ​ពុធ ទី១៩ កក្កដា​ដោយ​គេ​នៅ​មិន​ទាន់​ដឹង​ឈ្មោះ​បេក្ខជន​នាយករដ្ឋមន្រ្តី​នៅ​ឡើយ​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន ក្រុមសម្ព័ន្ធមិត្ត​ដែល​មាន​ ៨គណបក្ស​ទើប​ឈ្នះឆ្នោត​ថ្មីថ្មោង​នា​ការ​បោះឆ្នោត​សភា​ក្នុង​ថ្ងៃទី១៤ ឧសភា​អាច​សម្រេច​ស្នើ​បេក្ខជន​ថ្មី​ម្នាក់​ទៀត​ក្រៅ​ពី​លោក​ភិថា លីមចៈរើនរ៉ាត់។ តែ​ប្រធាន​គណបក្ស​កាវក្លៃ​រូប​នេះ​បាន​បញ្ជាក់​រួច​ហើយ​ថា លោក​នឹង​មិន​បោះបង់​ចោល​ទេ។

ពិត​ណាស់ លោក​ភិថា លីមចៈរើនរ៉ាត់​អាច​ឈរ​ឈ្មោះ​ម្តង​ទៀត​បាន ប្រសិន​បើ​ពី​ពេល​នេះ​ដល់​ថ្ងៃ​សភា​បោះឆ្នោត​ក្នុង​ថ្ងៃទី១៩ កក្កដា លោក​មិន​ត្រូវ​បាន​តុលាការ​សម្រេច​ដក​សិទ្ធិ​ទេ​នោះ។ ចូរ​កុំ​ភ្លេច​ថា ប្រធាន​គណបក្ស​កាវក្លៃ​រូប​នេះ​កំពុង​ជាប់​ក្នុង​នីតិវិធី​តុលាការ​ជា​ច្រើន។ តុលាការ​អាច​សម្រេច​ដាក់​លោក​ឲ្យ​នៅ​ក្រៅ​ឆាក​នយោបាយ។ តែ​ជាមួយ​នឹង​ជ័យជំនះ​ដ៏​ធំ​ធេង​របស់​គណបក្ស​កាវក្លៃ​នា​ការ​បោះឆ្នោត​សភា ការ​សម្រេច​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក​ភិថា លីមចៈរើនរ៉ាត់​អាច​បង្ក​ចេញ​ជា​ហានិភ័យ​សម្រាប់​ស្ថិរភាព​ប្រទេស។

មិន​ទាន់​អី​ផង​នៅ​ក្រោយ​ការ​បោះឆ្នោត​ក្នុង​សភា​មិន​ទទួល​យក​បេក្ខភាព​លោក​ភិថា លីមចៈរើនរ៉ាត់ ក្រុម​អ្នកគាំទ្រ​លោក​ភិថា លីមចៈរើនរ៉ាត់​បាន​ចុះ​ផ្លូវ​តវ៉ា​ដែល​បង្ខំ​ឲ្យ​រដ្ឋអំណាច​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស​ក្នុង​ក្រុង​បាងកក។ ក្រុម​អ្នកគាំទ្រ​លោក​ភិថា លីមចៈរើនរ៉ាត់​បាន​មើល​ឃើញ​ថា នីតិវិធី​តុលាការ​ដែល​លោក​ភិថា លីមចៈរើនរ៉ាត់​កំពុង​ប្រឈម​ពេល​នេះ​មាន​លក្ខណៈ​នយោបាយ និង​ជា​សក្ខីកម្ម​ដែល​បញ្ជាក់​ថា ក្រុម​អ្នក​អ្នក​គាំទ្រ​រាជានិយម និង​កងទ័ព​មិន​ចង់​បោះបង់​អំណាច​ទេ។

បើ​ថៃ​នៅ​មិន​ទាន់​រក​បាន​នាយករដ្ឋមន្រ្តី​ថ្មី​នា​ការ​បោះឆ្នោត​លើកទី២ នៅ​ក្នុង​សភា​នា​ថ្ងៃទី១៩ កក្កដា​ខាង​មុខ ការ​បោះឆ្នោត​នឹង​បន្ត​មាន​ជា​ហូរហែ​រហូត​ដល់​បេក្ខជន​នាយករដ្ឋមន្រ្តី​ម្នាក់​អាច​ទទួល​បាន​សំឡេង​គាំទ្រ​ភាគ​ច្រើន​ពី​សភា និង​ព្រឹទ្ធសភា។ ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុមអ្នកវិភាគ​បាន​បារម្ភ​ពី​អស្ថិរភាព​នយោបាយ បើ​ការ​បោះឆ្នោត​ទទួល​បរាជ័យ​ជា​ថ្មី​ទៀត​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ