អានតួអត្ថបទ

អាមេរិក៖ ភ្លើងឆេះព្រៃ​ដុតបំផ្លាញ អគារ ផ្ទះសម្បែង​ជាង ៥០០​ខ្នង នៅ​រដ្ឋ​កូឡូរ៉ាដូ

នៅរដ្ឋកូឡូរ៉ាដូ ប្រជាជនអាមេរិក​ជាច្រើន​ម៉ឺននាក់​គ្មាន​ឱកាស​បាន​សប្បាយ​អបអរ​បុណ្យចូលឆ្នាំថ្មី នៅ​យប់​ថ្ងៃ​សុក្រនេះ។ តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ អាជ្ញាធរ​បានជម្លៀស​ពួកគេ​ចេញពីផ្ទះសម្បែង ដែលកំពុងប្រឈម​ខ្លាំង​នឹងអណ្តាតភ្លើងឆេះព្រៃ។ នៅក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃព្រហស្បតិ៍ ប្រធានប៉ូលិស​ក្រុង​Boulder​បាននិយាយ​ថា ភ្លើងឆេះព្រៃ ដុតបំផ្លាញ លំនៅឋាន​ជាង ៥០០ខ្នង នៅក្នុង​ក្រុងចំនួន​២​របស់​រដ្ឋ​កូឡូរ៉ាដូ។

ភ្លើងឆេះព្រៃ​ឆាបឆេះដល់​សណ្ឋាគារ​ក្នុង​ទីក្រុង​Boulder ក្នុងរដ្ឋ​កូឡូរ៉ាដូ កាលពីថ្ងៃ​ព្រហស្បតិ៍ទី ៣០​ធ្នូ ២០២១
ភ្លើងឆេះព្រៃ​ឆាបឆេះដល់​សណ្ឋាគារ​ក្នុង​ទីក្រុង​Boulder ក្នុងរដ្ឋ​កូឡូរ៉ាដូ កាលពីថ្ងៃ​ព្រហស្បតិ៍ទី ៣០​ធ្នូ ២០២១ via REUTERS - TREVOR HUGHES/USA TODAY NETWORK
ផ្សាយពាណិជ្ជកម្ម

អាកាសធាតុ​ក្តៅស្ងួតហួតហែង​ជាច្រើនឆ្នាំ បន្តបន្ទាប់គ្នា ដែល​មិនធ្លាប់មាន​នៅក្នុង​ប្រវត្តិ​របស់​រដ្ឋ​កូឡូរ៉ាដូ រួមផ្សំ​នឹង​កម្លាំង​ខ្យល់បក់ខ្លាំង អំណោយផល​ដល់​ភ្លើងឆេះព្រៃ កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ប្រធានប៉ូលិស​ក្រុង​Boulder លោក​Joe Pell បាន​ព្រមាន​ពីគ្រោះថ្នាក់​ជីវិត​មនុស្ស ព្រោះថា ភ្លើងឆេះព្រៃ​លើកនេះ​រាលដាល​ខ្លាំង សំដៅ​តំបន់​ទីប្រជុំជន។

តាមកាសែតក្នុងស្រុក​Colorado Sun មនុស្សជាច្រើននាក់​បានរត់រក​ការព្យាបាល​សម្រាប់​ការរលាក ចំណែក មនុស្ស​របួស ៦នាក់ ត្រូវ​គេបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។

ក្រៅតែ​ពីឆេះបំផ្លាញ ផ្ទះជាង ៥០០ខ្នង នៅ​ទីក្រុងតូចៗពីរ គឺ​Sagamore និង​Superior អណ្តាតភ្លើងឆេះព្រៃ​លេបត្របាក់ ផ្សារទំនិញ សណ្ឋាគារ និងដីកសិកម្ម​ជាង​៦៥០ហិចតា។

រហូតមកដល់​ថ្ងៃ​សុក្រ ក្រុមពន្លត់អគ្គិភ័យ​នៅបន្ត​បាញ់ទឹក​ពន្លត់ភ្លើង ប៉ុន្តែ មិន​សូវ​ជោគជ័យ ដោយសារ​កម្លាំង​ខ្យល់បក់ខ្លាំង​នៅតាម​តំបន់​ខ្លះ  ដែល​អាច​មាន​ល្បឿន​ដល់​ទៅ ១៦០គីឡូម៉ែត្រ​ក្នុង​មួយម៉ោង។

ដូចជា​រដ្ឋភាគច្រើន ដែលស្ថិតនៅ​ភាគខាងលិច​អាមេរិក រដ្ឋកូឡូរ៉ាដូ​បាន​ជួបប្រទះ​គ្រោះរាំងស្ងួត​ពិសេស នៅប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។ អ្នកជំនាញ​ខាងឧតុនិយម​វាយតម្លៃថា ដោយសារ​ការប្រែប្រួល​អាកាសធាតុ ដែល​ជា​សា្នដៃសុទ្ធសាធ​របស់​មនុស្ស ជា​ដើមហេតុ​មួយ​ធ្វើ​ឲ្យ​កើតមាន​ខ្យល់ព្យុះ ខុសរដូវ អាកាសធាតុ​ក្តៅខ្លាំង និង​គ្រោះរាំងស្ងួត។ លោក​Daniel Swain អ្នកឧតុនិយម​នៅ​សកលវិទ្យាល័យ​កាលីហ្វនីញ៉ា​បាន​និយាយថា គេ​ពិបាកនឹង​ជឿថា អាច​កើតមាន​ភ្លើងឆេះព្រៃ នៅ​រដូវ​ត្រជាក់​បែបនេះ។ ប៉ុន្តែ គ្រោះរាំងស្ងួត អាកាសធាតុក្តៅ​ខ្លាំង ជាមួយ​កម្លាំងខ្យល់បក់ដ៏លឿន​ជាបច្ច័យ បង្កឲ្យ​កើតមាន​យ៉ាងងាយ ភ្លើងឆេះព្រៃ ដូចជា​នៅ​រដ្ឋ​កូឡូរ៉ាដូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ