អានតួអត្ថបទ
អាមេរិក-អារ៉ាប៊ីសាអូឌីត

លោក ចូ បៃដិន ព្រមាន​អារ៉ាប៊ីសាអូឌីតដែល​រួម​ដៃជាមួយរុស្ស៊ី​ធ្វើ​ឱ្យ​ប្រេង​ឡើង​ថ្លៃ

កាល​នៅជា​បេក្ខជន​ប្រធានាធិបតី លោក បៃដិន បាន​សន្យាហៅ​ ​អារ៉ាប៊ីសាអូឌីត ជា​​ប្រទេសដែល​មិនគួរ​រាប់​រក។ នៅ​ខែ​កក្កដា​កន្លង​ទៅ​ថ្មីៗ​នេះ ប្រធានាធិបតី​អាមេរិក​ បាន​សាកល្បង​បង្ខិត​ខ្លួន​ទៅ​រក​អារ៉ាប៊ីសាអូឌីត ប៉ុន្តែ​នៅ​ថ្ងៃអង្គារ​​ទី ១១​តុលា ២០២២ម្សិលមិញ​នេះ លោក ចូ បៃដិន បាន​ដំឡើង​សំឡេង​ព្រមាន​រាជាណាចក្រ​ប្រេង​មួយ​នេះ​ បន្ទាប់​ពី​ក្រុង​រីយ៉ាដ បាន​សម្រេច​កាត់​បន្ថយ​ការ​បូមប្រេង​ ក្នុង​ពេល​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​ថាមពល។

លោក ចូ បៃដិន ព្រមាន​អារ៉ាប៊ីសាអូឌីតដែល​រួម​ដៃជាមួយរុស្ស៊ី​ធ្វើ​ឱ្យ​ប្រេង​ឡើង​ថ្លៃ
លោក ចូ បៃដិន ព្រមាន​អារ៉ាប៊ីសាអូឌីតដែល​រួម​ដៃជាមួយរុស្ស៊ី​ធ្វើ​ឱ្យ​ប្រេង​ឡើង​ថ្លៃ AP - Susan Walsh
ផ្សាយពាណិជ្ជកម្ម

ដោយ​​សំដៅ​លើសេចក្តីសម្រេច​របស់​​Opep+ ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត កាត់​បន្ថយ​កូតា​បូមប្រេងដែល​​ធ្វើ​ឱ្យតម្លៃប្រេង​ឡើង​ថ្លៃ​ និង​​ដែល​បានជួយ​​បំពេញ​ហិប​រុស្ស៊ី​​​ពី​ការ​លក់​ប្រេង​ដើម្បី​មាន​លុយ​ធ្វើ​សង្គ្រាម​នៅអ៊ុយក្រែន លោក​​ប្រធានាធិបតី​អាមេរិក បាន​ព្រមាន​ថា “រួម​ដៃ​ជាមួយ​រុស្ស៊ី នឹង​ទទួល​ផលវិបាក​”។ ប៉ុន្តែ​​លោក​មិន​បញ្ជាក់​ថា​ជា​ផលវិបាក​បែប​ណា​​ទេ។

​អ្នក​នាំពាក្យ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​​របស់​សេតវិមាន បាន​ព្រលយ​ឱ្យ​ដឹង​ជា​មុន​ថា​នៅ​ចំពោះ​មុខ​ស្ថានភាព​បច្ចុប្បន្ន និង​សេចក្តី​សម្រេច​របស់​Opep+ ប្រធានាធិបតី​អាមេរិក​ត្រូវ​សើរើ​មើល​ទំនាក់ទំនង​ទ្វេ​ភាគី​ជាមួយ​អារ៉ាប៊ីសាអូឌីត​ឡើង​វិញ​ និង​​ត្រៀម​ពិចារណា​ជាមួយ​សភា​ក្នុង​ការ​កំណត់​ទម្រង់​នៃ​ទំនាក់ទំនង​អាមេរិក-អារ៉ាប៊ីសាអូឌីត។

កាលពី​ខែ​កក្កដា ប្រធានាធិបតី​អាមេរិក បាន​​ប្តូរ​ចិត្ត ប្តូរ​សំឡេង​ ធ្វើ​ដំណើរ​ទៅ​ជួប​រាជបុត្រ​ស្នង​រាជ​​អារ៉ាប៊ីសាឌីត​ដោយ​ផ្ទាល់​ ដើម្បី​បញ្ចុះ​បញ្ចូល​រាជាណាចក្រ​ប្រេង​នេះ ឱ្យ​បង្កើន​ផលិតកម្ម​បូមប្រេង ជួយ​ពិភព​លោកដែល​កំពុង​មាន​វិបត្តិ​ថាមពល​បង្ក​ឡើង​ដោយ​សង្គ្រាម​នៅអ៊ុយក្រែន។ ​​ ផ្ទុយ​ពី​ការ​ទាមទារ​ Opep+ ដែល​មាន​សមាជិក​១៣ប្រទេស​ជា​អ្នក​នាំចេញ​ប្រេង​ ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត និង​ដៃគូ​១០​ប្រទេស​​នាំ​មុខ​ដោយ​រុស្ស៊ី បានកាច់​នយោបាយ​ការទូត​របស់​លោក​បៃដិន ដោយ​សម្រេច​បន្ថយ​ការ​បូមប្រេង​ ក្រោម​ហេតុ​ផល​សេដ្ឋកិច្ច​និង​ទ្រទ្រង់​ទីផ្សារ​ប្រេង​ឱ្យ​មាន​និរន្តរភាព។ ​

សេចក្តី​សម្រេច​នេះ បាន​ធ្វើ​ឱ្យ​សមាជិក​សភា​អាមេរិក​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង ជាពិសេស​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​របស់​លោក​ចូបៃដិន។ ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​នៅព្រឹទ្ធ​សភា​អាមេរិក បាន​គំរាម​បិទ​ខ្ទប់​មិន​ឱ្យមាន​ការ​​លក់​អាវុធ​ទៅ​ឱ្យ​អារ៉ាប៊ីសាអូឌីត​នៅពេល​អនាគត និង​ចង់​លើក​សំណើ​ច្បាប់​បិទ​បញ្ចប់​ការ​នាំ​ចេញ​អាវុធ​នេះ​ផង។

សូម​រំលឹក​ថា​ អាមេរិក​និង​អារ៉ាប៊ីសាអូឌីត បាន​ផ្សារ​ភ្ជាប់​ភាព​ជា​ដៃគូ​នឹង​គ្នា​តាំងពីក្រោយ​​សង្គ្រាម​លោក​លើក​ទីពីរ​មក ដោយ​អាមេរិក​ធានាការ​ពារ​រាជាណាចក្រ តាម​ផ្លូវ​យោធា​ជា​ថ្នូរ​នឹង​ការ​ទិញ​ប្រេង។ អាមេរិក​ក្នុង​សម័យ​ដឹកនាំ​ដោយ​លោក​ដូណាល់​ ត្រាំ​ បាន​ផ្តល់​សន្ទុះខ្លាំង​​ដល់​ការ​លក់​អាវុធ​ដល់​សម្ព័ន្ធ​មិត្ត​ដ៏​ចំណាស់​មួយនេះ។ បើ​តាម​វិទ្យាស្ថានStockholm International Peace Research Institute (​SIPRI) ពី​ឆ្នាំ​២០១៦​ទៅ​២០២០ អាមេរិកបាន​លក់​អាវុធ​ទៅ​ឱ្យ​អារ៉ាប៊ីសាអូឌីត​ចំនួន​២៤%​នៃ​ការ​នាំ​ចេញ​អាវុធសរុប៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ