អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វីបានជាមានមនុស្សស្លាប់ច្រើន នៅក្នុងភ្លើងឆេះនៅហាវ៉ៃ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចំនួន​មនុស្សស្លាប់នៅក្នុង​ភ្លើងឆេះនៅលើ​កោះ​Mauiរបស់រដ្ឋហាវ៉ៃបានកើនឡើងដល់ចំនួន​១០១នាក់។ នេះបើតាមតួលេខចុងក្រោយដែលអភិបាលរដ្ឋហាវ៉ៃ លោកJosh Green បានប្រកាស​កាលពីថ្ងៃ​អង្គារទី ១៥ សីហា។ តាម​អភិបាលរដ្ឋហាវ៉ៃដដែល លោកប្រធានាធិបតី ចូ បៃដិន​ដែលកំពុងរងការរិះគន់​ដោយសារ​រឿងភ្លើងឆេះព្រៃ ឆេះក្រុងប្រវត្តិសាស្រ្ត​នៅហាវ៉ៃ មានគម្រោងធ្វើដំណើរទៅជួបប្រជាជនរងគ្រោះនៅហាវ៉ៃ។ ដោយបំផ្លាញប្រមាណ ៨៥%នៃទីក្រុងប្រវត្តិសាស្រ្ត Lahaina ភ្លើងឆេះនៅលើកោះMauiត្រូវគេចាត់ទុកជា​ភ្លើងកំណាច ប្រល័យជីវិតមនុស្សដ៏ច្រើនមិនធ្លាប់មាននៅអាមេរិក នៅ​១សតវត្សរ៍មកនេះ។ នៅក្នុងពេល ​ក្រុមជួយសង្រ្គោះបន្តស្វែងរក កំណត់អត្តសញ្ញាណជនរងគ្រោះនៅក្នុងភ្លើងឆេះ ចម្ងល់ ចោទសួរជាច្រើនលេចឡើងទាក់ទង​នឹង​សមត្ថភាពរបស់អាជ្ញាធរ​អាមេរិកក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ​នៅលើ​កោះហាវ៉ៃ។

បុរសម្នាក់ដើរកាត់ខ្មោចរថយន្តដែលឆេះខ្លោចដោយសារភ្លើងឆេះបំផ្លាញទីក្រុងLahainaរបស់​កោះMauiក្នុងរដ្ឋហាវ៉ៃ
បុរសម្នាក់ដើរកាត់ខ្មោចរថយន្តដែលឆេះខ្លោចដោយសារភ្លើងឆេះបំផ្លាញទីក្រុងLahainaរបស់​កោះMauiក្នុងរដ្ឋហាវ៉ៃ AP - Rick Bowmer
ផ្សាយពាណិជ្ជកម្ម

តួលេខមនុស្សស្លាប់ដោយសារ​ភ្លើងឆេះនៅលើកោះMauiបានកើនឡើងដល់​១០១នាក់គិតត្រឹមថ្ងៃអង្គារ​ទី ១៥​សីហា។ តាមតួលេខ​ចុងក្រោយ​របស់អភិបាលរដ្ឋហាវ៉ៃ ៨៥%នៃទីក្រុង​ប្រវត្តិសាស្រ្ត Lahainaត្រូវអណ្តាតភ្លើងឆេះលេបត្របាក់ ដោយ​វាបានឆេះបំផ្លាញផ្ទះជាង ២៧០០ខ្នង សម្លាប់មនុស្សយ៉ាងតិច​១០០នាក់ ចំណែក​មនុស្ស​ប្រមាណ១៣០០នាក់​ កំពុងបាត់ខ្លួន។

គេនៅមិនទាន់ដឹងពីមូលហេតុដែលធ្វើឲ្យកើតមានភ្លើងឆេះនៅលើ​កោះMaui ប៉ុន្តែវាជាភ្លើងដ៏កំណាចដែលសម្លាប់មនុស្សច្រើនជាងគេបង្អស់នៅអាមេរិក នៅក្នុង​រយៈពេល​១០០ឆ្នាំចុងក្រោយនេះ បន្ទាប់ពីភ្លើងឆេះព្រៃប្រល័យជីវិតមនុស្ស នៅរដ្ឋវីស្កូស៊ីន និង​មីនីសូតា នៅឆ្នាំ ១៩១៨ ដែលបាន​សម្លាប់​មនុស្ស​៤៥៣នាក់។

អភិបាលរដ្ឋហាវ៉ៃបានព្រមានជាច្រើនលើកថា ចំនួនមនុស្សស្លាប់​ដោយសារ​ភ្លើងឆេះនៅកោះMaui នឹងអាចមានច្រើនជាងតួលេខបច្ចុប្បន្ន ៣ ឬ៤ដង ព្រោះថា ការស្វែងរុករកសាកសពជនរងគ្រោះទើបតែធ្វើបាន​នៅក្នុង​តំបន់១ភាគ៤នៃ​តំបន់សរុបដែលត្រូវភ្លើងកំណាចដុតឆេះបំផ្លាញ កាល១សប្តាហ៍មុន។

មនុស្សស្លាប់នៅក្នុង​ភ្លើងឆេះនៅលើ​កោះMaui អាច​មានចំនួនច្រើន ដោយសារ​ភ្លើងឆេះព្រៃកើតឡើងភ្លាមៗ និង​ឆេះរាលដាលក្នុងល្បឿនមួយដ៏លឿន ដែលធ្វើឲ្យប្រជាជនរស់នៅ កោះMaui តក់ស្លុតត្រូវជាប់គាំង ស្លាប់ក្នុង​អណ្តាតភ្លើង។ ប្រជាជននៅលើ​កោះMauiជាច្រើននិយាយថា ពួកគេ​ត្រូវរត់ប្រាសអាយុ ព្រោះថា ដោយសារតែកម្លាំងខ្យល់បក់ខ្លាំង អណ្តាតភ្លើងដែលគេឃើញ​នៅ​ចម្ងាយដីជាង​១គីឡូម៉ែត្រ​ អាច​រាលដាលមកដល់​ផ្ទះរបស់ពួកគេ​ក្នុងរយៈពេល​តែ ១ ឬ​២នាទីប៉ុណ្ណោះ។ សាក្សីជាច្រើននិយាយថា ពួកគេមិនបាន​ដឹង​ថា មានភ្លើងឆេះព្រៃដែលអាច​រាលដាលឆេះបំផ្លាញដ៏មហន្តរាយបែបនេះទេ។ នៅថ្ងៃ​កើតហេតុទៀតសោត នៅថ្ងៃអង្គារ​ទី ៨សីហា ពួកគេ​មិនបានលឺសំឡេងស៊ីរ៉ែនប្រកាស​អាសន្ន ហើយក៏មិនបានទទួល​សាររបស់អាជ្ញាធរដែល​ប្រាប់ឲ្យពួកគេ​ចាកចេញពីផ្ទះសម្បែង។ ម្នាក់ៗត្រូវ​រត់គេចពីអណ្តាតភ្លើងដោយប្រថុចញ៉ុច តាមរយៈ​ការមើលឃើញភ្លើងឆេះដោយផ្ទាល់ភ្នែក ឬ​ការស្រែករបស់អ្នកជិតខាងថាឲ្យរត់ចេញភ្លាមៗ បើសិន​មិន​ចង់ស្លាប់ខ្លួន។

ហេតុអ្វីប្រជាជនមិនលឺសំឡេងប្រកាសអាសន្ន ឬសារឲ្យរត់ភៀសខ្លួន?

នៅលើកោះMauiដែលជា​កោះធំទី២​របស់​រដ្ឋហាវ៉ៃ គេមានស៊ីរ៉ែនបន្លឺសំឡេងចំនួន​៨០ដែលគេធ្វើតេស្តសាកល្បងរៀងរាល់ខែ ដើម្បីទាញសញ្ញាអាសន្នឲ្យប្រជាជន​ដឹង​ពីគ្រោះមហន្តរាយធម្មជាតិ ដូចជា រលកយក្សស៊ូណាមី គ្រោះភ្នំភ្លើង គ្រោះរញ្ជួយដី ខ្យល់ព្យុះ ឬ​ភ្លើងឆេះព្រៃនៅលើកោះ។ ប៉ុន្តែ នៅថ្ងៃ​កើតហេតុ ថ្ងៃ​ដែលអណ្តាតភ្លើងចាប់ឆាបឆេះ អាជ្ញាធរ​នៅលើ​កោះMauiទទួលស្គាល់ថា ពួកគេខកខាន ​មិនអាច​បន្លឺសំឡេងស៊ីរ៉ែនដើម្បីប្រកាសអាសន្ន។ រដ្ឋអាជ្ញា​របស់រដ្ឋហាវ៉ៃ​កំពុងបើកការស៊ើបអង្កេតរកមូលហេតុដែលធ្វើ​អាជ្ញាធរនៅលើកោះMaui មិនអាច​ប្រើស៊ីរ៉ែនទាញសញ្ញាអាសន្នពីគ្រោះថ្នាក់ភ្លើងឆេះព្រៃ។

អភិបាលរដ្ឋហាវ៉ៃ​ទទួលស្គាល់ថា មិនបាន​ទាញសញ្ញាអាសន្ន ដើម្បីជូនដំណឹងឲ្យប្រជាជន​រត់ភៀសខ្លួន ប៉ុន្តែ យ៉ាងណាក៏ដោយ លោកនៅតែការពារ​សកម្មភាពរបស់​អាជ្ញាធរ​នៅលើកោះហាវ៉ៃថា បានធ្វើអស់ពីលទ្ធភាព ប៉ុន្តែ មិនអាច​យកឈ្នះលើ​ភ្លើងកំណាចដែល​អាចបក់ឆាបឆេះក្នុង​ល្បឿនជាង១គីឡូម៉ែត្រ​ក្នុងមួយនាទី។

ក្រៅតែមិនលឺសំឡេងស៊ីរ៉ែនរោទិ៍ ប្រជាជន​នៅលើកោះMaui​ជាច្រើន​មិនបានទទួលសាររបស់អាជ្ញាធរ ឲ្យរត់គេចខ្លួន​ពីភ្លើងឆេះព្រៃ។ នៅថ្ងៃដែលមានភ្លើងឆេះព្រៃ បណ្តាញអ៊ីនធ័រនែតត្រូវ​រអាក់រអួល​ដាច់ដោយកន្លែង ចំណែក​ភ្លើងអគ្គិសនីសម្រាប់​បណ្តាញទូរស័ព្ទ​ក៏ត្រូវដាច់ដោយសារ​ខ្យល់ព្យុះដែលបក់វិល​នៅមិនឆ្ងាយប៉ុន្មាន​ពី​ប្រជុំកោះហាវ៉ៃ។

ហេតុអ្វីការកំណត់អត្តសញ្ញាណត្រូវការពេលវេលាយូរ?

ចំនួនមនុស្សស្លាប់​នៅក្នុងគ្រោះមហន្តរាយភ្លើងឆេះនៅលើកោះMauiចេះតែកើនឡើង ប៉ុន្តែ មានជនរងគ្រោះតិចណាស់ដែលគេអាចកំណត់អត្តសញ្ញាណ។ មួយសប្តាហ៍ក្រោយគ្រោះអគ្គិភ័យ មាន​តែ​សាកសពមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះដែលគេ​អាច​កំណត់អត្តសញ្ញាណបាន។ នោះក៏ដោយមកពីមានសំណាក​AND​របស់​ក្រុមគ្រួសារ​ដែលបាន​ប្រកាស​បាត់បង់សមាជិកសាច់ញាតិនៅបន្ទាប់ពីរត់គេចខ្លួនពីអគ្គិភ័យ។

តាម​អាជ្ញាធរ សាកសព​ជាច្រើន​ត្រូវឆេះខ្លោចខ្លាំងរហូត បាក់បែកជាបំណែកតូចៗដែលជាហេតុធ្វើឲ្យគេ​ពិបាក​កំណត់​អត្តសញ្ញាណ។ គេរំពឹងថា ADNរបស់​ក្រុមគ្រួសារ​នឹង​អាចជួយឲ្យគេអាចកំណត់អត្តសញ្ញាណ​របស់​ជនរងគ្រោះ ប៉ុន្តែ អ្នកជំនាញខាងកោសល្យវិច្ឆ័យព្រមានរួចហើយថា ការងារ​កំណត់អត្តសញ្ញាណសាកសព​នៅក្នុង​ភ្លើងឆេះនៅលើ​កោះMaui នឹងអាច​ស៊ីពេលវេលាយូរ ច្រើនឆ្នាំក៏អាច​ថាបាន។

ការងារ​អាទិភាព​នៅពេលនេះ គឺការស្វែងរក​សាកសព ព្រោះថានៅមួយសប្តាហ៍មកនេះ ប្រតិបត្តិការស្វែងរកអ្នកដែលអាច​នៅមានជីវិត ឬ​សាកសព​ជនរងគ្រោះ ទើបធ្វើបាននៅ​ក្នុងទំហំ​១ភាគ៤នៃតំបន់ដែលត្រូវភ្លើង​ឆេះបំផ្លាញតែប៉ុណ្ណោះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ